

មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលបារម្ភថា ជារឿងដ៏គ្រោះថ្នាក់សម្រាប់ជាតិ និងអាយុជីវិតកងទ័ព នៅពេលដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បណ្ដែតបណ្ដោយឱ្យយោធាថៃ បន្តបើកយន្តហោះស៊ើបការណ៍ ចូលដែនអធិបតេយ្យកម្ពុជា តាមអំពើចិត្ត ដោយគ្មានចាត់វិធានការជាក់ស្ដែងឱ្យមានប្រសិទ្ធភាព។ ការលើកឡើងនេះ ក្រោយពីក្រសួងការបរទេសកម្ពុជា បានចេញលិខិតតវ៉ា ទៅកាន់ យោធាថៃ ដែលបានបើកឧទ្ធម្ភាគចក្រស៊ើបការណ៍ ចូលក្នុងដែនអាកាសកម្ពុជាយ៉ាងជ្រៅ ក្នុងភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយខុសច្បាប់។
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង សង្កេតឃើញថា នេះពុំមែនជាលើកទី១ទេដែល យោធាថៃបានបើកឧទ្ធម្ភាគចក្រ ឬយន្តហោះស៊ើបការណ៍ហោះចូលដែនអធិបតេយ្យកម្ពុជា តាមបណ្ដោយព្រំដែន ដែលកំពុងមានជម្លោះ ជាង១ឆ្នាំមកហើយ ប៉ុន្តែ កម្ពុជាបានត្រឹមតែចេញលិខិតតវ៉ាជាផ្លូវការ ប្រឆាំង ទៅទង្វើឈ្លានពានរបស់យោធាថៃនេះ។ ពួកគាត់យល់ថា ការចេញលិខិតតវ៉ារបស់កម្ពុជាគ្មានប្រសិទ្ធភាពឡើយប្រសិនបើកម្ពុជា មិនប្រើប្រាស់សិទ្ធិការពារខ្លួនឱ្យបានឆាប់រហ័ស។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៤ ខែកញ្ញា ដោយរិះគន់រដ្ឋាភិបាលត្រកូល«ហ៊ុន»ថា ជាមេដឹកនាំកំសាក អសមត្ថភាព ដែលបណ្ដែតបណ្ដោយឱ្យយោធាថៃបន្តឈ្លានពានដែនអធិបតេយ្យកម្ពុជា ទាំងដែនអាកាស ដែនទឹក និងដែនគោក ដោយគ្មានចាត់វិធានការតបតអ្វីសោះ ក្រៅតែពីចេញលិខិតតវ៉ាមួយសន្លឹក។
លោកបន្តថា កម្ពុជាមិនគួរចេញលិខិតតវ៉ាទៅកាន់ភាគីថៃច្រើនពេកនោះទេ ព្រោះវាគ្មានប្រសិទ្ធភាពទាល់តែសោះ ខណៈដែលភាគីថៃនៅតែបន្តឈ្លានពាន ទឹកដីកម្ពុជា។ ក្រៅពីការឈ្លានពានទឹកដី លោកសង្កេតឃើញថា កន្លងមកក៏ មានសេចក្ដីរាយការណ៍ជាច្រើនអំពីយោធាថៃ បានប្រើប្រាស់កាំភ្លើង លប់បាញ់ប្រហារមកលើកងទ័ពខ្មែរតាមព្រំដែន បណ្ដាលឱ្យបាត់បង់ជីវិតជាបន្តបន្ទាប់ ប៉ុន្តែ លោក ហ៊ុន ម៉ាណែត ព្យាយាមបិទបាំងព័ត៌មាន រួចបង្កើតព័ត៌មានក្លែងក្លាយថា ជាការរាលកៃកាំភ្លើង បាញ់ស្លាប់ខ្លួនឯង។ លោកបន្តថា ទង្វើរបស់យោធាថៃធ្វើមកលើកម្ពុជា ជាច្រើនដងមកហើយ ដែលលោក ហ៊ុន ម៉ាណែត គួរតែចេះឈឺចាប់ខ្លះដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតកងទ័ពខ្មែរ កុំខ្លាំងបានតែចាប់ពលរដ្ឋខ្លួនដាក់ពន្ធនាគារ។
លោក អ៊ុំ សំអាន៖ «គេឃើញត្រកូល ហ៊ុន ខ្សោយអ៊ីចឹង គេមើលងាយអ៊ីចឹងហើយ។ ដូចថា គេចេះតែបង្កើតរឿងអ៊ីចឹងទៅ ដើម្បីឱ្យត្រកូល ហ៊ុន ហ្នឹង ភ័យខ្លាចទៅ អត់ហ៊ានអីជាមួយគេ។ គេឈ្លានពានទឹកដីខ្មែរយើងស្រេចតែចិត្ត។ អាហ្នឹងរបៀបគេកម្លាចហ្នឹង រឿងកម្លាច! ដូច ហ៊ុន សែន កម្លាចសកម្មជនបក្សប្រឆាំងអ៊ីចឹង! មិនខុសគ្នាទេ! ថៃ ហើយ និងត្រកូល ហ៊ុន គឺអាក្រក់ដូចគ្នា»។
ប្រតិកម្មនេះធ្វើឡើងក្រោយពី ក្រសួងការប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា បានចេញលិខិតតវ៉ាប្រឆាំងទៅកាន់ភាគីថៃ ដែលបានបើកឧទ្ធម្ភាគចក្រស៊ើបការណ៍ចូលទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រ ស្រុកកំរៀងខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែកញ្ញា។ នៅក្នុងលិខិតនោះ កម្ពុជាបានរៀបរាប់ថា ឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពានចូលក្នុងដែនអាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
កម្ពុជាចាត់ទុកទង្វើឈ្លានពានដែនអាកាសរបស់យោធាថៃនេះ រំលោភលើ មាត្រា១ នៃអនុសញ្ញាស្ដីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិ ឆ្នាំ១៩៤៤ ដែលបញ្ជាក់ថា រដ្ឋនីមួយៗមានអធិបតេយ្យពេញ លេញ និងផ្ដាច់មុខលើដែនអាកាសពីលើដែនដីរបស់ខ្លួន។ ចំណែក មាត្រា៣ នៃអនុសញ្ញាដដែលនេះ បានហាមឃាត់ យន្តហោះរបស់រដ្ឋនីមួយៗមិនឱ្យហោះហើរលើដែនដីរដ្ឋដទៃដោយគ្មានការអនុញ្ញាត នោះឡើយ។
ទន្ទឹមគ្នានោះ កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពហោះហើរឧទ្ធម្ភាគចក្រ ចូលដែនអធិបតេយ្យកម្ពុជាបន្តទៀត និងត្រូវគោរពការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ ហើយ ជំរុញការទុកចិត្តគ្នាទៅវិញទៅមក ក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធី និងស្ដារទំនាក់ទំនងភាពជាអ្នកជិតខាងល្អឡើងវិញ។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលរិះគន់ថា លិខិតតវ៉ារបស់កម្ពុជា ហាក់ធ្វើឡើងដើម្បីតែគម្រប់កិច្ច ព្រោះគ្មានបង្ហាញពីជំហរ និងការប្ដេជ្ញាចិត្តដើម្បីតបតប្រឆាំង ទៅនឹងសកម្មភាពឈ្លានពានរបស់ភាគីថៃ នោះឡើយ ខណៈដែលថៃ មិនដែលធ្វើតាម ការអំពាវនាវរបស់កម្ពុជាសោះ ចាប់តាំងពីបើកការឈ្លានពានទឹកដីកម្ពុជាមក។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី០៤ ខែកញ្ញា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកទឹកចិត្តឱ្យរដ្ឋាភិបាលគួរតែប្រើសិទ្ធិការពារខ្លួនក្នុងការបាញ់ទម្លាក់យន្តហោះ ឬ ឧទ្ធម្ភាគចក្រស៊ើបការណ៍ របស់យោធាថៃ ដែលហោះចូលដែនអាកាសកម្ពុជា ព្រោះគ្រប់បណ្ដាប្រទេស នៅលើពិភពលោក តែងតែធ្វើបែបនេះ ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ និងការពារបូរណភាពទឹកដី។ លោកបង្ហាញការសោកស្ដាយជាខ្លាំង ដែលយោធាថៃបន្តឈ្លានពានទឹកដីកម្ពុជាជាច្រើនទីតាំង ប៉ុន្តែលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បែរជាមិនប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ ហើយមិនប្រើសិទ្ធិការពារខ្លួនដែលធ្វើឱ្យពលរដ្ឋកាន់តែខឹងសម្បា ហើយចាត់ទុកថា ជាមេដឹកនាំជាជន«ចោលម្សៀត»។
អ្នកស្រី ម៉ាលី សុជាតា៖ «អ្នកឯងឆ្លងចូលដែនអធិបតេយ្យខ្មែរយ៉ាងជ្រៅ ហើយខ្មែរត្រូវតែប្រើសិទ្ធិការពារខ្លួន ព្រោះអ្នកឯងហោះ យន្តហោះចូលស្រុកខ្មែរ មិនដឹងថាអ្នកឯងដាក់ស្អីនៅលើយន្តហោះហ្នឹង? អាចដាក់ប្រព័ន្ធរ៉ាដា អាចដាក់កាំភ្លើង អាចដាក់គ្រាប់បែកអីមកទម្លាក់ស្រុកខ្មែរ នរណាដឹង? ម្ល៉ោះហើយ សិទ្ធិការពារខ្លួន គេយកហេតុផលអស់ហ្នឹងដើម្បីបាញ់ទម្លាក់បាន!»។
ជាង១ឆ្នាំមកនេះ កម្ពុជាបានចេញលិខិតតវ៉ា និងថ្កោលទោសភាគីថៃ រាប់សិបលើកមកហើយ ប៉ុន្តែភាគីថៃ ពុំបានអើពើចំពោះលិខិតតវ៉ារបស់ភាគីកម្ពុជានោះឡើយ។ ទន្ទឹមគ្នានោះ គេសង្កេតឃើញថា ទឹកដីខ្មែរ ជិត១០០ទីតាំង តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានយោធាថៃ ចូលមកកាន់កាប់ដោយខុសច្បាប់នោះ ពួកគេបានសាងសង់លេណដ្ឋានផ្លូវថ្នល់ រូបសំណាកព្រះពុទ្ធ និងជីកប្រឡាយតាមព្រំដែន ពង្រាយបន្លាលួស និងដំឡើងកុងតឺន័រជាច្រើន លើទឹកដីខ្មែរ ដើម្បីរារាំង មិនឱ្យពលរដ្ឋ និងកងទ័ពខ្មែរអាចចេញចូលបាននៅទីនោះទៀត។
ជាមួយគ្នានោះ ពលរដ្ឋដែលរស់នៅតាមព្រំដែនកម្ពុជា-ថៃ តែងតែឃើញមានយន្តហោះគ្មានមនុស្សបើក ឬហៅថា Drone ស៊ើបការណ៍ របស់យោធាថៃ ហោះចូលលើទឹកដីខ្មែរ តាមបណ្ដោយព្រំដែន ជាញឹកញាប់ ដើម្បីតាមឃ្លាំមើលមូលដ្ឋាន និងសកម្មភាពកងទ័ពខ្មែរ ។ បើទោះជាបែបនេះក្ដី គេឃើញថា កងទ័ពខ្មែរ មិនហ៊ានរារាំង ឬរំខានការហោះហើរ របស់យោធាថៃនោះទេ ព្រោះខ្លាច ខុសបញ្ជាថ្នាក់លើ ជាពិសេសនៅតំបន់ជួរភ្នំដងរែក តំបន់ថ្មដាខេត្តពោធិ៍សាត់ និងតំបន់អូស្មាច់ខេត្តឧត្តរមានជ័យជាដើម។
អ្នកឃ្លាំមើលរិះគន់ថាការមិនប្រើសិទ្ធិការពារខ្លួនរបស់កម្ពុជា បង្កជារឿងគ្រោះថ្នាក់សម្រាប់ជាតិ និងកងទ័ពជួរមុខ ព្រោះគ្មានប្រព័ន្ធការពារសុវត្ថិភាពបានត្រឹមត្រូវ៕








