លោក ហ៊ុន ម៉ាណែត​​​​​​ប្រាប់​សហគមន៍​អន្តរជាតិ​ថា ថៃ​នៅ​តែ​មិន​ព្រម​ចូល​​ប្រជុំ JBCដើម្បី​វាស់វែង​ព្រំដែន​ជា​មួយ​កម្ពុជា

0
120
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅបរទេសកាលពីថ្ងៃទី១៦ ​ខែ​តុលា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅបរទេសកាលពីថ្ងៃទី១៦ ​ខែ​តុលា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ត្អូញត្អែរ​ប្រាប់​សហគមន៍​អន្តរជាតិ​ថា ​ភាគី​ថៃ​នៅ​តែ​មិន​​ចូល​​ប្រជុំ​​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​(JBC) ដើម្បី​វាស់វែង​ព្រំដែន​ជា​មួយ​កម្ពុជា ​ក្រោយ​ពី​ថៃ​បាន​ចូល​កាន់​​កាប់​ទឹក​ដី​ខ្មែរ​យ៉ាង​ជ្រៅ ​​ហើយ​រារាំង​ពលរដ្ឋ​ខ្មែរ​ជាង​២ម៉ឺន​នាក់​ មិន​ឱ្យ​​ចូល​ទៅ​រស់​នៅ​​ក្នុង​លំនៅឋាន​កំណើត​វិញ​បាន។ ការ​លើក​ឡើង​​​​របស់​លោក ហ៊ុន ម៉ាណែត ​​នេះ​ធ្វើ​ឡើង​ក្នុង​​កិច្ច​ប្រជុំកំពូល​លើក​ទី​៧នៃ​សន្និសីទ​ស្ដីពី​អន្តរកម្ម និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី​(CICA) ​នា​​​ទី​ក្រុង​បាគូ ប្រទេស​ អាស៊ែបៃហ្សង់ ( Azerbaijan)។ អ្នក​វិភាគ​​​ចាត់​ទុក​ការ​ថ្លែង​​នេះ គ្មាន​ប្រសិទ្ធភាព​​​នោះ​ទេ​ ​ព្រោះ​វេទិកា​អន្តរជាតិ​​​មួយ​​នេះ គ្មាន​គោល​ការណ៍​និង​ច្បាប់​ទម្លាប់ ​​​ដើម្បី​ជួយ​​ដោះស្រាយ​ជម្លោះ ​ក្នុង​តំបន់​​​នោះ​​ឡើយ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​​​​​​សប្ដាហ៍​​​នេះ​ ​​​​បាន​ដឹកនាំ​ប្រតិភូ​ ទៅ​ចូលរួម​​​​​​កិច្ច​ប្រជុំ កំពូល​លើក​ទី​៧​ស្ដីពី​អន្តរកម្ម និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី​(CICA) ​នា​​​ទី​ក្រុង​បាគូ ​​ប្រទេស​អាហ្សេបៃហ្សង់ ដែល​​មាន ​ប្រទេស​​ជា​សមាជិក​​ចំនួន​​២៩។ ក្នុង​​កិច្ចប្រជុំ​នោះ លោក ហ៊ុន ម៉ាណែត បាន​​ថ្លែង​​ អំពី​ជម្លោះ​ព្រំដែន​ កម្ពុជា-ថៃ ​​ដោយ​លោក​បាន​​​លើក​ឡើង​ថា​ ​យោធា​ថៃ​បាន​រុល​ចូល​កាន់​កាប់​ទឹក​ដី​ខ្មែរ​ ​​យ៉ាង​ជ្រៅ​ ដោយ​ខុស​ច្បាប់​​​ ​​​​​ហើយ​ថែម​ទាំង​​រារាំង​ពលរដ្ឋ​ខ្មែរ​ ជាង​២ម៉ឺន​នាក់​ ​មិន​ឱ្យ​ត្រឡប់​ ទៅ​រស់​នៅ​ ​​​ក្នុង​លំនៅឋាន​​វិញ​​បាន​ អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​ហើយ​។​

បន្ថែម​ពី​លើ​នោះ​ លោក​​​​ថា​ បើ​ទោះបីជា​​​ថៃ បាន​​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​​បទ​ឈប់​បាញ់​​​ ​​​​​រួម​ទាំង​សេចក្ដី​ថ្លែងការណ៍​រួម​ទី​ក្រុង​គូឡាឡាំពួរ ​កាល​ពី​ឆ្នាំ​២០២៥​ ​​ដោយ​សន្យា​ថា​នឹង​​ចូល​តុចរចា ​តាម​​រយៈ​កិច្ច​ប្រជុំ​​ គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​(JBC)​ដើម្បី​វាស់វែង​ព្រំដែន​គោក​ ជា​មួយ​កម្ពុជា​​​​ក្ដី ​ភាគី​ថៃ​តែងតែ ​រក​លេស​ ​​មិន​ចូលរួម​ប្រជុំ។ លោក​​​​បញ្ជាក់​ថា​ ​​កម្ពុជា​នៅ​តែ​ប្ដេជ្ញា​ចិត្ត​​ ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​​ ​ដោយ​សន្តិវិធី ​​​ហើយ​​ព្រំដែន និង​អធិបតេយ្យភាព​​​​មិន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ដោយ​ការ​ប្រើប្រាស់​កម្លាំង​យោធា​​​ នោះ​​ឡើយ។

កន្លង​ទៅ​ ភាគី​ថៃ​តែង​តែ​រក​លេស​​​​​ថា ពួកគេ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​​រៀបចំ​​​រដ្ឋាភិបាល​ថ្មី​​ និង​​​មេដឹកនាំ​​​​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​​​ ជា​ថ្មី​​​​បន្ទាប់​ពី​ថៃ​​ បាន​​ផ្លាស់​ប្ដូរ​នាយករដ្ឋមន្ត្រី​ថ្មី​។ ​ក្រោយ​មក​ទៀត​ ភាគី​ថៃ​ ក៏​បាន​​បដិសេធ​​មិន​ចូល​តុ​​ចរចា ​ជា​មួយ​កម្ពុជា​​​ ក្រោយ​ពី​កម្ពុជា ​​​​​​បាន​​ជ្រើស​រើស​​​យក​ ជម្លោះ​ព្រំដែន​ទឹក​​​​​ ជា​មួយ​ថៃ​ ទៅ​​​​​ដោះស្រាយ​តាម​​​​​​​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ​ (UNCLOS)។

អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​ លោក សេង វណ្ណលី ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា​ថា ការ​យក​បញ្ហា​ព្រំដែន​ទៅ​​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល CICA នៅ​ប្រទេស​អាស៊ែបៃហ្សង់ ​​​ពី​សំណាក់​​ លោក ហ៊ុន ម៉ាណែត​​​ គឺ​​គ្រាន់​តែ​ជា​ការសម្ដែង​​​​​ឈុត​ឆាក​នយោបាយ​ការ​បរទេស​បែប​យក​មុខ​មាត់ និង​បង្កើត​រូប​ភាព​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​មើល​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ខ្វល់ខ្វាយ​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា​​ តាម​ការ​ពិត ​វេទិកា CICA គ្មាន​យន្តការ​ច្បាប់ ឬ​អំណាច​​ ក្នុង​ការ​បង្ខំ​ឱ្យ​ប្រទេស​ថៃ​ដក​ថយ ឬ​គោរព​កិច្ចព្រមព្រៀង​នោះ​ទេ។

បន្ថែម​ពី​លើ​នោះ​ លោក​ថា​​ ការ​ដើរ​ស្រែក​ប្រាប់​គេ​ឯង​នៅ​តាម​វេទិកា​អន្តរជាតិ​ដែល​គ្មាន​ឥទ្ធិពល​ច្បាប់ ​ហើយ​ គ្មាន​ចំណាត់​ការ​ជាក់ស្ដែង​នៅ​លើ​ដី ឬ​ការ​ប្រើប្រាស់​កម្លាំង​ការ​ទូត​ដែល​មាន​ទម្ងន់​ជាង​នេះ​​ទេ គឺ​កម្ពុជា​ ​មិន​អាច​ជួយ​រំដោះ​​ទឹក​​ដី ឬ​ជួយ​ប្រជាពលរដ្ឋ​ ជាង​ពីរ​ម៉ឺន​នាក់​ដែល​បាត់បង់​ផ្ទះ​សម្បែង​ឱ្យ​បាន​ត្រឡប់​ទៅ​វិញ​នោះ​ទេ​។​ លោក​យល់​ថា​​ ​សហគមន៍​អន្តរជាតិ និង​បណ្ដា​​ប្រទេស​ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ នឹង​ធ្វើ​ត្រឹម​តែ​ចេញ​សេចក្ដី​ថ្លែងការណ៍​សម្ដែង​​ការ​ព្រួយ​បារម្ភ និង​អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​ដោះស្រាយ​ដោយ​សន្តិវិធី​តែ​ប៉ុណ្ណោះ​។

លោក សេង វណ្ណលី៖ «ចំណុច​ខ្សោយ​ដ៏​ធំ​បំផុត​របស់​រដ្ឋាភិបាល​គឺ​ភាព​ទន់ជ្រាយ និង​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ឬ​យន្តការ​អាជ្ញា​កណ្ដាល​អន្តរជាតិ​ដែល​មាន​ទម្ងន់​ច្បាប់។ ការ​យក​លេស​ថា​ចង់​រក្សា​ទំនាក់ទំនង​ល្អ ឬ​ប្រើ​ប្រាស់​យន្តការ​ទ្វេ​ភាគី JBC ដែល​ថៃ​តែងតែ​ពន្យារ​ពេល និង​រំលោភ​លើ​កិច្ចព្រមព្រៀង​​ម្ដង​​​ហើយ​ម្ដង​ទៀត គឺ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​កង្វះ​ឆន្ទៈ និង​ភាព​អសមត្ថភាព​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ»។

ទន្ទឹម​គ្នា​នោះ​ លោក សេង វណ្ណ លី បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត ​នៅ​តែ​បន្ត​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ស្រែក​ប្រាប់​អន្តរជាតិ ប៉ុន្តែ​មិន​ហ៊ាន​តស៊ូ​តាម​ផ្លូវ​ច្បាប់​បែប​នេះ​ ទឹកដី​ខ្មែរ​នឹង​ត្រូវ​គេ​រំលោភ​បំពាន​បន្តិច​ម្ដងៗ ហើយ​ការ​រៀបរាប់​ពី​ទុក្ខ​វេទនា​របស់​ប្រជាពលរដ្ឋ​នៅ​តែ​ជា​រឿង​ភាគ​ដែល​គេ​យក​មក​និយាយ​ដើម្បី​ទាញ​យក​​​ប្រយោជន៍​នយោបាយ​តែ​ប៉ុណ្ណោ។

លោក​សង្កត់ធ្ងន់​ថា​​ គ្មាន​ប្រទេស​ណា​មួយ​សុខ​ចិត្ត​លូក​ដៃ​មក​ជួយ​កម្ពុជា​ដោយ​ស្មោះត្រង់ ឬ​ទៅ​គាបសង្កត់​ថៃ​ជំនួស​កម្ពុជា​នោះ​ទេ ព្រោះ​ប្រទេស​នីមួយ​ៗ​សុទ្ធ​តែ​តម្កល់​ផល​ប្រយោជន៍ជាតិ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជា​មួយ​ថៃ​ជា​ធំ។ លោក​មើល​ឃើញ​ថា​ការ​​​រំពឹង​ថា​អន្តរជាតិ​នឹង​មក​ជួយ ជ្រោមជ្រែង ខណៈ​ដែល​រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​ទាំង​ប្រើ​ប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​ឱ្យ​ច្បាស់លាស់ ​ដូច្នេះ​លោក​ថា​ គឺ​​ជា​ការ​បោកប្រាស់​ទំនុក​ចិត្ត​ប្រជាជន និង​ជា​ការ​ដើរ​ថយក្រោយ​នៃ​យុទ្ធសាស្ត្រ​ការពារ​បូរណភាព​ទឹក​ដី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ