មន្ត្រី​យោធា​ថា ទាហាន​ជាច្រើន​នាក់​បាន​ស្លាប់​ដោយ​គ្មាន​បញ្ជាក់​មូលហេតុ​ត្រឹមត្រូវ​ក្រោយ​ផ្អាក​សង្គ្រាម​តាមព្រំដែន

0
3
ទិដ្ឋភាពទាហានខ្មែរ​ដែលរងរបួសដោយសារថៃគប់គ្រាប់បែក លើដីខ្មែរ ពេលទាហានខ្មែរកំពុងដើរល្បាត កាលពីថ្ងៃទី៥ កក្កដា ២០២៦។ រូប៖ ផ្ដល់ឱ្យ
ទិដ្ឋភាពទាហានខ្មែរ​ដែលរងរបួសដោយសារថៃគប់គ្រាប់បែក លើដីខ្មែរ ពេលទាហានខ្មែរកំពុងដើរល្បាត កាលពីថ្ងៃទី៥ កក្កដា ២០២៦។ រូប៖ ផ្ដល់ឱ្យ

ទាហានខ្មែរ​ដែល​កំពុងឈរជើងនៅជួរមុខតាមព្រំដែនថៃ បានអះអាងថា ក្រោយផ្អាកសង្គ្រាមអស់រយៈពេលជិតមួយឆ្នាំមកនេះ មានទាហានខ្មែរជាច្រើននាក់ បានស្លាប់ជាបន្តបន្ទាប់ ដោយសារ​ជំងឺ​គ្រោះថ្នាក់ចរាចរណ៍ និង​ឧបទ្ទវហេតុ​ក្នុង​ពេល​បំពេញ​បេសកកម្ម​ជាដើម។ ក្នុងនោះទាហានមួយចំនួនខ្មែរ​បាន​បញ្ជាក់​ថា ករណីស្លាប់របស់យោធិនខ្លះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម ដោយ​មិនមែន​ជា​ឧបទ្ទវហេតុ ឬ​គ្រោះថ្នាក់​ក្នុង​ការងារ​នោះ​ឡើយ ក៏ប៉ុន្តែករណីនេះត្រូវបានថ្នាក់លើបញ្ជាឱ្យបិទសំណុំរឿង និងធ្វើកំណត់ហេតុ​ដោយ​បំភ្លៃ​ការ​ពិត។

សង្គ្រាម​នៅ​តាម​ព្រំដែន​ថៃ បាន​បញ្ចប់​អស់រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែដំណឹងពីការស្លាប់របស់ទាហានជួរមុខ នៅតែ​មាន​ជា​បន្តបន្ទាប់។ ក៏ប៉ុន្តែករណីស្លាប់នេះ មិនមែន​សុទ្ធតែ​កើត​ឡើង​ដោយសារ​ជំងឺ ឬភាពជរាទាំងអស់នោះឡើយ ដោយករណីភាគច្រើនបណ្ដាលមកពីឧបទ្ទវហេតុ និងករណីខ្លះទៀតត្រូវបានគេអះអាងថា កើតឡើងដោយសារការវាយប្រហារ ដែលពាក់ព័ន្ធនឹងករណី​ឃាតកម្ម និង​វិបល្លាស​ផ្លូវចិត្ត​របស់​ទាហាន​ជួរ​មុខ​ជាដើម។

ទាហានខ្មែរ​ម្នាក់ ដែល​កំពុង​ឈរ​ជើង​នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា នៅ​អង្គភាព​របស់​លោក​មាន​ករណី​ទាហាន​ស្លាប់​ដោយ​គ្មាន​ភាព​ច្បាស់លាស់​ចំនួន ៣​ករណី​មក​ហើយ ចាប់តាំងពីមានបទឈប់បាញ់កាលពីចុងឆ្នាំ ២០២៥​មក។ លោក​បាន​បញ្ជាក់​ថា ទាហាន​ដែល​បាន​ពលី​ទាំង​នេះ មាន ១ករណី​ត្រូវភ្លើងឆេះស្លាប់នៅទិសប្រាសាទ​តាក្របី និង២​ករណី​ទៀត បាន​ស្លាប់​ដោយសារ​ការបាញ់ប្រហារ​ដោយ​កាំភ្លើង។ ក៏ប៉ុន្តែ​លោក​បន្ត​ថា ករណី​ទាំងនេះ មិន​ត្រូវ​បាន​អង្គភាព​បើក​ការស៊ើប​អង្កេត​នោះ​ឡើយ ដោយមេបញ្ជាការនៅថ្នាក់លើបានបញ្ជាឱ្យបិទសំណុំរឿងនេះភ្លាមៗ និងបានធ្វើរបាយការណ៍​ថា វីរជន​ដែល​បាន​ពលីទាំងនេះ បានស្លាប់ដោយសារខ្យល់គ និង​រាលកៃកាំភ្លើងបាញ់សម្លាប់ខ្លួនឯងទៅវិញ។

«រឿងហ្នឹងវាមានការលាក់បាំង។ ទាហានដែលបញ្ជូនទៅជួរមុខសុទ្ធតែឆ្លងកាត់ការ​បណ្ដុះបណ្ដាលច្បាស់លាស់ពីការប្រើប្រាស់អាវុធ វាមិនអាចទៅរួចទេដែលផ្ទុះអាវុធ ដែលរាលកៃ​ខ្លួនឯង​ហ្នឹងបាញ់ចំក្បាលខ្លួនឯង វាមិនអាចទៅរួចទេ អាវុធពេលមានសង្គ្រាមបាញ់សឹងមិនចង់​ចេញ​ផងហ្នឹង។ ហើយរបាយការណ៍គេបញ្ជូនទៅថ្នាក់លើគេដាក់ថា គ្រោះថ្នាក់ក្នុងពេលបំពេញ​បេសកកម្ម ដល់ពេលអញ្ចឹងទៅវាអត់ច្បាស់លាស់ទេ»។

ទាហានជួរមុខ

ផ្អែកតាមការប្រកាសរបស់អង្គភាពយោធានៅតាមតំបន់ ដែលទូរទស្សន៍អាស៊ីសេរីបានកត់ត្រាទុក បានបង្ហាញថា គិតត្រឹមដើមខែវិច្ឆិកា នេះ យ៉ាងហោចណាស់មានទាហានចំនួន ៥០នាក់ បានស្លាប់​នៅក្រោយការផ្អាកសង្គ្រាមតាមព្រំដែនថៃ។ ទាហាន​ទាំង​នោះ ត្រូវ​បាន​អង្គភាព​រាយការណ៍​ថា បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រោះថ្នាក់​ចរាចរណ៍ និងជួបឧបទ្ទវហេតុក្នុងពេលបំពេញការងារ។

ក៏ប៉ុន្តែ បើតាមការផ្ទៀងផ្ទាត់របស់ទូរទស្សន៍អាស៊ីសេរី ដែល​បាន​សម្ភាសជាមួយទាហាននៅតាមព្រំដែន បានរកឃើញថា នៅក្នុងករណីស្លាប់ទាំងអស់នេះ យ៉ាងហោចណាស់មានទាហានចំនួន ៨រូប​បាន​ពលីដោយគ្មានការបញ្ជាក់ពីមូលហេតុត្រឹមត្រូវ និងមានការបំភ្លៃនៅក្នុងរបាយការណ៍ ដែលអង្គភាពនៅតាមតំបន់បានប្រកាស។ ករណីទាំងនោះ រួមមាន ទាហានត្រូវភ្លើងឆេះស្លាប់នៅទិសប្រាសាទតាក្របី ចំនួន១ករណី ករណីទាហានកាន់គ្រាប់បែកដៃធ្វើអត្តឃាតនៅតំបន់មុំបី ចំនួន១ករណី ករណីទាហានបោកគ្រាប់បែកដៃ បណ្ដាលបណ្ដាលឱ្យទាហានបីនាក់ស្លាប់នៅតំបន់មុំបី ចំនួន១ករណី និងករណីទាហានចង.ក ធ្វើអត្តឃាតនៅទិសប្រាសាទព្រះវិហារ ចំនួន១ករណី។

កាន់តែធ្ងន់ធ្ងរជាងនេះ មានករណីទាហានពលីចំនួន ៤ករណីផ្សេងទៀត បានកើតឡើង​នៅតំបន់​ព្រំដែន​ខេត្តឧត្តរមានជ័យ ព្រះវិហារ និងបាត់ដំបង ត្រូវបានទាហានជួរមុខអះអាងថា បង្កឡើង​ដោយសារការវាយប្រហារ​ដោយ​កាំភ្លើង។ ទាហាននៅជួរមុខបន្តថា ករណីទាំងនេះ​ត្រូវ​បាន​មេបញ្ជាការភូមិភាគបិទសំណុំរឿង និង​ប្រកាស​ថា ពួកគេបានរាលកៃបាញ់ខ្លួនឯង និង​ជា​ឧបទ្ទវហេតុ​ទៅវិញ។

ទាហាននៅជួរមុខបានរៀបរាប់ថា ក្រៅពីស្លាប់ដោយអាថ៌កំបាំង​ហើយនោះក៏នៅមានករណីទាហានស្លាប់ដោយសារសម្ពាធការងារធ្ងន់ធ្ងរ និងជំងឺដែលគ្មានការសង្គ្រោះឱ្យបានទាន់ពេលទៀតផង។ ពួកគាត់បញ្ជាក់ថា ទាហានទាំងនោះ ខ្លះមានអាយុនៅក្មេងៗនៅឡើយ ដោយកាលពីចុះបេសកកម្ម ពួកគាត់មានស្មារតី និងសុខភាពល្អជាធម្មតា ក៏ប៉ុន្តែក្រោយមកពួកគាត់បានស្លាប់មួយរំពេច ដែលពួកគាត់បាន​ពិពណ៌នា​ថា ដូច​យមបាល​មកយកទៅទាំងរស់។ ក្នុងនោះមានទាហានមួយចំនួន បានស្លាប់​ដោយសារ​ការដឹកជញ្ជូនស្បៀង គ្មានជំនួយផ្នែកសម្ភារៈពីថ្នាក់លើ បណ្ដាលឱ្យពួកគាត់ជួបគ្រោះថ្នាក់ និងធ្លាក់ពីលើភ្នំ។

ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងមេបញ្ជាការនៅតាមយោធភូមិភាគ និងតំបន់ ដើម្បីសុំការផ្ទៀងផ្ទាត់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣ ខែវិច្ឆិកា។

ពាក់ព័ន្ធរឿងនេះ នាយទាហានម្នាក់ប្រចាំការនៅកងពលធំអន្តរាគមន៍លេខ៣ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ករណីទាហានដែលបានពលី ធ្វើអត្តឃាត ឬស្លាប់ដោយសារការបាញ់ដោយកាំភ្លើងនេះ ត្រូវបានថ្នាក់លើដាក់បញ្ជាឱ្យធ្វើកំណត់ហេតុ និងដាក់បញ្ចូលទៅក្នុងរបាយការណ៍ថា ពួកគេ​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់ក្នុង​ពេល​បំពេញ​បេសកកម្ម។ លោកបន្តថា ការផ្លាស់ប្ដូរអង្គហេតុ​របស់​ទាហាន​ដែលបានពលីនេះ គឺដោយសារថ្នាក់លើមានបំណងបញ្ចៀសការចោទប្រកាន់ និងការពារកុំឱ្យមានភាពចលាចលនៅក្នុងជួរកងទ័ព។

ទោះជាបែបនេះក្ដី ប្រធានក្រុមប្រឹក្សាឃ្លាមើលកម្ពុជា លោក ម៉ែន ណាត ស្នើឱ្យមានការស៊ើបអង្កេតច្បាស់លាស់ពីសំណាក់ស្ថាប័នមានសមត្ថកិច្ច និងកងឯកភាពពាក់ព័ន្ធ ដើម្បីផ្តល់ភាពយុត្តិធម៌ និងបំភ្លឺការពិតជូនគ្រួសារទាហានដែលបានពលី និងសាធារណជន ឱ្យបានដឹងរឿងនេះ។ លោកបន្តថា ករណីនេះនឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងជំនាញរបស់កងទ័ព។ លោកបារម្ភថា បញ្ហានេះនឹងបង្កើតឱ្យមានអសន្តិសុខ ភាពជ្រួលច្របល់ និងការបាត់បង់ទំនុកចិត្តពីមជ្ឈដ្ឋានប្រជាពលរដ្ឋចំពោះវិស័យយោធា។

«ពួកមេដឹកនាំមិនថាមេដឹកនាំក្រសួងការពារជាតិទេ សុទ្ធតែពួកកំសាក ពីព្រោះពួកអស់ហ្នឹងអត់មានសមត្ថភាពជាក់លាក់នៅក្នុងការដឹកនាំស្រុកទេ ព្រោះអ្នកអស់ហ្នឹងជាមនុស្សដែលឡើងតាមជើងខោ ឡើងតាមការផ្ទេរអំណាចពីឪពុកទៅកូន ពីមីងទៅក្មួយ ពីសាច់ញាតិសាច់ញាតិអញ្ចឹង។ ក្នុងរឿងនេះយើងគិតទៅគិតមកទៅវាអស្ថិរភាព​សម្រាប់ជាតិយើងហ្នឹង»។

លោក ម៉ែន ណាត

អនុក្រឹត្យស្តីពីរបបឧបត្ថម្ភចំពោះយោធិនពលី បង្កស្លាប់ និងបាត់ខ្លួន របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០០៩ បានកំណត់ឧបត្ថម្ភចំពោះគ្រួសារយោធិន ដែលបានស្លាប់ដោយទទួលបាន ៩ខែ នៃប្រាក់បៀវត្សសរុបចុងក្រោយ ហើយអង្គភាពនឹងទទួលបន្ទុករៀបចំបុណ្យបូជា ឬបញ្ចុះសព។ ក្រៅពីនេះ រដ្ឋាភិបាលបានផ្ដល់អាទិភាពជូន សាច់ញាតិបង្កើតចំនួន ១ រូប របស់យោធិនពលី ឱ្យទទួលបានក្របខ័ណ្ឌការងាររដ្ឋ នៅក្នុងកងទ័ព ឬនគរបាលជាតិ ដើម្បីបន្តវេន និងជួយទំនុកបម្រុងគ្រួសារបន្ថែមទៀត។

ទោះជាបែបនេះក្ដី ទាហានដែលកំពុងឈរជើងនៅជួរមុខ បានលើកឡើងដូចៗគ្នាថា ប្រាក់ឧបត្ថម្ភទាំងនេះ វាមិនស្មើនឹងការចំណាយចូលហាងផឹកស៊ីមួយយប់ របស់មេទាហាន និងកូនចៅអ្នកធំ ដែលឡើងតាមសែស្រឡាយនោះឡើយ។ ពួកគាត់លើកឡើងថា នៅពេលលាប្រពន្ធកូន និងសាច់ញាតិ ឡើងឡាន ឬធ្វើដំណើរចេញពីផ្ទះទៅកាន់សមរភូមិនោះ ពួកគាត់បានស្ម័គ្រចិត្តពលីនៅក្នុងសមរភូមិ ដោយគ្មានការភ័យខ្លាចនោះឡើយ ប៉ុន្តែពួកគាត់ក៏មិនចង់ស្លាប់ដោយផុយៗ ដូចយមបាលមកយកទៅទាំងរស់ និងគ្មានការស៊ើបអង្កេតបែបនេះនោះដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ