សង្គមស៊ីវិល​ចងក្រង​វីដេអូស្ដីពី​គ្រួសារ​ចំពោះ​យុវជន ធី ថន ដែល​ជាប់ឃុំ​ព្រោះ​សកម្ម​បញ្ហា​សង្គម

0
117
សកម្មជនសង្គម លោក ធី ថន និងជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ រូប៖ បណ្ដាញសង្គម
សកម្មជនសង្គម លោក ធី ថន និងជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ រូប៖ បណ្ដាញសង្គម

សង្គម​ស៊ីវិល​ចងក្រង​វីដេអូ​បង្ហាញ​ពីក្តី​នឹក​រលឹក​របស់​គ្រួសារ​ចំពោះ​យុវជន ធី ថន ក្រោយ​អវត្តមាន​របស់​លោក​រស់នៅ​ក្បែរ​ក្រុម​គ្រួសារ រយៈពេល​ជាង​២ឆ្នាំ​មក​នេះ។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា ការ​ផ្តន្ទាទោស យុវជន ធី ថន ឲ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំ ដោយ​មិនមាន​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់ ជារឿង​មិន​សម​ហេតុផល ហើយ​តុលាការ​គួរ​ដោះលែង​យុវជន​សង្គម​រូបនេះ​ឲ្យ​មាន​សេរីភាព​វិញ។

រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ ដែល​យុវជន​សង្គម​លោក ធី ថន កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ និង​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ ដោយ​អយុត្តិធម៌។

នៅថ្ងៃ​ទី៣០ តុលា សង្គម​ស៊ីវិល​ជាច្រើន រួមមាន អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​សង់ត្រាល់ (CENTRAL) អង្គការ​មាតា​ធម្មជាតិ (Mother Nature) អង្គការ​ភាព​ជាដៃ​គូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ (PED Cambodia) និង​បណ្តាញ​យុវជន​កម្ពុជា (CYN) ជាដើម បាន​បង្ហោះសារ​រំលឹក និង​បង្ហាញ​ពី​ទុក្ខ​សោក​របស់​គ្រួសារ​យុវជន ធី ថន ដែល​បាន​បាត់បង់​ភាព​កក់ក្ដៅ និង​សុភមង្គល​ក្នុង​គ្រួសារ​ជាខ្លាំង ក្រោយ​យុវជន​រូបនេះ​ជាប់​ពន្ធនាគារ។

នៅ​ក្នុង​វីដេអូ​ឃ្លីប​ប្រមាណ​ជិត ២នាទី របស់​សង្គម​ស៊ីវិល បាន​បង្ហាញ​អំពី​ក្តីនឹក​រម្លឹក​កូន​ជាទី​ស្រឡាញ់ របស់​ឳពុក​ម្តាយ​យុវជន​សង្គម​រួបនេះ និង​ការណ៍​ដែល​កូន​របស់​អ្នក​ទាំងពីរ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់ ៧ឆ្នាំ។

ឳពុក​លោក ធី ថន គឺ​លោក មឿង ធី រៀបរាប់​ទាំង​អារម្មណ៍​ខ្សឹកខ្សួល​លាយ​នឹង​ទឹកភ្នែក​ថា ២ឆ្នាំ​មក​ហើយ​ដែល​លោក​មិន​បាន​ជួប​មុខ​កូន ហើយ​បារម្ភ​ពី​សុខ​ទុក្ខ​របស់​កូនប្រុស​ជា​ខ្លាំង។ លោក​ថា ទោះ​បី​ជាកូន​របស់​លោក​ជាប់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​ក្តី តែ​លោក​នៅ​តែ​គាំទ្រ​នូវ​ជំហ​របស់​កូនប្រុស​លោក​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម​ជានិច្ច។ លោក​ថា ទោះ​លោក​ជួបការ​ខ្វះខាត លំបាក​យ៉ាង​ណា ក៏​លោក​នៅតែ​ជួយ​ផ្គត់ផ្ទង់​កូន​ប្រុស​នៅ​ក្នុង​ពន្ធនាគារ​មិន​ឲ្យ​ខ្វះខាត​ឡើយ។

«ការ​ព្រួយ​បារម្ភ​ខ្ញុំ​ រក​រំលែកទុក្ខ​អត់​បាន​ បើ​កូន​ខ្ញុំ​មាន​ភាព​អយុត្តិធម៌​ម្លឹង​ៗ​ ឱ្យ​ខ្ញុំ​មិន​គិតអា​ម្តេច​កើត? ខ្ញុំ​តែងតែ​ទទួល​ស្គាល់ ត្រែកអរ ព្រោះ​កូនមិន​បាន​ប្រព្រឹត្ត​ទង្វើ​អ្វី​មួយ​ដែល​ខុស​ច្បាប់​ទេ»។

លោក មឿង ធី

យុវជន​វ័យ២៥ឆ្នាំ លោក ធី ថន គឺជា​អនុប្រធាន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA)​ និង​ជា​យុវជន​ម្នាក់​ដែល​តែងតែ​សកម្ម​ក្នុង​ការងារ​សង្គម កិច្ច​ការពារ​បរិស្ថាន និង​ការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​លោក កើត សារ៉ាយ និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥ រូប ព្រម​ទាំង​ការ​តស៊ូមតិ ដើម្បី​សិទ្ធិ​សេរីភាព​បញ្ចេញមតិ សិទ្ធិ​ក្នុង​ការ​ជួបជុំ និង​ទាមទារ​ឱ្យ​មាន​និតិរដ្ឋ និង​លទ្ធិ​ប្រជាធិប​តេយ្យ​ពេញ​លេញ​ជាដើម។

កាល​ពីថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ២០២៦ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​យុវជន​រូបនេះ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៧ឆ្នាំ ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់»។

អាជ្ញាធរ​ចាប់ខ្លួន យុវជន ធី ថន កាល​ពីខែ​សីហា ឆ្នាំ២០២៤ ពាក់ព័ន្ធ​ព្រឹត្តិ​ការណ៍​នៃ​សកម្មភាព​រិះគន់ និង​តវ៉ា​ជា​សាធារណៈ ជាពិសេស​តាម​បណ្ដាញ​សង្គម ជំទាស់​នឹង​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA)។ ក្រោយ​មក​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ ដោយសារ​មាន​ការ​តវ៉ាពី​ពលរដ្ឋ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា តុលាការ​មិនមាន​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់ និង​ភស្តុតាង​គ្រប់​គ្រាន់​ក្នុង​ការ​កាត់ទោស​យុវជន​សង្គម​រូប​នេះ​ឡើយ។ លោក​ថា សកម្មភាព​របស់​យុជន ធី ថន គឺជា​ការ​អនុវត្ត​សិទ្ធិ​ជាមូលដ្ឋាន​របស់​ខ្លួន​ក្នុង​នាម​ជា​ពលរដ្ឋ​សកម្ម​ក្នុង​រឿង​សង្គម ហើយ​ការ​ចាប់ខ្លួន​លោក គឺជា​ការ​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​ជាមូល​ដ្ឋាន​របស់​ពលរដ្ឋ។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះលែង​យុវជន​រូប​នេះ ព្រម​ទាំង​អ្នក​ទោស​មនសិការ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

«ការ​គោរព​សិទ្ធិ​មនុស្ស​ហ្នឹង​មាន​ការ​ធ្លាក់​ចុះ​ដែល​ប៉ះពាល់​ដល់​ដំណើរការ​នៃ​គោល​ការណ៍​លទ្ធិ​ប្រជាធិប​តេយ្យ ជា​ពិសេស​គឺ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ជួបជុំ និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី។ ហើយ​កន្លង​មក​បញ្ហា​ទាំង​អស់​នេះ​មិន​មែន​តែ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស បរិស្ថាន ព្រៃឈើ និង​អង្គការ​ធ្វើការ​លើ​ការ​តស៊ូ​មតិ និង​ប្រជាធិប​តេយ្យ​ប៉ុណ្ណោះ​ទេ សូម្បីតែ​អង្គការ​អន្តរជាតិ ក៏​ដូចជា​អង្គការ​សហប្រជាជាតិ ជា​ពិសេស​គឺ​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោក ថម អេនដ្រូ ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​នេះ ហើយ​ក៏​ទាមទារ​មាន​ការ​ដោះលែង​ទៅ​លើ​យុវជន និង​សកម្មជន​ទាំង​អស់​ហ្នឹង​ផង​ដែរ»។

លោក អំ សំអាត

កន្លង​មក រដ្ឋាភិបាល​កម្ពុជា ធ្លាប់រង​ការ​រិះគន់​ខ្លាំង​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ទុក្ខបុក​ម្នេញ​ពលរដ្ឋ​ស្លូត​ត្រង់។

របាយការណ៍​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ២០២៦ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី២១ តុលា ក៏​បាន​បង្ហាញ​ដែរ​ថា កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទាបខ្លាំង​លើ​សន្ទស្សន៍​នីតិរដ្ឋ ពាក់ព័ន្ធ​នឹង​ឯករាជ្យ​ភាព​របស់​តុលាការ ការ​ប្រឆាំង​អំពើ​ពុករលួយ តម្លាភាព​របស់​រដ្ឋាភិបាល ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​នយោបាយ​ជា​ដើម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះលែង យុវជន ធី ថន សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នកទោស​មនសិការ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​អាក្រក់​បន្ថែម​ទៀត​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ