អ្នកជំនាញ​ផ្នែក​សន្តិសុខ​ឌីជីថល រក​ឃើញ​ការផ្សាយពាណិជ្ជកម្ម​ការ​ងារ​ឆបោក​បន្ត​កើតមាន ក្នុង​ប្រទេស​កម្ពុជា

0
7
សកម្មភាពសមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មីនា ២០២៦។ រូប៖ ទទក
សកម្មភាពសមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មីនា ២០២៦។ រូប៖ ទទក

អ្នកជំនាញ​ផ្នែក​សន្តិសុខ​ឌីជីថល លោក ង៉ែត ម៉ូសេ បាន​បញ្ចេញ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​ដោយ​រក​ឃើញ​ថា ការផ្សាយពាណិជ្ជកម្ម​ការងារ​ឆបោក​ជិត​៥​ពាន់​ករណី នៅតែ​បន្ត​កើតមាន​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​មកនេះ។

របាយការណ៍​ដែល​មាន​ចំណងជើង​ថា «​កាត់​ស្មៅ តែ​មិន​កាត់​ឬ​ស​» ចុះផ្សាយ​ថ្ងៃទី ១៧ កញ្ញា របស់​លោក ង៉ែត ម៉ូ​សេ ឲ្យ​ដឹងថា ចាប់តាំងពី​ខែតុលា ឆ្នាំ​២០២៥ ដល់​ខែកញ្ញា ឆ្នាំ​២០២៦ លោក​បាន​ស្រាវជ្រាវ​រក​ឃើញ ឆានែល និង​ក្រុម Telegram សាធារណៈ​ចំនួន ៣៧ ដែល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ការ​ងារ​ជ្រើសរើស​បុគ្គលិក​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក ពី​អ្នក​ជ្រើសរើស​បុគ្គលិក​(HR)​។ ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ទាំងនោះ មាន​តម្រូវការ​បុគ្គលិក​ទៅ​បម្រើការ​ក្នុង​ខេត្ត​ចំនួន​៤ គឺ ក្រុង​ប៉ោយប៉ែត ខេត្ត​ព្រះសីហនុ ភ្នំពេញ និង​ខេត្ត​ប៉ៃលិន។

របាយការណ៍​បង្ហាញ​ទៀត​ថា ឆានែល និង​ក្រុម​តេ​ឡេ​ក្រាម ដែល​ផ្សព្វផ្សាយ​ដោយ​អ្នក​ជ្រើសរើស​ទាំងនោះ មាន​តម្រូវការ​ជ្រើសរើស​បុគ្គលិក​ភាគច្រើន​ជា​ស្ត្រី​វ័យក្មេង អាយុ​ចន្លោះ ពី ១៨​ឆ្នាំ ទៅ​៣៥​ឆ្នាំ សញ្ជាតិ ហ្វីលីពីន និង​មីយ៉ាន់ម៉ា ប៉ុន្តែ​មិនមែន​ខ្មែរ​។ ពួកគេ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា គ្រែ​គេង អាហារ វេន​ធ្វើការ ១២ ម៉ោង ការ​ឈប់​សម្រាក ២ ថ្ងៃ​ក្នុង​មួយ​ខែ និង​ក្នុង​ករណី​ខ្លះ ក្រុមហ៊ុន​រក្សាទុក​លិខិតឆ្លងដែន​របស់​ពួកគេ​ផងដែរ​។ ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ទាំងនោះ បាន​ប្រើប្រាស់​ភាសា​ចំនួន​៣ ក្នុងការ​ជ្រើសរើស​បុគ្គ​លិ​ក រួមមាន ភាសា​ខ្មែរ ចិន និង​អង់គ្លេស​។ តួនាទី​ការងារ​ដែល​ត្រូវ​ជ្រើសរើស​រួមមាន រក​អតិថិជន (Add Contact) តារា​ម៉ូដ​ប្រើ​មុខ​ពិត (Model real face) អ្នក​ដែល​ធ្វើអោយ​ជនរងគ្រោះ​បង់លុយ (Killer)។

អ្នក​ជ្រើសរើស​បុគ្គលិក (recruiter) ភាគច្រើន មាន​តម្រូវការ​ខ្ពស់​លើ​តួនាទី តារា​ម៉ូដ​ប្រើ​មុខ​ពិត (Model real face) ដែល​សំដៅលើ​អ្នក​ទំនាក់ទំនង​បោកប្រាស់​ទៅ​អតិថិជន​ឬ​ជនរងគ្រោះ​ដោយ​បង្ហាញ​មុខមាត់​ពិត ហើយ​ពួកគេ​អាច​ទទួល​បាន​ប្រាក់ខែ​ចន្លោះ​ពី ៤​ពាន់​ដុល្លារ ទៅ ៥​ពាន់​ដុល្លារ ឬ​អាច​ឡើង​ដល់ ៧​ពាន់​ដុល្លារ សម្រាប់​ស្ត្រី​ដែល​មាន​ទម្រង់​មុខ​ដូច​ប្រជាជន​នៅ​ប្រទេស​លោកខាងលិច (Western faces) និង​បន្ទប់​ស្នាក់នៅ​ផ្ទាល់ខ្លួន​មួយ​ផង​ដែរ។

របាយការណ៍​របស់​លោក ង៉ែត ម៉ូសេ បង្ហាញ​ទៀត​ដា កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២៦ រដ្ឋាភិបាល​បាន​ប្រាប់​អ្នក​ទូត​បរទេស​ថា «​បច្ចុប្បន្ន​នេះ មិន​មាន​មជ្ឈមណ្ឌល​ស្កេម​អនឡាញ​នៅ​សេសសល់​ក្នុង​ប្រទេស​ទៀត​ទេ​»​។ ប៉ុន្តែ អ្វី​ដែល​លោក បាន​រក​ឃើញ គឺ​ការផ្សាយពាណិជ្ជកម្ម​ការ​ងារ​នៅ Telegram បាន​បង្ហាញថា ករណី​បោកប្រាស់​ទាំងនេះ មិនទាន់​អស់ពី​កម្ពុជា​នោះ​ទេ​។​

កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​មិន​ត្រឹមតែ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ប្រទេសជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍ និង​សង្គមជាតិ​ទាំងមូល​ផង​ដែរ​។ លោក​បាន​ប្រកាស​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា បញ្ហា​អនឡាញស្កេម (Online Scams) បាន​ឈាន​ដល់ «​បន្ទាត់​ក្រហម​» ហើយ ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បង្ក្រាប និង​កម្ទេច​ចោល​ជាដាច់ខាត ដោយ​គ្មាន​ការលើកលែង​។​

ទោះបីជា​មជ្ឈមណ្ឌល​ស្កេម​ទាំងនោះ​ត្រូវ​បិទទ្វារ​ជា​បន្តបន្ទាប់ ចាប់តាំងពី​មានការ​ចុះ​បង្ក្រាប តាំងពី​ខែមេសា ឆ្នាំ​២០២៦ ក្តី ក៏​ការផ្សាយពាណិជ្ជកម្ម​ទាំងនោះ​នៅតែ​បន្ត​កើតមាន​រហូតដល់​បច្ចុប្បន្ន​។​

ដោយឡែក កាល​ពី​ពេល​ថ្មីៗ​នេះ ជា​អ្នកស្រាវជ្រាវ និង​វិភាគ​ឯករាជ្យ លោក ជេកុប ស៊ីមស៍ (Jacob Sims) ក៏​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​ដែរ​ពាក់ព័ន្ធ​នឹង​បញ្ហា​ឆបោក​តាម​អនឡាញ​និង​ការ​ជួញដូរ​មនុស្ស​។ របាយការណ៍​ដែល​មាន​ចំណងជើង​ថា «​មុខរបរ​បោកប្រាស់​ដែល​ជា​ស្ថាបត្យកម្ម​គាំទ្រ​ដោយ​រដ្ឋអំណាច​» បង្ហាញថា ឧស្សាហកម្ម​ឆបោក​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា មិនមែន​ជា​សកម្មភាព​របស់​ក្រុម​ឧក្រិដ្ឋ​ជនបរទេស​តែឯង​នោះ​ទេ ប៉ុន្តែ​ជា​បណ្ដាញ​ដ៏​ស្មុគស្មាញ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ដី កាស៊ីណូ ក្រុមហ៊ុន​ហិរញ្ញវត្ថុ មន្ត្រី​មានអំណាច និង​ឥស្សរជន​ជិតស្និទ្ធ​នឹង​គ្រួសារ​កាន់អំណាច។

នៅ​ថ្ងៃ​ចេញផ្សាយ​របាយការណ៍​នេះ​ដែរ ប្រធាន​គណៈកម្មាធិការ​សភា​អាមេរិក​ពីរ​រូប ក៏បាន​ស្នើ​ជា​ផ្លូវ​ការ​ឱ្យ​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក ស៊ើបអង្កេត​បុគ្គល និង​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​មណ្ឌល​ឆបោក​នៅ​អាស៊ីអាគ្នេយ៍ ហើយ​ដាក់ទណ្ឌកម្ម ប្រសិនបើ​រក​ឃើញ​ថា ពួកគេ​បំពេញ​លក្ខខណ្ឌ​តាមច្បាប់​អាមេរិក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ