

ទាហានខ្មែរ និងថៃបន្តប្រឈមមុខដាក់គ្នានៅតាមព្រំដែនជាពិសេសក្នុងពេលដើរល្បាតឃ្វាងដំណើរគ្នា និងបង្កឱ្យមានការឈ្លោះប្រកែកគ្នា និងឈានដល់ការប្រើប្រាស់ពាក្យសម្ដីហិង្សាទៀតផង។ ក្រៅពីភាពតានតឹងនៅតំបន់ខ្សែត្រៀមជួរមុខ កម្ពុជា និងថៃក៏កំពុងវាយប្រហារគ្នាទៅវិញទៅមក តាមរយៈសារឆ្លើយឆ្លងបែបការទូត និងតាមប្រព័ន្ធផ្សព្វផ្សាយផងដែរ។
វីដេអូរបស់ទាហានខ្មែរ ដែលបានចែករំលែកនៅលើបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ បានបង្ហាញពីសកម្មភាពឌឺដងតវ៉ាគ្នានៅព្រំដែនខេត្តឧត្តរមានជ័យ។ នៅតំបន់ប្រាសាទតាមាន់ធំ បានរើបន្លាលួស ដែលទាហានថៃបានដើរដាក់ពង្រាយរំលោភចូលក្នុងទឹកដីកម្ពុជា។ ក្នុងនោះទាហានខ្មែរបានត្អូញត្អែរពីការនឿយហត់ក្នុងការឃ្លាំមើលពីសកម្មភាពរបស់យោធាថៃ ដែលតែងតែឆ្មក់ចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជា។
ចំណែកនៅតំបន់ប្រាសាទតាមាន់ធំ ក៏មានស្ថានភាពតានតឹងដូចគ្នាដែរ ដោយសារយោធាថៃបានពង្រីកកម្លាំង បន្ទាប់ពីយោធាថៃបានសាងសង់ផ្លូវយុទ្ធសាស្ត្រនៅក្នុងតំបន់ទាំងនេះរួច។ ក្នុងនោះ ទាហានថៃដែលប្រដាប់ដោយអាវុធ បានដាក់កម្លាំងយាមល្បាតតឹងរ៉ឹងជាងមុន នៅក្បែរទីតាំងបន្លាលួស ដែលមានចម្ងាយប្រហែលជាង១០ម៉ែត្រ ពីទីតាំងលេណដ្ឋានរបស់ទាហានខ្មែរ។ នៅក្នុងស្ថានភាពទល់មុខជិតគ្នាបែបនេះ ភាគីទាំងពីរជាញឹកញាប់បានស្រែកឌឺដងដាក់គ្នា តែពេលខ្លះក៏សុំបារីគ្នាជក់ និងពេលខ្លះក៏ឈ្លោះប្រកែកគ្នា។
ខុសពីតំបន់ប្រាសាទតាក្របី នៅឯតំបន់ជាំស្រងាំ វិញ ហាក់មានស្ថានភាពតានតឹង បន្ទាប់ពីយោធាថៃបានបន្តសាងសង់ផ្លូវយុទ្ធសាស្ត្រជាឯកតោភាគី នៅក្នុងតំបន់ដែលមិនទាន់កំណត់ព្រំដែនច្បាស់លាស់ ខណៈតំបន់មួយចំនួន ទាហានខ្មែរបានអះអាងថា បានសាងសង់រាលចូលទឹកដីកម្ពុជាទៀតផង។ ក្នុងតំបន់នេះ ទាហានថៃតែងតែធ្វើសកម្មភាពពួនស្ទាក់នៅក្នុងព្រៃ ដើម្បីឃ្លាំមើលសកម្មភាពដើរល្បាតរបស់ទាហានខ្មែរ រហូតភាគីទាំងពីរបានប្រឈមមុខដាក់គ្នាជាញឹកញាប់។
ដោយឡែកនៅឯតំបន់ព្រំដែនខេត្តព្រះវិហារ វិញ ហាក់មានស្ថានភាពកាន់តែអាក្រក់ បន្ទាប់ពីទាហានខ្មែរបានអះអាងនៅលើបណ្ដាញសង្គមថា ទាហានថៃបានដាក់ពង្រាយបន្លាដែកនៅលើផ្លូវល្បាតរបស់កងទ័ពខ្មែរ បណ្ដាលឱ្យទាហានមួយចំនួនដែលមិនបានពាក់ស្បែកជើងកវែងបានរងរបួស។
រីឯនៅតំបន់មុំបី និងតំបន់ភ្នំ៦៧៧ ដែលស្ថិតនៅក្បែរភូមិសាស្ត្រអានសេះ វិញ ទាហានខ្មែរ និងទាហានថៃបានប្រឈមមុខដាក់គ្នាជាញឹកញាប់ ក៏ប៉ុន្តែភាគីទាំងពីរបានចរចា និងទុកឱ្យមេបញ្ជាការរបស់ពួកគេសម្របសម្រួលគ្នា ខណៈនៅទីតាំងមួយចំនួន ទាហានខ្មែរ និងទាហានថៃបានបន្តឈ្លោះប្រកែក និងស្រែកជេរគ្នាពេញព្រៃ រហូតបបួលគ្នាវាយមួយស្មើទៀតផង។ ទោះជាយ៉ាងនេះក្ដី កងកម្លាំងកម្ពុជា និងថៃ បានបង្កើនការប្រុងប្រយ័ត្នដូចគ្នា បន្ទាប់ពីយោធាថៃបានព្យាយាមរាយបន្លាលួស បណ្ដេញទាហានខ្មែរឱ្យចេញពីទីតាំងល្បាត និងសាងសង់ផ្លូវយុទ្ធសាស្ត្រឡើងទៅកាន់កំពូលភ្នំ ៧៤៥។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៧ ខែកញ្ញា។
ចំណែកពីខាងភាគីថៃឯនោះវិញ កងទ័ពភូមិភាគទី២ របស់ថៃ បានបញ្ជាចល័តទ័ព និងធ្វើបេសកកម្មល្បាត ២៤ ម៉ោងតាមបណ្ដោយព្រំដែនកម្ពុជា ដោយយោធាថៃអះអាងថា ប្រតិបត្តិការនេះធ្វើឡើងដើម្បីទប់ស្កាត់សកម្មភាពរបស់ទាហានខ្មែរ និងអន្តោប្រវេសន៍ខុសច្បាប់ជាដើម។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បារម្ភថា ជម្លោះរវាងទាហានខ្មែរ និងទាហានថៃនៅតំបន់ព្រំដែន អាចនឹងក្លាយទៅជារងើកភ្លើង បណ្ដាលឱ្យមានការផ្ទុះអាវុធកើតឡើង។ លោកបន្តថា បើផ្អែកតាមគោលជំហររបស់ភាគីកម្ពុជា ដែលមានភាពទន់ខ្សោយខាងវិស័យការពារជាតិ ជាងភាគីថៃនោះ កម្ពុជាតែងតែប្រកាន់យកការអត់ធ្មត់ និងជៀសវាងពីការប៉ះទង្គិចគ្នាដោយអាវុធ។
លោក ម៉ែន ណាត៖ «បើតាមទឹកចិត្តបងប្អូនទាហានយើង លោកមិនភ័យខ្លាចទេការប្រឈមមុខសង្គ្រាមផ្ទុះអាវុធអីហ្នឹង ដើម្បីធ្វើម៉េចការពារបូរណភាពទឹកដី មិនចង់ឱ្យថៃហ្នឹងរុលចូលឈ្លានពានទឹកដីមកបន្ថែមទៀតទេ អញ្ចឹងបានជាចេះតែពួកគាត់ហ្នឹងទៅទប់ស្កាត់ពួកទាហានថៃរាយបន្លាលួស។ រឿងហ្នឹង វាពាក់ព័ន្ធនឹងរឿងបទបញ្ជារបស់ក្រសួងការពារជាតិ ដែលគ្មានគោលការណ៍ច្បាស់លាស់នៅក្នុងការធ្វើម៉េចដើម្បីទប់ស្កាត់មិនឱ្យថៃរុលចូលឈ្លានពានទឹកដីខ្មែរបន្ថែមទៀតនោះ»។
ពាក់ព័ន្ធនឹងវិវាទព្រំដែន រវាងកម្ពុជា និងថៃនេះដែរ នៅថ្ងៃទី៧ ខែកញ្ញា នេះ យោធាថៃបានដឹកនាំគណៈប្រតិភូបរទេស អ្នកសង្កេតការណ៍អាស៊ាន និងអ្នកកាសែតអន្តរជាតិ ប្រមាណជាង ១រយនាក់ចុះទៅត្រួតពិនិត្យនៅតំបន់អាគារកាស៊ីណូអូរស្មាច់ និងច្រកជាំ ស្ថិតនៅខេត្តឧត្តរមានជ័យ ដែលជាទឹកដីរបស់កម្ពុជា ប៉ុន្តែត្រូវយោធាថៃចូលកាន់កាប់ដោយខុសច្បាប់ ក្នុងអំឡុងមានជម្លោះព្រំដែន។ ក្នុងនោះយោធាថៃ បានធ្វើបទបង្ហាញដោយអះអាងថា ទីតាំងអាគារកាស៊ីណូទាំងនេះត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធា និងជាទីតាំងឧស្សាហកម្មឆបោកឆ្លងដែនដ៏ធំ។
ឆ្លើយតបទៅនឹងរឿងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានប្រតិកម្មប្រឆាំងនឹងសកម្មភាពរបស់យោធាថៃ ដោយលោកលើកជាសំណួរថា «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀត កំពុងឈរនៅលើទឹកដីរបស់អ្នកណា? និងសូមកុំប្រើប្រាស់ Online Scams ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា»។
ពាក់ព័ន្ធនឹងជម្លោះការទូតវិញ ឯកអគ្គរាជទូតថៃប្រចាំប្រទេសបារាំង បានចេញមកបដិសេធ ដោយអះអាងថា ប្រទេសថៃមិនបានរៀបចំឧបាយកល ពឹងពាក់អ្នកការទូតប្រទេសទីបី ដើម្បីរារាំងកម្ពុជាក្នុងការលើកឡើងពីបញ្ហាជម្លោះព្រំដែននៅក្នុងកិច្ចប្រជុំអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដែលហៅកាត់ថា ហ្វ្រង់កូហ្វូនី ដូចការអះអាងរបស់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង លោក លុយ ដេវីដ នោះឡើយ។
ទោះជាបែបនេះក្ដី កន្លងមកយោធាថៃបានព្រមានកម្ពុជា ដោយសងសឹកវិញភ្លាមៗ ប្រសិនបើកម្ពុជាលើកយករឿងជម្លោះព្រំដែន ទៅនិយាយក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដែលយោធាថៃហៅថា ជាការបំបាក់មុខថៃនៅលើឆាកអន្តរជាតិ៕









