
អ្នកវិភាគនយោបាយ និងមន្ត្រីបក្សប្រឆាំង ចាត់ទុកការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ តាមរយៈយន្តការនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ នៅតែជាជម្រើសដ៏សំខាន់ និងមានប្រសិទ្ធភាពខ្ពស់ ជាងការប្រើយន្តការ ចរចាទ្វេភាគី។ ពួកគាត់ថា ការដោះស្រាយតាមយន្តការចរចាទ្វេភាគីកម្ពុជា អាចពិបាក ទទួលបានទឹកដីដែលថៃកំពុងតែកាន់កាប់នោះមកវិញ។
ថ្វីត្បិតថារដ្ឋាភិបាលត្រកូល«ហ៊ុន» ហាក់ពុំសូវឱ្យតម្លៃលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃក្ដី អ្នកវិភាគ ពលរដ្ឋ និងមន្ត្រីបក្សប្រឆាំង ចាត់ទុកយន្តការមួយនេះ នៅតែជាជម្រើសអាទិភាព ហើយមានប្រសិទ្ធភាពខ្ពស់។ ថ្មីៗនេះ ពួកគាត់បានរិះគន់យ៉ាងខ្លាំងថា ការដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត យកការចរចាទ្វេភាគីជាមួយថៃ ជាជម្រើសអាទិភាព គឺកម្ពុជាគ្មានផលចំណេញនោះទេ ព្រោះថៃពុំបានឱ្យតម្លៃកម្ពុជា ហើយថែមទាំង បន្តឈ្លានពានទឹកដីកម្ពុជាយ៉ាងគឃ្លើនស្ទើររាល់ថ្ងៃ ដោយគ្មានខ្លាចកម្ពុជានោះឡើយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២១ ខែមេសាថា ការដោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជា-ថៃតាមរយៈយន្តការទ្វេភាគី លោកពុំដែលគិតថាជាយន្តការ ដែលអាចនាំឱ្យកម្ពុជាចំណេញនោះទេ។ លោកចាត់ទុកយន្តការនេះមានតែធ្វើឱ្យកម្ពុជាខាតបង់ ទាំងពេលវេលា និងទឹកដី ព្រោះភាគីថៃ ពុំបានឱ្យតម្លៃ កម្ពុជានោះឡើយ។ លោកបន្តថា ជម្រើសដែលកម្ពុជាអាចមានប្រៀបបាន នៅពេលនេះគឺ ការដោះស្រាយបញ្ហាតាមរយៈការស្នើទៅកាន់សហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីកោះប្រជុំបន្ទាន់ដើម្បីរកដំណោះស្រាយ។
បណ្ឌិត មាស នី៖ «អ្វីដែលយើងនៅរំពឹងបាននោះគឺមានតែការទូត ឬក៏ការតស៊ូមតិ និងការប្ដឹងផ្ដល់ផ្សេងៗទៅកាន់អន្តរជាតិនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ឥឡូវយើងមើលឃើញថៃនៅតែរំខានយើង។ ថ្មីៗនេះបាត់ទង់ជាតិខ្លួនឯងសោះមក ចោទថា កម្ពុជាអ្នកលួច ដែលមិនទាន់បញ្ចប់នៅឡើយ ដែលនេះជាការមើលងាយ។អ៊ីចឹងការចរចា បើយើងនៅតែពឹងសង្ឃឹមលើការចរចាទ្វេភាគីខ្ញុំគិតថានឹងមិនបានផលនោះទេ»។
លោកបណ្ឌិត មាស នី បន្តថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនទាន់ស្លាប់នោះទេ អ្វីដែលសំខាន់ថាតើ រដ្ឋាភិបាលកម្ពុជា មានឆន្ទៈពិតប្រាកដក្នុងការយកបញ្ហាព្រំដែននេះ ទៅដោះស្រាយឬក៏អត់។ លោកបញ្ជាក់ថា ដោះស្រាយដែលភាគីថៃចង់បាន គឺតាមរយៈការបង្កសង្គ្រាម ជាមួយកម្ពុជាម្ដងទៀត ព្រោះ កាលណាបើបង្កសង្គ្រាមភាគីថៃ រំពឹងថា នឹងទទួលបានផលចំណេញ លើការកាន់កាប់ទឹកដីខ្មែរបន្ថែមទៀត។
លោក មាស នី ថា ការចរចាទ្វេភាគី អាចមានយុត្តិធម៌ទៅបាន លុះត្រាតែ ភាគីកម្ពុជា-ថៃ មានកម្លាំង ឬអំណាចប្រហាក់ប្រហែលគ្នា ក៏ប៉ុន្តែ បើភាគីម្ខាងខ្លាំង ហើយភាគីម្ខាងទៀត ខ្សោយ គឺប្រាកដណាស់ ប្រយោជន៍ជាច្រើននឹង ត្រូវបានទៅភាគីខ្លាំង រីឯភាគីខ្សោយដូចកម្ពុជា បានត្រឹមធ្វើសម្បទាន ទៅតាមភាគីខ្លាំងទាមទារ។ លោកមើលឃើញថា គោលគំនិត ទាំងពីរខាងលើនេះ កម្ពុជាត្រូវតែជៀសវាង ហើយងាកមកប្រើប្រាស់យន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបជាជម្រើសដ៏សំខាន់បំផុត។
កាលពីថ្ងៃទី១៥ ខែមេសា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បាននិយាយក្នុងសារឆ្លើយឆ្លងមួយទៅកាន់កូនធម៌ និង ជាអតីតចារកម្មរបស់លោក គឺបណ្ឌិត សេង សារី ថា បច្ចុប្បន្នមានជម្រើសពីរដែលត្រូវ ដោះស្រាយបញ្ហាព្រំដែន ជាមួយថៃ គឺការបង្កសង្គ្រាម និងការ ចរចាទ្វេភាគី។ លោកថា ជម្រើសជាអាទិភាពដែលរដ្ឋាភិបាលកំពុងអនុវត្តគឺ «ការចរចាទ្វេភាគី»។ ទន្ទឹមគ្នានោះ លោកក៏បានបញ្ជាក់ដែរថា កម្ពុជា មិនទាត់ចោលនូវលទ្ធភាពក្នុងការស្នើសុំសហប្រធានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដើម្បីដោះស្រាយបញ្ហាព្រំដែននោះដែរ ប៉ុន្តែ លោកមិនបញ្ជាក់ថា តើ កម្ពុជានឹងស្នើឱ្យមានការកោះប្រជុំប្រទេសសមាជិក ដើម្បីដោះស្រាយបញ្ហានេះ ពេលណានោះទេ។
ស្របពេលកម្ពុជាគ្មានភាពច្បាស់លាស់ ក្នុងការប្រើយន្តការច្បាប់អន្តរជាតិ និងការប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយពឹងអាស្រ័យតែទៅលើការចរចាទ្វេភាគីតែមួយគត់ ភាគីថៃហាក់បានចិត្ត ប្រមាថមើលងាយកម្ពុជា តាមអំពើចិត្ត។ ។ ទន្ទឹមគ្នានោះ ថៃ ថែមទាំងបង្កើនការឈ្លានពានទឹកដី និងកសាងសំណង់រឹង ជាច្រើនលើទឹកដីខ្មែរ ដែលពួកគេវាយដណ្ដើមបាន។ រីឯកម្ពុជា គ្មានលទ្ធភាពដាក់សម្ពាធថៃ បាននោះទេ ទើបពលរដ្ឋ និងមន្ត្រីបក្សប្រឆាំងថា ការដោះស្រាយ បញ្ហាព្រំដែនតាមរបៀបរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នេះ កម្ពុជានឹងបន្តបាត់បង់ទឹកដី ហើយប្រទេសថៃ នឹងបន្តប្រមាថ ដែនអធិបតេយ្យកម្ពុជា គ្មានខ្លាចរអានោះទេ។
ប្រមុខដឹកនាំស្ថាប័ន អធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ថា ការដោះស្រាយបញ្ហាព្រំដែនទ្វេភាគីដែល រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជ្រើសយក គឺគ្មានប្រយោជន៍ដល់ជាតិនោះទេ ក្រៅតែពី ការកាត់ទឹកដីឱ្យថៃ ដើម្បីដោះដូរយកសន្តិភាព។ លោកថា កន្លងមកនេះ លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន តែងតែលើកឡើងពីការបញ្ចៀស សង្គ្រាម ដើម្បីរក្សាសន្តិភាព ដូច្នេះដើម្បីទទួលបានសន្តិភាព ដោយគ្មានការប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ និង គ្មានការស្នើសុំទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ឱ្យជួយដោះស្រាយទេនោះ គឺ មានតែ ប្រគល់ទឹកដីខ្មែរ ដែលថៃ កំពុងកាន់កាប់ ជាង៥០ទីតាំង នោះឱ្យទៅថៃ ទើបបានសន្តិភាព។
លោក អ៊ុំ សំអាន៖ «កន្លងមកយើងដឹងហើយ កាលប្រជុំសភា និងព្រឹទ្ធសភា គឺបោះឆ្នោតឱ្យប្ដឹងទៅតុលាការអន្តរជាតិ ICJ ហើយមានអ្នកស្រីដំណាងស្ថានទូតខ្មែរនៅ អឺរ៉ុប បានដាក់ស្រោមសំបុត្រថា ទៅប្ដឹងនៅ ICJ ក៏ប៉ុន្តែ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បែរជាទៅចរចាទ្វេភាគីវិញថាលឿនជាង។តាមពិតការចរចាទ្វេភាគីនឹងលឿន មែនបើ យើងកាត់ទឹកដីនោះឱ្យថៃ ដូរយកសន្តិភាពនិងអំណាច។ ប៉ុន្តែបើចង់បានទឹកដីនោះមកវិញ មិនអាចលឿននោះទេ»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បង្កើតឡើងកាលពីខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងបង្រួបបង្រួមជាតិ ការគោរពសិទ្ធិមនុស្ស ឯករាជ្យភាព បូរណភាពទឹកដី និង អធិបតេយ្យភាពជាតិខ្មែរ។ ក្នុងករណីដែលប្រទេសហត្ថលេខី ណាមួយ រំលោភលើកិច្ចព្រមព្រៀងក្រុងប៉ារីស គេអាចកោះប្រជុំប្រទេសហត្ថលេខី ឡើងវិញ ដើម្បីរកដំណោះស្រាយ។ មាត្រា២៩ នៃកិច្ចព្រមព្រៀងទី១ ស្ដីពីការដោះស្រាយជម្លោះផ្ទៃ ក្នុងកម្ពុជា អ្នកដែលអាចកោះប្រជុំបាន គឺសហប្រធាននៃសន្និសីទក្រុងប៉ារីស រួមមាន ប្រទេសបារាំង និងឥណ្ឌូណេស៊ី។
ចំណែក នៅក្នុងកិច្ចព្រមព្រៀងស្ដីពី ឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹត្យរបស់កម្ពុជា ត្រង់មាត្រា ៥ ចែងថា នៅក្នុងករណីមានការរំលោភ ឬគំរាមរំលោភអធិបតេយ្យ ឯករាជ្យ បូរណភាព ពីបណ្ដាប្រទេស ជាសមាជិក ហត្ថលេខីនៃកិច្ចព្រមព្រៀង ត្រូវធ្វើការស្នើទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចគ្នា ដើម្បីកោះប្រជុំ ចាត់វិធានការដោះស្រាយបញ្ហាសមស្របជាបន្ទាន់ ។ វិធានការសមស្របទាំងនេះ អាចជាការប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬវិធានការផ្សេងទៀត ដូចជាការ ចរចា ស៊ើបអង្កេត សម្របសម្រួល ផ្សះផ្សា មជ្ឈត្តកម្ម និងដំណោះស្រាយតាមផ្លូវតុលាការអន្តរជាតិជាដើម៕










