រដ្ឋសភា​បក្សកាន់អំណាចរង​ការរិះគន់​ថា បាន​គំរាម​កំហែង​ឆ្លងដែន​ចំពោះ​សភា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស

0
112
កិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២៦។ រូប៖ ទទក
កិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២៦។ រូប៖ ទទក

ចលនាខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ចាត់ទុក​ការ​លាបពណ៌ និង​ថ្កោល​ទោស​របស់​រដ្ឋ​សភា​ជាតិ​កម្ពុជា​លើ​ការ​បង្កើត«សភាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស»ថាជា«ពួក​ឧទ្ទាម​ក្រៅ​ច្បាប់» និង​បាន​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ជា​ការ​គំរាមកំហែង​ឆ្លងដែន។ ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ពេល​ដែល​ការ​បោះឆ្នោត«សភា​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស»បាន​បញ្ចប់​ទៅ​ដោយ​រលូន និង​បាន​ប្រកាស​លទ្ធផល​អ្នក​ជាប់ឆ្នោត​ចំនួន ៤៧រូប ជា​តំណាង​របស់​ខ្លួន កាល​ពីថ្ងៃ​ទី២៥ ខែតុលា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ចលនាខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពីថ្ងៃ​ទី ២៨ តុលា ដោយ​បង្ហាញ​ក្តី​បារម្ភ​ជុំវិញ​ការ​គំរាម​កំហែង​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ពី​សំណាក់​រដ្ឋសភា​កម្ពុជា​ចំពោះ​បុគ្គល​ពាក់​ព័ន្ធ​នឹង«សភា​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស» (KOCA) ថា ជា​ភាសា​គំរាម​កំហែង​ដល់​ការ​ចូលរួម​នយោបាយ​ដោយ​សន្តិវិធី និង​បង្កើត​បរិយាកាស​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស និង​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

KMD យល់​ថា ការ​គំរាម​កំហែង ពី​សំណាក់​ស្ថាប័ន​រដ្ឋ​សភា​កម្ពុជា លើ​អ្នក​ដែល​ចូលរួម​ក្នុង​គំនិត​ផ្តួច​ផ្តើម​នយោបាយ​នៅ​ក្រៅ​ប្រទេស​នេះ ជា​សញ្ញា​ព្រមាន​នៃ​ការ​គាប​សង្កត់​ឆ្លងដែន (Transnational Repression)។

KMD ច្រាន​ចោល​ចំពោះ​ការ​ព្យាយាម​ប្រដូច​អង្គការ​នយោបាយ​សន្តិវិធី​មួយ​ទៅនឹង​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ឯករាជ្យ តម្លាភាព និង​យុត្តិធម៌។ ការខ្វែង​គំនិត​គ្នា​ផ្នែក​នយោបាយ​មិន​គួរ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​លេស​ក្នុង​ការ​បំភិត​បំភ័យ គំរាម​កំហែង ឬដាក់​សម្ពាធ​ទៅ​លើ​សកម្មភាព​ពលរដ្ឋ​ដោយ​សន្តិវិធី​នោះ​ឡើយ។

ប្រធាន​អង្គការ​ចលនាខ្មែរ​ដើម្បី​ប្រជា​ធិប​តេយ្យ អ្នកស្រី មូរ សុខហួរ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ទោះបី​នៅ​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ដែល​ត្រូវ​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋ។ អ្នកស្រី​ថា អ្វី​ដែល​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ធ្វើ​នេះ គឺ​ដោយសារ​ចង់​បាន​ការ​បោះឆ្នោត​មួយ​ដែល​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិត​ប្រាកដ ហើយ​ជ្រើសរើស​ចេញ​ពី​ឆន្ទៈ​របស់​ពួកគេ។ អ្នកស្រី​បន្ត​ថា សកម្មភាព​របស់​ពួក​គាត់ គឺជា​ការ​ចូលរួម​សកម្មភាព​សង្គម នយោបាយ ប្រកប​ដោយ​សន្តិវិធី ហើយ​សភា​ក្រៅ​ប្រទេស​ក៏​បាន​បង្កើត​ឡើង​ដោយ​ស្របច្បាប់ និង​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំទូលាយ​ផងដែរ។

អ្នកស្រី មូរ សុខហួរ ថា KMD គឺ​ជា​អ្នក​ផ្តួចផ្តើម​និង​សម្រប​សម្រួល​ឲ្យ​មាន​ការ​បោះ​ឆ្នោត​បង្កើត KOCA ក្នុង​គោល​បំណង​ពង្រឹង​ការ​ចូលរួម​ប្រជា​ធិបតេយ្យ ការ​តំណាង និង​សំឡេង​របស់​ពលរដ្ឋ និង​សហគមន៍​ខ្មែរ​ដែល​រស់នៅ​ឯបរទេស តាមរយៈ​ដំណើរ​ការ​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មា​ធិការ​រៀបចំការបោះឆ្នោតខ្មែរនៅក្រៅប្រទេស (KOEC) ដើម្បីបង្ហាញថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​រួម​ចំណែក​ប្រកប​ដោយ​សន្តិវិធី និង​ស្ថាបនា ឆ្ពោះ​ទៅរក ប្រជាធិប​តេយ្យ​របស់​ប្រទេស​ជាតិ​នា​ពេល​អនាគត។

អ្នកស្រី​ថា កម្ពុជា មិន​គួរ​បង្កើត​ឲ្យ​មាន​បញ្ហា​គំរាម​ឆ្លងដែន​បែប​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ អាយុ​ជីវិត ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​ប៉ះពាល់​កេរ្តិ៍​ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ ចំពោះ​ករណី​នេះ អ្នកស្រី​ក៏​បាន​ជម្រាប​ជូន​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជា​ជាតិ លោក ថម អេនដ្រូ ពាក់​ព័ន្ធ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផងដែរ។

«តើ​យើង​ជាខ្មែរ​ក្រៅ​ប្រទេស បើ​យើង​ជា​ជន​ក្បត់​ជាតិ តើ​កូន​ក្បត់​ជាតិ​ណា​ទៅ​ឈឺចាប់នឹង​ការ​បាត់បង់​ទឹកដី? ខ្ញុំ​សួរ ផ្ទុយទៅ​វិញ! យើង​ជា​ពលរដ្ឋ​ខ្មែរ យើង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ឱ្យ​សភា តើ មាន​អំណះអំណាង​ត្រង់ណា ថា សមាជិក​សភា​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ធានា​ថា នឹង​ការពារ​ទឹកដី​បាន? អ្នក​ទាំង​នោះ​ទេ ដែល​គួរតែ​ឆ្លើយ ជាមួយ​នឹង​ពលរដ្ឋ​យើង​វិញ។ ឆ្លើយ​ដោយ​របៀប​ណា? ឆ្លើយ​ដោយ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន មើល​ការ​អនុវត្ត​ច្បាប់ ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការពារ បូរណភាព​ទឹកដី តើ សភា​បាន​អឺកោះហៅ ប្រមុខ​រដ្ឋាភិបាល ក្រសួង​ពាក់ព័ន្ធ​មក​សាកសួរ​ទេ? បើក​ទូលំទូលាយ​ឱ្យ​ពលរដ្ឋ​សួរ ជួប​ជាមួយ​សមាជិក​សភា​ទេ? មានបាន​ចុះ ទៅ​ជួប​ប្រជាពលរដ្ឋ ដែលជនភៀសសឹក»។

អ្នកស្រី ​មូរ សុខហួរ

កាល​ពីថ្ងៃ​ទី២៧ តុលា រដ្ឋសភា​កម្ពុជា បាន​ចេញ​ញត្តិ​ថ្កោលទោស​លើ​ការ​បង្កើត «សភា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស» ដោយ​ហៅ​ពួកគេ​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ដែល​បាន​បង្កើត​សភា​ដោយ​ខុស​ច្បាប់ នៅ​ប្រទេស​បារាំង។ រដ្ឋ​សភា​កម្ពុជា​ចាត់ទុក​សកម្មភាព​របស់​ពួកគេ​ថា ជា​អង្គការ​ចាត់​តាំង និង​ជា​ស្ថាប័ន​ខុស​ច្បាប់ រំលោភ​រដ្ឋ​ធម្មនុញ្ញ មិន​ស្រប​តាម​លទ្ធិ​ប្រជាធិប​តេយ្យ និង​មិន​គោរព​ឆន្ទៈ​រាស្ត្រ។ រដ្ឋសភា ក៏​បាន​ព្រមាន​ចាត់​វិធានការ​ដោយ​ផ្តន្ទាទោសលើ​តួអង្គ​ពាក់ព័ន្ធ​ទាំង​អស់​ផងដែរ។

ការ​ព្រមាន​នេះ​ធ្វើឡើង​បន្ទាប់​ពី​សភា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ប្រកាស​លទ្ធផល​អ្នក​ជាប់ឆ្នោត​ចំនួន​៤៧រូប និង​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សភា​មួយ​រូប គឺ​លោក ទេព មនោរម្យ ព្រម​ទាំង​អនុប្រធាន​សភា​ពីររូប គឺ​លោក អ៊ិន ហេមរ៉ា និង​កញ្ញា ឈឿន សុខនីន។

ពួកគាត់​បាន​ធ្វើ​ពិធី​សច្ចាប្រណិធាន​កាល​ពីថ្ងៃទី​២៥ ខែតុលា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ដោយ​ប្តេជ្ញា​ថា នឹង​ធ្វើការ​បម្រើ​ប្រជា​ពលរដ្ឋ និង​តស៊ូ​មតិ ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​ចូលរួម​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​វិបត្តិ​ជាតិ​ធំៗ ដូចជា​វិបត្តិ​សេដ្ឋកិច្ច បញ្ហា​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អនឡាញ និង​បញ្ហា​បូរណភាព​ទឹកដី​ជាដើម។

មុន​ការ​បោះឆ្នោត កាល​ពីថ្ងៃ​ទី៣០ កញ្ញា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស KOEC បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​ឆ្លងដែន ដែល​ថា ការ​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស អាច​ត្រូវ​ចាត់ទុក​ថា ជា​ការ ​«បះបោរ» ឬ «បំបែក​រដ្ឋ» ហើយ​អាច​នាំឱ្យ​មាន​ការ​ផ្តន្ទាទោស​ព្រហ្ម​ទណ្ឌ ឬ​បាត់បង់​សញ្ជាតិ​ខ្មែរ។ KOEC ចាត់​ទុកសារ​គំរាម​កំហែង​ទាំង​នេះ​ជា ការ​គំរាម​កំហែង​ឆ្លងដែន (Transnational Repression) ដែល​អាច​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ក្នុង​ប្រទេស​សេរី​ទាំង​៧ដែល KOEC មាន​តំណាង​ខ្លួន និង​មាន​ការ​ចូលរួម​បោះឆ្នោត​ពី​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​នោះ។

ប្រធាន​អង្គការ​ប្រជាធិប​តេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា អ្នក​ធ្វើ​ចលនា​នយោបាយ​នៅ​ក្រៅ​ប្រទេស គឺ​ពួកគេ​ធ្វើ​ដោយ​សន្តិវិធី ដូច្នេះ​វា​មិនមែន​ជា​ទង្វើ​ខុសច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋសភា​កម្ពុជា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ការ​ចោទ​ប្រកាន់ និង​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល​ក្នុង​ប្រទេស​វិញ​ទេ ដែល​បង្ហាញ​អំពី​ការ​គំរាម​កំហែង​ឆ្លងដែន និង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ពិត​ប្រាកដ។ លោក​ទទូច​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​ដែល​រង​ការ​គំរាម​កំហែង​ទាំង​អស់​ពី​សំណាក់​អាជ្ញាធរ រដ្ឋាភិបាល ឬជន​ណាម្នាក់​ទាំងក្នុង​និង​ក្រៅ​ប្រទេស ត្រូវ​ប្រមូល​ភស្តុតាង និង​រាយការណ៍​ទៅ​កាន់​រដ្ឋាភិបាល​ក្នុង​ប្រទេស​ដែល​ខ្លួន​រស់នៅ ហើយ​ប្តឹង​បន្ថែម ដើម្បី​ឲ្យ​ប្រទេស​សាមី​ចាត់​វិធានការ​លើ​ជន​ទាំង​នោះ។

«ប្រទេស​មួយ​ចំនួន​ហ្នឹង គឺ​បាន​ការពារ​នូវ​ប្រជាពលរដ្ឋ​គេ ឧទាហរណ៍​ដូច​អូស្ត្រាលី​គេមាន​អឺ​ប៉ូលិស​សហព័ន្ធ​ហើយ​គេ​មាន​ច្បាប់​ការពារ​អំពី​ការ​គំរាម​កំហែង​ឆ្លងដែន​ហ្នឹង​ឯង។ អញ្ចឹង​ខ្ញុំ​យល់​ថា បើសិន​ជាមាន​បញ្ជី​ឈ្មោះ​នៃអ្នក​ទាំង​ឡាយ​ហ្នឹង​ យើង​ត្រូវ​ប្តឹង​ទៅ​ដល់​រដ្ឋាភិបាល​នៃ​អឺ​បណ្តា​ប្រទេស ទាំងឡាយ​ដែល​ខាង​អ្នក​ប្រជាធិប​តេយ្យ​ដែល​ធ្វើ​កិច្ច​ការងារ​ទាំង​ការ​បង្កើត​សភាខ្មែរ​ក្រៅ​ប្រទេស ឬ​ក៏​រដ្ឋាភិបាល​ខ្មែរ​ក្រៅ​ប្រទេស​ប្តឹង​អំពី​ការ​គំរាម​កំហែង​ទាំង​អស់​ហ្នឹង​ផងរួម​ទាំង​បណ្តា​អង្គការ​ជាតិ អង្គការ​អន្តរជាតិ​និង​អង្គការ​សហប្រជា​ជាតិ​ផង»។

លោក ស៊ឹង សែនករុណា

KMD អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បារាំង ដែលគំនិត​ផ្តួចផ្តើម​បង្កើត KOCA​ របស់​ពលរដ្ឋខ្មែរ​មាន​នៅទី​នោះ បន្ត​យក​ចិត្តទុក​ដាក់​លើ​សុវត្ថិភាព និង​សិទ្ធិ​ជាមូលដ្ឋាន​របស់​សមាជិក​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​កំពុង​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដោយ​សន្តិវិធី និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កាណាដា និង​ប្រទេស​ប្រជា​ធិប​តេយ្យ​ដទៃ​ទៀត តាមដាន​រាល់​ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ ការ​តាម​ដាន ឬ​ការ​សងសឹក​ដែល​អាច​កើតមាន​ប្រឆាំង​នឹង​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស។

KMD ក៏​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ជាក់​ពី​មូលដ្ឋាន​ច្បាប់​លើ​ការ​គំរាម​កំហែង​របស់​ខ្លួន ព្រម​ទាំង​បញ្ឈប់​រាល់​ការ​បំភិត​បំភ័យ និង​ការ​សងសឹក ហើយ​គោរព​សិទ្ធិ​ជាមូល​ដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ដោយ​មិន​ត្រូវ​គិតថា​ពួកគេ​រស់នៅ​ទីណា​ក៏ដោយ។

កន្លង​មក រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ក៏​ធ្លាប់​រង​ការរិះគន់​ថា បាន​ប្រើ​ប្រាស់ ការ​គំរាម​កំហែង​ឆ្លងដែន​លើ​អ្នក​មាន​និន្នាការ​ផ្ទុយ ឬ​ប្រឆាំង​នឹង​ខ្លួន ជាពិសេស​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដាក់​ពន្ធនាគារ​ផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ