

ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅតំបន់ព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា កាលពីយប់ថ្ងៃទី១៦ ខែតុលា ភាគីយោធាថៃបានបង្កសំឡេងផ្ទុះអាវុធជិត ១០គ្រាប់ នៅក្បែរទិសភ្នំ៧៤៧ ដែលជាទីតាំងឈរជើងរបស់ទាហានខ្មែរ។ លោកបន្តថា ត្បិតករណីនេះមិនបានបង្កឱ្យមានអ្នករបួស និងស្លាប់ក្ដី ក៏ភាគីទាហានខ្មែរបានដាក់ស្ថានការណ៍ក្នុងភាពអាសន្ន ដោយសារនៅរយៈកាលចុងក្រោយនេះ យោធាថៃបានបង្កសំឡេងផ្ទុះអាវុធជាច្រើនលើក ចាប់តាំងពីចុងខែកញ្ញា មក ខណៈទាហានឈុតខ្មៅថៃបានរុញច្រានទាហានខ្មែរ ឱ្យចេញពីទីតាំងឈរជើងដែលបង្កឱ្យមានជម្លោះពាក្យសម្ដីធ្ងន់ធ្ងរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោក ស្រី ឌឹក ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៧ ខែតុលា។ ចំណែកកងទ័ពភូមិភាគទី២ របស់ថៃ ក៏មិនបានចេញសេចក្ដីថ្លែងការណ៍អំពីរឿងនេះនោះដែរ។
ទាហានខ្មែរបានអះអាងថា ស្ថានភាពនៅតំបន់មុំបី បច្ចុប្បន្ននេះ អាចបង្កឱ្យមានជម្លោះប្រដាប់អាវុធបានគ្រប់ពេល ដោយសារយោធាថៃបានបង្កើនសកម្មភាពរាយបន្លាលួស និងជីកប្រឡាយ និងសាងសង់លេណដ្ឋានបេតុងធំៗ នៅតាមទីតាំងនៅលើកំពូលភ្នំ៧៤៥ ភ្នំ៥០០ និងសាងសង់ផ្លូវយុទ្ធសាស្រ្តកាត់ទៅតំបន់ភ្នំ៧៥៤ និងតំបន់អានសេះ ដែលយោធាថៃដណ្ដើមបានពីកម្ពុជា ខណៈទ័ពអាកាសថៃបានបញ្ជូនយន្តហោះចម្បាំង F-16 ឱ្យហោះកាត់តំបន់មុំបីជាច្រើនលើក។
លោកបន្តថា ស្ថិតក្នុងស្ថានភាពនេះ មេបញ្ជាការកងទ័ពខ្មែរ ដាក់បញ្ជាឱ្យកងកម្លាំងរក្សាការប្រុងប្រយ័ត្ន និងទប់ស្កាត់សកម្មភាពឈ្លានពានរបស់យោធាថៃដោយសន្តិវិធី ដើម្បីស្អំស្ថានការណ៍ និងទប់ស្កាត់ការប៉ះទង្គិចគ្នាដោយអាវុធ ខណៈភាគីថៃបានដំឡើងសំឡេង និងបង្កើនកម្លាំងរុលចូលក្នុងទឹកដីកម្ពុជាកាន់តែខ្លាំង៕









