

ពលរដ្ឋរងគ្រោះដីធ្លី នៅខេត្តព្រះវិហារ អះអាងថា ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (Global Green ) របស់លោក ទ្រី ដាលុច ដែលជាកូនប្រុសរបស់ឧកញ៉ារកស៊ីឈើលោក ទ្រី ភាព មិនអនុញ្ញាតឲ្យពលរដ្ឋចូលទៅអាស្រ័យផលលើដីដែលនៅសេសសល់ពីការឈូសឆាយយករ៉ែដែក និងគំរាមប្ដឹងពលរដ្ឋរងគ្រោះដីធ្លី ទៅតុលាការថែមទៀត ។ សង្គមស៊ីវិល ថា អាជ្ញាធរគួរចុះពិនិត្យ និងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋជាបន្ទាន់។
ក្រោយរង់ចាំរកដំណោះស្រាយពីអាជ្ញាធរថ្នាក់ជាតិ អស់ជាច្រើនខែ ពលរដ្ឋរស់នៅឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ អះអាងថា ក្រុមហ៊ុន គ្លូប៊លហ្គ្រីន របស់លោក ទ្រី ដាលុច មិនអនុញ្ញាតឲ្យពលរដ្ឋចូលទៅអាស្រ័យផល លើដីដែលនៅសេសសល់ពីការឈូសឆាយកាយយករ៉ែ ហើយក្រុមហ៊ុនថែមទាំងបានកាប់ដើមស្វាយចន្ទីដែលនៅសេសសល់យកធ្វើអុសលក់ទៀត។ លើសពីនោះ តំណាងក្រុមហ៊ុន ក៏បានគំរាមប្ដឹងពលរដ្ឋដែលធ្លាប់ចេញតវ៉ាទៅតុលាការ។
តំណាងប្រជាពលរដ្ឋនៅស្រុករវៀង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន គ្លូបល ហ្គ្រីន លោកស្រី នុត សុខឿន អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៥ ខែកញ្ញាថា អស់រយៈពេលជិត៣ខែហើយដែលអាជ្ញាធរថ្នាក់ជាតិសន្យាចុះរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ឃើញមានមន្ត្រីទាំងនោះ ចុះទៅជួបពលរដ្ឋផ្ទាល់នៅកន្លែងដីធ្លីមានទំនាស់ជាមួយក្រុមហ៊ុននោះទេ។ លើសពីនោះ សន្តិសុខក្រុមហ៊ុន មិនអនុញ្ញាតឲ្យពលរដ្ឋបានអាស្រ័យផល នៅលើដីនិងដំណាំស្វាយចន្ទី ដែលសេសសល់ពីការឈូសឆាយ កាយយករ៉ែដែកនោះឡើយ ហើយតំណាងក្រុមហ៊ុនគំរាមប្ដឹងពលរដ្ឋដែលធ្លាប់ចេញតវ៉ាទៅតុលាការថែមទៀត។ លោកស្រីថា បច្ចុប្បន្នពលរដ្ឋមិនអាចធ្វើស្រែចម្ការ ឬទៅរកអនុផលព្រៃឈើបាននោះទេ ដោយសារក្រុមហ៊ុនមិនឲ្យធ្វើដំណើរឆ្លងកាត់ដីក្រុមហ៊ុនកំពុងគ្រប់គ្រង សូម្បីតែគោក្របីរបស់ពលរដ្ឋ ចូលទៅរកស្មៅស៊ីក្នុងបរិវេណក្រុមហ៊ុន ក៏ត្រូវហាមឃាត់ដែរ។
លោកស្រី នុត សុខឿន៖ «ហេតុអីគាត់ជាចាហ្វាយខេត្តរបស់ខ្ញុំទាំងមូល ហេតុអីមិនចាប់អារម្មណ៍ពួកខ្ញុំ ព្រោះតាមសំណងក្រុមហ៊ុនវៃយក គ្មាននរណាដោះស្រាយ រហូតដល់ខ្ញុំទ្បើងទៅដល់ខេត្តដល់ភំ្នពេញហើយ គេថាដោះស្រាយៗ ដល់ហើយខ្ញុំចង់ថាក្រុមហ៊ុន ប្រជាពលរដ្ឋ ចាហ្វាយខេត្តក៏ដោយ គ្រប់ក្រសួងក៏ដោយចុះមករកដំណោះឲ្យពួកខ្ញុំផង ខាងក្រុមហ៊ុនត្រូវ ឬខាងប្រជាពលរដ្ឋយ៉ាងម៉េចក៏ដោយ ខុសក៏ដោយ ត្រូវក៏ដោយ ចង់ឲ្យបាននិយាយគ្នា ខ្ញុំទៅកាប់ទំពាំងក៏មិនឲ្យខ្ញុំទៅ ខ្ញុំទៅជីកដំទ្បូងក៏មិនឲ្យចេញទៅដំណើរទៅ ហេតុអីខាងក្រុមហ៊ុនមិនឲ្យខ្ញុំទៅ»។ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តព្រះវិហារ លោក គឹម រិទ្ធី និងតំណាងក្រុមហ៊ុនគ្លបលហ្គ្រីន លោក ដេត សិលា ដើម្បីបកស្រាយបានទេនៅថ្ងៃទី១៥ ខែកញ្ញា។
កាលពីថ្ងៃទី០២ ខែមិថុនា រដ្ឋបាលខេត្តព្រះវិហារ បានចេញលិខិតកោះហៅ ពលរដ្ឋមានបញ្ហាដីធ្លីក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ឆាយណាហ្គ្រេត ខស (China Great Cause) និងពលរដ្ឋនៅស្រុករវៀង ដែលមានផលប៉ះពាល់ជាមួយក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ឲ្យមកប្រជុំនៅសាលាខេត្តព្រះវិហារ ដើម្បីស្វែងរកដំណោះស្រាយ និងសន្យាចុះទៅរកដំណោះស្រាយឲ្យពលរដ្ឋរងគ្រោះដោយផ្ទាល់នៅកន្លែងដីដែលមានវិវាទ និងឲ្យពលរដ្ឋអាស្រ័យផលបណ្ដោះអាសន្ននៅលើដីមានបញ្ហាទាំងនោះ។ ប៉ុន្តែពលរដ្ឋថា រហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនោះឡើយ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរដែលបានសន្យាជាមួយពលរដ្ឋក្នុងការរកដំណោះស្រាយ គួរតែធ្វើតាមការសន្យា មិនគួរទុកពលរដ្ឋចោលបែបនេះនោះទេ។ លោកបន្ថែមថា ប្រសិនបើមានការគំរាមកំហែងប្តឹងពលរដ្ឋទៅតុលាការដូចពលរដ្ឋអះអាងមែននោះ អាជ្ញាធរមិនមែនជាតំណាងពលរដ្ឋទៀតឡើយ។ លោកជំរុញឲ្យអាជ្ញាធរគួរប្រញាប់រកដំណោះស្រាយ ជុំវិញបញ្ហាទាំងអស់នេះ។
លោក យិន ម៉េងលី៖ «មិនមែនជាយន្តការល្អទេ គប្បីធ្វើការពិនិត្យទៅលើបញ្ហាប្តឹង មិនមែនជារឿងល្អទេសម្រាប់ពលរដ្ឋ ហើយនៅក្នុងបញ្ហាដែរប្រជាពលរដ្ឋកំពុងតែលំបាកប៉ះពាល់ច្រើនណាស់ទៅលើជីវភាពរបស់គាត់ ទី២សូមគណៈកម្មការដែលបានចុះទៅ ដែរបាននិយាយសន្យាម៉េច ខ្ញុំមិនដឹង ខ្ញុំមិនបានចូលរួមប្រជុំទេ សូមពន្លឿនបញ្ហាទាំងអស់នេះឲ្យបានចប់ដើម្បីដោះស្រាយបញ្ហាជូនពួកគាត់ ហើយជួយអន្តរាគមន៍យ៉ាងណាកុំឲ្យមានការគំរាមគំហែងយកពាក្យប្តឹងនេះប្តឹងនោះដាក់ពីមុខ បំបាក់ស្មារតីពលរដ្ឋនេះមិនមែនជារឿងល្អទេ»។
កាលពីឆ្នាំ២០២៣ រដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់លោក ទ្រី ដាលុច រុករកនិងធ្វើអាជីវកម្មរ៉ែដែកទូលទាំងប្រទេស ក្រោមហេតុផលថាដើម្បីជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ១៩ ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងតែធ្វើអាជីវកម្មរ៉ែដែកក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង រួចដឹកយកទៅលក់នៅក្រៅប្រទេស តាមច្រកអន្តរជាតិ ក្អមសំណរ ខេត្តកណ្ដាល ដោយដឹកជញ្ជូនមកដាក់សាឡង់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន គឺជាកម្មសិទ្ធិ របស់លោក ទ្រី ដាលុច ដែលជាកូនប្រុសច្បងរបស់អ្នកឧកញ៉ា ទ្រី ភាព ល្បីល្បាញខាងរកស៊ីឈើនិងបំផ្លិចបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។ បច្ចុប្បន្នលោក ទ្រី ដាលុច ជាទីប្រឹក្សាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី.ឌី.ស៊ី (CDC)លោក ស៊ុន ចាន់ថុល។
លោក ទ្រី ដាលុច មិនមែនតែជាអ្នកគ្រប់គ្រងក្រុមហ៊ុនគ្លូប៊លហ្គ្រីន(ខេមបូឌា) មួយប៉ុណ្ណោះទេ លោកក៏ជាអគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុបផងដែរ។ លោក ទ្រី ដាលុច ត្រូវបានអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ទូលថ្វាយទៅព្រះមហាក្សត្រឲ្យផ្ដល់គោរមងារ ជា«ឧកញ៉ា» នៅឆ្នាំ២០១៣។ ក្រៅពីទទួលបានគោរមងារ «ឧកញ៉ា» ហើយនោះ លោក ទ្រី ដាលុច ក៏ជាអនុប្រធានយុវជនស្រុកកណ្ដាលស្ទឹង និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៃគណបក្សប្រជាជនកម្ពុជាផងដែរ។
ពលរដ្ឋអះអាងថា ប្រសិនបើមិនមានដំណោះស្រាយសមរម្យនោះទេ ពលរដ្ឋនឹងមិនបញ្ឈប់ការតវ៉ារបស់ពួកគាត់នោះឡើយពីព្រោះពួកគាត់មិនមានដីស្រែចម្ការសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតទៅថ្ងៃខាងមុខនោះឡើយ៕









