អ្នកវិភាគ​ថា ការ​បង្ហាញ​ទីតាំង​ឆបោក​ដល់​អ្នកសារព័ត៌មាន មិន​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​បណ្ដាញ​ឆបោក

0
30
ទិដ្ឋភាពមន្ត្រីក្រសួងព័ត៌មាន នាំអ្នកកាសែតទៅពិនិត្យមើលមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ម៉ឺន​ជ័យ ឬ 8Park លាតសន្ធឹង​លើ​ផ្ទៃដី​រហូតដល់ ១២០​ហិកតារ ដែល​ធ្លាប់​ជា​សម្បុក​ដ៏​ធំ​ប្រចាំ​ស្រុក​កំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពមន្ត្រីក្រសួងព័ត៌មាន នាំអ្នកកាសែតទៅពិនិត្យមើលមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ម៉ឺន​ជ័យ ឬ 8Park លាតសន្ធឹង​លើ​ផ្ទៃដី​រហូតដល់ ១២០​ហិកតារ ដែល​ធ្លាប់​ជា​សម្បុក​ដ៏​ធំ​ប្រចាំ​ស្រុក​កំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា អះអាង​ថា ការ​នាំ​អ្នកសារព័ត៌មាន​ទៅ​មើល​ទីតាំង​ដែល​អាជ្ញាធរ​បាន​បង្ក្រាប អាច​ជួយ​ឱ្យ​សាធារណជន​បានឃើញ​សកម្មភាព​របស់​រដ្ឋាភិបាល ប៉ុន្តែ​មិនអាច​បង្ហាញថា​បណ្ដាញ​ឆបោក​ត្រូវ​បាន​កម្ចាត់​ទាំងស្រុង​នោះ​ទេ ។ កន្លងទៅ​រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ចាប់​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ​ដោយសារតែ​រាយការណ៍​ពី​ឧក្រិដ្ឋកម្ម​ឆបោក​នេះ​ដែរ។

តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៅ​មុន​ពេល​កម្ពុជា​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ICCOS រដ្ឋាភិបាល​កម្ពុជា​ហាក់​មមាញឹក​ខ្លាំង​ណាស់​ក្នុង​ការ​រៀបចំ​ឱ្យ​អ្នកកាសែត​ចុះ​យក​ព័ត៌មាន និង​ផ្តិត​រូបភាព​នៅ​ទីតាំង​ធំៗ​ដែល​ឧក្រិដ្ឋជន​ធ្លាប់​ប្រើ​ប្រាស់​ដើម្បី​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឆបោក​។ ទោះជា​យ៉ាងណា ការ​បើកចំហ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ​ហាក់​ផ្ទុយ​ទៅ​នឹង​សកម្មភាព​រដ្ឋាភិបាល​ធ្វើ​ចំពោះ​អ្នកសារព័ត៌មាន​កន្លង​ទៅ ហើយ​ដែល​ក្នុង​ករណី​ខ្លះ អ្នកសារព័ត៌មាន​ថែមទាំង​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ដោយ​សារបាន​រាយការណ៍​ពី​សកម្មភាព​ឆបោក​ទៀត​ផង។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណលី បាន​និយាយ​ថា សំណួរ​សំខាន់​ជាង​ការ​បង្ហាញ​អគារ និង​ឧបករណ៍​ដែល​នៅសល់ គឺថា តើ​អ្នក​ដែល​ដឹកនាំ​បណ្ដាញ​នៅឯណា ប្រាក់​ដែល​បាន​ពី​បទ​ល្មើស​ត្រូវ​បាន​ផ្ទេរ​ទៅណា និង​តើ​មាន​អ្នក​ណា​ខ្លះ​ដែល​បាន​ជួយ​សម្រួល ឬ​ការពារ​ប្រតិបត្តិការ​ទាំងនេះ​។ លោក ថា ប្រសិនបើ​សំណួរ​ទាំងនេះ​មិន​ត្រូវ​បាន​ឆ្លើយតប ការ​នាំ​អ្នកសារព័ត៌មាន​ទៅ​មើល​ទីតាំង​ដែល​បិទ​រួច អាច​ត្រឹមតែ​ជួយ​បង្ហាញ​សកម្មភាព​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។

លោក សេង វណ្ណ​លី បន្ថែម​ថា ការ​បិទ​ទីតាំង​មួយ​ដោយ​មិន​តាមដាន​អ្នកបញ្ជា និង​អ្នក​ផ្តល់​ហិរញ្ញប្បទាន អាច​ធ្វើ​ឱ្យ​ប្រតិបត្តិការ​ឆបោក​ផ្លាស់​ទី​ទៅ​កន្លែង​ផ្សេង​។ លោក​ថា រដ្ឋាភិបាល​គួរ​បង្ហាញថា តើ​បាន​ចាប់ខ្លួន​មេខ្លោង​ណាខ្លះ សំណុំរឿង​ស្ថិតនៅ​ដំណាក់​កាលណា និង​តើ​ការស៊ើបអង្កេត​លើ​លំហូរ​ហិរញ្ញវត្ថុ​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ដូចម្តេច។

លោក​ក៏បាន​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​លើ​មន្ត្រី​ណា​ដែល​មាន​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ការ​ទទួល​សំណូក ឬ​ការ​ជួយ​ការពារ​បទល្មើស​។ លោក ថា ការ​ចាប់​បានតែ​អ្នក​ប្រព្រឹត្ត​បទល្មើស​នៅ​កម្រិត​ទាប ខណៈ​អ្នក​ដែល​ដឹកនាំ ឬ​ផ្តល់​មូលនិធិ​ដល់​បណ្ដាញ​នៅតែ​អាច​បន្តសកម្មភាព នឹង​ធ្វើ​ឱ្យ​ការ​បញ្ចប់​បញ្ហា​នេះ​កាន់តែ​ពិបាក។

លោក សេង វណ្ណលី៖ «​អ្វី​ដែល​ប្រជាពលរដ្ឋ​គាត់​ព្រួយបារម្ភ គឺ​ការ​បិទ​ទីតាំង​មួយ ប៉ុន្តែ​ទុក​ឱ្យ​អ្នកបញ្ជា នៅ​ពីក្រោយ​នឹង​អ្នក​ផ្តល់​ទុន អាច​ផ្លាស់​ទៅ​បើក​ទីតាំង​ថ្មី​មួយទៀត​។ ដូច្នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បង្ហាញថា ចាប់បាន​មេខ្លោង​ណាខ្លះ សំណុំរឿង​ទៅដល់​ណា ហើយ​បាន​តាមដាន​បណ្ដាញ​លុយ យ៉ាង​ដូចម្តេច​? ហើយក៏​ត្រូវ​ស៊ើបអង្កេត មន្ត្រី​ពាក់ព័ន្ធ​ណា ដែល​មាន​ភស្តុតាង​ថា បាន​ទទួល​សំណូក ឬក៏​ជួយ​ការពារ​បទល្មើស ផង​ដែរ​។ បើ​ចាប់​បានតែ​អ្នកតូច ហើយ​ទុក​ឱ្យ​អ្នក​មាន​អំណាច​រួចខ្លួន ខ្ញុំ​គិតថា បញ្ហា​នឹង​នៅតែ​មិនអាច​បញ្ឈប់ ក៏ដូចជា ទាក់ទាញ​ឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់​បានទេ»។

លោក សេង វណ្ណលី បាន​និយាយ​ថា សម្រាប់​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ICCOS) លោក​ចង់​ឃើញ​ការ​ប្តេជ្ញា​ដែល​អាច​វាស់វែង​បាន​តាមរយៈ​សកម្មភាព និង​លទ្ធផល​ជាក់ស្តែង​។ លោក​ក៏បាន​អំពាវនាវ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​បើកឱកាស​ឱ្យ​អ្នកសារព័ត៌មាន​សួរ​សំណួរ​ដោយ​សេរី និង​អាច​តាមដាន​សំណុំរឿង​បន្ទាប់ពី​សន្និសីទ ព្រមទាំង​ធានា​ការ​ការពារ​ជនរងគ្រោះ និង​សាក្សី។

លោក​ថា កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​នឹង​ប្រសើរ​ឡើង ប្រសិនបើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​នាំឱ្យ​មាន​ការកាត់បន្ថយ​បទល្មើស​ជាក់ស្តែង និង​អ្នក​ដែល​ទទួលខុសត្រូវ​ត្រូវ​បាន​នាំមក​ទទួលខុសត្រូវ​តាម​ច្បាប់។

ការ​អះអាង​របស់​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា​រូប​នេះ បន្ទាប់ពី​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​២១ និង​២២ ខែកញ្ញា បាន​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចំនួន ៧៩​នាក់ មកពី​ស្ថាប័ន​ព័ត៌មាន​ក្នុងស្រុក និង​អន្តរជាតិ​ចំនួន ៣៩ ទៅកាន់​ទីតាំង​ដែល​អាជ្ញាធរ​បាន​បង្ក្រាប​នៅ​ខេត្តព្រៃវែង ស្វាយរៀង និង​កណ្តាល មុន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សន្និសីទ ICCOS នៅ​រាជធានី​ភ្នំពេញ។

ទីតាំង​មួយ​ក្នុងចំណោម​ទីតាំង​ដែល​អ្នកសារព័ត៌មាន​បាន​ចូល​មើល គឺ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ម៉ឺន​ជ័យ ឬ 8Park លាតសន្ធឹង​លើ​ផ្ទៃដី​រហូតដល់ ១២០​ហិកតារ ដែល​ធ្លាប់​ជា​សម្បុក​ដ៏​ធំ​ប្រចាំ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ដែល​មាន​ជនបរទេស​២៨០០០​នាក់ ធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ទីតាំង មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​បោកប្រាស់​ដ៏​ធំ​មួយ​នេះ មាន​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ លោក ចេន ហ្ស៊ី ដែល​ជា​គម្រោង​ធ្វើ​សកម្មភាព​ឆបោក​តាម​អនឡាញ​រួម​រវាង​ក្រុមហ៊ុន​ព្រីនស៍ និង​ក្រុមហ៊ុន ហួយវ័ន របស់​លោក ហ៊ុន តូ ដោយ​ចែក​ភាគលាភ​៥០/៥០។

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ICCOS) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ និង​២៤ ខែកញ្ញា ក្រោម​ប្រធានបទ «​រួមគ្នា​ឆ្ពោះទៅ​កាត់​ផ្តាច់​ច្រវាក់ និង​លុបបំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​»​។ សន្និសីទ​នេះ​មាន​គោលបំណង​ប្រមូល​ផ្តុំ​រដ្ឋាភិបាល អង្គការ​អន្តរជាតិ ស្ថាប័ន​អនុវត្ត​ច្បាប់ ស្ថាប័នហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​រិះគន់​ការរៀបចំ​ឱ្យ​អ្នកសារព័ត៌មាន​ទៅ​មើល​ទីតាំង​ឆបោក​ដោយ​ចាត់ទុកថា វា​អាច​ជា​យុទ្ធសាស្ត្រ​ដើម្បី​បង្ហាញ​សកម្មភាព​របស់​រដ្ឋាភិបាល​ទៅកាន់​សហគមន៍​អន្តរជាតិ​។ លោក​បាន​ចោទ​សួរ​ថា ហេតុអ្វី​បានជា​អ្នកសារព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​មើល​ទីតាំង​ផ្សេងទៀត ដែល​ធ្លាប់​មាន​ការ​រាយការណ៍​អំពី​ប្រតិបត្តិការ​ឆបោក ដូចជា​នៅ​ព្រះសីហនុ ភ្នំ​បូកគោ និង​រាជធានី​ភ្នំពេញ។

លោក គឹម សុខ បាន​និយាយ​ថា ការ​បង្ហាញ​អគារ ឬ​ទីតាំង​ដែល​ត្រូវ​បាន​បិទ មិនមែន​ជា​ការ​កម្ចាត់​បណ្តាញ​ឆបោក​ដោយ​ខ្លួនឯង​ទេ​។ លោក ថា តើ​ការ​បង្ក្រាប​ទីតាំង​ទាំង​នោះ​បាន​នាំ​​ទៅដល់​ការ​ចាប់ខ្លួន​អ្នកដឹកនាំ​បណ្ដាញ​ឬ​នៅ និង​តើ​មានការ​ស៊ើបអង្កេត​លើ​លំហូរ​ប្រាក់​ពី​ប្រតិបត្តិការ​ឆបោក​ដែរឬទេ។

លោក គឹម សុខ៖ «គ្រប់គ្នា​បានឃើញ​ត្រឹមតែ​ទីតាំង​មួយ​កន្លែង​នៅ​ខេត្តព្រៃវែង ឬក៏​ទីតាំង​តូចៗ​បន្ថែម​ទៀត​នៅ​ខេត្តស្វាយរៀង នៅ​កម្ពុជា​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​មិនបាន​ឃើញ​ក្នុង​ទីតាំង​ជាច្រើន​លើសលប់​ផ្សេងទៀត ជាពិសេស​មិនបាន​ឃើញ​អ្នកទទួលខុសត្រូវ​ធំ​បំផុត ដែល​ដឹកនាំ​បណ្ដាញ​ឆបោក​អនឡាញ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ»។

ការ​បង្ហាញ​ទីតាំង​អតីត​សម្បុក​ឆបោក​ដល់​អ្នកសារព័ត៌មាន​ធ្វើឡើង ខណៈ​កម្ពុជា​ព្យាយាម​បង្ហាញ​ការ​បង្ក្រាប​បណ្ដាញ​ឆបោក​របស់​ខ្លួន​ទៅកាន់​សហគមន៍​អន្តរជាតិ​។​

គិត​ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៥ ដល់​ខែសីហា ឆ្នាំ​២០២៦ កម្ពុជា បាន​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​លើ​ទីតាំង​សង្ស័យ​បាន​ចំនួន​៨៣២​កន្លែង និង​បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​ចំនួន ៦៦៣​ទីតាំង​។ ក្នុង​នោះ អាជ្ញាធរ​បាន​គ្រប់គ្រង និង​កម្ទេច​ទីតាំង​ឆបោក​តាម​អនឡាញ​ទ្រង់ទ្រាយ​ធំ ( Scam Compound ) បាន​រហូតដល់ ៨៦​កន្លែង រួម​ទាំង​បណ្តេញ​ចេញ​មុខសញ្ញា​ជន​សង្ស័យ​ជា​ជនបរទេស​បាន​ជាង​២​ម៉ឺន​នាក់។

អ្នកឃ្លាំមើល​សង្គម បាន​លើកឡើង​ថា សំណួរ​សំខាន់​សម្រាប់​ការ​បង្ក្រាប​បណ្តាញ​ឆបោក មិន​មែន​មាន​ត្រឹម​ថា តើ​អគារ​ណាខ្លះ​ត្រូវ​បាន​បិទ​នោះ​ទេ ប៉ុន្តែ​ថា​តើ​អ្នក​ដែល​ដឹកនាំ​បណ្ដាញ អ្នក​ផ្តល់​មូលនិធិ និង​លំហូរ​ប្រាក់​ពី​បទ​ល្មើស​ត្រូវ​បាន​ស៊ើបអង្កេត និង​ចាត់វិធានការ​ដល់​កម្រិត​ណា​។ លទ្ធផល​ដែល​សំខាន់​បំផុត​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ នឹង​ត្រូវ​វាស់​តាម​ការកាត់បន្ថយ​បទល្មើស ការ​ការពារ​ជនរងគ្រោះ និង​ការ​នាំ​អ្នក​ដែល​នៅ​ពីក្រោយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​មក​ទទួលខុស​ត្រូវ​តាមច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ