សិស្ស​ជាង ១២​ម៉ឺន​នាក់​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៦

0
57
ទិដ្ឋភាពសិស្សនៅថ្ងៃប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ កាលពីថ្ងៃទី១១ សីហា ២០២៦។ រូប៖ ក្រសួងអប់រំ
ទិដ្ឋភាពសិស្សនៅថ្ងៃប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ កាលពីថ្ងៃទី១១ សីហា ២០២៦។ រូប៖ ក្រសួងអប់រំ

សិស្ស​ជាង ១២​ម៉ឺន​នាក់ ឬ​ប្រមាណ​៨៥​ភាគរយ​នៃ​ចំនួន​សិស្ស​ប្រឡង​សរុប បាន​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​នៅក្នុង​ឆ្នាំ​២០២៦។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​១ កញ្ញា ឱ្យដឹង​ថា សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​អា (A) មាន​សរុប​ចំនួន ២.០២២ នាក់​។ ចំនួន​នេះ​គឺ​ធ្លាក់ចុះ​ជិត ១​ពាន់​នាក់​បើ​ប្រៀបធៀប​នឹង​ចំនួន​សិស្ស​ជាប់​និទ្ទេស A កាលពី​ឆ្នាំ ២០២៥ ដែល​មាន​ចំនួន ៣.០០៣ នាក់​។​

ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១០-១១ ខែសីហា ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ជាង ១៥ ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​។ លទ្ធផល​ផ្លូវការ​នឹង​ត្រូវ​ប្រកាស​នៅ​ទូទាំង​រាជធានី​-​ខេត្ត នៅ​ថ្ងៃទី​២ កញ្ញា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត តាមរយៈ​សារ​នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​១ កញ្ញា បាន​សម្តែង​ការ​សាទរ​ដល់​សិស្ស​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​ប្រឡង​ឆ្នាំនេះ និង​បាន​ស្នើ​ឱ្យ​សិស្ស​ដែល​ទទួល​បាន​លទ្ធផល​មិន​គាប់ប្រសើរ កុំ​បាក់​ទឹកចិត្ត ហើយ​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត ដើម្បី​ប្រែក្លាយ​លទ្ធផល​ឱ្យ​បាន​គាប់ប្រសើរ ក្នុង​ការ​ប្រឡង​នៅ​ឆ្នាំក្រោយ ឬ​អាច​ចាប់​យក​ឱកាស​ក្នុង​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ ឬ​កម្រិត​នៃ​ការសិក្សា​បន្ទាប់ ដើម្បី​បន្ត​អភិវឌ្ឍ​ចំណេះដឹង និង​ជំនាញ សម្រាប់​ចាប់​យក​អាជីព​ច្បាស់លាស់ ដើម្បី​កសាង​អនាគត។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​ការ​អាក់ខាន​តាម​ការ​គ្រោងទុក ប៉ុន្តែ​បេក្ខជន​ប្រឡង​មួយចំនួន​បាន​ជួបប្រទះ​បញ្ហា​ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ បញ្ហា​សុខភាព និង​សម្ពាធ​ផ្លូវចិត្ត រួមមាន​វិលមុខ ខ្យល់គ ខ្សោយកម្លាំង និង​អាការៈ​ភ័យ​បារម្ភ​ខ្លាំង​ជាដើម។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​តែង​ទទូច​ឱ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​អប់រំ​ឱ្យ​ស៊ីជម្រៅ​តាំងពី​ថ្នាក់​មូលដ្ឋាន ដើម្បី​ជំរុញ​ឱ្យ​សិស្ស​មាន​សមត្ថភាព​ពិតប្រាកដ​នៅពេល​ឈាន​ចូល​ដល់​ថ្នាក់​មហាវិទ្យាល័យ គឺ​មិនមែន​យកចិត្តទុកដាក់​ត្រឹមតែ​ពេល​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ក្នុង​មួយឆ្នាំ​ម្តង​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ