ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាមរយៈ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស «នៅតែ​ជា​ជម្រើស​ដ៏​សំខាន់ ជាង​ការ​ចរចា​ទ្វេ​ភាគី»

0
9
អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី។ RFA
អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី។ RFA

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង ចាត់ទុក​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​ថៃ តាមរយៈ​យន្តការ​នៃ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ នៅតែ​ជា​ជម្រើស​ដ៏​សំខាន់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាង​ការប្រើ​យន្តការ ចរចា​ទ្វេភាគី​។ ពួកគាត់​ថា ការ​ដោះស្រាយ​តាម​យន្ត​ការចរចា​ទ្វេភាគី​កម្ពុជា អាច​ពិបាក ទទួល​បាន​ទឹកដី​ដែល​ថៃ​កំពុងតែ​កាន់កាប់​នោះ​មក​វិញ។

ថ្វី​ត្បិត​ថា​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» ហាក់​ពុំ​សូវ​ឱ្យ​តម្លៃ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយនឹង​ប្រទេស​ថៃ​ក្ដី អ្នកវិភាគ ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង ចាត់ទុក​យន្តការ​មួយ​នេះ នៅតែ​ជា​ជម្រើស​អាទិភាព ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ថ្មីៗ​នេះ ពួកគាត់​បាន​រិះគន់​យ៉ាង​ខ្លាំង​ថា ការ​ដែល​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត យក​ការចរចា​ទ្វេភាគី​ជាមួយ​ថៃ ជា​ជម្រើស​អាទិភាព គឺ​កម្ពុជា​គ្មាន​ផល​ចំណេញ​នោះ​ទេ ព្រោះ​ថៃ​ពុំ​បានឱ្យ​តម្លៃ​កម្ពុជា ហើយ​ថែមទាំង បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា​យ៉ាង​គឃ្លើន​ស្ទើរ​រាល់ថ្ងៃ ដោយ​គ្មាន​ខ្លាច​កម្ពុជា​នោះ​ឡើយ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២១ ខែ​មេសា​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន រវាង​កម្ពុជា​-​ថៃ​តាមរយៈ​យន្តការ​ទ្វេភាគី លោក​ពុំដែល​គិតថា​ជា​យន្តការ ដែល​អាច​នាំ​ឱ្យ​កម្ពុជា​ចំណេញ​នោះ​ទេ។ លោក​ចាត់ទុក​យន្តការ​នេះ​មានតែ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់ ទាំង​ពេលវេលា និង​ទឹកដី ព្រោះ​ភាគី​ថៃ ពុំ​បានឱ្យ​តម្លៃ កម្ពុជា​នោះ​ឡើយ​។ លោក​បន្ត​ថា ជម្រើស​ដែល​កម្ពុជា​អាច​មាន​ប្រៀប​បាន នៅ​ពេល​នេះ​គឺ ការ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការ​ស្នើ​ទៅកាន់​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​កោះ​ប្រជុំ​បន្ទាន់​ដើម្បី​រក​ដំណោះស្រាយ។

បណ្ឌិត មាស នី៖ «អ្វី​ដែល​យើង​នៅ​រំពឹង​បាន​នោះ​គឺ​មានតែ​ការទូត ឬក៏​ការ​តស៊ូ​មតិ និង​ការ​ប្ដឹងផ្ដល់​ផ្សេងៗ​ទៅកាន់​អន្តរជាតិ​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​។ ឥឡូវ​យើង​មើលឃើញ​ថៃ​នៅតែ​រំខាន​យើង​។ ថ្មីៗ​នេះ​បាត់​ទង់ជាតិ​ខ្លួនឯង​សោះ​មក ចោទ​ថា កម្ពុជា​អ្នក​លួច ដែល​មិនទាន់​បញ្ចប់​នៅឡើយ ដែល​នេះ​ជា​ការ​មើលងាយ​។​អ៊ីចឹង​ការចរចា បើ​យើង​នៅតែ​ពឹង​សង្ឃឹមលើ​ការចរចា​ទ្វេភាគី​ខ្ញុំ​គិតថា​នឹង​មិន​បាន​ផល​នោះ​ទេ»។

លោក​បណ្ឌិត មាស នី បន្ត​ថា ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិនទាន់​ស្លាប់​នោះ​ទេ អ្វី​ដែល​សំខាន់​ថា​តើ រដ្ឋាភិបាល​កម្ពុជា មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​យក​បញ្ហា​ព្រំដែន​នេះ ទៅ​ដោះស្រាយ​ឬក៏​អត់​។ លោក​បញ្ជាក់​ថា ដោះស្រាយ​ដែល​ភាគី​ថៃ​ចង់បាន គឺ​តាមរយៈ​ការ​បង្ក​សង្គ្រាម ជាមួយ​កម្ពុជា​ម្ដងទៀត ព្រោះ កាលណា​បើ​បង្ក​សង្គ្រាម​ភាគី​ថៃ រំពឹង​ថា នឹង​ទទួល​បាន​ផល​ចំណេញ លើ​ការ​កាន់កាប់​ទឹកដី​ខ្មែរ​បន្ថែម​ទៀត។

លោក មាស នី ថា ការចរចា​ទ្វេភាគី អាច​មាន​យុត្តិធម៌​ទៅ​បាន លុះត្រាតែ ភាគី​កម្ពុជា​-​ថៃ មាន​កម្លាំង ឬ​អំណាច​ប្រហាក់ប្រហែល​គ្នា ក៏ប៉ុន្តែ បើ​ភាគី​ម្ខាង​ខ្លាំង ហើយ​ភាគី​ម្ខាង​ទៀត ខ្សោយ គឺ​ប្រាកដ​ណាស់ ប្រយោជន៍​ជាច្រើន​នឹង ត្រូវ​បាន​ទៅ​ភាគី​ខ្លាំង រីឯ​ភាគី​ខ្សោយ​ដូច​កម្ពុជា បាន​ត្រឹម​ធ្វើ​សម្បទាន ទៅ​តាម​ភាគី​ខ្លាំង​ទាមទារ​។ លោក​មើលឃើញ​ថា គោល​គំនិត ទាំងពីរ​ខាង​លើ​នេះ កម្ពុជា​ត្រូវតែ​ជៀសវាង ហើយ​ងាក​មក​ប្រើប្រាស់​យន្តការ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទើប​ជា​ជម្រើស​ដ៏​សំខាន់​បំផុត។

កាលពី​ថ្ងៃទី​១៥ ខែមេសា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​និយាយ​ក្នុង​សារ​ឆ្លើយឆ្លង​មួយ​ទៅកាន់​កូនធម៌ និង ជា​អតីត​ចារកម្ម​របស់​លោក គឺ​បណ្ឌិត សេង សារី ថា បច្ចុប្បន្ន​មាន​ជម្រើស​ពីរ​ដែល​ត្រូវ ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ថៃ គឺ​ការ​បង្ក​សង្គ្រាម និង​ការ ចរចា​ទ្វេភាគី។ លោក​ថា ជម្រើស​ជា​អាទិភាព​ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​គឺ «​ការចរចា​ទ្វេភាគី​»​។ ទន្ទឹមគ្នា​នោះ លោក​ក៏បាន​បញ្ជាក់​ដែរ​ថា កម្ពុជា មិន​ទាត់ចោល​នូវ​លទ្ធភាព​ក្នុង​ការ​ស្នើសុំ​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នោះ​ដែរ ប៉ុន្តែ លោក​មិន​បញ្ជាក់​ថា តើ កម្ពុជា​នឹង​ស្នើ​ឱ្យ​មាន​ការ​កោះ​ប្រជុំ​ប្រទេស​សមាជិក ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ពេល​ណា​នោះ​ទេ។

ស្របពេល​កម្ពុជា​គ្មាន​ភាព​ច្បាស់លាស់ ក្នុង​ការប្រើ​យន្តការ​ច្បាប់​អន្តរជាតិ និង​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដោយ​ពឹង​អាស្រ័យ​តែ​ទៅលើ​ការចរចា​ទ្វេភាគី​តែមួយគត់ ភាគី​ថៃ​ហាក់​បានចិត្ត ប្រមាថមើលងាយ​កម្ពុជា តាម​អំពើ​ចិត្ត។ ។ ទន្ទឹមគ្នា​នោះ ថៃ ថែមទាំង​បង្កើន​ការឈ្លានពាន​ទឹកដី និង​កសាង​សំណង់​រឹង ជាច្រើន​លើទឹក​ដី​ខ្មែរ ដែល​ពួកគេ​វាយ​ដណ្ដើម​បាន។ រីឯ​កម្ពុជា គ្មាន​លទ្ធភាព​ដាក់​សម្ពាធ​ថៃ បាន​នោះ​ទេ ទើប​ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ដោះស្រាយ បញ្ហា​ព្រំដែន​តាមរបៀប​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នេះ កម្ពុជា​នឹង​បន្ត​បាត់បង់​ទឹកដី ហើយ​ប្រទេស​ថៃ នឹង​បន្ត​ប្រមាថ ដែន​អធិបតេយ្យ​កម្ពុជា គ្មាន​ខ្លាច​រអា​នោះ​ទេ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ទ្វេភាគី​ដែល រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជ្រើស​យក គឺ​គ្មាន​ប្រយោជន៍​ដល់​ជាតិ​នោះ​ទេ ក្រៅ​តែ​ពី ការ​កាត់​ទឹកដី​ឱ្យ​ថៃ ដើម្បី​ដោះដូរ​យក​សន្តិភាព​។ លោក​ថា កន្លង​មក​នេះ លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន តែងតែ​លើកឡើង​ពី​ការ​បញ្ចៀស សង្គ្រាម ដើម្បី​រក្សា​សន្តិភាព ដូច្នេះ​ដើម្បី​ទទួល​បាន​សន្តិភាព ដោយ​គ្មាន​ការ​ប្ដឹង​ថៃ ទៅកាន់​តុលាការ​អន្តរជាតិ និង គ្មាន​ការ​ស្នើសុំ​ទៅកាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ឱ្យ​ជួយ​ដោះស្រាយ​ទេ​នោះ គឺ មានតែ ប្រគល់​ទឹកដី​ខ្មែរ ដែល​ថៃ កំពុង​កាន់កាប់ ជាង​៥០​ទីតាំង នោះ​ឱ្យទៅ​ថៃ ទើបបាន​សន្តិភាព។

លោក អ៊ុំ សំអាន៖ «កន្លងមក​យើង​ដឹង​ហើយ កាល​ប្រជុំ​សភា និង​ព្រឹទ្ធសភា គឺ​បោះឆ្នោត​ឱ្យ​ប្ដឹង​ទៅ​តុលាការអន្តរជាតិ ICJ ហើយ​មាន​អ្នកស្រី​ដំណាង​ស្ថានទូត​ខ្មែរ​នៅ អឺរ៉ុប បាន​ដាក់​ស្រោមសំបុត្រ​ថា ទៅ​ប្ដឹង​នៅ ICJ ក៏ប៉ុន្តែ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បែរជា​ទៅ​ចរចា​ទ្វេភាគី​វិញ​ថា​លឿន​ជាង។តាមពិត​ការចរចា​ទ្វេភាគី​នឹង​លឿន មែន​បើ យើង​កាត់​ទឹកដី​នោះ​ឱ្យ​ថៃ ដូរ​យក​សន្តិភាព​និង​អំណាច​។ ប៉ុន្តែ​បើ​ចង់បាន​ទឹកដី​នោះ​មក​វិញ មិនអាច​លឿន​នោះ​ទេ»។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បង្កើត​ឡើង​កាលពី​ខែ​តុលា ឆ្នាំ​១៩៩១។ កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង ក្នុង​គោល​បំណង​បង្រួបបង្រួម​ជាតិ ការគោរព​សិទ្ធិមនុស្ស ឯករាជ្យភាព បូរណភាព​ទឹកដី និង អធិបតេយ្យភាព​ជាតិ​ខ្មែរ។ ក្នុងករណី​ដែល​ប្រទេស​ហត្ថលេខី ណាមួយ រំលោភ​លើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស គេ​អាច​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី ឡើងវិញ ដើម្បី​រក​ដំណោះស្រាយ។ មាត្រា​២៩ នៃ​កិច្ចព្រមព្រៀង​ទី​១ ស្ដីពី​ការ​ដោះស្រាយ​ជម្លោះ​ផ្ទៃ ក្នុង​កម្ពុជា អ្នក​ដែល​អាច​កោះ​ប្រជុំ​បាន គឺ​សហប្រធាន​នៃ​សន្និសីទ​ក្រុងប៉ារីស រួមមាន ប្រទេស​បារាំង និង​ឥណ្ឌូណេស៊ី។

ចំណែក នៅក្នុង​កិច្ចព្រមព្រៀង​ស្ដីពី ឯករាជ្យ អធិបតេយ្យ បូរណភាព និង​អព្យាក្រឹត្យ​របស់​កម្ពុជា ត្រង់​មាត្រា ៥ ចែងថា នៅក្នុង​ករណី​មាន​ការរំលោភ ឬ​គំរាម​រំលោភ​អធិបតេយ្យ ឯករាជ្យ បូរណភាព ពី​បណ្ដា​ប្រទេស ជា​សមាជិក ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង ត្រូវធ្វើ​ការ​ស្នើ​ទៅ​កាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដូចគ្នា ដើម្បី​កោះ​ប្រជុំ ចាត់វិធានការ​ដោះស្រាយ​បញ្ហា​សមស្រប​ជាបន្ទាន់ ។ វិធានការ​សមស្រប​ទាំងនេះ អាច​ជា​ការ​ប្ដឹង​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឬ​វិធានការ​ផ្សេងទៀត ដូចជា​ការ ចរចា ស៊ើបអង្កេត សម្របសម្រួល ផ្សះផ្សា មជ្ឈត្តកម្ម និង​ដំណោះស្រាយ​តាមផ្លូវ​តុលាការ​អន្តរជាតិ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ