រដ្ឋបាល​ឃុំ​ដំបូក​ខ្ពស់ខេត្ត​កំពត​មិន​អនុញ្ញាត​ឱ្យ​កម្លាំងជាតិ​លើក​ស្លាក​បក្ស​នៅ​មុន​ការ​បោះឆ្នោត

0
88
ទីតាំងស្នើដំឡើងស្លាកគណបក្សកម្លាំងជាតិ នៅខេត្ត​កំពត។ រូប៖ លោក ព្រំ រត្ន័
ទីតាំងស្នើដំឡើងស្លាកគណបក្សកម្លាំងជាតិ នៅខេត្ត​កំពត។ រូប៖ លោក ព្រំ រត្ន័

រដ្ឋបាលឃុំដំបូកខ្ពស់ ខេត្តកំពត​មិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិ​លើកស្លាកគណបក្ស​នៅ​មុន​ការ​បោះឆ្នោត។ គណបក្សកម្លាំងជាតិ ចាត់ទុកការមិនអនុញ្ញាតនេះជាការ រើសអើងនិន្នាការនយោបាយ ក្នុងការ​លើកស្លាក​គណបក្ស​នៅ​មូលដ្ឋាន។

គណបក្សកម្លាំងជាតិខកចិត្តដែលមន្ត្រីមូលដ្ឋានមួយចំនួនអនុវត្តផ្ទុយពីច្បាប់ និងសេចក្តី​ប្រកាស​របស់​រដ្ឋាភិបាលក្នុងការលើកស្លាកគណបក្សនៅលើផ្លូវសាធារណៈ និងការយាយី រំខានមួយ​ចំនួន​ទៀត។

ការលើកឡើងនេះគឺបន្ទាប់ពីមេឃុំដំបូកខ្ពស់ លោក កឹម ភី កាលពីថ្ងៃទី៣០ តុលា បាន​បដិសេធ​សំណើ​សុំ​លើក​ស្លាករបស់គណបក្សកម្លាំងជាតិនៅចំណុចកែងផ្លូវសាធារណៈមួយកន្លែង​ស្ថិត​នៅ​ភូមិ​ដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ រដ្ឋបាល​ឃុំ​បាន​អះអាងក្រោមហេតុផលថា ការលើកស្លាកនេះ គឺដោយសារបាំងផ្លូវ ដែលនាំឲ្យមានគ្រោះថ្នាក់​ចរាចរណ៍កើតឡើង​ជាយថាហេតុ​។

តំណាងគណបក្សកម្លាំងជាតិ​ខេត្ត​កំពត និងជាអនុប្រធានយុវជន​ថ្នាក់​ជាតិ លោក ព្រំ រ័ត្ន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​បដិសេធ​របស់​រដ្ឋបាល​ឃុំនេះ ជារឿងមិនសមហេតុផលទាល់តែសោះ ដោយសារ​ត្រង់ចំណុចដែលគណបក្សបានស្នើសុំនោះ លោកបានចុះទៅពិនិត្យផ្ទាល់ មិន​មាន​ការបាំងផ្លូវដូចការលើកឡើងឡើយ។ លោកថា នៅទីតាំងដែលគណបក្សស្នើសុំលើកស្លាកនោះ ក៏មាន​ស្លាក​របស់​គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច និងគណបក្ស​ប្រជាធិបតេយ្យជឿនលឿនបានលើកនៅក្បែរនោះផងដែរ។ លោកលើកឡើងថា រដ្ឋបាលឃុំ រើសអើងនិន្នាការនយោបាយជាពិសេសមកលើគណបក្សកម្លាំងជាតិ។

លោក ព្រំ រ័ត្ន ថា ក្រៅពីឃុំដំបូកខ្ពស់ កាលពីពេលថ្មីៗនេះ រដ្ឋបាលឃុំដើមដូង ស្រុកអង្គរជ័យ បានចេញលិខិតរដ្ឋបាលមួយឲ្យគណបក្សកម្លាំងជាតិរុះរើស្លាករបស់ខ្លួនដែលទើបនឹងសាងសង់រួច ចេញវិញ ដោយលើកហេតុផលថា ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។ លោក​ថា ទីតាំងទាំងនោះ​មិនបានប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនោះទេ ហើយពេលសាងសង់ អាជ្ញាធរឃុំ និងស្រុក​ក៏​បាន​ចុះមកពិនិត្យមើលផ្ទាល់ផងដែរ។ លោកថា មន្ត្រីមូលដ្ឋាន ទាំងនោះ​កំពុងអនុវត្តផ្ទុយពី សជណ លេខ៤១១០ របស់ក្រសួងមហាផ្ទៃដែលចុះកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២៦ ដោយ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា ក្នុងការបង្កលក្ខណ:ងាយស្រួលជូនដល់គណបក្សនយោបាយ។

ក្រៅពីនេះ លោក ព្រំ រ័ត្ន ក៏បានលើកឡើងទៀតថា អាជ្ញាធរ ភូមិឃុំ​មួយ​ចំនួន​ទៀត តែ​បង្ក​ការរំខានដល់​គណបក្ស​កម្លាំងជាតិ និងការបំភិតបំភ័យតាមគ្រប់រូបភាព​ដល់ម្ចាស់ទីតាំង​មួយចំនួន​ទៀត​ដែល​គណបក្សកម្លាំងជាតិបានស្នើសុំលើកស្លាក ក្នុង​បំណង​មិនឲ្យម្ចាស់ទីតាំង​ទាំងនោះ​អនុញ្ញាត​ឲ្យគណបក្សសាងសង់ ឬលើកស្លាកបានឡើយ។

លោកទទូចឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងរដ្ឋាភិបាល ពិនិត្យមើលការអនុវត្ត​របស់​មន្ត្រីមូលដ្ឋាន ដែលបានបង្កលក្ខណៈរើសអើង រឹតត្បិតដល់សកម្មភាព​នយោបាយរបស់​គណបក្ស​ប្រឆាំង។

«ហើយគណបក្សនយោបាយរបស់យើងក៏បានដាក់ពាក្យស្នើសុំទីតាំង ដើម្បី​លើក​ឱ្យ​ស្របទៅនឹងអ្វីដែលជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ។ ប៉ុន្តែដោយឡែកការអនុវត្ត​ជាក់ស្តែង​នៅមូលដ្ឋានឃុំ-សង្កាត់ នៅពេលដែលយើងជូនដំណឹងលើកផ្លាកនៅទីតាំងណាមួយ គាត់ច្រើនតែយកហេតុផលនេះ ហេតុផលនោះ ដោយបដិសេធមិនឱ្យគណបក្សកម្លាំងជាតិ​លើកស្លាក។ ប៉ុន្តែដោយឡែកដែលខ្ញុំសង្កេតមើលឃើញគណបក្សកាន់អំណាចអាចលើកបាន គណបក្សផ្សេងៗទៀតដែលគេថា គេជាគណបក្សប្រជាធិបតេយ្យដែរហ្នឹងឃើញគេលើកបានដែរ។ តែដោយឡែកផ្ទុយទៅវិញ គណបក្សកម្លាំងជាតិដូចជាមានអឺកម្រិតចង្អៀតបន្តិចនៅក្នុងការលើក។ មិនមែនគ្រប់ឃុំ-សង្កាត់សុទ្ធតែអញ្ចឹងទាំងអស់ទេ ប៉ុន្តែខ្ញុំសង្កេតមើលភាគច្រើន​ឱ្យតែយើង​ស្នើនៅ​ទីតាំងសាធារណៈ យើងមានភាពចង្អៀតជាងគណបក្សនយោបាយផ្សេងៗ»។

លោក ព្រំ រ័ត្ន

កាលពីថ្ងៃទី៣០ ខែមិថុនា អាជ្ញាធរសង្កាត់ និងខណ្ឌកំបូលជាច្រើននាក់ ក៏ធ្លាប់បានហាមឃាត់ សកម្មជនគណបក្សកម្លាំងជាតិ មិនឱ្យលើកស្លាកគណបក្សនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ ដោយលើកហេតុផលថា គណបក្សកម្លាំងជាតិ មិនបានសុំការអនុញ្ញាតលើកស្លាកពីរដ្ឋបាលរាជធានីភ្នំពេញ ទោះបីពួកគេបានដាក់លិខិត​ជូន​ដំណឹងត្រឹមត្រូវតាមច្បាប់ទៅសាលាសង្កាត់កំបូល ហើយរដ្ឋបាលសង្កាត់​បានទទួលរួចហើយក៏​ដោយ។

កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញលិខិតណែនាំដល់អភិបាលរាជធានី-ខេត្ត និងអាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យបង្កលក្ខណៈ​ងាយស្រួល និងបង្កើតបរិយាកាសអំណោយផល​ដល់បណ្តាគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨។ ពាក់ព័ន្ធការលើកស្លាក លោក ស សុខា បញ្ជាក់ថា គណបក្ស​នយោបាយ​នីមួយៗ គ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅរដ្ឋបាលឃុំសង្កាត់ អំពីការលើកស្លាក​សញ្ញា​គណបក្សតែប៉ុណ្ណោះ ដោយមិនតម្រូវឱ្យសុំការអនុញ្ញាតជាមុន ពីរដ្ឋបាលឃុំ​សង្កាត់​ឡើយ លើកលែង​តែការលើកស្លាកសញ្ញាគណបក្សនៅតាមទីសាធារណៈ ទីប្រជុំជន ឬ តាមដងផ្លូវនានា ទើបត្រូវស្នើសុំទៅអាជ្ញាធរមូលដ្ឋាន។

ប្រធាន​សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា មានតែគណបក្ស​មួយចំនួនដែលបំបែកចេញពីគណបក្សសង្គ្រោះជាតិដែលត្រូវរដ្ឋាភិបាលរំលាយចោលប៉ុណ្ណោះ ដែលហាក់រងការរឹតត្បិត និងតឹងតែងក្នុងការអនុវត្តការងារនយោបាយរបស់ខ្លួន។ លោកទទូចឲ្យ​ក្រសួងមហាផ្ទៃពិនិត្យមើលលើស្មារតីនៃការណែនាំរបស់ខ្លួនឡើងវិញ និងការអនុវត្តផ្ទាល់របស់មន្ត្រី​មូលដ្ឋាន​ដែលបានហាមឃាត់គណបក្សប្រឆាំងមួយចំនួនមិនឲ្យលើកស្លាក។

«ខ្ញុំមានតែទទូចស្នើទៅក្រសួងមហាផ្ទៃ សូមឱ្យក្រសួងមហាផ្ទៃហ្នឹង​ធ្វើការត្រួត​ពិនិត្យ​អំពីស្មារតីនៃលិខិតណែនាំរបស់ខ្លួន នៅសជណរបស់ខ្លួនហ្នឹង ថាតើ សជណ ហ្នឹងបាន​ឆ្លុះ​បញ្ចាំងយ៉ាងម៉េច ហើយការអនុវត្តជាក់ស្តែងហ្នឹងវាឆ្លុះបញ្ចាំងទៅនឹងស្មារតី​នៃសជណហ្នឹងអត់? ណាស់នៃអឺគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃហ្នឹងអត់? ហើយក្រសួងមហាផ្ទៃគួរ​តែមាន​ចាត់វិធានការឱ្យបានលឿនទាន់ពេលវេលា ដើម្បីធ្វើម៉េចសម្របសម្រួលឱ្យគណបក្ស​នយោបាយ​នីមួយៗអាចធ្វើសកម្មភាពបាន ឱ្យមានលក្ខណៈអឺតម្លាភាព ឲ្យស្មើភាពគ្នានៅមុនពេលបោះឆ្នោត​មកដល់ ចៀសវាងកុំឱ្យមានការចោទប្រកាន់អំពីអឺបញ្ហាគណបក្ស ការប្រកួតប្រជែងហ្នឹងមិន​ស្មើ​ភាព​បាទ»។

 លោក នី សុខា

ក្រៅពីគណបក្សកម្លាំងជាតិ កន្លងមក អាជ្ញាធរក៏ធ្លាប់បានរារាំងសកម្មភាពលើកស្លាក​របស់គណបក្ស​ឆន្ទៈខ្មែរផងដែរ ដោយមិនឲ្យគណបក្សទាំងនោះលើកស្លាកបានឲ្យងាយស្រួលឡើយ។ ភាគច្រើន​មន្ត្រីអាជ្ញាធរចុះហាមឃាត់ ឬបង្កការលំបាកក្នុងការស្នើសុំឯកសារ ឬបញ្ជាឲ្យរុះរើស្លាកចេញវិញ​បន្ទាប់​ពីសាងសង់រួចផងដែរ។ មន្ត្រីគណបក្សទាំងនោះយល់ថា អាជ្ញាធរអនុវត្តច្បាប់មិនស្មើភាពគ្នា រឹតត្បិតសេរីភាពនយោបាយ ចំពោះគណបក្សជំទាស់ដែលមានសំឡេងផ្ទុយរដ្ឋាភិបាល។

មន្ត្រីគណបក្សនយោបាយ និងសង្គមស៊ីវិល ស្នើសុំឲ្យមន្ត្រីមូលដ្ឋានបញ្ឈប់បង្កការលំបាក​ដល់​គណបក្ស​ជំទាស់ បើកលំហសេរីភាពនយោបាយឲ្យគណបក្សទាំងអស់ចូលរួមដោយស្មើភាពគ្នា និងអនុវត្តឲ្យមានតម្លាភាព ដើម្បីកុំឲ្យរងការរិះគន់ចំពោះការបោះឆ្នោតខាងមុខថា មិនយុត្តិធម៌ និងត្រឹមត្រូវ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ