អ្នក​វិភាគ​ថា រដ្ឋាភិបាល​​គួរ​តែ​​​ពន្យល់​​​​​​ពី​​ការ​ពិត​នៃ​វិបត្តិសេដ្ឋកិច្ច​​​​ជា​ជាង​​បកស្រាយ​​​យក​រួច​ខ្លួន

0
111
លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ​ចុះ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់ ពី​ស្ថាន​ភាព​រស់​នៅ​របស់​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ​ចុះ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់ ពី​ស្ថាន​ភាព​រស់​នៅ​របស់​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

អ្នក​វិភាគ​ថា រដ្ឋាភិបាល​​គួរ​តែ​​​ពន្យល់​​​​​​ពី​​ការ​ពិត​នៃ​​​ហានិភ័យ​​​​សេដ្ឋកិច្ច​​​​ដែល​កំពុង​កើត​ឡើង​​​ដើម្បី​​ឱ្យ​​ពលរដ្ឋ​បាន​​​ដឹង និង​បាន​​ត្រៀម​ខ្លួន​​ ​ជា​ជាង​​​​ព្យាយាម​បកស្រាយ​​​យក​រួច​ខ្លួន។ ការ​លើក​ឡើង​នេះ​​ ក្រោយ​ពី​​​មាន​​​​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ រួម​នឹង​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផង​​បាន​បន្ត​​អួត​អាង​ពី​​កំណើន​​​សេដ្ឋកិច្ច​​​​​​​ ​​ហើយ​ពេល​ខ្លះ​​​ទៀត​​​​អះអាង​​ថា​​ ​​​បញ្ហា​​​​សេដ្ឋកិច្ច​​​​​​​​​​​ គឺ​ជា​វិបត្តិ​សាកល​​​​ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ ស្រប​​ពេល​ដែល​ពលរដ្ឋ​​​​ជា​​ច្រើន​​កំពុង​​​​ប្រឈម​​​​​បញ្ហា​​អត់​ការងារ​ធ្វើ​ តម្លៃ​ប្រេង​សាំង​​ឡើង​ថ្លៃ​​​​​ ហើយ​​​​ជំពាក់​បំណុល​ធនាគារ​ ក៏​​កាន់​តែ​​កើន​​ឡើង​ខ្ពស់។

អ្នក​វិភាគ​​សង្កេត​ឃើញ​ថា​​ ជាង​១​ឆ្នាំ​មក​នេះ​ បំណុល​វ័ណ្ឌក ឬ​វិបត្តិ​បំណុល​លើសលប់​របស់​ពលរដ្ឋ​ខ្មែរ​​ ​​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក និង​ជា​បញ្ហា​សង្គម-សេដ្ឋកិច្ច​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​​​​ការ​កើន​ឡើង​នៃ​បំណុល​គ្រួសារ​បាន​បន្សល់​ទុក​នូវ​ផល​ប៉ះពាល់​​​​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ផ្លូវចិត្ត និង​ស្ថិរភាព​សង្គម។ ​​ពួក​គាត់​​ថា​ សេដ្ឋកិច្ច​​​​កម្ពុជា​ បាន​បន្ត​ដាំ​ក្បាល​​ចុះ​ ពុំ​មែន​​​​​​​​​ព្រោះ​​​​​​​វិបត្តិ​សាកល​​​​​​​​​តែ​ប៉ុណ្ណោះ​ទេ​​​ ​​គឺ​ដោយ​​​​​សារ​​​​​​​បញ្ហា​​​​​​​​​​​​ផ្ទៃ​ក្នុង​​​​ ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ ​​​​​​​​អំពើ​ពុករលួយ​ វិបត្តិ​​នីតិរដ្ឋ ​និង​​​​ការ​​រំលោភ​សិទ្ធិមនុស្ស​​ ជា​ដើម​ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត​ តែ​គេចវេះ​មិន​ទទួល​​ស្គាល់​ការ​​ពិត​​ ដើម្បី​រក្សា​លំនឹង​អំណាច។

អ្នកស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា​​ ​​​​​​បច្ចុប្បន្ន​នេះ​​​បណ្ដា​ប្រទេស​មួយ​ចំនួន​​ ដូច​ជា​​ម៉ាឡេស៊ី សិង្ហបុរី និង​ប្រទេស​ថៃ ជាដើម នៅ​ពេល​ស្ថាន​ភាព​សេដ្ឋកិច្ច​ពិភព​លោក​ ​​ប្រែ​​​ប្រួល​ ​​​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ គេ​តែងតែ​ប្រាប់​​​​ពលរដ្ឋ​គេ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រៀម​លក្ខណៈ​​ មួយ​ចំនួន​។ ទន្ទឹម​គ្នា​នោះ​លោក​ថា​ រដ្ឋាភិបាល​របស់​គេ​តែងតែ​ព្យាយាម​រក​ដំណោះស្រាយ​ ជូន​ពលរដ្ឋ​ ​ប្រកប​ដោយ​តម្លាភាព​​​ ក៏ប៉ុន្តែ​ លោក​ថា​ សម្រាប់​កម្ពុជា​​ ហាក់​ពុំសូវ​បាន​ឮ​​រដ្ឋាភិបាល​​​​​​​​​​បក​ស្រាយ​ពី​ហានិភ័យ​ទាំង​នោះ​​​​ឱ្យ​ពលរដ្ឋ​​បាន​ដឹង​នោះ​​​ទេ​​ ក្រៅ​តែ​ពី​ការ​​​បកស្រាយ​ការពារ​ខ្លួន។

លោក​បន្ត​ថា​ ទោះ​បី​ជា​មាន​ការ​បកស្រាយ​ផ្សេង​ៗ​គ្នា ដើម្បី​ការពារ ​​ខ្លួន​​​​​ពី​សំណាក់​រដ្ឋាភិបាល​ក៏​ដោយ​​​ ​លោក​​សង្កេត​ឃើញ​​ថា សេដ្ឋកិច្ច​នៅ​​ក្នុង​​ស្រុក​​​កំពុង​មាន​ហានិភ័យ​​​​ខ្ពស់។ ករណី​នេះ ​​លោក​ថា​ក្រៅ​ពី​ការ​​​បក​ស្រាយ​​ ​​​រដ្ឋាភិបាល​​ត្រូវ​មាន​កាតព្វកិច្ច ពន្យល់​ការ​ពិត​ជូន​ដល់​ពលរដ្ឋ ​ដើម្បី​​​​​​បាន​​ត្រៀម​​​​ការពារ​​ខ្លួន​ពី​ ផល​ប៉ះពាល់​​ទាំង​​​នោះ​ ជា​ជាង ​​គ្រាន់​តែ​​ឃោសនា ប្រជាភិថុតិ។

« ​នៅ​ប្រទេស​សិង្ហបុរី ប្រសិន​បើ​មាន​បញ្ហា​អ្វី​មិន​ស្រួល​ក្នុង​ពិភព​លោក ច្រើន​តែ​នាយករដ្ឋមន្ត្រី​គេ​ចេញ​មក​ប្រកាស​ថា​​ ឥឡូវ ពិភព​លោក​កំពុង​តែ​វិលវល់​នៅ​ក្នុង​រឿង​នេះ​ អ៊ីចឹង​ ពលរដ្ឋ​សិង្ហបុរី​ត្រូវ​ត្រៀម​លក្ខណៈ​រួច​ស្រេច​ដើម្បី​ប្រឈម ទៅ​នឹង​បញ្ហា​​ហ្នឹង​ ហើយ​រដ្ឋ​ត្រូវ​​ធ្វើអ្វី ពលរដ្ឋ​ត្រូវ​ធ្វើ​អី​​​នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​ហ្នឹង។ ប៉ុន្តែ​នៅ​ស្រុក​យើង​ជា​វប្បធម៌​ យើង​ពុំ​សូវ​ឮ​ការ​ប្រស្រ័យ​ទាក់ទង​គ្នា​រវាង​រាស្ត្រ​និង​រដ្ឋ​ទៅ​លើ​បញ្ហា​ទេ​។ តែងតែ​ឮ​ថា​រដ្ឋ​​ចេះ​តែ​ថា​មិន​អីៗ ប៉ុន្តែ​នៅ​ខាង​ក្រោម​ចេះ​តែ​បន្ត​ពិបាក»។

បណ្ឌិត មាស នី

របាយការណ៍​របស់​មូលនិធិ​រូបិយ​វត្ថុអន្តរជាតិ (IMF) ស្ដីពី​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ២០២៦ បាន​លើក​ឡើង​ដោយ​ផ្ទាល់​ថា ការ​ខូចខាត​កេរ្តិ៍ឈ្មោះ​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​តាម​អនឡាញ កំពុង​ក្លាយ​ជា​កត្តា​​សំខាន់​មួយ​ដែល​ដាក់​សម្ពាធ​លើ​វិស័យ​ទេសចរណ៍ ការ​វិនិយោគ និង​ទំនុក​ចិត្ត​លើ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា។ នេះ​បង្ហាញ​ថា បញ្ហា​ឧក្រិដ្ឋកម្ម​មិន​មែន​គ្រាន់​តែ​ជា​បញ្ហា​សន្តិសុខ​សង្គម​ទេ ប៉ុន្តែ​ជា​បញ្ហា​ម៉ាក្រូ​សេដ្ឋកិច្ច​ដែល​ត្រូវ​ការ​ដំណោះស្រាយ​ជា​បន្ទាន់។

កន្លង​ទៅ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ​ដូច​ជា ធនាគារ​ពិភព​លោក និង​មូលនិធិរូបិយវត្ថុអន្តរជាតិ IMF) ធ្លាប់​បាន​​ព្យាករណ៍​​​​ថា​ ​​​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ និង​សម្ពាធ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ ​​កំពុង​បន្ត​បង្ក​ការ​លំបាក​ដល់​ជីវភាព​រស់​នៅ​របស់​​​​​ពលរដ្ឋ និង​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម។ បញ្ហា​ទាំង​នោះ​ ត្រូវ​បាន​គេ​​វាយ​តម្លៃ​បាន​​តាមរយៈ​ វិបត្តិ​វិស័យ​អចលនទ្រព្យ និង​សំណង់ បញ្ហា​បំណុល​គ្រួសារ​​​ និង​ភាព​រង​គ្រោះ​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ ​និង​​​សេដ្ឋកិច្ច​​​​សកល ​​ជាដើម។​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​ដែល​ធ្លាប់​ជា​ក្បាល​​​​ម៉ាស៊ីន​សេដ្ឋកិច្ច​​​ដ៏​មាន​​ឥទ្ធិពល​​បំផុត​មួយ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​បាត​តារាង​​ ​​ព្រោះ​​តម្រូវ​ការ​ទិញ​ខុនដូ​បុរី និង​ដីធ្លី​បាន​ធ្លាក់​ចុះ​ជា​ខ្លាំង​ ខណៈ​ដែល​គម្រោង​សំណង់​ជា​ច្រើន​ត្រូវ​បាន​ផ្អាក ឬ​ពន្យារ​ពេល។ ជាមួយ​គ្នា​​នោះ​គេ​ឃើញ​ថា​ បញ្ហា​បំណុល​វ័ណ្ឌក​​កំពុង​កើន​ឡើង​​​ ព្រោះ​​ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ និង​អ្នក​ទិញ​ផ្ទះ/ដី​ជា​ច្រើន​កំពុង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​សង​ប្រាក់​កម្ចី​ធនាគារ ដែល​បង្ក​ជា​សម្ពាធ​ដល់​ប្រព័ន្ធ​​ធនាគារ​​ និង​មីក្រូហិរញ្ញវត្ថុ​​។

ទន្ទឹម​គ្នា​នោះ​ ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​គ្រួសារ​បាន​ធ្លាក់​ក្នុង​ស្ថានភាព​មាន​បំណុល​វ័ណ្ឌក​ព្រោះ​គ្មាន​ការ​ងារ​ធ្វើ​សមរម្យ​​ និង​ស្ថិតស្ថេរ​​ ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ​​ចាប់​តាំង​ពី​​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩​មក​ ប្រាក់​ចំណូល​របស់​​​ពលរដ្ឋ​បាន​ធ្លាក់​ចុះ ប៉ុន្តែ​​​កាតព្វកិច្ច​សង​បំណុល​ធនាគារ​​ ​ទាំង​​ប្រាក់ដើម និង​ការ​ប្រាក់​​ នៅ​តែ​បន្ត​​​​​ដដែល​។

អ្នក​ឃ្លាំមើល​ថា​​សម្ពាធ​នេះ​បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​​​​ កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​បរិភោគ និង​សេវាកម្ម​ផ្សេងៗ ដែល​ធ្វើ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​ ក្នុង​ស្រុក​ធ្លាក់​​ចុះ។

បន្ថែម​ពី​លើ​នេះ​ ​​​គេ​ឃើញ​ថា​ ​​គម្លាត​រវាង​ប្រាក់​ចំណូល និង​ការ​ចំណាយ​​របស់​ពលរដ្ឋ​ខ្មែរ​​ មាន​គម្លាត​​​​ឆ្ងាយ​​ពី​គ្នា​​ ព្រោះ​ចំណាយ​ច្រើន​ជាង​ចំណូល​ ​​ទៅ​លើ​​​​​​​​​​​​​ការ​ហូប​ចុក ​​ការ​​អប់រំ​ និង​សុខភាព ​ប្រចាំ ​ថ្ងៃ​ជា​ដើម។​ រឹត​​តែ​ធ្ងន់ធ្ងរ​ជាង​នោះ​គឺ​ គេ​ឃើញ​ថា​​ ​ពលរដ្ឋ​​ខ្មែរ​​​ជា​ច្រើន​​ ​បាន​​​ខ្ចី​បំណុល​ថ្មី​មក​សង​បំណុល​ចាស់ ​នៅ​ពេល​គ្មាន​សមត្ថភាព​បង់​សង​រំលោះ​ប្រចាំ​ខែ​ ​។​ ​

ក្រៅ​ពី​នេះ​ ​អ្នក​វិភាគ​មើល​ឃើញ​ថា​​ សេដ្ឋកិច្ច​កម្ពុជា​បាន​​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ទី​ផ្សារ​អន្តរជាតិ ដូច​ជា​​​អាមេរិក សហភាព​អឺរ៉ុប និង​ចិន ក៏​ប៉ុន្តែ​ ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​ខាង​ក្រៅ ដោយ​សារ​តែ​​ ​​សេដ្ឋកិច្ច​សកល​​​ប្រែប្រួល​ បាន​ធ្វើ​ឱ្យ​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ​​ដូច​ជា​​វិស័យ​កាត់ដេរ ស្បែក​ជើង​ និង​ផលិត​ផល​ធ្វើ​ដំណើរ​​ បាន​​ថយ​ចុះ​​យ៉ាង​កំហក​។​ ទន្ទឹម​គ្នា​នោះ​​ ​​ភាព​មិន​ច្បាស់​លាស់​នៃ​ជំនួយ និង​អនុគ្រោះ​ពាណិជ្ជកម្ម ដូច​ជា​​ ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​ការបាត់បង់ ​​​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ខ្លះ ​​​ដូចជា​​EBA ​របស់​សហភាព​អឺរ៉ុប​​ជាដើម​ ​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​សេដ្ឋកិច្ច​កម្ពុជា​​​​ដែរ​​។​

​ទោះ​ជា​យ៉ាងណា​ ​ កាល​​​​​ពី​​ចុង​ខែ​តុលា​​ ​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា​ ថ្វីត្បិត​តែ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ប្រឈម​ជា​មួយ​នឹង​បញ្ហា​ភូមិ​សាស្ត្រ ​​​វិបត្តិ​សេដ្ឋកិច្ច​​សាកល​ និង​​​​​បញ្ហា​សង្គ្រាម​នៅ​តាម​​​ព្រំដែន​ កម្ពុជា​-ថៃ​​ក្ដី​ លោក​ប្ដេជ្ញា​ចិត្ត​ថា​​ ​កម្ពុជា​នឹង​បន្ត​​​ដោះស្រាយ​​​​បញ្ហា ប្រកប​ដោយ​ភាព​​ទន់​​​​​​​។ ​​បន្ថែម​ពី​​នោះ​ លោក​​​​អួតអាង​ និង​ប្រកាស​ធានា​ថា ​រដ្ឋាភិបាល​​របស់​លោក មិន​ទុក​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​​​ស្លាប់​នោះ​ទេ គឺ​តែងតែ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ពលរដ្ឋ​ជា​និច្ច។​ ​​​លោក​បញ្ជាក់​​ថា​ ទី​ណា​​​មាន​​ ពលរដ្ឋ​ជួប​​​ទុក្ខ​​លំបាក​ ​គឺ​តែង​តែ​​​​​មាន​​​​​​​វត្ត​មាន​​រដ្ឋាភិបាល ​ចាំ​ជួយ​ ជា​និច្ច​ ដោយ​លោក​​លើក​ឧទាហរណ៍​​ដូច​ជា​ករណី​ ពលរដ្ឋ​រង​​គ្រោះ​ដោយ​សារ​តែ​​ទឹកជំនន់ និង​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​ជា​ដើម​ ​​។​​

​ «ប៉ុន្តែ​យើង​ថា​ចង់​ឲ្យ​ឧទាហរណ៍​ជាក់ស្តែង​គឺ​ក្នុង​កាលៈទេសៈដែល​លំបាក​បំផុត​យើង​អាច​ចាត់​ទុក​ថា​ជា​ការ​លំបាក​មួយ​ដែល​ យើង​មិន​បាន​ប្រឈម​នៅ​ពេល​រយៈ​ជាង​៣០ឆ្នាំ​គឺ​សង្គ្រាម​កម្រិត​នេះ​ជ្រៅ​ដល់​ក្នុង​ដី​បែប​នេះ​ រវាង​ប្រទេស​និង​ប្រទេស​ពី​មុន​យើង​មាន​សង្គ្រាម​​ផ្ទៃ​ក្នុង​​ តែ​ឥឡូវ​រវាង​ប្រទេស​និង​ប្រទេស​ទឹក​ជំនន់​ ស្ថានភាព​សេដ្ឋកិច្ច​ ​​បិទ​ព្រំដែន​​រយៈ​ពេល​វែង តែ​យើង​អាច​ធ្វើ​​​តស៊ូ​ទៀត​បាន​។​​ ខ្ញុំ​ក៏​សូម​អរគុណ​ជា​ថ្មី​ចំពោះ​ភាព​រឹងប៉ឹង​របស់​ប្រជាពលរដ្ឋ​យើង និង​ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​​របស់​យើង លំបាក​តែ​មិន​ស្លាប់​ហើយ​យើង​ក៏​មិន​បោះបង់ ក្រោយ​ពី​ការ​លំបាក​ងើប​ឈរ​ឡើង​វិញ»។​

លោក ហ៊ុន ម៉ាណែត

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ ​ពី​​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា ​បាន​ទេ​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​។ ​

ទោះ​ជា​យ៉ាង​ណា​អ្នក​ឃ្លាំ​មើល​ឡើង​ថា​ការ​ថ្លែង​របស់​លោក​​ ហ៊ុន ម៉ាណែត គ្រាន់​តែ​ជា​វោហារសាស្ត្រ​ប្រជាភិថុតិ​ប៉ុណ្ណោះ ​ហើយ​ថា​ការ​ដោះស្រាយ​បញ្ហា​ជាតិ​ពិត​ប្រាកដ គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ដោយ​មិន​ត្រឹម​តែ​និយាយ​ជា​សារ​នយោបាយ ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​​​ពី​ពលរដ្ឋ​នោះ​ទេ។

ជាមួយ​គ្នា​នោះ​​ ​​​ពួក​គាត់​ថា​​ ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ អំពើ​ពុករលួយ​​​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស គឺ​ជា​បញ្ហា​ប្រឈម​​ដ៏​ធំ​​​​ដែល​​​បង្ក​ផល​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​​​យ៉ាង​​ធ្ងន់ធ្ងរ​​នា​ពេល​បច្ចុប្បន្ន​ ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ពលរដ្ឋ​ឡើង​វិញ។ ពួក​គាត់​ថា​ ​​​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​គួរ​​បន្ត​ប្រើ​វោហារសាស្ត្រ​នយោបាយ​បោកប្រាស់​​​​ពលរដ្ឋ ​​ដោយ​គ្មាន​ភាព​អៀនខ្មាស​ ​បែប​នេះ​ឡើយ​ ​ខណៈ​ដែល​នៅ​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បន្ត​ធ្វើ​ដំណើរ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​សារ​តែ​ជំពាក់​បំណុល​វ័ណ្ឌក និង​មិន​អាច​រក​ការងារ​នៅ​ក្នុង​ស្រុក​ដែល​មាន​ចំណូល​សមរម្យ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ