អ្នកឃ្លាំមើល​បារម្ភ​ថា ការ​បោះពុម្ព​ប្រាក់​ថ្មី​ញឹកញាប់ អាច​ជា​សញ្ញាណមិន​ល្អ​ដល់​សេដ្ឋកិច្ច និង​អតិផរណា

0
37
អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ គេហទំព័រ CPP
អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ គេហទំព័រ CPP

អ្នកឃ្លាំមើលបារម្ភថា ការបោះពុម្ពក្រដាសប្រាក់ថ្មីញឹកញាប់ អាច​ជាសញ្ញាណមិនល្អ​ដែល​អាច​ប៉ះពាល់ដល់អតិផរណាទំនិញកាន់តែខ្លាំង និងសេដ្ឋកិច្ចធ្លាក់ចុះ ខណៈ​ពេលប្រទេសកំពុងញាំញីដោយបំណុល និងភាពមិនប្រក្រតីនៃការដឹកនាំក្នុងប្រទេស។ ការលើកឡើងនេះ គឺ​ស្របពេល​ដែល​រដ្ឋាភិបាល​សម្រេចអនុញ្ញាតឱ្យធនាគារជាតិ​នៃកម្ពុជា​ចេញផ្សាយ​ក្រដាស​ប្រាក់​គំរូថ្មី ប្រភេទ ៥០.០០០ រៀល និង ១០០.០០០រៀល ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់។

អ្នកឃ្លាំមើលលើកឡើងថា ការបោះពុម្ពលុយច្រើនពេក អាចប៉ះពាល់ដល់តម្លៃលុយ ឬលុយហើម ប្រសិនបើធនាគារជាតិមិនអាចបង្ហាញគោលនយោបាយរូបិយវត្ថុ និងតម្រូវ​ការ​ប្រើប្រាស់​ឲ្យ​បាន​ច្បាស់លាស់ ក្នុងការគ្រប់គ្រងការចរាចរសាច់ប្រាក់នៅលើទីផ្សារ។

ការលើកឡើងនេះ គឺក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រគំរូថ្មី ប្រភេទ ៥០,០០០ រៀល និង ១០០,០០០ រៀល ដាក់ឱ្យចរាចរនៅទូទាំងប្រទេស ទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការ​បោះពុម្ពក្រដាសប្រាក់ថ្មី ដើម្បីជំនួសក្រដាសប្រាក់ចាស់ ឬប្រាក់រហែក កែលម្អ​សុវត្ថិភាព​ប្រឆាំង​ប្រាក់ក្លែងក្លាយ និងការបន្ថែមបរិមាណប្រាក់ក្នុងសេដ្ឋកិច្ច ជារឿងដែលអាចធ្វើទៅបាន ប៉ុន្តែ​រដ្ឋាភិបាល និងធនាគារជាតិត្រូវពន្យល់ឱ្យពលរដ្ឋដឹងអំពីបរិមាណតម្រូវការប្រាក់ឲ្យបានច្បាស់ថា ការបោះពុម្ពនោះសម្រាប់អ្វី ចំណាយប៉ុន្មាន និងមានការដកប្រាក់ចាស់ចេញជំនួសកម្រិតណាផងដែរ។ លោក​បន្តថា បើរដ្ឋចេញប្រាក់ថ្មីញឹកញាប់ តែមិនពន្យល់ពីភាពចាំបាច់ និងចំណាយឱ្យច្បាស់ នោះពលរដ្ឋមានហេតុផលក្នុងការទាមទារតម្លាភាព។ លោកអះអាងថា ការបោះពុម្ពប្រាក់ថ្មីមិនអាចជំនួសការបង្កើតការងារ ការបង្កើនផលិតកម្ម និងការកែលម្អចំណូលពលរដ្ឋបានទេ។

លោក សេង វណ្ណលី៖ «ខ្ញុំគិតថា ធនាគារជាតិគួរប្រើពណ៌ដែលខុសគ្នាច្បាស់ លេខបង្ហាញ​តម្លៃធំងាយអាន ទំហំដែលអាចបែងចែកបាន និងសញ្ញាដែលអាចស្ទាបសម្គាល់។ អឺ​វិធីទាំងនេះមានប្រើនៅលើប្រាក់អឺរ៉ូ ដោ​យមានការពិគ្រោះជាមួយអ្នកមាន​អឺពិការភាព​ចក្ខុវិស័យផងដែរ។ អឺមុនបោះពុម្ពច្រើន គួរឱ្យ​មនុស្ស​ចាស់ អឺអ្នកលក់ដូរ និងអ្នកភ្នែកខ្សោយ សាកល្បងសម្គាល់ជាមុនសិន។ អឺយើងមិនទាន់អាចសន្និដ្ឋានថា អ្នករចនាប្រាក់ថ្មី​នេះខ្វះជំនាញ​ទេ ប៉ុន្តែបើពលរដ្ឋច្រឡំច្រើន ហើយស្ថាប័នរដ្ឋនៅតែមិនកែលម្អ នោះបង្ហាញ​អំពីការ​មិនយក​ចិត្តទុក​ដាក់ពីបទពិសោធន៍អ្នកប្រើប្រាស់ជាគោល។ ពលរដ្ឋ​មិនគួរជាអ្នកទទួលការខាតបង់ ដោយសារ​តែ​ចំណុច​ខ្វះខាតនៃ​ការរចនា​របស់​ស្ថាប័នរដ្ឋនោះទេ បាទ។»


អគ្គបេឡាធនាគារជាតិនៃកម្ពុជា លោក លី ស៊ីដេត ពន្យល់នៅថ្ងៃ២៥ ខែកញ្ញា ពីការចេញផ្សាយក្រដាសប្រាក់ទាំង២ប្រភេទនេះថា ការចេញផ្សាយក្រដាសប្រាក់ គំរូថ្មីទាំង២ប្រភេទនេះ គឺរក្សាការរចនា និងរូបភាពនៅដដែល ដោយបន្ថែមនូវចំណុចសុវត្ថិភាព និងសោភ័ណភាពឱ្យកាន់តែប្រសើរជាងមុនប៉ុណ្ណោះ។ លោកថា ហេតុផលចម្បងនៃការ​ចេញ​ផ្សាយ​ក្រដាសប្រាក់ប្រភេទថ្មីនេះ គឺដោយសារក្រដាសប្រាក់ទាំង ២ ប្រភេទនេះ មានអាយុកាល​លើសពី ១០ ឆ្នាំមកហើយ និងដើម្បីបង្កើនលក្ខណៈសុវត្ថិភាព និងសោភណ្ឌភាពនៅលើ​ក្រដាស​ប្រាក់ ដើម្បីដើរឱ្យទាន់ការរីកចម្រើនផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

លោកអះអាងថា លក្ខណៈសុវត្ថិភាពសំខាន់ៗមួយចំនួនរបស់ក្រដាសប្រាក់៥ម៉ឺនរៀលថ្មី និង១០ម៉ឺនរៀលថ្មី មានដូចជា រូបព្រះរាជសង្ហាព្រះរាជាណាចក្រកម្ពុជា​ត្រូវបាន​បោះពុម្ព​លើ​បន្ទះ​ហូឡូក្រាម ដើម្បីការពារការបកបន្ទះនេះយកទៅបិទនៅលើក្រដាសប្រាក់ប្រភេទផ្សេង លេខ​លុយ​ទាំងជាលេខខ្មែរ និងជាលេខឡាតាំង ត្រូវបានរចនាដោយការបែងចែក​ពណ៌​ដាច់គ្នា​ចំពោះ​ការកាត់ខ្ទង់ពាន់ឲ្យមានភាពងាយស្រួលជាងមុន ពង្រីក​ទំហំ​លេខលុយ​ជាអក្សរឡាតាំង​ឱ្យធំជាង​មុន ដើម្បីឲ្យភ្ញៀវទេសចរបរទេសមានភាពងាយស្រួលស្គាល់ និងរូបផ្កាច័ន្ទដែល​បោះពុម្ព​ដោយ​ទឹកថ្នាំពិសេសលើក្រដាសប្រាក់ប្រភេទ ១០ ម៉ឺនរៀល ដែលពណ៌របស់វាមានការផ្លាស់ប្តូរ​ពីពណ៌​បៃតងទៅពណ៌ស្វាយខ្ចី នៅពេលដែលយើងលើកក្រដាសប្រាក់នេះផ្អៀងចុះឡើង និងចំណុច​សុវត្ថិភាព​ជាច្រើនផ្សេងទៀតដែល​អាចមើលឃើញបានដោយប្រើឧបករណ៍បច្ចេកទេស។

ទោះមានការពន្យល់របស់ធនាគារជាតិក្តី ប៉ុន្តែរដ្ឋាភិបាល និងធនាគារនេះ មិនបានបញ្ចាក់ឲ្យបានច្បាស់ពីចំនួននៃតម្រូវការបោះពុម្ពក្រដាសប្រាក់ថ្មីនេះឡើយ។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នមិនមានភាពល្អប្រសើរនោះទេ ហើយ​ការ​បោះពុម្ភក្រដាសប្រាក់ថ្មីនេះ គឺ​បង្ហាញយ៉ាងច្បាស់ពីការទប់ទល់វិបត្តិផ្ទៃក្នុង​របស់​មេដឹកនាំ​កម្ពុជា និងវិបត្តិហិរញ្ញវត្ថុរបស់ជាតិ។ លោកថា ប្រសិន​បើកម្ពុជាបោះពុម្ព​ក្រដាសប្រាក់​រៀល​ច្រើនលើសលប់ក្នុងពេលដែលប្រទេសក៏កំពុងប្រើប្រាស់ក្រដាសប្រាក់ដុល្លារដែរនោះ នោះនឹងធ្វើឲ្យក្រដាសប្រាក់រៀលចុះថោក ហើយទំនិញនៅលើទីផ្សារបន្តឡើងថ្លៃ ហើយពលរដ្ឋនឹងជួបវិបត្តិកាន់តែច្រើន។

លោក ស៊ឹង សែនករុណា អះអាងថា ការបោះពុម្ពក្រដាសប្រាក់ថ្មីដែលមានលក្ខណៈស្រដៀងគ្នានឹងក្រដាសប្រាក់មួយម៉ឺនរៀលថ្មី និង២ម៉ឺនរៀលថ្មី អាចធ្វើឱ្យអ្នកប្រើប្រាស់ច្រឡំ នោះ​ជាបញ្ហាដែលធនាគារជាតិត្រូវយកចិត្តទុកដាក់ពិនិត្យឲ្យបានហ្មត់ចត់។ លោកថា ថវិកា សម្រាប់អ្នកលក់ដូរ និងពលរដ្ឋទូទៅ គឺមានសារៈសំខាន់ណាស់ ប្រសិនមានការភ័នច្រឡំ ឬខាតបង់ណាមួយនោះ នឹងប៉ះពាល់ដល់ផ្លូវអារម្មណ៍ និងទំនុកចិត្តប្រជាពលរដ្ឋ។

លោក ស៊ឹង សែនករុណា៖ «រដ្ឋាភិបាលបើបោះពុម្ពក្នុងន័យជួសជុល​ទៅលើក្រដាស​ប្រាក់​ខូចខាត ក្រដាសប្រាក់ដែលត្រូវបោះពុម្ពជំនួសអី អាហ្នឹងមិនជាបញ្ហាមាណទេ។ តែបើបោះពុម្ព​ក្នុង​ចំនួនលើសលប់ ដើម្បីទប់ស្កាត់ស្ថានភាពសេដ្ឋកិច្ច និង​ការដឹកនាំ​របស់​រដ្ឋាភិបាល អាហ្នឹង​គឺជារឿងដែលមានហានិភ័យខ្លាំងទៅពេលខាងមុខ ដូចដែលយើងមើលឃើញប្រទេស​មួយ​ចំនួន​ដែលដើរប្រាសចាកពីប្រជាធិបតេយ្យ គឺចាប់ផ្ដើមក្រដាសប្រាក់របស់ពួកគេឡើងមួយគរ ប៉ុន្តែទិញទំនិញបានតម្លៃតិចតួចសម្រាប់យកមកប្រើប្រាស់តែប៉ុណ្ណឹង។ អ៊ីចឹង បញ្ហាអតិផរណា​នេះ គឺក្រដាសប្រាក់ចាប់ផ្ដើមចុះថោក ហើយទំនិញចាប់ផ្ដើមឡើងថ្លៃ ហើយវិបត្តិសេដ្ឋកិច្ចសង្គម​ហ្នឹង​ក៏ចាប់ផ្ដើមកើតមានឡើងកាន់តែខ្លាំង»។

ពលរដ្ឋជាច្រើនបានត្អូញត្អូរពីផលលំបាកក្នុងការប្រើប្រាស់ក្រដាសប្រាក់ថ្មីបន្ទាប់ពីធនាគារជាតិបានបង្ហាញពីរូបរាងនៃក្រដាសប្រាក់ថ្មីទាំង២ប្រភេទនេះ។

គណនីឈ្មោះ Srey Roth បានបញ្ចេញមតិយោបល់​ថា ក្រដាសប្រាក់រៀលខ្មែរ ហាក់​ដូចជា​ផ្លាស់ប្តូរ ចេញថ្មី ញឹកញាប់ពេក ហើយពលរដ្ឋខ្មែរទើបតែស្គាល់ និងចំណាំក្រដាស ១០​ម៉ឺនដែលស្រដៀងគ្នាជាមួយក្រដាស ១​ម៉ឺនរៀល ឥឡូវស្រាប់តែចេញក្រដាស ១០ ម៉ឺនថ្មីទៀតហើយ។

គណនីឈ្មោះ Kimly Fc បង្ហាញចម្ងល់ក្នុងនាម ជាប្រជាពលរដ្ឋមួយរូបថា មូលហេតុអ្វីបានជា រាជរដ្ឋាភិបាល តែងតែប្តូររូបរាង ក្រដាសប្រាក់រហូតបែបនេះ ហេតុអ្វីបានជាមិនបោះពុម្ព ដូច ទ្រង់ទ្រាយចាស់ សូម្បីតែលោកជាក្មេង ពេលខ្លះ ក៏ ច្រលំ ម្ដងម្កាលហើយ ចុះមនុស្សចាស់វិញ នឹងទៅជាយ៉ាងណា? តើរដ្ឋាភិបាលមានហេតុផលអ្វី?

ពលរដ្ឋខ្លះទៀតលើកឡើងថា រដ្ឋាភិបាល និងធនាគារជាតិ គ្មានលទ្ធភាពកែច្នៃឲ្យខុសគ្នា​ទេឬ​យ៉ាងណា ហើយក្រដាសថ្មីនេះ ខុសគ្នាត្រង់ចំនួនលេខសូន្យប៉ុណ្ណោះ នេះហើយជា​មូលហេតុ​ដែលនាំឲ្យចាស់ៗអាយុច្រើនភ្នែកខ្សោយ ងាយនឹងត្រូវគេបំភាន់ ជាពិសេសការលក់ដូរក្នុងផ្សារ មានមនុស្សច្រើន ទិញលក់ប្រញាប់ប្រញាល់ មិនសូវត្រួតពិនិត្យទឹកលុយដោយលំអិតជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ