

មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកការពារសិទ្ធិពលករចំណាកស្រុក ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ឱ្យអាជ្ញាធរថៃដោះលែង អាជីវករខ្មែរ ជាង៣០នាក់ដែលថៃចាប់ខ្លួន ដោយចោទពីបទចូលប្រទេសថៃដោយខុសច្បាប់ និងបើកមុខរបរលក់ដូរដោយគ្មានច្បាប់អនុញ្ញាត។ ពួកគាត់អះអាងថា មានពលករខ្មែរ ធ្វើការនៅប្រទេសថៃកាន់តែច្រើនត្រូវអាជ្ញាធរថៃចាប់ខ្លួន ដោយពុំមានកិច្ចអន្តរាគមន៍ ពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ឱ្យបានត្រឹមត្រូវ។
ថ្មីៗនេះ អាជ្ញាធរថៃ បានចាប់ខ្លួនអាជីវករខ្មែរ៣២នាក់ ក្រោយពីពួកគាត់ បើកមុខរបរលក់ដូរនៅផ្សាររ៉ុងក្លឿ (Rong Kluea Market) ក្នុងខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែរហូតមកទល់ពេលនេះមានរយៈពេល៥ថ្ងៃហើយ ពុំទាន់ឃើញអាជ្ញាធរថៃ ដោះលែងវិញនោះឡើយ។ មន្ត្រីសង្គមស៊ីវិលព្រមានថា ប្រសិនបើ គ្មានកិច្ចអន្តរាគមន៍ពីសំណាក់មន្ត្រីកុងស៊ុលខ្មែរប្រចាំនៅប្រទេសថៃឱ្យទាន់ពេលវេលាទេ ពួកគាត់នឹងត្រូវប្រឈមជាប់ពន្ធនាគារយូរតាមច្បាប់ថៃ។
មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃ អង្គការសង់ត្រាល់ លោក លឹង សុផុន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៥ ខែកញ្ញាថា ករណីអាជ្ញាធរថៃចាប់ អាជីវករខ្មែរ៣២នាក់ បច្ចុប្បន្នកំពុងតែបន្តនីតិវិធីតាមផ្លូវច្បាប់ ប៉ុន្តែលោកពុំបានដឹងច្បាស់ថាតើពួកគាត់ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារហើយ ឬយ៉ាងណានោះទេ។ ទោះជាយ៉ាងណា លោកថា ពលករខ្មែរទាំងនោះ ត្រូវបានអាជ្ញាធរចោទពីបទចូលប្រទេសថៃដោយខុសច្បាប់ និងបើកមុខរបរលក់ដូរនៅ ផ្សាររ៉ុងក្លឿ (Rong Kluea Market) ដោយគ្មានការអនុញ្ញាត ដែលត្រូវប្រឈមជាប់ពន្ធនាគារនៅប្រទេសថៃច្រើនឆ្នាំ។
លោកជំរុញឱ្យមន្ត្រីកុងស៊ុលខ្មែរប្រចាំនៅប្រទេសថៃគួរតែតាមដានករណីនេះឱ្យបានដិតដល់ ហើយជួយសម្រួលធ្វើយ៉ាងណា ដើម្បីឱ្យពួកគាត់អាចត្រឡប់មកស្រុកខ្មែរវិញ ។ លោកបារម្ភថា ប្រសិនបើគ្មានកិច្ចអន្តរាគមន៍ណាមួយពីភាគីកម្ពុជាទេអាជ្ញាធរថៃនឹងបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដែលធ្វើឱ្យពលករខ្មែរ ត្រូវប្រឈមជាប់ពន្ធនាគារយូរ។
កាលពីថ្ងៃទី១១ ខែកញ្ញា ទាហានថៃចុះចាប់ខ្លួន អាជីវករខ្មែរ៣២រូបនៅក្នុងផ្សាររ៉ុងខ្លឿ (Rong Kluea Market) ខណៈដែលពួកគាត់កំពុងតែលក់ដូរសំលៀកបំពាក់ឡើងវិញក្រោយពីបានត្រឡប់ទៅប្រទេសខ្មែរអំឡុងពេលកម្ពុជា និងថៃបានផ្ទុះសង្គ្រាម តាមព្រំដែន។ អាជ្ញាធរថៃបញ្ជាក់ថា ការចាប់ខ្លួននេះ គឺធ្វើឡើងដោយមានការសហការគ្នាដោយផ្ទាល់ពីសំណាក់អភិបាលស្រុក អារញ្ញប្រាថេត អភិបាលខេត្តស្រះកែវ និងកងកម្លាំងសមត្ថកិច្ចថៃប្រចាំតំបន់ ដោយចោទប្រកាន់ថាអាជីវករខ្មែរលួចចូលប្រទេសថៃ ដោយខុសច្បាប់ និងធ្វើការងារដោយគ្មានច្បាប់អនុញ្ញាត រួមនឹងបទចោទ ធ្វើការងារក្រៅពីសិទ្ធិ ដែលទទួលបានស្របតាមច្បាប់ថៃ។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា និងមន្ត្រីកុងស៊ុល ខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៥ ខែកញ្ញា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
គេសង្កេតឃើញថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ កងកម្លាំងសមត្ថកិច្ចថៃ បានបន្តចុះចាប់អាជីវករ បរទេសខុសច្បាប់នៅប្រទេសថៃ ជាញឹកញាប់ រួមទាំង ពលករបរទេសធ្វើការខុសច្បាប់ លើទឹកដីថៃ ដែលគ្មានលិខិត និងឯកសារធ្វើការ ត្រឹមត្រូវ។ អ្នកទាំងនោះ ត្រូវប្រឈមការចាប់ខ្លួន ដោយអ្នកខ្លះត្រូវបានប៉ូលិសថៃ ចាប់បញ្ជូនទៅស្រុកកំណើតវិញភ្លាមៗ បន្ទាប់ពីបានបង់លុយផាកពិន័យចន្លោះពី៣ទៅ៥ម៉ឺនបាត ឬស្មើជាង៤ ទៅ៦ពាន់ដុល្លារ។ អ្នកខ្លះទៀត ត្រូវបញ្ជូនទៅឃុំឃាំងក្នុងពន្ធនាគារ មួយរយៈ មុនបញ្ជូនត្រឡប់ទៅ ប្រទេសកំណើតវិញ។
ការអនុវត្តច្បាប់នេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលថៃ កាលពីចុងខែសីហា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវច្បាប់ថ្មីស្ដីពីការបណ្ដេញចេញ ជនបរទេសខុសច្បាប់នៅលើទឹកដីថៃ។ ច្បាប់ថ្មីនេះ បានផ្ដល់អំណាចឱ្យអាជ្ញាធរពន្លឿននីតិវិធី បណ្ដេញជនបរទេសចេញពីប្រទេសភ្លាមៗ (Fast-track deportation) ប្រសិនបើប្រព្រឹត្តខុសទៅនឹងមុខសញ្ញាអាទិភាពចំនួន ៦ រួមមាន៖ ការលួចចូលប្រទេសខុសច្បាប់ ការហួសទិដ្ឋាការ (Overstay) និងការធ្វើការងារ ឬប្រកបអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតជាដើម។
គិតត្រឹមដើមខែកញ្ញា មានពលករខ្មែរជាង១០០នាក់ ត្រូវអាជ្ញាធរថៃចាប់ខ្លួនដាក់ពន្ធនាគារចន្លោះពី៣ខែ ទៅ៦ខែ រួចបញ្ជូនមកកម្ពុជាវិញ។ ប៉ុន្តែទន្ទឹមគ្នានោះ គេក៏ឃើញមានពលករខ្មែរជាច្រើនផងដែរ នាពេលបច្ចុប្បន្ន បានសម្រុកឡើងមកប្រទេសថៃទាំងខុសច្បាប់ ដើម្បីរកការងារធ្វើចន្លោះ ពី៥០ ទៅ១០០នាក់ ក្នុងមួយថ្ងៃ តាមច្រកព្រំដែនបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលត្រូវបង់ថ្លៃឱ្យមេខ្យល់ចន្លោះពី៨ ទៅ៩ពាន់បាត់ ឬស្មើជាង២០០ ទៅ៣០០ដុល្លារ។
ពលរដ្ឋអះអាងថា ការឡើងមកធ្វើការនៅប្រទេសថៃដោយប្រថុយប្រថាន និងត្រូវចំណាយថ្លៃធ្វើដំណើរខ្ពស់នេះ គឺដោយសារតែទ្រាំរស់នៅក្នុងស្រុកមិនបាន ព្រោះពិបាករកការងារធ្វើឱ្យសមរម្យ និងមានស្ថិរភាព បើទោះបីជារដ្ឋាភិបាលកម្ពុជាបានអួតក្ដែងៗថា កម្ពុជាមានកន្លែងធ្វើការរាប់ម៉ឺនទីតាំង និងមានពលករខ្មែរដែលមកពីប្រទេសថៃមានការងារធ្វើច្រើនក្ដី ក៏ពលរដ្ឋខ្មែរភាគច្រើន ត្អូញត្អែររឿងប្រាក់ខែ មិនសមរម្យ ខណៈវិស័យសំណងវិញ តែងតែជួបប្រទះមេការ ឬថៅកែប្រោកប្រាស់កម្លាំងពលកម្ម ដោយធ្វើការ មិនបើកប្រាក់ខែឱ្យទៀងទាត់ជាដើម៕








