ទាហាន​ខ្មែរនិង​ថៃ​បន្ត​ប្រឈមមុខ​ដាក់គ្នា​នៅ​តាម​ព្រំដែន ខណៈ​វិវាទ​ការទូត​កាន់តែ​មាន​ភាព​តាន​តឹង

0
83
ទិដ្ឋភាពទាហានថៃបំពាន​ត្រង់តំបន់មុំបី ស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី២ មិថុនា ២០២៦។ រូប៖ ផ្ដល់ឱ្យ
ទិដ្ឋភាពទាហានថៃបំពាន​ត្រង់តំបន់មុំបី ស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី២ មិថុនា ២០២៦។ រូប៖ ផ្ដល់ឱ្យ

ទាហាន​ខ្មែរ និង​ថៃ​បន្ត​ប្រឈមមុខ​ដាក់គ្នា​នៅ​តាម​ព្រំដែន​ជាពិសេស​ក្នុង​ពេល​ដើរ​ល្បាត​ឃ្វាង​ដំណើរ​គ្នា និង​បង្ក​ឱ្យ​មាន​ការ​ឈ្លោះប្រកែក​គ្នា និង​ឈាន​ដល់​ការប្រើប្រាស់​ពាក្យសម្ដី​ហិង្សា​ទៀត​ផង​។ ក្រៅពី​ភាព​តានតឹង​នៅ​តំបន់​ខ្សែត្រៀម​ជួរមុខ កម្ពុជា និង​ថៃ​ក៏​កំពុង​វាយប្រហារ​គ្នា​ទៅវិញទៅមក តាមរយៈ​សារ​ឆ្លើយឆ្លង​បែប​ការទូត និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ។

វីដេអូ​របស់​ទាហាន​ខ្មែរ ដែល​បាន​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ពី​សកម្មភាព​ឌឺដង​តវ៉ា​គ្នា​នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​។ នៅ​តំបន់​ប្រាសាទ​តាមាន់ធំ បាន​រើ​បន្លា​លួស ដែល​ទាហាន​ថៃ​បាន​ដើរ​ដាក់​ពង្រាយ​រំលោភ​ចូលក្នុង​ទឹកដី​កម្ពុជា​។ ក្នុង​នោះ​ទាហាន​ខ្មែរ​បាន​ត្អូញត្អែរ​ពី​ការនឿយហត់​ក្នុង​ការ​ឃ្លាំមើល​ពី​សកម្មភាព​របស់​យោធា​ថៃ ដែល​តែងតែ​ឆ្មក់​ចូល​រាយ​បន្លា​លួស​ក្នុង​ទឹកដី​កម្ពុជា។

ចំណែក​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ ក៏​មាន​ស្ថានភាព​តានតឹង​ដូចគ្នា​ដែរ ដោយសារ​យោធា​ថៃ​បាន​ពង្រីក​កម្លាំង បន្ទាប់ពី​យោធា​ថៃ​បាន​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​នៅក្នុង​តំបន់​ទាំងនេះ​រួច​។ ក្នុង​នោះ ទាហាន​ថៃ​ដែល​ប្រដាប់​ដោយ​អាវុធ បាន​ដាក់​កម្លាំង​យាមល្បាត​តឹងរ៉ឹង​ជាង​មុន នៅ​ក្បែរ​ទីតាំង​បន្លា​លួស ដែល​មាន​ចម្ងាយ​ប្រហែល​ជាង​១០​ម៉ែត្រ ពី​ទីតាំង​លេណដ្ឋាន​របស់​ទាហាន​ខ្មែរ​។ នៅក្នុង​ស្ថានភាព​ទល់មុខ​ជិត​គ្នា​បែប​នេះ ភាគី​ទាំងពីរ​ជា​ញឹកញាប់​បាន​ស្រែក​ឌឺដង​ដាក់គ្នា តែ​ពេលខ្លះ​ក៏​សុំ​បារី​គ្នា​ជក់ និង​ពេលខ្លះ​ក៏​ឈ្លោះប្រកែក​គ្នា។

ខុសពី​តំបន់​ប្រាសាទ​តា​ក្របី នៅ​ឯ​តំបន់​ជាំ​ស្រងាំ វិញ ហាក់​មាន​ស្ថានភាព​តានតឹង បន្ទាប់ពី​យោធា​ថៃ​បាន​បន្ត​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​ជា​ឯកតោភាគី នៅក្នុង​តំបន់​ដែល​មិនទាន់​កំណត់ព្រំដែន​ច្បាស់លាស់ ខណៈ​តំបន់​មួយចំនួន ទាហាន​ខ្មែរ​បាន​អះអាង​ថា បាន​សាងសង់​រាល​ចូល​ទឹកដី​កម្ពុជា​ទៀត​ផង​។ ក្នុង​តំបន់​នេះ ទាហាន​ថៃ​តែងតែ​ធ្វើ​សកម្មភាព​ពួនស្ទាក់​នៅក្នុង​ព្រៃ ដើម្បី​ឃ្លាំមើល​សកម្មភាព​ដើរ​ល្បាត​របស់​ទាហាន​ខ្មែរ រហូត​ភាគី​ទាំង​ពីរ​បាន​ប្រឈមមុខ​ដាក់គ្នា​ជា​ញឹកញាប់​។​

ដោយឡែក​នៅ​ឯ​តំបន់​ព្រំដែន​ខេត្តព្រះវិហារ វិញ ហាក់​មាន​ស្ថានភាព​កាន់តែ​អាក្រក់ បន្ទាប់ពី​ទាហាន​ខ្មែរ​បាន​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ថា ទាហាន​ថៃ​បាន​ដាក់​ពង្រាយ​បន្លា​ដែក​នៅ​លើ​ផ្លូវ​ល្បាត​របស់​កងទ័ព​ខ្មែរ បណ្ដាល​ឱ្យ​ទាហាន​មួយចំនួន​ដែល​មិនបាន​ពាក់​ស្បែកជើង​ក​វែង​បាន​រងរបួស។

រីឯ​នៅ​តំបន់​មុំ​បី និង​តំបន់​ភ្នំ​៦៧៧ ដែល​ស្ថិត​នៅ​ក្បែរ​ភូមិសាស្ត្រ​អានសេះ វិញ ទាហាន​ខ្មែរ និង​ទាហាន​ថៃ​បាន​ប្រឈមមុខ​ដាក់គ្នា​ជា​ញឹកញាប់ ក៏ប៉ុន្តែ​ភាគី​ទាំងពីរ​បាន​ចរចា និង​ទុក​ឱ្យ​មេបញ្ជាការ​របស់​ពួកគេ​សម្របសម្រួល​គ្នា ខណៈ​នៅ​ទីតាំង​មួយចំនួន ទាហាន​ខ្មែរ និង​ទាហាន​ថៃ​បាន​បន្ត​ឈ្លោះប្រកែក និង​ស្រែក​ជេរ​គ្នា​ពេញ​ព្រៃ រហូត​បបួលគ្នា​វាយ​មួយ​ស្មើ​ទៀត​ផង​។ ទោះជា​យ៉ាងនេះ​ក្ដី កងកម្លាំង​កម្ពុជា និង​ថៃ បាន​បង្កើន​ការប្រុងប្រយ័ត្ន​ដូចគ្នា បន្ទាប់ពី​យោធា​ថៃ​បាន​ព្យាយាម​រាយ​បន្លា​លួស បណ្ដេញ​ទាហាន​ខ្មែរ​ឱ្យ​ចេញពី​ទីតាំង​ល្បាត និង​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​ឡើង​ទៅ​កាន់​កំពូលភ្នំ ៧៤៥។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​៧ ខែ​កញ្ញា។

ចំណែក​ពី​ខាង​ភាគី​ថៃ​ឯនោះ​វិញ កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ បាន​បញ្ជា​ចល័ត​ទ័ព និង​ធ្វើ​បេសកកម្ម​ល្បាត ២៤ ម៉ោង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា ដោយ​យោធា​ថៃ​អះអាង​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​សកម្មភាព​របស់​ទាហាន​ខ្មែរ និង​អន្តោប្រវេសន៍​ខុសច្បាប់​ជាដើម។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បារម្ភ​ថា ជម្លោះ​រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ​នៅ​តំបន់​ព្រំដែន អាច​នឹង​ក្លាយទៅជា​រងើកភ្លើង បណ្ដាល​ឱ្យ​មាន​ការ​ផ្ទុះអាវុធ​កើតឡើង​។ លោក​បន្ត​ថា បើ​ផ្អែក​តាម​គោលជំហរ​របស់​ភាគី​កម្ពុជា ដែល​មាន​ភាព​ទន់ខ្សោយ​ខាង​វិស័យ​ការពារ​ជាតិ ជាង​ភាគី​ថៃ​នោះ កម្ពុជា​តែងតែ​ប្រកាន់យក​ការ​អត់ធ្មត់ និង​ជៀសវាង​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ។

លោក ម៉ែន ណាត៖ «​បើ​តាម​ទឹកចិត្ត​បងប្អូន​ទាហាន​យើង លោក​មិន​ភ័យខ្លាច​ទេ​ការ​ប្រឈម​មុខ​សង្គ្រាម​ផ្ទុះអាវុធ​អីហ្នឹង ដើម្បី​ធ្វើ​ម៉េច​ការពារ​បូរណភាព​ទឹកដី មិន​ចង់ឱ្យ​ថៃ​ហ្នឹង​រុលចូល​ឈ្លានពាន​ទឹកដី​មក​បន្ថែម​ទៀត​ទេ អញ្ចឹង​បានជា​ចេះតែ​ពួកគាត់​ហ្នឹង​ទៅ​ទប់ស្កាត់​ពួក​ទាហាន​ថៃ​រាយ​បន្លា​លួស​។ រឿង​ហ្នឹង វា​ពាក់ព័ន្ធ​នឹង​រឿង​បទបញ្ជា​របស់​ក្រសួងការពារជាតិ ដែល​គ្មាន​គោលការណ៍​ច្បាស់លាស់​នៅក្នុង​ការ​ធ្វើ​ម៉េច​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​ថៃ​រុលចូល​ឈ្លានពាន​ទឹកដី​ខ្មែរ​បន្ថែម​ទៀត​នោះ»។

ពាក់ព័ន្ធ​នឹង​វិវាទ​ព្រំដែន រវាង​កម្ពុជា និង​ថៃ​នេះ​ដែរ នៅ​ថ្ងៃទី​៧ ខែកញ្ញា នេះ យោធា​ថៃ​បាន​ដឹកនាំ​គណៈប្រតិភូ​បរទេស អ្នកសង្កេតការណ៍​អាស៊ាន និង​អ្នកកាសែត​អន្តរជាតិ ប្រមាណ​ជាង ១​រយ​នាក់​ចុះទៅ​ត្រួតពិនិត្យ​នៅ​តំបន់​អាគារ​កាស៊ីណូ​អូរ​ស្មាច់ និង​ច្រក​ជាំ ស្ថិតនៅ​ខេត្ត​ឧត្តរមានជ័យ ដែល​ជា​ទឹកដី​របស់​កម្ពុជា ប៉ុន្តែ​ត្រូវ​យោធា​ថៃ​ចូលកាន់​កាប់​ដោយ​ខុសច្បាប់ ក្នុង​អំឡុង​មាន​ជម្លោះព្រំដែន​។ ក្នុង​នោះ​យោធា​ថៃ បាន​ធ្វើ​បទ​បង្ហាញ​ដោយ​អះអាង​ថា ទីតាំង​អាគារ​កាស៊ីណូ​ទាំងនេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា និង​ជាទី​តាំង​ឧស្សាហកម្ម​ឆបោក​ឆ្លងដែន​ដ៏​ធំ។

ឆ្លើយតប​ទៅ​នឹង​រឿង​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា បាន​ប្រតិកម្ម​ប្រឆាំង​នឹង​សកម្មភាព​របស់​យោធា​ថៃ ដោយ​លោក​លើក​ជា​សំណួរ​ថា «​តើ​អ្នកសារព័ត៌មាន និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត កំពុង​ឈរ​នៅ​លើ​ទឹកដី​របស់​អ្នកណា​? និង​សូមកុំ​ប្រើប្រាស់ Online Scams ជា​វាំងនន​ដើម្បី​បិទបាំង​ការឈ្លានពាន​ទឹកដី​កម្ពុជា»។

ពាក់ព័ន្ធ​នឹង​ជម្លោះ​ការទូត​វិញ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​បារាំង បាន​ចេញ​មក​បដិសេធ ដោយ​អះអាង​ថា ប្រទេស​ថៃ​មិនបាន​រៀបចំ​ឧបាយកល ពឹងពាក់​អ្នកការទូត​ប្រទេស​ទី​បី ដើម្បី​រារាំង​កម្ពុជា​ក្នុង​ការ​លើកឡើង​ពី​បញ្ហា​ជម្លោះព្រំដែន​នៅក្នុង​កិច្ចប្រជុំ​អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង (OIF) ដែល​ហៅ​កាត់​ថា ហ្វ្រង់កូហ្វូនី ដូច​ការ​អះអាង​របស់​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង លោក លុយ ដេវីដ នោះ​ឡើយ។

ទោះជា​បែបនេះ​ក្ដី កន្លងមក​យោធា​ថៃ​បាន​ព្រមាន​កម្ពុជា ដោយ​សងសឹក​វិញ​ភ្លាមៗ ប្រសិនបើ​កម្ពុជា​លើកយក​រឿង​ជម្លោះព្រំដែន ទៅ​និយាយ​ក្នុង​កិច្ចប្រជុំ​ហ្វ្រង់កូហ្វូនី ដែល​យោធា​ថៃ​ហៅថា ជា​ការ​បំបាក់មុខ​ថៃ​នៅ​លើ​ឆាក​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ