

យោធាថៃបានចេញមកជំទាស់នឹងខ្លឹមសាររបស់កាសែតបារាំង ឡឺ ហ្វីការូ (Le Figaro) ដែលបានចុះផ្សាយថា «ប្រទេសថៃបានឈ្លានពានកម្ពុជា» ហើយដែលមន្ត្រីកម្ពុជាបានដកស្រង់យកមកផ្សព្វផ្សាយបន្ត។ យោធាថៃលើកឡើងថា ខ្លឹមសាររបស់កាសែតបារាំងនេះ មិនអាចយកមកធ្វើជាភស្តុតាងដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃបាននោះឡើយ ក្រៅតែពីការចូលតុចរចា។
អគ្គមេបញ្ជាការរងកងទ័ពអាកាសថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) ដែលមានតួនាទីជានាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានចេញមកប្រតិកម្មជុំវិញការផ្សព្វផ្សាយរបស់កាសែតបារាំង ឡឺ ហ្វីការូ (Le Figaro) ដែលបានសរសេរថា ប្រទេសថៃបានឈ្លានពានក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។
ថ្លែងកាលពីថ្ងៃទី៣០ ខែសីហា លោក ប្រាក់ផាត សនចៃឌី បានលើកឡើងថា ប្រទេសថៃគោរពសេរីភាពសារព័ត៌មាន ក៏ប៉ុន្តែត្រូវញែកឱ្យច្បាស់រវាងខ្លឹមសាររបស់សារព័ត៌មាន និងការអះអាងរបស់គូជម្លោះ ដែលលោកចង់សំដៅលើកម្ពុជា ដែលបានដកស្រង់ខ្លឹមសាររបស់កាសែតបារាំងនេះ យកមកផ្សព្វផ្សាយបន្ត។ លោកបន្តថា អត្ថបទរបស់កាសែតបារាំង សារព័ត៌មានដទៃរបស់ប្រទេសដទៃទៀត ដែលបានចុះផ្សាយពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ គឺមិនអាចយកមកប្រើប្រាស់សម្រាប់កំណត់ព្រំដែនបានឡើយ។ ក្នុងនោះលោកក៏បានជំទាស់ដាច់អហង្ការ ចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានអន្តរជាតិដែលថា ប្រទេសថៃគឺជាភាគីឈ្លានពានមកលើភាគីកម្ពុជា ដោយលោកបានអះអាងថា សកម្មភាពរបស់យោធាថៃគឺជាការប្រើប្រាស់សិទ្ធដើម្បីការពារខ្លួន។
ប្រតិកម្មរបស់មេបញ្ជាការទ័ពអាកាសរបស់ថៃរូបនេះ ធ្វើឡើងបន្ទាប់ពីកាសែតរបស់បារាំង ឡឺ ហ្វីការូ (Le Figaro) បានចុះផ្សាយកាលពីថ្ងៃទី២៨ ខែសីហា ដោយបានរៀបរាប់ពីសកម្មភាពឈ្លានពានរបស់យោធាថៃ ដោយបានកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជានៅតាមព្រំដែន។ អត្ថបទរបស់កាសែតបារាំងបានសង្កត់ធ្ងន់ថា យោធាថៃកែប្រែភូមិសាស្ត្រដែលដណ្ដើមបានពីកម្ពុជា និងបានបំផ្លាញប្រាសាទបុរាណ និងបង្កការខូចខាតដល់បេតិកភណ្ឌខ្មែរថែមទៀតផង។
ក្នុងនោះ កាសែត ឡឺ ហ្វីការូ បានលើកឡើងពីមូលដ្ឋានច្បាប់ សាវតា និងប្រវត្តិសាស្ត្ររបស់កម្ពុជា ពាក់ព័ន្ធនឹងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ផែនទីព្រំដែន សាលក្រមសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ឆ្នាំ១៩៦២ ដែលសម្រេចឱ្យកម្ពុជាឈ្នះក្ដីក្នុងសំណុំរឿងប្រាសាទព្រះវិហារ និងការបកស្រាយសាលក្រមឡើងវិញនៅឆ្នាំ២០១៣។
ឆ្លើយតបនឹងការលើកឡើងនេះ អគ្គមេបញ្ជាការរងកងទ័ពអាកាសថៃ លោក ប្រាក់ផាត សនចៃឌី បានច្រានចោលថា សេចក្តីសម្រេចណាមួយមិនគួរត្រូវយកមកប្រើប្រាស់ដើម្បីពង្រីកវិសាលក្នុងតំបន់ព្រំដែនផ្សេងទៀតតាមការចង់បានរបស់ភាគីណាមួយឡើយ។ លោកអះអាងថា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧ ត្រូវបានធ្វើឡើងក្នុងបរិបទនៃសម័យអាណានិគម ប៉ុន្តែបច្ចុប្បន្ននេះគឺជាទសវត្សរ៍ទី២១ ដូច្នេះកម្ពុជាគួរតែរៀនពីប្រវត្តិសាស្ត្រ មិនមែនប្រើប្រាស់មរតកនៃអាណានិគមនិយមដើម្បីបង្កើតជម្លោះថ្មីនោះឡើយ។
នេះមិនមែនជាលើកទី១នោះឡើយ ដែលយោធាថៃបានចេញមកបដិសេធចំពោះការលាតត្រដាងពីសកម្មភាពរបស់ថៃ ដែលឈ្លានពានមកលើកម្ពុជា។ ជាក់ស្ដែងកន្លងមក យោធាថៃតែងតែចេញមកបដិសេធចំពោះការតវ៉ារបស់កម្ពុជា ប្រេសិតរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងសារព័ត៌មានអន្តរជាតិជាដើម ទោះបីជាស្ថាប័នទាំងនោះ មានភស្តុតាងរឹងមាំ និងបានចុះទៅអង្កេតស្ថានការណ៍ដោយផ្ទាល់ក៏ដោយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣១ ខែសីហា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ប្រតិកម្មរបស់យោធាថៃគឺជាការឡាំប៉ា ដើម្បីលាងជម្រះខ្លួនពីការលាតត្រដាងនូវសកម្មភាពឈ្លានពានមកលើកម្ពុជា។ ទោះជាយ៉ាងណា លោកជំរុញឱ្យមេដឹកនាំកម្ពុជា គួរតែប្រមូលឯកសារ និងភស្តុតាងប្ដឹងថៃតាមយន្តការច្បាប់អន្តរជាតិ ដែលមានទម្ងន់ផ្នែកច្បាប់ ជាជាងការចេញសេចក្ដីថ្លែងការណ៍ឆ្លើយឆ្លងជាមួយភាគីថៃ ដែលលោកហៅថា ជាការអូសបន្លាយពេល និងជាការដោះស្រាយមិនចំគោលដៅ ដែលគ្មានភាពច្បាស់លាស់។
លោក ម៉ែន ណាត៖ «បើយោងភស្តុតាងប្ដឹង ធម្មតាគេប្ដឹង គេមិនប្ដឹងទៅលើអត្ថបទចុះផ្សាយរបស់កាសែតទេ គឺគេប្ដឹងទៅលើភស្តុតាងជាក់ស្ដែង តាមរយៈរបាយការណ៍របស់រដ្ឋាភិបាលហ្នឹងផង តាមរយៈរបាយការណ៍របស់ក្រុមអាស៊ាន AOT តាមរយៈរបាយការណ៍របស់បណ្ដាអង្គទូតដែលចុះទៅមើលតំបន់ឈ្លានពានជាក់ស្ដែង តាមរយៈរបាយការណ៍អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអីហ្នឹង ដែលទៅឃើញផ្ទាល់ៗ»។
ពាក់ព័ន្ធនឹងការតវ៉ាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នេះដែរ នៅថ្ងៃទី៣១ ខែសីហា នេះ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ប្រធានព្រឹទ្ធសភាថៃ ដែលប្រតិកម្មចំពោះការលើកឡើងរបស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដែលបានថ្លែងនៅក្នុងសន្និសីទប្រធានសភានៃ អន្តសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ដែលភាគីកម្ពុជាបានបកស្រាយពីសភាពការណ៍ពិត ដែលកំពុងកើតមានពាក់ព័ន្ធនឹងសកម្មភាពឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។
ក្នុងនោះអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានលើកឡើងពីបញ្ហាដែលយោធាថៃបានយកករណីឆបោកតាមអនឡាញ មកធ្វើជាលេសឈ្លានពានកម្ពុជា ការចូលកាន់កាប់ និងកែប្រែលើទីតាំងជាក់ស្ដែងក្នុងទឹកដីកម្ពុជា ពីសំណាក់យោធាថៃ និងការបណ្ដេញពលរដ្ឋខ្មែរចេញពីលំនៅឋានជាដើម៕








