ប្រមុខ​ការទូត​ថៃ​បដិសេធ​ចរចា​ព្រំដែន​គោក​ជាមួយ​កម្ពុជា​នៅ​ចំពោះ​មុខ​ប្រមុខ​ការទូត​ចិន​ជា​អាជ្ញាកណ្ដាល

0
28
(ពីឆ្វេង) ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ក្នុង​អំឡុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ-ឡាន​ឆាង លើក​ទី​១១ នៅ​រដ្ឋធានី​ប៉េកាំង (Beijing) កាលពី​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ស្ថានទូតចិននៅប្រទេសថៃ
(ពីឆ្វេង) ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ក្នុង​អំឡុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ-ឡាន​ឆាង លើក​ទី​១១ នៅ​រដ្ឋធានី​ប៉េកាំង (Beijing) កាលពី​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ស្ថានទូតចិននៅប្រទេសថៃ

ប្រមុខ​ការទូត​ថៃ​បាន​លើកឡើង​នៅ​ចំពោះមុខ​ប្រមុខ​ការទូត​របស់​ចិន​ថា ភាគី​ថៃ​មិន​អាច​ចូល​តុ​ចរចា ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​បាន​នោះឡើយ​ដោយសារតែ​ត​បញ្ហា​នេះ មាន​ជាប់ពាក់ព័ន្ធ​នឹង​ជម្លោះ​ការទូត។ កិច្ច​ពិភាក្សា​ត្រី​ភាគី ជា​លក្ខណៈ​ក្រៅ​ក្រៅផ្លូវការ​នេះ ធ្វើឡើង​ក្នុង​អំឡុងពេល​ដែល​ប្រមុខ​ការទូត​កម្ពុជា និង​ថៃ ​បាន​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-ឡានឆាង លើក​ទី​១១ នៅ​ប្រទេស​ចិន ហើយ​ត្រូវ​ប្រមុខ​ការទូត​ចិន អញ្ជើញ​ឱ្យ​មក​ជួប​ពិភាក្សា​គ្នា។

នៅក្នុង​អំឡុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ-ឡាន​ឆាង លើក​ទី​១១ នៅ​រដ្ឋធានី​ប៉េកាំង (Beijing) កាលពី​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា លោក វ៉ាង យី (Wang Yi) ដែល​ជា​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​អញ្ជើញ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ឱ្យ​មក​អង្គុយ​ពិសារ​តែ ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ និង​ជម្លោះ​ក្នុង​តំបន់។

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ស្ថានទូត​ចិន ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា នៅក្នុង​កិច្ច​ប្រជុំ​នេះ​ប្រទេស​ចិន​បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ធ្វើជា​អ្នក​សម្របសម្រួល និង​ផ្តល់​ទីកន្លែង​សម្រាប់​ការ​ចរចា​ប្រសិនបើ​ភាគី​កម្ពុជា និង​ថៃ​ត្រូវការ។ ក៏ប៉ុន្តែ​លោក ស៊ីហាសាក់ បាន​បដិសេធ​នៅ​ចំពោះ​ប្រមុខ​ការទូត​ចិន​ថា កិច្ច​ចរចា​រវាង​កម្ពុជា និង​ថៃ ជាពិសេស​បញ្ហា​ជម្លោះ​ដែន​សមុទ្រ គឺ​មិន​អាច​ធ្វើឡើង​នៅ​ពេលនេះ​បាន​ទេ ដោយ​វិវាទ​នេះ​ត្រូវ​ការ​ដោះស្រាយ​ទៅ​តាម​ដំណាក់កាល។ លោក​ ស៊ីហាសាក់ បាន​បញ្ជាក់​ថា ការ​បដិសេធ​របស់​ភាគី​ថៃ​នេះ គឺ​ដោយសារតែ​ភាគី​កម្ពុជា បាន​នាំយក​ជម្លោះ​ដែន​សមុទ្រ​ទៅ​ដោះស្រាយ​តាម​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ របស់​ UNCLOS ដោយ​ជំនួស​ឱ្យ​កិច្ច​ចរចា​ទ្វេ​ភាគី ដែល​ភាគី​ថៃ​បាន​ស្នើឡើង។

ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​ជម្លោះ​ដែន​គោក​វិញ ប្រមុខ​ការទូត​ថៃ​រូប​នេះ បាន​លើកឡើង​ថា ការ​ដោះស្រាយ​វិវាទ​ព្រំដែន​គោក គឺ​អាស្រ័យ​លើ​វិធានការ​សន្តិសុខ​នៅ​តាម​ព្រំដែន និង​ស្ថានភាព​ជម្លោះ​ការទូត ដែល​ភាគី​ទាំង​ពីរ​កំពុង​បន្ត​វាយប្រហារ​គ្នា ទាំង​នៅលើ​វេទិកា​អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ក្រឡេក​មក​មើល​ភាគី​កម្ពុជា​វិញ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​មួយ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា នេះ ដោយ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​មេគង្គ-ឡានឆាង លើក​ទី​១១ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន។ ក្នុង​នោះ​ក្រសួង​ការបរទេស បាន​រំលេច​អំពី​លទ្ធផល​នៃ​ជំនួប​ក្រៅ​ផ្លូវការ​ជា​លក្ខណៈ​ត្រី​ភាគី​នេះ​ថា ភាគី​ទាំង​បី​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ប្រកបដោយ​ការ​ស្ថាបនា និង​មិត្តភាព អំពី​កិច្ច​សហប្រតិបត្តិការ ការ​ថែរក្សា​ស្ថិរភាព​ក្នុង​តំបន់ និង​ការ​លើកកម្ពស់​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណលី យល់ឃើញ​ថា ការ​បដិសេធ​ចរចា​របស់​ភាគី​ថៃ នៅក្នុង​ក្របខ័ណ្ឌ​តំបន់​នេះ គឺ​ជា​យុទ្ធសាស្ត្រ​ការទូត​ចាស់​គំរឹល ដែល​បង្ហាញ​ពី​ការ​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ក្នុង​មាន​ជា​ប្រទេស​ជិតខាង។ លោក​បន្ត​ថា ការណ៍​ដែល​ចិន​ស្នើ​ខ្លួន​ធ្វើជា​អាជ្ញា​កណ្ដាល ជួយ​សម្របសម្រួល​ឱ្យ​កម្ពុជា និង​ថៃ​នេះ មិន​មែន​ធ្វើឡើង​ដោយ​ស្មារតី​សប្បុរសធម៌​សុទ្ធសាធ​នោះ​ឡើយ ប៉ុន្តែ​វា​ជា​ការ​គណនា​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​យ៉ាង​ស៊ីជម្រៅ ខណៈ​ចិន​ខ្លួនឯង​មាន​បំណង​បង្ហាញ​ខ្លួន​ជា​មហា​អំណាច​ទទួលខុសត្រូវ​ក្នុង​តំបន់ ដើម្បី​ពង្រឹង​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ាន និង​ការពារ​រចនាសម្ព័ន្ធ​ផ្លូវ​ពាណិជ្ជកម្ម និង​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) របស់​ខ្លួន កុំ​ឱ្យ​រអាក់រអួល​ដោយសារ​ជម្លោះ​ទ្វេ​ភាគី។

«ជា​រួម យន្ត​ការ​ត្រី​ភាគី ឬ​ការ​ជ្រោមជ្រែង​ពី​មហា​អំណាច​ខាង​ក្រៅ​ដូចជា​ចិន ឬ​អាមេរិក អាច​ជួយ​បាន​ត្រឹមតែ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​មួយ​គ្រា​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​ជំនួស​ឱ្យ​ដំណោះស្រាយ​ស្ថាពរ​បាន​ឡើយ។ សន្តិភាព និង​ការ​ខណ្ឌ​សីមា​ព្រំដែន​ដ៏​ត្រឹមត្រូវ អាច​សម្រេច​ទៅ​បាន លុះត្រាតែ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ថៃ​ត្រូវ​បោះបង់ចោល​នូវ​វារៈ​នយោបាយ​ផ្ទៃក្នុង ព្រមទាំង​វិលត្រឡប់​មក​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ចរចា​ទ្វេ​ភាគី​ដោយ​ស្មោះត្រង់ ផ្អែក​លើ​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា​ប្រវត្តិសាស្ត្រ ​និង​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ (ICJ) ដោយ​គ្មាន​លក្ខខណ្ឌ​បង្កប់»។

លោក សេង វណ្ណលី

លោក សេង វណ្ណលី បន្ត​ថា ការ​គ្រប់គ្រង​ស្ថានការណ៍​មិន​ឱ្យ​កម្ពុជា និង​ថៃ ផ្ទុះ​ជម្លោះ​ធ្ងន់ធ្ងរ នឹង​អាច​ជួយ​ឱ្យ​ចិន​រក្សា​បាន​នូវ​អាទិភាព​សេដ្ឋកិច្ច និង​រារាំង ពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​មហា​អំណាច​លោក​ខាង​លិច ប៉ុន្តែ​វា​ក៏​អាច​បង្កើត​ឱ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ពឹងផ្អែក​ខ្លាំង​ពេក​លើ​ចិន​ក្នុង​ការ​សម្រេច​ជោគ​វាសនា​តំបន់​ផងដែរ។

យ៉ាងណា​ក៏ដោយ​ចុះ​ចាប់​តាំងពី​កម្ពុជា និង​ថៃ​មាន​ជម្លោះ​ព្រំដែន​ជាមួយគ្នា​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​នេះ គេ​សង្កេតឃើញ​ថា ប្រទេស​ចិន​ហាក់បាន​ព្យាយាម​រក្សា​តុល្យភាព​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ទោះបីជា​កន្លង​មក មេ​ដឹកនាំ​កម្ពុជា នៃ​គ្រួសារ​ត្រកូល​ហ៊ុន បាន​រាប់អាន​ប្រទេស​ចិន​គឺជា​មិត្ត​ដែក​ថែប ក្នុង​នោះ​ប្រទេស​ចិន ធ្លាប់​បាន​ចេញមុខ​ធានា​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា​ទៀតផង។

ទោះជា​យ៉ាង​នេះ​ក្ដី គេ​សង្កេតឃើញ​ថា ទំនាក់​ដែក​ថែប​រវាង​មេដឹកនាំ​កម្ពុជា ជាមួយ​ប្រទេស​ចិន​នេះ គឺ​គ្រាន់តែ​ជា​មិត្តភាព​បែប​ហុត​ទឹក​សម្លឹង​កាក ប៉ុណ្ណោះ ព្រោះ​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា ទទួល​រង​ការ​ឈ្លានពាន​ពីសំណាក់​យោធា​ថៃ​នោះ ប្រទេស​ចិន​មិន​បាន​ចេញ​មក​អន្តរាគមន៍​ឱ្យ​បាន​ខ្លាំងក្លា​នោះ​ឡើយ ហើយ​សូម្បីតែ​អាវុធ​ធុន​ធ្ងន់​ប្រឆាំង​ដែន​អាកាស ដែល​កម្ពុជា​បាន​ទិញ​មកពី​ប្រទេស​ចិន​នោះ ក៏​ភាគី​កម្ពុជា មិន​បាន​យក​មក​ប្រើ​ការ​នោះ​ដែរ។

យ៉ាងណា​ក៏ដោយ​ចុះ​ក្រោយ​ពី​មាន​បទ​ឈប់​បាញ់ និង​ផ្អាក​សង្គ្រាម​មក គេ​នៅតែ​សង្កេតឃើញ​ថា មេដឹកនាំ​ចិន ​ក៏​នៅតែ​រក្សា​តុល្យភាព ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ​ដដែល។

ជាក់ស្ដែង​ក្នុង​អំឡុង​ចូលរួម​សន្និសីទ​ពិភពលោក​ស្តីពី​បញ្ញា​សិប្បនិម្មិត នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​ខែ​កក្កដា ដែល​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​កម្ពុជា លោក​ ហ៊ុន ម៉ាណែត និង​មេដឹកនាំ​ថៃ លោក អនុទីន ចាន់វីរៈគុល នោះ មេដឹកនាំ​ចិន លោក​ ស៊ី ជីនពីង(Xi Jinping) បាន​ប្រាប់​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​មិន​ឱ្យ​ប្រើ​អាវុធ​ចិន ដើម្បី​ធ្វើ​សង្គ្រាម​ជាមួយគ្នា​នោះឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ