កម្ពុជា​ច្រាន​ចោល​ការអះអាង​របស់​ថៃ​ដែល​ចោទ​ថា ពលរដ្ឋខ្មែរ​រស់នៅ​លើ​ទឹក​ដី​ថៃ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៧០

0
127
ទិដ្ឋភាព​របង​លួសបន្លា​ដែល​យោធា​ថៃ​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី២៣ សីហា ២០២៥។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ
រូបភាពផ្កាយរណបបង្ហាញ​ពី​ភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​យោធាថៃ​បានឈ្លានពានយក ក្រោយថ្ងៃទី២៧ ធ្នូ​ ២០២៦។ រូប៖ លីកាដូ

តំណាងរដ្ឋាភិបាល​កម្ពុជា ច្រានចោល​ជា​ថ្មី​ចំពោះ​ការ​អះអាង​របស់​ភាគី​ថៃ ដែលថាប្រជាជនកម្ពុជាដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានដោយសារជម្លោះព្រំដែន កាលពីឆ្នាំ២០២៥ បានរស់នៅលើទឹកដីរបស់ថៃ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ គឺជារឿងដែលមិនត្រឹមត្រូវ និងបំភ្លៃការពិតជាប្រវត្តិសាស្ត្រ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង លោក លុយ ដាវីត និង​ជាតំណាង​កម្ពុជា​ចូលរួមក្នុងកិច្ចប្រជុំ លើកទី១៣៤ នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) កាលពីថ្ងៃទី១៣ ខែតុលា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា លោកបានធ្វើបទអន្តរាគមន៍ដើម្បីបំភ្លឺ​ខ្លឹមសារ​នៃការលើកឡើង​របស់ប្រតិភូថៃ ពាក់ព័ន្ធនឹងប្រជាជនភៀសសឹកកម្ពុជានៅ​តំបន់​ព្រំដែន។

លោក លុយ ដាវីត អះអាងថា ប្រតិភូថៃរូបនោះ បានអះអាងថា ប្រជាជនទាំងនោះស្ថិតនៅក្នុង​តំបន់របស់ថៃ ដែលត្រូវបានបើកឱ្យប្រើប្រាស់ជាជម្រកជនភៀសខ្លួនបណ្ដោះអាសន្ន ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយវត្តមានរបស់ពួកគេបំពានលើអធិបតេយ្យភាពរបស់ថៃ។

លោក លុយ ដាវីត បានច្រានចោលការអះអាងរបស់ប្រតិភូថៃ ហើយចាត់ទុកការលើកឡើងនេះ ថា ជារឿងដែលមិនត្រឹមត្រូវ និងបំភ្លៃការពិតជាប្រវត្តិសាស្ត្រ។ លោកថា ដើម្បីគាំទ្រដល់បទ​អន្តរាគមន៍​របស់លោក គឺលោកបានយោងទៅតាមរបាយការណ៍របស់ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) ដែលបញ្ជាក់ថា ជំរំ​ជនភៀសខ្លួន​កម្ពុជានៅ​ក្នុងប្រទេសថៃ គឺមិនមានជនភៀសខ្លួនទៀតទេ តាំងពីខែមីនា ឆ្នាំ១៩៩៩ បន្ទាប់ពីក្រុម​ជនភៀសខ្លួន​ចុងក្រោយចំនួន ៧០៥​នាក់ បានវិលត្រឡប់មកកម្ពុជាវិញ។

ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ថៃបំភ្លៃប្រវត្តិសាស្ត្រ ភូមិជោគជ័យ ភូមិព្រៃចាន់ គឺស្ថិតនៅក្នុងទឹកដីខ្មែរ មិនមែនស្ថិតនៅក្នុងទឹកដីថៃទេ ប្រជាពលរដ្ឋខ្មែររស់នៅ​ក្នុង​ជំរំ ក្នុងទឹកដីខ្មែរមិនមែនក្នុងទឹកដីថៃនោះទេ។ ប៉ុន្តែថៃយកលេសថា ពលរដ្ឋខ្មែរកាលសម័យ​សង្គ្រាមបានរស់នៅក្នុងជំរំក្នុងទឹកដីរបស់ថៃ ដូច្នេះហើយបានជា​ថៃឈ្លានពានយក ភូមិជោគជ័យ ភូមិព្រៃចាន់ កាន់កាប់ទឹកដីខ្មែរ។

លោក អ៊ុំ សំអាន៖ «ដូចយើងឃើញហើយ តំបន់ដទៃទៀតភ្នំទ្រព្យ ប្រាសាទតាក្របី ប្រាសាទខ្នារ ច្រកអានសេះ ទឹកដីយើងតើ តែថៃ អះអាងថា ជារបស់គេតាមផែនទីខ្នាត ១/៥០.000 មិនសំអាងទៅលើផែនទីខ្នាត ១/២០០.000 អ៊ីចឹងហើយ ទើបថៃចេះតែឈ្លានពាន ដណ្តើមកាន់កាប់ហើយ ទៅក្រឡៃប្រវត្តិសាស្ត្រ ថាភូមិជោគជ័យ ភូមិព្រៃចាន់ ជាទឹកដីរបស់ថៃ តាមពិតខ្មែរ យើងរស់នៅសម័យសង្គ្រាមក្នុងជំរំណងចាន់ ហ្នឹងនាទសវត្សរ៍ទី ៨០ហ្នឹង គឺជាទឹកដីខ្មែរយើងទេ»។

ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការលើកឡើងរបស់ភាគីថៃ គឺជាការកែប្រែប្រវត្តិសាស្ត្រ និងបំភ័ន្តច្រឡំផ្នែកច្បាប់យ៉ាងធ្ងន់ធ្ងរ។ លោកថា ការបំភ្លៃនេះ ធ្វើឡើងក្នុងបំណងលុបបំបាត់ប្រវត្តិនៃការរស់នៅជាម្ចាស់ទឹកដីដើមរបស់ប្រជាជនកម្ពុជា នៅតាមបណ្តោយតំបន់ព្រំដែនប្រវត្តិសាស្ត្រ និងរំលោភលើការពិតផ្នែកភូមិសាស្ត្រនយោបាយ។

ទិដ្ឋភាព​របង​លួសបន្លា​ដែល​យោធា​ថៃ​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី២៣ សីហា ២០២៥។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

លោក សេង វណ្ណលី បន្ថែមទៀតថា ការភ្ជាប់ព្រឹត្តិការណ៍ជម្លោះព្រំដែនបច្ចុប្បន្ន ទៅនឹង​ជនភៀសខ្លួន​សង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ឆ្នាំ៧០ គឺជាឧបាយកលបង្វែរដាន ដើម្បីបិទបាំង​ការ​ឈ្លានពាន ឬការផ្លាស់ប្តូរស្ថានភាពដើម នៅតាមតំបន់ព្រំដែន។ លោកថា ផ្អែក​លើទិដ្ឋភាពច្បាប់​អន្តរជាតិ ខ្សែព្រំដែនរវាងកម្ពុជា និងថៃ ត្រូវបានកំណត់រួចរាល់ដោយស្របច្បាប់តាំងពីសម័យ​អាណានិគមតាមរយៈ សន្ធិសញ្ញា សៀម-បារាំង (ឆ្នាំ១៩០៤ និង ១៩០៧) និង ផែនទីដងរ៉ែក ខ្នាត ១/២០០.០០០ ដែលត្រូវបានទទួលស្គាល់ដោយតុលាការអន្តរជាតិរួចមកហើយ។

លោក សេង វណ្ណលី អះអាងថា ការប្រើប្រាស់លេសប្រវត្តិសាស្ត្រជនភៀសខ្លួន ដើម្បីបណ្តេញ ឬបង្ខំឲ្យប្រជាពលរដ្ឋកម្ពុជាចាកចេញពីភូមិឋាន និងដីស្រែចំការដែលពួកគេបានអាស្រ័យផល​តាំងពីបុរាណកាលមក គឺជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិជនស៊ីវិលយ៉ាងធ្ងន់ធ្ងរ។ លោកថា ភាគីថៃតែងតែប្រើប្រាស់យុទ្ធសាស្ត្របង្កើតការពិតនៅលើដី ដោយបណ្តេញប្រជាជនកម្ពុជាចេញ រួចជំនួសដោយការបញ្ជូនកងទ័ព ឬប្រជាជនខ្លួនឲ្យមកតាំងទីលំនៅ ដើម្បីកែប្រែប្រជាសាស្ត្រ និងទាមទារសិទ្ធិកាន់កាប់នៅពេលក្រោយ។

អង្គការសិទ្ធិមនុស្ស​លីកាដូ បានចេញផ្សាយរូបភាពផ្កាយរណប កាលពីខែសីហា អះអាងថា រូបភាពផ្កាយរណបដែលត្រូវបានធ្វើបច្ចុប្បន្នភាពដោយ Apple Maps កាលពីខែមីនា ឆ្នាំ២០២៦ បង្ហាញយ៉ាងច្បាស់ថា កងកម្លាំងយោធាថៃបានឈូសបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិលជាច្រើន នៅក្នុងភូមិជោគជ័យ តំបន់បឹងត្រកួន និងភូមិព្រៃចាន់ ដែលបច្ចុប្បន្នកំពុងស្ថិត​ក្រោម​ការគ្រប់គ្រងរបស់ភាគីថៃ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ កាល​ពីខែធ្នូ ឆ្នាំ២០២៥។

អ្នករាយការណ៍ពិសេស​របស់​អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) បាននិយាយកន្លងមកថា តាមច្បាប់អន្តរជាតិ ប្រជាពលរដ្ឋ​ដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់​ទៅ​ផ្ទះ​របស់ខ្លួនវិញ។ វាជារឿងចាំបាច់ដែលថៃ និងកម្ពុជា ត្រូវធ្វើការរួមគ្នា ដើម្បីពន្លឿនការវិល​ត្រឡប់​របស់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ។ ពួកគេត្រូវការ និងសមនឹងទទួលបាន​ការវិល​ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

អ្នកឃ្លាំមើលសង្គម​អះអាងថា ជនភៀសសឹកកម្ពុជាប្រមាណជាង ២០.០០០ នាក់ ដែលរងផល​ប៉ះពាល់ដោយជម្លោះព្រំដែន មានបំណងប្រាថ្នា ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ។ កូនចៅរបស់ជនភៀសសឹក ទន្ទឹងរង់ចាំការត្រឡប់ទៅសាលារៀន​ដើម​របស់​ពួកគេ​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ