យោធា​ថៃ​ចេញ​លិខិតតវ៉ា ក្រោយ​កាសែត​បារាំង​ចុះផ្សាយ​ដោយ​រំលេច​ថា «​ថៃ​ឈ្លានពាន​កម្ពុជា»

0
70
រូបភាពដែលកាសែត​របស់​បារាំង ឡឺ ហ្វីការូ (Le Figaro) បាន​ចុះផ្សាយរៀបរាប់​ពី​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ ដោយ​បាន​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​ ​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២៦។ រូប៖ កាសែត Le Figaro
រូបភាពដែលកាសែត​របស់​បារាំង ឡឺ ហ្វីការូ (Le Figaro) បាន​ចុះផ្សាយរៀបរាប់​ពី​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ ដោយ​បាន​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​ ​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២៦។ រូប៖ កាសែត Le Figaro

យោធា​ថៃ​បាន​ចេញ​មក​ជំទាស់​នឹង​ខ្លឹមសារ​របស់​កាសែត​បារាំង ឡឺ ហ្វីការូ (Le Figaro) ដែល​បាន​ចុះផ្សាយ​ថា «​ប្រទេស​ថៃ​បាន​ឈ្លានពាន​កម្ពុជា​» ហើយ​ដែល​មន្ត្រី​កម្ពុជា​បាន​ដកស្រង់​យក​មក​ផ្សព្វផ្សាយ​បន្ត​។ យោធា​ថៃ​លើកឡើង​ថា ខ្លឹមសារ​របស់​កាសែត​បារាំង​នេះ មិនអាច​យក​មក​ធ្វើជា​ភស្តុតាង​ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​បាន​នោះ​ឡើយ ក្រៅតែ​ពី​ការ​ចូល​តុ​ចរចា។

អគ្គមេបញ្ជាការ​រង​ក​ង​ទ័ពអាកាស​ថៃ លោក ប្រាក់​ផាត សនចៃឌី (Praphas Sonjaidee) ដែលមាន​តួនាទី​ជា​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ បាន​ចេញ​មក​ប្រតិកម្ម​ជុំវិញ​ការ​ផ្សព្វផ្សាយ​របស់​កាសែត​បារាំង ឡឺ ហ្វីការូ (Le Figaro) ដែល​បាន​សរសេរ​ថា ប្រទេស​ថៃ​បាន​ឈ្លានពាន​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា ក្នុង​ជម្លោះព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

ថ្លែង​កាលពី​ថ្ងៃទី​៣០ ខែ​សីហា លោក ប្រាក់ផាត សនចៃឌី បាន​លើកឡើង​ថា ប្រទេស​ថៃ​គោរព​សេរីភាព​សារព័ត៌មាន ក៏ប៉ុន្តែ​ត្រូវ​ញែក​ឱ្យ​ច្បាស់​រវាង​ខ្លឹមសារ​របស់​សារព័ត៌មាន និង​ការ​អះអាង​របស់​គូ​ជម្លោះ ដែល​លោក​ចង់​សំដៅលើ​កម្ពុជា ដែល​បាន​ដកស្រង់​ខ្លឹមសារ​របស់​កាសែត​បារាំ​ង​នេះ យក​មក​ផ្សព្វផ្សាយ​បន្ត​។ លោក​បន្ត​ថា អត្ថបទ​របស់​កាសែត​បារាំង សារព័ត៌មាន​ដទៃ​របស់​ប្រទេស​ដទៃទៀត ដែល​បាន​ចុះផ្សាយ​ពី​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ គឺ​មិនអាច​យក​មក​ប្រើ​ប្រាស់​សម្រាប់​កំណត់ព្រំដែន​បាន​ឡើយ។ ក្នុង​នោះ​លោក​ក៏បាន​ជំទាស់​ដាច់អហង្ការ ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ដែលថា ប្រទេស​ថៃ​គឺជា​ភាគី​ឈ្លានពាន​មក​លើ​ភាគី​កម្ពុជា ដោយ​លោក​បាន​អះអាង​ថា សកម្មភាព​របស់​យោធា​ថៃ​គឺជា​ការប្រើប្រាស់​សិទ្ធ​ដើម្បី​ការពារ​ខ្លួន។

ប្រតិកម្ម​របស់​មេ​បញ្ជាការ​ទ័ពអាកាស​របស់​ថៃ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​កាសែត​របស់​បារាំង ឡឺ ហ្វីការូ (Le Figaro) បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែសីហា ដោយ​បាន​រៀបរាប់​ពី​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ ដោយ​បាន​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​។ អត្ថបទ​របស់​កាសែត​បារាំង​បាន​សង្កត់ធ្ងន់​ថា យោធា​ថៃ​កែប្រែ​ភូមិសាស្ត្រ​ដែល​ដណ្ដើម​បាន​ពី​កម្ពុជា និង​បាន​បំផ្លាញ​ប្រាសាទ​បុរាណ និង​បង្ក​ការខូចខាត​ដល់​បេតិកភណ្ឌ​ខ្មែរ​ថែម​ទៀត​ផង។

ក្នុង​នោះ កាសែត ឡឺ ហ្វីការូ បាន​លើកឡើង​ពី​មូលដ្ឋាន​ច្បាប់ សាវតា និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​១៩០៧ ផែនទី​ព្រំដែន សាលក្រម​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ឆ្នាំ​១៩៦២ ដែល​សម្រេច​ឱ្យ​កម្ពុជា​ឈ្នះក្ដី​ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ និង​ការ​បកស្រាយ​សាលក្រម​ឡើងវិញ​នៅ​ឆ្នាំ​២០១៣។

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ អគ្គមេបញ្ជាការ​រង​កង​ទ័ពអាកាស​ថៃ លោក ប្រាក់ផាត សនចៃឌី បាន​ច្រានចោល​ថា សេចក្តី​សម្រេច​ណាមួយ​មិន​គួរ​ត្រូវ​យក​មក​ប្រើប្រាស់​ដើម្បី​ពង្រីក​វិសាល​ក្នុង​តំបន់​ព្រំដែន​ផ្សេងទៀត​តាម​ការ​ចង់បាន​របស់​ភាគី​ណាមួយ​ឡើយ​។ លោក​អះអាង​ថា សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង ១៩០៧ ត្រូវ​បាន​ធ្វើឡើង​ក្នុង​បរិបទ​នៃ​សម័យ​អាណានិគម ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គឺជា​ទសវត្សរ៍​ទី​២១ ដូច្នេះ​កម្ពុជា​គួរតែ​រៀន​ពី​ប្រវត្តិសាស្ត្រ មិនមែន​ប្រើប្រាស់​មរតក​នៃ​អាណានិគមនិយម​ដើម្បី​បង្កើត​ជម្លោះ​ថ្មី​នោះ​ឡើយ។

នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ឡើយ ដែល​យោធា​ថៃ​បាន​ចេញ​មក​បដិសេធ​ចំពោះ​ការ​លាតត្រដាង​ពី​សកម្មភាព​របស់​ថៃ ដែល​ឈ្លានពាន​មក​លើ​កម្ពុជា​។ ជាក់ស្ដែង​កន្លងមក យោធា​ថៃ​តែងតែ​ចេញ​មក​បដិសេធ​ចំពោះ​ការ​តវ៉ា​របស់​កម្ពុជា ប្រេសិត​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​សារព័ត៌មាន​អន្តរជាតិ​ជាដើម ទោះបីជា​ស្ថាប័ន​ទាំងនោះ មាន​ភស្តុតាង​រឹងមាំ និង​បាន​ចុះទៅ​អង្កេត​ស្ថានការណ៍​ដោយ​ផ្ទាល់​ក៏ដោយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​រដ្ឋ​លេខាធិការ​ក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​៣១ ខែ​សីហា។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ប្រតិកម្ម​របស់​យោធា​ថៃ​គឺជា​ការ​ឡាំប៉ា ដើម្បី​លាង​ជម្រះ​ខ្លួន​ពី​ការ​លាតត្រដាង​នូវ​សកម្មភាព​ឈ្លានពាន​មក​លើ​កម្ពុជា​។ ទោះជា​យ៉ាងណា លោក​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា គួរតែ​ប្រមូល​ឯកសារ និង​ភស្តុតាង​ប្ដឹង​ថៃ​តាម​យន្តការ​ច្បាប់​អន្តរជាតិ ដែល​មាន​ទម្ងន់​ផ្នែក​ច្បាប់ ជាជាង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយឆ្លង​ជាមួយ​ភាគី​ថៃ ដែល​លោក​ហៅថា ជា​ការ​អូស​បន្លាយពេល និង​ជា​ការ​ដោះស្រាយ​មិន​ចំ​គោលដៅ ដែល​គ្មាន​ភាព​ច្បាស់លាស់។

លោក ម៉ែន ណាត៖ «បើ​យោង​ភស្តុតាង​ប្ដឹង ធម្មតា​គេ​ប្ដឹង គេ​មិន​ប្ដឹង​ទៅលើ​អត្ថបទ​ចុះផ្សាយ​របស់​កាសែត​ទេ គឺ​គេ​ប្ដឹង​ទៅលើ​ភស្តុតាង​ជាក់ស្ដែង តាមរយៈ​របាយការណ៍​របស់​រដ្ឋាភិបាល​ហ្នឹង​ផង តាមរយៈ​របាយការណ៍​របស់​ក្រុម​អាស៊ាន AOT តាមរយៈ​របាយការណ៍​របស់​បណ្ដា​អង្គទូត​ដែល​ចុះទៅ​មើល​តំបន់​ឈ្លានពាន​ជាក់ស្ដែង តាមរយៈ​របាយការណ៍​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​អីហ្នឹង ដែល​ទៅ​ឃើញ​ផ្ទាល់ៗ»។

ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ក្នុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ នេះ​ដែរ នៅ​ថ្ងៃទី​៣១ ខែសីហា នេះ អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ឆ្លើយតប​នឹង​សេចក្តី​ថ្លែងការណ៍​ប្រធាន​ព្រឹទ្ធសភា​ថៃ ដែល​ប្រតិកម្ម​ចំពោះ​ការ​លើកឡើង​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ប្រធាន​សភា​នៃ អន្ត​សភា​លើក​ទី​២ (ISC-2) នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៧ ខែសីហា ដែល​ភាគី​កម្ពុជា​បាន​បកស្រាយ​ពី​សភាពការណ៍​ពិត ដែល​កំពុង​កើតមាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា។

ក្នុង​នោះ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា បាន​លើកឡើង​ពី​បញ្ហា​ដែល​យោធា​ថៃ​បាន​យក​ករណី​ឆបោក​តាម​អនឡាញ មក​ធ្វើជា​លេស​ឈ្លានពាន​កម្ពុជា ការ​ចូល​កាន់កាប់ និង​កែប្រែ​លើ​ទីតាំង​ជាក់ស្ដែង​ក្នុង​ទឹកដី​កម្ពុជា ពី​សំណាក់​យោធា​ថៃ និង​ការ​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​លំនៅឋាន​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ