

រដ្ឋាភិបាលកម្ពុជាចោទមេដឹកនាំថៃថា កំពុងយកវិវាទដែនសមុទ្រមកធ្វើជាលេស ពន្យារពេលចរចាព្រំដែនគោក ខណៈអ្នកឃ្លាំមើលសង្គមព្រមានថា ការអូសបន្លាយនេះ អាចឱ្យថៃបន្តអភិវឌ្ឍតំបន់ដែលថៃកំពុងគ្រប់គ្រងឱ្យក្លាយទៅជាទឹកដីរបស់ថៃ។ ការឆ្លើយតបរបស់ភាគីកម្ពុជាបែបនេះ គឺក្រោយរដ្ឋមន្ត្រីការបរទេសថៃនិយាយថា ការចរចាព្រំដែនគោកបានជាប់គាំង ក្រោយកម្ពុជាប្រើយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ព្រំដែនទឹកគឺមាន MOU ឆ្នាំ២០០១ ចំណែកព្រំដែនគោកមាន MOU ឆ្នាំ២០០០ ដូច្នេះ ពុំមានអ្វីពាក់ព័ន្ធគ្នានោះទេ។ ក៏ប៉ុន្តែថៃ យកលេស ពន្យារពេលការចរចាព្រំដែនគោក ដើម្បីអភិវឌ្ឍន៍នៅលើទឹកដីកម្ពុជាចំនួន ៧៣ទីតាំង ដែលថៃកំពុងគ្រប់គ្រងឱ្យក្លាយទៅជាទឹកដីរបស់ថៃសិន។
លោក អ៊ុំ សំអាន៖ «គេចង់ប្រែប្រួលទឹកដីហ្នឹង ឱ្យក្លាយទៅជាទឹកដីរបស់ថៃ ដូចជាការប្រែប្រួលពីអង្ករទៅជាបាយអញ្ចឹង! មានន័យថា គេចង់ឱ្យក្លាយពីអង្ករទៅជាបាយសិន ហើយបានគេចរចាជាមួយកម្ពុជា ឱ្យកម្ពុជាទទួលស្គាល់ថា ទឹកដីហ្នឹងជាទឹកដីរបស់គេតែម្ដង! អាហ្នឹងអញ្ចឹង»។
លោក អ៊ុំ សំអាន បន្ថែមថា ថ្ងៃក្រោយទៅគេនឹងចែកទឹកដីទាំង ៧៣ទីតាំង ទៅឱ្យប្រជាពលរដ្ឋ និងអតីតយុទ្ធជនថៃ រស់នៅដោយ គេសាងសង់សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ផ្ទះសំណាក់ សាលាឃុំ សាលាស្រុក ដូចដែលថៃគេអភិវឌ្ឍន៍នៅលើកោះគុជ ដែរ បើទោះបីជាកោះគុជ ពាក់កណ្ដាលជាកម្មសិទ្ធិរបស់កម្ពុជាតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ក៏ដោយ។ លោក ចោទថា មេដឹកនាំថៃធ្វើតាមវៀតណាម ដូចនៅកោះត្រល់។
ការអះអាងនេះបន្ទាប់ពី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្ងៃទី២០ ខែកក្កដា ច្រានចោលការអះអាងរបស់ភាគីថៃ ដោយបញ្ជាក់ថា ការកំណត់ព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ គឺជាដំណើរការដាច់ដោយឡែកពីគ្នា។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ការប្រើប្រាស់យន្តការក្រោម UNCLOS របស់កម្ពុជា គឺផ្តោតតែលើវិវាទដែនសមុទ្រប៉ុណ្ណោះ ហើយមិនគួរត្រូវបានយកមកធ្វើជាមូលហេតុដើម្បីផ្អាកការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលមានភារកិច្ចដោះស្រាយបញ្ហាព្រំដែនគោកនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកឡើងថា ការជ្រើសរើសយន្តការដោះស្រាយវិវាទតាមច្បាប់សមុទ្រ មិនអាចជាមូលដ្ឋានសម្រាប់បញ្ឈប់ការងារដែលមិនពាក់ព័ន្ធគ្នា ក្នុងការកំណត់ខណ្ឌសីមាព្រំដែនគោកតាមរយៈ JBC បានឡើយ។
ក្រសួងបានបន្ថែមថា ការចរចាព្រំដែនគោករវាងកម្ពុជា និងថៃ ត្រូវបានគ្រប់គ្រងក្រោមអនុស្សរណៈយោគយល់ឆ្នាំ២០០០ និងត្រូវបានបញ្ជាក់ឡើងវិញនៅក្នុងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាក៏បានអះអាងថា ថៃធ្លាប់បានដកខ្លួនជាឯកតោភាគីចេញពីយន្តការចរចាទ្វេភាគីលើព្រំដែនសមុទ្រ ទោះបីកម្ពុជាបានស្នើឱ្យបន្តដំណើរការចរចាក៏ដោយ។ ការប្រើប្រាស់យន្តការ UNCLOS គឺជាមធ្យោបាយសន្តិវិធីដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិ។
ក្រសួងការបរទេសកម្ពុជាបានអំពាវនាវឱ្យថៃ ឈប់បង្កើតលេស សម្រាប់ការពន្យារពេល និងត្រឡប់មកបន្តការងារកំណត់ខណ្ឌសីមាព្រំដែនគោក តាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ កម្ពុជាបានបញ្ជាក់ថា នីតិវិធី UNCLOS ត្រូវបានចាប់ផ្តើមឡើង បន្ទាប់ពីថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈយោគយល់ឆ្នាំ២០០១ ស្ដីពីតំបន់អះអាងត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។
ការអះអាងរបស់កម្ពុជា ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃ លោក សីហាសាក់ ភួងកេតកែវ បានថ្លែងនៅទីក្រុងប៉េកាំងថា ការចរចាព្រំដែនគោករវាងប្រទេសទាំងពីរបានជាប់គាំង ក្រោយកម្ពុជាសម្រេចប្រើប្រាស់នីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រ។
ទាក់ទងនឹងការលើកឡើងនេះ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានសរសេរនៅលើហ្វេសប៊ុករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃនេះថា លោក ស៊ីហាសាក់ ភួងកេតកែវ ខ្វះនូវវិជ្ជាជីវៈ និងឥរិយាបថដែលស័ក្តិសមជាថ្នាក់ដឹកនាំមកពីប្រទេសអភិវឌ្ឍន៍ ដូចជាប្រទេសថៃ។ លោកថា ចំពោះការប្រើប្រាស់ជម្រើសស្របច្បាប់របស់កម្ពុជា ក្នុងការបង្ខំឱ្យមានដំណោះស្រាយលើជម្លោះព្រំដែនសមុទ្រនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ បានធ្វើឱ្យកិត្យានុភាពរបស់ប្រទេសថៃធ្លាក់ចុះ ក្នុងនាមជាប្រទេសដែលគោរពច្បាប់។
លោក ឆាំង យុ សរសេរបន្ថែមថា ប្រទេសថៃនៅតែបន្តរក្សាកងកម្លាំងប្រដាប់អាវុធនៅលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដែលនេះគឺជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងច្បាប់អន្តរជាតិ។ ដូច្នេះ នៅពេលដែលរដ្ឋាភិបាលថៃចេញមុខបង្ហាញក្តីខឹងសម្បាចំពោះសកម្មភាពស្របច្បាប់របស់ប្រទេសកម្ពុជា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ គឺរឹតតែឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ថា ប្រទេសថៃយល់ព្រមអនុវត្តតាមច្បាប់អន្តរជាតិ តែក្នុងករណីណាដែលផ្តល់ផលប្រយោជន៍ដល់គោលដៅនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។
អ្នកតាមដានសង្គមមួយចំនួនបានយល់ឃើញថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ បានលាយបញ្ចូលគ្នារវាងយន្តការដោះស្រាយវិវាទពីរដែលមានមូលដ្ឋានច្បាប់ខុសគ្នា។ នីតិវិធីក្រោម UNCLOS ពាក់ព័ន្ធតែវិវាទដែនសមុទ្រ ខណៈការកំណត់ខណ្ឌសីមាព្រំដែនគោកស្ថិតក្រោមយន្តការរបស់ JBC ដែលត្រូវបានបង្កើតឡើងតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ៕







