

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្អូញត្អែរប្រាប់សហគមន៍អន្តរជាតិថា ភាគីថៃនៅតែមិនចូលប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ដើម្បីវាស់វែងព្រំដែនជាមួយកម្ពុជា ក្រោយពីថៃបានចូលកាន់កាប់ទឹកដីខ្មែរយ៉ាងជ្រៅ ហើយរារាំងពលរដ្ឋខ្មែរជាង២ម៉ឺននាក់ មិនឱ្យចូលទៅរស់នៅក្នុងលំនៅឋានកំណើតវិញបាន។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្ដីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA) នាទីក្រុងបាគូ ប្រទេស អាស៊ែបៃហ្សង់ ( Azerbaijan)។ អ្នកវិភាគចាត់ទុកការថ្លែងនេះ គ្មានប្រសិទ្ធភាពនោះទេ ព្រោះវេទិកាអន្តរជាតិមួយនេះ គ្មានគោលការណ៍និងច្បាប់ទម្លាប់ ដើម្បីជួយដោះស្រាយជម្លោះ ក្នុងតំបន់នោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សប្ដាហ៍នេះ បានដឹកនាំប្រតិភូ ទៅចូលរួមកិច្ចប្រជុំ កំពូលលើកទី៧ស្ដីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA) នាទីក្រុងបាគូ ប្រទេសអាហ្សេបៃហ្សង់ ដែលមាន ប្រទេសជាសមាជិកចំនួន២៩។ ក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន ម៉ាណែត បានថ្លែង អំពីជម្លោះព្រំដែន កម្ពុជា-ថៃ ដោយលោកបានលើកឡើងថា យោធាថៃបានរុលចូលកាន់កាប់ទឹកដីខ្មែរ យ៉ាងជ្រៅ ដោយខុសច្បាប់ ហើយថែមទាំងរារាំងពលរដ្ឋខ្មែរ ជាង២ម៉ឺននាក់ មិនឱ្យត្រឡប់ ទៅរស់នៅ ក្នុងលំនៅឋានវិញបាន អស់រយៈពេលជាង១ឆ្នាំហើយ។
បន្ថែមពីលើនោះ លោកថា បើទោះបីជាថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ កាលពីឆ្នាំ២០២៥ ដោយសន្យាថានឹងចូលតុចរចា តាមរយៈកិច្ចប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ដើម្បីវាស់វែងព្រំដែនគោក ជាមួយកម្ពុជាក្ដី ភាគីថៃតែងតែ រកលេស មិនចូលរួមប្រជុំ។ លោកបញ្ជាក់ថា កម្ពុជានៅតែប្ដេជ្ញាចិត្ត ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ហើយព្រំដែន និងអធិបតេយ្យភាពមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងយោធា នោះឡើយ។
កន្លងទៅ ភាគីថៃតែងតែរកលេសថា ពួកគេត្រូវការពេលវេលាដើម្បីរៀបចំរដ្ឋាភិបាលថ្មី និងមេដឹកនាំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន ជាថ្មីបន្ទាប់ពីថៃ បានផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី។ ក្រោយមកទៀត ភាគីថៃ ក៏បានបដិសេធមិនចូលតុចរចា ជាមួយកម្ពុជា ក្រោយពីកម្ពុជា បានជ្រើសរើសយក ជម្លោះព្រំដែនទឹក ជាមួយថៃ ទៅដោះស្រាយតាមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៦ ខែតុលាថា ការយកបញ្ហាព្រំដែនទៅថ្លែងនៅក្នុងកិច្ចប្រជុំកំពូល CICA នៅប្រទេសអាស៊ែបៃហ្សង់ ពីសំណាក់ លោក ហ៊ុន ម៉ាណែត គឺគ្រាន់តែជាការសម្ដែងឈុតឆាកនយោបាយការបរទេសបែបយកមុខមាត់ និងបង្កើតរូបភាពឱ្យប្រជាពលរដ្ឋក្នុងស្រុកមើលឃើញថា រដ្ឋាភិបាលកំពុងខ្វល់ខ្វាយតែប៉ុណ្ណោះ។ លោកបន្តថា តាមការពិត វេទិកា CICA គ្មានយន្តការច្បាប់ ឬអំណាច ក្នុងការបង្ខំឱ្យប្រទេសថៃដកថយ ឬគោរពកិច្ចព្រមព្រៀងនោះទេ។
បន្ថែមពីលើនោះ លោកថា ការដើរស្រែកប្រាប់គេឯងនៅតាមវេទិកាអន្តរជាតិដែលគ្មានឥទ្ធិពលច្បាប់ ហើយ គ្មានចំណាត់ការជាក់ស្ដែងនៅលើដី ឬការប្រើប្រាស់កម្លាំងការទូតដែលមានទម្ងន់ជាងនេះទេ គឺកម្ពុជា មិនអាចជួយរំដោះទឹកដី ឬជួយប្រជាពលរដ្ឋ ជាងពីរម៉ឺននាក់ដែលបាត់បង់ផ្ទះសម្បែងឱ្យបានត្រឡប់ទៅវិញនោះទេ។ លោកយល់ថា សហគមន៍អន្តរជាតិ និងបណ្ដាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំនោះ នឹងធ្វើត្រឹមតែចេញសេចក្ដីថ្លែងការណ៍សម្ដែងការព្រួយបារម្ភ និងអំពាវនាវឱ្យភាគីទាំងពីរដោះស្រាយដោយសន្តិវិធីតែប៉ុណ្ណោះ។
លោក សេង វណ្ណលី៖ «ចំណុចខ្សោយដ៏ធំបំផុតរបស់រដ្ឋាភិបាលគឺភាពទន់ជ្រាយ និងការស្ទាក់ស្ទើរក្នុងការប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឬយន្តការអាជ្ញាកណ្ដាលអន្តរជាតិដែលមានទម្ងន់ច្បាប់។ ការយកលេសថាចង់រក្សាទំនាក់ទំនងល្អ ឬប្រើប្រាស់យន្តការទ្វេភាគី JBC ដែលថៃតែងតែពន្យារពេល និងរំលោភលើកិច្ចព្រមព្រៀងម្ដងហើយម្ដងទៀត គឺជាការបង្ហាញឱ្យឃើញពីកង្វះឆន្ទៈ និងភាពអសមត្ថភាពក្នុងការការពារអធិបតេយ្យជាតិ»។
ទន្ទឹមគ្នានោះ លោក សេង វណ្ណ លី បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែបន្តប្រើប្រាស់វិធីសាស្ត្រស្រែកប្រាប់អន្តរជាតិ ប៉ុន្តែមិនហ៊ានតស៊ូតាមផ្លូវច្បាប់បែបនេះ ទឹកដីខ្មែរនឹងត្រូវគេរំលោភបំពានបន្តិចម្ដងៗ ហើយការរៀបរាប់ពីទុក្ខវេទនារបស់ប្រជាពលរដ្ឋនៅតែជារឿងភាគដែលគេយកមកនិយាយដើម្បីទាញយកប្រយោជន៍នយោបាយតែប៉ុណ្ណោ។
លោកសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយសុខចិត្តលូកដៃមកជួយកម្ពុជាដោយស្មោះត្រង់ ឬទៅគាបសង្កត់ថៃជំនួសកម្ពុជានោះទេ ព្រោះប្រទេសនីមួយៗសុទ្ធតែតម្កល់ផលប្រយោជន៍ជាតិ និងទំនាក់ទំនងពាណិជ្ជកម្មជាមួយថៃជាធំ។ លោកមើលឃើញថាការរំពឹងថាអន្តរជាតិនឹងមកជួយ ជ្រោមជ្រែង ខណៈដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនហ៊ានទាំងប្រើប្រាស់យន្តការច្បាប់អន្តរជាតិឱ្យច្បាស់លាស់ ដូច្នេះលោកថា គឺជាការបោកប្រាស់ទំនុកចិត្តប្រជាជន និងជាការដើរថយក្រោយនៃយុទ្ធសាស្ត្រការពារបូរណភាពទឹកដី៕









