ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្ដេជ្ញា​ធ្វើ​ការ​ជាមួយ​កម្ពុជា​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ និង​មេខ្លោង​នៅ​ពី​ក្រោយ

0
16
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ជួបឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) កាលពីថ្ងៃទី១៣ វិច្ឆិកា​ ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ជួបឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) កាលពីថ្ងៃទី១៣ វិច្ឆិកា​ ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

សហរដ្ឋ​អាមេរិក​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ឥតងាករេ​ក្នុង​កិច្ច​សហការ​ជាមួយ​កម្ពុជា ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​តាម​រក​មេខ្លោង​នៅ​ពី​ក្រោយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំង​នេះ។ ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) បញ្ជាក់​ថា បេសកកម្ម​របស់​លោក​គឺ​ផ្ដោត​សំខាន់​លើ​ការ​ការពារ​សុវត្ថិភាព និង​ការ​ខាតបង់​ប្រាក់​របស់​ពលរដ្ឋ​អាមេរិក​ដែល​រងគ្រោះ​ដោយសារ​ក្រុម​ឆបោក​តាម​អនឡាញ។

មុន​ជំនួប​ទ្វេភាគី​ជា​លើក​ដំបូង​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) នៅ​ថ្ងៃ​ទី១៣ ខែវិច្ឆិកា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ បង្ហាញ​ពី​ការ​ប្ដេជ្ញា​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​បន្ត​ធ្វើ​ការ​ជាមួយ​កម្ពុជា ដើម្បី​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ និង​ស្វែងរក​មេខ្លោង​នៅ​ពីក្រោយ​ឧក្រិដ្ឋកម្ម​នេះ ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា សហរដ្ឋអាមេរិក និង​ជុំវិញ​ពិភពលោក។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​ថា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ក៏​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ការ​វិនិយោគ សេដ្ឋកិច្ច និង​សន្តិសុខ​ក្នុង​តំបន់។

នៅ​រសៀល​ថ្ងៃទី១៣ ខែវិច្ឆិកា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ក៏​បាន​ជួប​ទ្វេភាគី​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។

ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន បាន​បង្ហាញ​ជំនឿ​ថា រដ្ឋាភិបាល​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត នឹង​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ឱ្យ​បាន​ទាំង​ស្រុង។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ឧក្រិដ្ឋកម្ម​តាម​អនឡាញ​ជា​បញ្ហា​សកល ហើយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​នេះ ទាមទារ​ឱ្យ​មាន​កិច្ច​សហការ​ពី​គ្រប់​ភាគី។

ជា​ការ​ឆ្លើយតប លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បាន​ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កន្លង​មក និង​ជំរុញ​ឱ្យ​កម្ពុជា​បើក​ទូលាយ​បន្ថែម​ទៀត​ចំពោះ​អាជីវកម្ម និង​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក។

ជុំវិញ​ជំនួប​នេះ ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​បន្ថែម​ថា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បាន​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន ដោយ​ផ្ដោត​សំខាន់​លើ​ការ​បន្ត​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ព្រម​ទាំង​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​រួម។

មេ​ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ឱកាស​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច តាមរយៈ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​អាមេរិក​ផង​ដែរ។ ស្ថាន​ទូត​អាមេរិក​លើកឡើង​ថា ហិរញ្ញប្បទាន​ចំនួន ១០០លាន​ដុល្លារ​អាមេរិក​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក (DFC) សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ គឺជា​សក្ខីភាព​បង្ហាញ​ពី​សក្ដានុពល​នៃ​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ជិតស្និទ្ធ និង​តួនាទី​របស់​សហរដ្ឋអាមេរិក​ក្នុង​នាម​ជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា ជំនួប​រវាង លោក ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី មិនមែន​គ្រាន់តែ​ជា​ជំនួប​ពង្រឹង​ទំនាក់ទំនង​ការ​ទូត និង​សេដ្ឋកិច្ច​ធម្មតា​នោះ​ទេ។ លោក​ថា ជំនួប​នេះ​បង្ហាញ​ពី​សម្ពាធ​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​មេដឹកនាំ​ត្រកូល ហ៊ុន  ឱ្យ​ចាត់​វិធានការ​កាន់​តែ​ខ្លាំង​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​តាម​ចាប់​ខ្លួន​មេខ្លោង​ដែល​នៅ​ពី​ក្រោយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំង​នេះ។

លោក គឹម សុខ ពន្យល់​ថា ការ​ថ្លែង​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​ដែល​ទាមទារ​ឱ្យ​កម្ពុជា​បើក​លំហ​បន្ថែម​ទៀត​នោះ​ក៏​ជា​ការ​ដាក់​សម្ពាធ​ឱ្យ​លោក ហ៊ុន សែន ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។

«សារ​របស់​ទូត​ថ្មី​អាមេរិក​នេះ​ក៏​ជា​ការ​ព្រមាន​ដែរ​ថា ប្រសិនបើ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន មិន​ស្ដារ​ប្រជាធិបតេយ្យ នៅ​តែ​បំពាន​សិទ្ធិ​មនុស្ស នៅ​តែ​មិន​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ នៅ​តែ​មិន​នាំ​យក​ឧក្រិដ្ឋជន​ដែល​ជា​មេ​បណ្ដាញ​ធំៗ​ឱ្យ​ទៅ​ប្រឈម​មុខ​ច្បាប់ ហើយ​នៅ​តែ​អនុវត្ត​ច្បាប់​ដោយ​មិន​ធានា​យុត្តិធម៌ នោះ​អាមេរិកាំង​មិន​ដាក់​ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​បន្ត​ទៀត​ទេ ឬ​ក៏​អាច​មាន​ទណ្ឌកម្ម​កម្រិត​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បន្តិច​ផង ប្រសិន​បើ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន នៅ​តែ​មានះ​មិន​ព្រម​ធ្វើ​តាម​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ និង​សហរដ្ឋអាមេរិក»។

លោក គឹម សុខ

មុន​ពេល​មក​ដល់​កម្ពុជា និង​ចូល​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បាន​ប្រកាស​ប្ដេជ្ញា និង​សន្យា​ចំពោះ មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​ថា ការ​កម្ទេច​បណ្ដាញ​ឆបោក​នៅ​កម្ពុជា គឺ​ជា​អាទិភាព​សំខាន់​មួយ​នៃ​បេសកកម្ម​របស់​លោក ព្រោះ​បណ្ដាញ​ឆបោក​ទាំង​នេះ​បាន​ប្លន់​លុយ​ពី​ពលរដ្ឋ​អាមេរិក​អស់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ក្រុម​មេដឹកនាំ​នៃ​រដ្ឋាភិបាល​ត្រកូល ហ៊ុន រង​ការ​រិះគន់​ថា បាន​ព្យាយាម​កាង​ការពារ​ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​នៅ​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ បន្តិច​ម្ដងៗ​បញ្ហា​ឆបោក​តាម​អនឡាញ ក៏​បាន​ក្លាយ​ជា​វិបត្តិ​ញាំញី​បំផ្លាញ​ប្រជាជាតិ​ខ្មែរ និង​ធ្វើ​ឱ្យ​ពិភពលោក​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ​បណ្ដាញ​ឧក្រិដ្ឋជន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​ជា​មជ្ឈមណ្ឌល​សម្រាប់​ប្រតិបត្តិការ​ឆបោក​មនុស្ស​ជុំវិញ​ពិភពលោក។ បណ្ដាញ​ឧក្រិដ្ឋជន​ទាំង​នេះ​ប្រើប្រាស់​កាស៊ីណូ និង​អគារ​អាជីវកម្ម​នានា​នៅ​កម្ពុជា ធ្វើ​ជា​មូលដ្ឋាន​មជ្ឈមណ្ឌល​ឆបោក​ជនរងគ្រោះ​តាមរយៈ​ការ​បោកប្រាស់​ក្នុង​ទម្រង់​វិនិយោគ​ក្លែងក្លាយ ការ​ឆបោក​ស្នេហា និង​តាម​រូបិយប័ណ្ណ​គ្រីបតូ ជាដើម។ សហរដ្ឋអាមេរិក និង​ស្ថាប័ន​ជំនាញ​ក៏​បាន​រក​ឃើញ​ថា ក្រុម​បណ្ដាញ​ឆបោក​ដែល​ភាគច្រើន​ជា​ឧក្រិដ្ឋជន​គឺ​មាន​ខ្នង​បង្អែក​ដ៏​រឹងមាំ​ពី​រដ្ឋ​អំណាច​នៃ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ព្រម​ទាំង​ផ្សារភ្ជាប់​យ៉ាង​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​អំពើ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស ដោយ​មាន​ជនរងគ្រោះ​ចម្រុះ​ជាតិ​សាសន៍​នៅ​ជុំវិញ​ពិភព​លោក រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ផង​ត្រូវ​បាន​គេ​បោក​បញ្ឆោត​រួច​បង្ខាំង និង​បង្ខំ​ឱ្យ​ធ្វើ​សកម្មភាព​ឆបោក​តាម​អនឡាញ​ក្រោម​រូបភាព​ការ​ធ្វើ​ទារុណកម្ម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ។

របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ២០២៦ ក្រសួង​ការបរទេស​អាមេរិក​បាន​ដាក់​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​ទី៣ (Tier 3) ដែល​មាន​ន័យ​ថា ស្ថានភាព​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​មាន​លក្ខណៈ​អាក្រក់។ អាមេរិក​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ខ្វះ​ឆន្ទៈ​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​បញ្ហា​ជួញដូរ​មនុស្ស និង​មិន​បាន​ចាត់​វិធានការ​លើ​អ្នក​មាន​អំណាច និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ដែល​ទទួល​ផល​ប្រយោជន៍​ពី​អំពើ​ជួញដូរ​មនុស្ស និង​ពាក់ព័ន្ធ​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ឆបោក ដើម្បី​យក​មក​អនុវត្ត​ទោស​តាម​ច្បាប់​ឡើយ។ សហរដ្ឋអាមេរិក​សង្កត់ធ្ងន់​ថា បញ្ហា​អំពើ​ពុករលួយ និង​ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព​បាន​ធ្វើ​ឱ្យ​មន្ត្រី និង​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន​នៅ​តែ​បន្ត​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់ ហើយ​ពួកគេ​នៅ​តែ​អាច​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ និង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ