អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ខណៈ​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​បន្ត​ដោះស្រាយ​ជម្លោះ​តាម​ការទូត

0
101
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា លោកសុខចិត្តឱ្យគេរិះគន់ថា ជាមេដឹកនាំ​កំសាក ជាជាងជ្រើសរើសសង្គ្រាម​ដោយបញ្ជាក់​ថា កម្ពុជានឹងប្រើមធ្យោបាយការទូត និងនីតិវិធី​ច្បាប់ ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ និង​ការពារ​ជីវិត​កងទ័ព និងប្រជាពលរដ្ឋ។ ប៉ុន្តែ  អ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅតុលាការអន្តរជាតិឱ្យបានឆាប់រហ័ស ប្រសិន​បើ​លោក ហ៊ុន ម៉ាណែត ពិតជាចង់ដោះស្រាយជម្លោះដោយសន្តិវិធីមែននោះ គឺមិនត្រូវអូសបន្លាយ​ពេលវេលា​ឱ្យយោធាថៃបន្តឈ្លានពានទឹកដីកម្ពុជាតាមតែអំពើចិត្តដូចរាល់ថ្ងៃនោះឡើយ។

ថ្លែង​ក្នុង​ពិធីចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជ្រើសរើស​ការដោះ​ស្រាយ​ដោយសន្តិវិធី មិនមែនមានន័យថាកម្ពុជាគេចវេះពីការប្រឈមមុខ ឬបោះបង់ការការពារ​ទឹកដី​នោះ​ទេ។ លោកថា ជីវិតរបស់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធមានតម្លៃហើយសង្គ្រាម​មិនមែនជាមធ្យោបាយសម្រាប់បញ្ចប់សង្គ្រាមនោះទេ។

«សម្រាប់កម្ពុជា ពីណាថាកំសាកក៏កំសាក តែយើងមិនទេ។ យើងដោះស្រាយ​ប្រឈម​ផ្ទាល់ មិនបានរត់ទេ ប៉ុន្តែយើងយកសមរភូមិការទូត សមរភូមិផ្លូវច្បាប់ដើម្បីដោះស្រាយ​សិន ព្រោះជីវិតប្រជាពលរដ្ឋថ្លៃ ជីវិតកងទ័ពថ្លៃព្រោះកងទ័ពយើង វីរកងទ័ព វីរនគរបាលជាតិ វីរអាវុធហត្ថ ច្បាំង​តស៊ូការពារទឹកដីហើយ»។

លោក ហ៊ុន ម៉ាណែត

បើទោះជារដ្ឋាភិបាលកម្ពុជាប្រកាសជ្រើសយកផ្លូវការទូតដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃក៏ដោយ ក្រុមយោធាថៃហាក់មិនសូវអើពើឡើយ ហើយពួកគេនៅតែបន្តធ្វើសកម្មភាពរំលោភ​បំពាន​ចូលបូរណភាពទឹកដីកម្ពុជាដដែលតាមរយៈការព័ទ្ធបន្លាលួស ដាក់ទូរកុងតឺន័រ សាងសង់ផ្លូវចូលដី​ខ្មែរ គ្រប់គ្រងតំបន់ប្រាសាទបុរាណខ្មែរ និងធ្វើរបងបេតុងជាឯកតោភាគីជាដើម។ ចំណែកខាង​ភាគី​រដ្ឋាភិបាលកម្ពុជា​វិញ គឺបានត្រឹមប្រកាសប្រឆាំងសកម្មភាពរបស់យោធាថៃ ឬធ្វើកំណត់ទូតជាដើម ប៉ុន្តែ​មិនចាត់វិធានការប្តឹងថៃទៅកាន់តុលាការអន្តរជាតិនោះឡើយ។

ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ​ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានរិះគន់ជំហររបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នេះ ដោយអះអាងថា ការតវ៉ា និងថ្កោលទោស​តាម​ផ្លូវការ​ទូត​តែមួយមុខ មិនគ្រប់គ្រាន់ដើម្បីទាមទារ​ទឹកដីត្រឡប់មកវិញ​នោះទេ។ លោកជំរុញឱ្យរដ្ឋាភិបាលពិចារណាប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ (ICC) និងយន្តការពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

លោក អ៊ុំ សំអាន ក៏បានអះអាងថា ថៃកំពុងគ្រប់គ្រងទីតាំងចំនួន៨៥ ដែលលោកចាត់ទុកថាជាទឹកដី​កម្ពុជា និងព្រមានថា ចំនួនទីតាំងទាំងនេះអាចកើនឡើងបន្ថែមទៀត។ លោកចាត់ទុកការ​មិនប្រើ​សិទ្ធិស្វ័យការពារ និងការមិនប្ដឹងថៃទៅតុលាការអន្តរជាតិថា ជាការបង្ហាញពីភាពទន់ខ្សោយ​ក្នុងការ​ការពារបូរណភាពទឹកដី។

«ដូច្នេះ គាត់ការពារអំណាចជាជាងការពារទឹកដី ទើបគាត់អត់ប្រើសិទ្ធិស្វ័យការពារ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់ថៃ មិនប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ ដើម្បីទាមទារទឹកដីមក​វិញ​នោះទេ គ្រាន់តែធ្វើនយោបាយប្រជាភិថុតិ ថា គាត់ដើរការទូត​គាត់តវ៉ា។ ហើយការដើរការទូត ហើយតវ៉ាមិនព្រមប្ដឹងថៃទៅកាន់តុលាការអន្តរជាតិនោះ វាមិនអាចទាមទារបានទឹកដី ៨៥ ទីតាំង​មកវិញនោះទេ»។

លោក អ៊ុំ សំអាន

លោក អំ សំអាន យល់ថា ជម្រើសរបស់លោក ហ៊ុន ម៉ាណែត នេះ ជាជម្រើសកាត់ដីខ្មែរទៅឱ្យថៃ ដើម្បីដូរយកសន្តិភាព និងអំណាច ព្រោះលោកថាបើសិនជាលោក ហ៊ុន ម៉ាណែត ប្រើសិទ្ធិស្វ័យ​ការពារជាមួយថៃ ពេលនោះសង្រ្គាមនឹងអាចផ្ទុះឡើង ហើយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បារម្ភខ្លាចថៃទម្លាក់គ្រួសារហ៊ុន​ពីអំណាច ។

ទន្ទឹមនឹងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយកកម្ពុជា លោក សេង វណ្ណលី ក៏បានរិះគន់ថា ជំហរ​របស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែននៅតែមានភាពទន់ជ្រាយ និងខ្វះ​តម្លាភាព។ លោកយល់ថា ការមិនចាត់វិធានការការទូតឱ្យបានម៉ឺងម៉ាត់ប្រឆំាង​ការឈ្លានពាន​របស់​ថៃនៅលើឆាកអន្តរជាតិ អាចធ្វើឱ្យថៃមានប្រៀបក្នុងការពង្រឹងការគ្រប់គ្រងទីតាំង​ដែលកំពុង​មាន​ជម្លោះ។

លោក សេង វណ្ណលី យល់ថា ការដែលរដ្ឋាភិបាលនៅតែរក្សាភាពស្ងៀមស្ងាត់ ហើយថែមទាំងមិន​ហ៊ានចាត់វិធានការ​ឆ្លើយតបឱ្យបានម៉ឺងម៉ាត់នៅចំពោះមុខសហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធ​ភាគី​ថៃ បានបង្កើតឱ្យមានមន្ទិលសង្ស័យអំពីសមត្ថភាព និងឆន្ទៈក្នុងការប្រឈមមុខជាមួយថៃ​ដោយផ្ទាល់។ លោកថា អាកប្បកិរិយាយឺតយ៉ាវ និងការគិតតែពីការទូតស្ងប់ស្ងាត់នេះ បានបើកដៃ​ឱ្យថៃមានប្រៀប និងបន្តពង្រឹងកាន់កាប់លើទីតាំងដីខ្មែរដោយគ្មានសម្ពាធ។

ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ការជ្រើសរើសមធ្យោបាយការទូត និងផ្លូវច្បាប់ គឺ​ដើម្បី​ស្វែងរកដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែអ្នកឃ្លាំមើលសង្គមផ្តោត​លើប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​នេះនិងតម្រូវឱ្យមានវិធានការផ្លូវច្បាប់បន្ថែម ដើម្បីការពារអធិបតេយ្យភាព និង​បូរណភាព​ទឹកដី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ