

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា អះអាងថា ការមកដល់របស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មី លោក គ្រីស្តូហ្វឺ អានឌើសុន (Christopher Anderson) អាចបង្កើតឱកាសសម្រាប់ការកែលម្អទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ប៉ុន្តែលោកថា ការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតមិនអាចជំនួសការផ្លាស់ប្ដូរនយោបាយ ឬរបៀបដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបានឡើយ។ ការអះអាងនេះបន្ទាប់ពី ពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានប្រកាសអំពីការតែងតាំងលោក គ្រីស្តូហ្វឺ អានឌើសុន ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ដើម្បីជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាឱ្យឈានទៅកាន់ជំពូកថ្មីមួយ។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាចង់ទទួលបានទំនុកចិត្តកាន់តែច្រើនពីទីក្រុងវ៉ាស៊ីនតោន ការបង្ហាញតាមរយៈសកម្មភាពជាក់ស្តែងនឹងមានសារៈសំខាន់ជាងការបង្ហាញសញ្ញាផ្លូវការតាមពិធីការទូត។ លោក ថា ការស្វាគមន៍ ការចាប់ដៃ និងការប្រកាសអំពីការបើក «ជំពូកថ្មី» ក្នុងទំនាក់ទំនងទ្វេភាគី មិនទាន់មានន័យច្រើនសម្រាប់ប្រជាពលរដ្ឋទេ ប្រសិនបើជីវភាព និងសុវត្ថិភាពរបស់ពួកគេមិនមានការប្រសើរឡើង។
លោក សេង វណ្ណលី បាននិយាយថា កម្ពុជាអាចប្រើប្រាស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលខ្មែរ ទាក់ទាញការវិនិយោគដែលបង្កើតការងារ និងពង្រីកឱកាសសិក្សាសម្រាប់យុវជន។ លោកព្រមានថា ការជួបជាមួយមន្ត្រីអាមេរិកមិនគួរត្រូវបានយកទៅបកស្រាយថា ជាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះគ្រប់សកម្មភាព ឬគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជានោះទេ។ លោកបាននិយាយថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការរក្សាទំនាក់ទំនងការទូត មិនមានន័យថា ភាគីមួយយល់ព្រមលើគ្រប់របៀបដឹកនាំរបស់ភាគីម្ខាងទៀតឡើយ។
លោកបានលើកឡើងថា សំណួរសំខាន់មួយគឺថា តើទំនាក់ទំនងកម្ពុជា-អាមេរិកនឹងជួយឱ្យប្រជាពលរដ្ឋទទួលបានការងារ ចំណូល និងសុវត្ថិភាពកាន់តែប្រសើរឡើងកម្រិតណា ហើយលោកថា រដ្ឋាភិបាលគួរឆ្លើយតបតាមរយៈលទ្ធផលជាក់ស្តែង។ លោក សេង វណ្ណលី បានលើកឡើងថា វិធានការមួយដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចបង្ហាញបាន គឺការអនុវត្តច្បាប់ដោយស្មើភាពចំពោះអ្នកមានអំណាច និងប្រជាពលរដ្ឋទូទៅ។ ជាពិសេស លោកបានស្នើឱ្យការបង្ក្រាបបណ្តាញឆបោកតាមអនឡាញផ្តោតទៅលើមេខ្លោង អ្នកផ្តល់ហិរញ្ញប្បទាន និងអ្នកដែលអាចផ្តល់ការការពារ ប្រសិនបើមានភស្តុតាងពាក់ព័ន្ធ។
លោកសេង វណ្ណលី បន្ថែមទៀតថា ប្រសិនបើការអនុវត្តច្បាប់ផ្តោតតែលើអ្នកប្រព្រឹត្តបទល្មើសនៅកម្រិតក្រោម ខណៈអ្នកដែលទទួលផលពីបណ្តាញឆបោកនៅតែអាចរួចផុតពីការទទួលខុសត្រូវ តើវានឹងអាចបង្កើតទំនុកចិត្តលើការបង្ក្រាបនោះបានកម្រិតណា។ លោកក៏បាននិយាយថា ការអំពាវនាវឱ្យវិនិយោគិនអាមេរិកមកកម្ពុជាអាចជួបបញ្ហា ប្រសិនបើអាជីវកម្មនៅតែប្រឈមនឹងការទារប្រាក់ក្រៅផ្លូវការ និងការអនុវត្តច្បាប់ដែលត្រូវបានមើលឃើញថា មិនស្មើភាព។
ការលើកឡើងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះទាំងនេះធ្វើឡើងបន្ទាប់ពី ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបង្ហោះនៅលើហ្វេស៊ុករបស់នៅថ្ងៃនេះថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក រូប៊ីអូ (Rubio) បានរៀបចំពិធីស្បថចូលកាន់តំណែងជូនលោកឯកអគ្គរដ្ឋទូត លោក គ្រីស្តូហ្វឺ អានឌើសុន ដើម្បីមកដឹកនាំស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ និងជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាឱ្យឈានទៅកាន់ជំពូកថ្មីមួយ ដោយលើកកម្ពស់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ព្រមទាំងគាំទ្រកម្ពុជាឱ្យកាន់តែរឹងមាំ និងមានវិបុលភាព។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសរសេរទៀតថា ក្នុងនាមជាអតីតទាហាននៃកងទ័ពជើងគោកសហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត លោក គ្រីស្តូហ្វឺ អានឌើសុន នឹងមកដល់រាជធានីភ្នំពេញ ដោយបំពេញការងារផ្តោតលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការធ្វើការរួមគ្នាជាមួយដៃគូកម្ពុជាដើម្បីកម្ចាត់បណ្តាញឆបោក ដែលបានលួចយកប្រាក់រាប់ពាន់លានដុល្លារពីប្រជាជនអាមេរិក និងប្រជាជននៅជុំវិញពិភពលោក។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកមើលឃើញបេសកកម្មរបស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មីថា មានភាពទន់ភ្លន់នៅខាងក្រៅ ប៉ុន្តែអាចផ្តោតលើបញ្ហាសំខាន់ៗនៅក្នុងការទូតនៅពីក្រោយឆាក។ លោក ថា ក្នុងចំណោមបញ្ហាដែលអាមេរិកអាចផ្តោត គឺការបង្ក្រាបមេខ្លោងបណ្តាញឆបោកតាមអនឡាញ ការលើកកម្ពស់សិទ្ធិមនុស្ស និងការស្តារលំហប្រជាធិបតេយ្យនៅកម្ពុជា មុនការបោះឆ្នោតនាពេលខាងមុខ។
លោក គឹម សុខ៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញនូវជំហរវិជ្ជមានពីរ ចំពោះមុខឯកអគ្គរដ្ឋទូតអាមេរិកថ្មីនេះ។ ទី១ គឺបង្ហាញអំពីឆន្ទៈនៃការចាប់លោក កុក អាន និងលោក លី យ៉ុងផាត់ ដែលមាននៅក្នុងរបាយការណ៍របស់អាមេរិកពាក់ព័ន្ធនឹងការឆបោកអនឡាញ។ ហើយនិងទី២ ត្រូវបង្ហាញសញ្ញានៃការស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ឱ្យបានសមល្មមនៅមុនការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨»។
ព្រឹទ្ធសភាអាមេរិកបានអនុម័តការតែងតាំងលោក អានឌើសុន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយអនុម័តការតែងតាំងលោកជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។
មុនការអនុម័ត លោក អានឌើសុន បានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាអាមេរិកកាលពីខែកក្កដា ដើម្បីពិភាក្សាអំពីការតែងតាំងរបស់លោក។ គណៈកម្មាធិការនេះបានអនុម័តការតែងតាំងលោកនៅថ្ងៃទី២២ ខែកក្កដា ដោយសំឡេង ១៨ ទល់ ៣។
លោក អានឌើសុន មានបទពិសោធន៍ការងាររយៈពេលប្រមាណ ១៧ឆ្នាំ ក្នុងវិស័យគោលនយោបាយ នីតិបញ្ញត្តិ ការគ្រប់គ្រងទីភ្នាក់ងាររដ្ឋ និងការងារយោធា។ លោកក៏ជាអតីតយោធានៃកងទ័ពជើងគោកអាមេរិក ដែលធ្លាប់បំពេញបេសកកម្មនៅប្រទេសអាហ្វហ្គានីស្ថាន៕









