កម្ពុជា​ប្តឹង​ថៃ​រឿង​ប្រើ​សារធាតុ​គីមី​ពេល​ឈ្លានពាន​កម្ពុជា​ទៅ​អង្គការ​ហាមឃាត់​អាវុធ​គីមី​នៅ​ទីក្រុង​ឡាអេ

0
91
រូបភាពគ្រាប់បែកចង្កោមដែលភាគីថៃបានប្រេីប្រាស លេីកងទ័ពនិងជនសុីវិលកម្ពុជា​ ដោយបានបាញ់ចំនួនប្រមាណ៦-៧លានគ្រាប់ តាមរយ:គ្រាប់កាំភ្លេីងធំ១៥៥មមប្រមាណ១២០,០០០ទៅ១៣០,០០០គ្រាប់។ រូប៖ ហ្វេសប៊ុកលោក ហេង រតនា
រូបភាពគ្រាប់បែកចង្កោមដែលភាគីថៃបានប្រេីប្រាស់លេីកងទ័ពនិងជនសុីវិលកម្ពុជា​ ដោយបានបាញ់ចំនួនប្រមាណ៦-៧លានគ្រាប់ តាមរយ:គ្រាប់កាំភ្លេីងធំ១៥៥មមប្រមាណ១២០,០០០ទៅ១៣០,០០០គ្រាប់។ រូប៖ ហ្វេសប៊ុកលោក ហេង រតនា

កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ ដើម្បី​ស្នើ​ឱ្យ​មានការ​ពិនិត្យ និង​ស៊ើបអង្កេត​ពាក់ព័ន្ធ​យោធា​ថៃ​បាន​ប្រើប្រាស់​សារធាតុ​គីមី និង​គ្រាប់បែក​ផូស្វ័រ​ស (White Phosphorus) ក្នុង​សង្គ្រាម​ឈ្លានពាន​ទឹកដី​ប្រទេស​កម្ពុជា​តាម​ព្រំដែន ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​កងកម្លាំង​កម្ពុជា។

អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) លោក ហេង រតនា បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ថា កម្ពុជា​បាន​ដាក់​ពាក្យប​ណ្តឹង​ទៅកាន់​អង្គការ​ហាមឃាត់​អាវុធ​គីមី OPCW ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់​ដើម្បី​ស្នើ​ឱ្យ​មានការ​ពិនិត្យ និង​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សារធាតុ​គីមី និង​អាវុធ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​ស៊ីវិល ក្នុង​អំឡុង​ជម្លោះ​ប្រដាប់​អាវុធ។

លោក ហេង រតនា អះអាង​ថា របាយការណ៍​ដែល​កម្ពុជា​បញ្ជូន​ទៅ​មិនអាច​ក្លាយជា​សេចក្ដីសន្និដ្ឋាន​របស់ OPCW ដោយ​ស្វ័យប្រវត្តិ​ទេ ព្រោះ​ស្ថាប័ន​នេះ​ត្រូវ​អនុវត្ត​នីតិវិធី​ផ្ទាល់​របស់​ខ្លួន។

លោក ហេង រតនា បន្ថែម​ថា ក្នុង​អំឡុង​សង្គ្រាម​ឈ្លានពាន​កាន់កាប់​ទឹកដី​ប្រទេស​កម្ពុជា យោធា​ថៃ បាន​ប្រើប្រាស់​រូបភាព​ជាច្រើន បាញ់​អាវុធ​គីមី និង​សារ​ធាតុគីមី ដោយ​ទម្លាក់​ពីលើ​យន្តហោះ​ចម្បាំង ដ្រូ​ន និង​ការ​បាញ់​ផ្លោង​ចេញពី​កាំភ្លើង​ធំ​ទំហំ​១៥៥​មី​លី​ម៉ែត្រ និង​១២០​មី​លី​ម៉ែត្រ​។ លោក​ថា ការប្រើប្រាស់​អាវុធ និង​សារ​ធាតុគីមី​នៅ​លើ​ទីតាំង​ស៊ីវិល គឺជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ ជាពិសេស​អនុសញ្ញា​អាវុធ​គីមី​ឆ្នាំ​១៩៩៣ ដែល​កម្ពុជា និង​ថៃ​សុទ្ធតែ​ជា​រដ្ឋ​សមាជិក។

លោក ហេង រតនា បន្ថែម​ទៀត​ថា គ្រាប់បែក​ចង្កោម​ដែល​យោធា​ថៃ​បាន​ប្រើប្រាស់​ក្នុង​សង្គ្រាម​ឈ្លានពាន​កម្ពុជា មាន​ទម្ងន់​រហូតដល់ ៤៦.៥​គីឡូក្រាម ដែល​លើស​ពី​កម្រិត​កំណត់​រហូតដល់​ជាង​២​ដង​។ លោក​ថា តាម​បទ​ពិសោធ​អន្តរជាតិ គ្រាប់បែក​ចង្កោម​មួយ​គ្រាប់​ដែល​បាញ់​ចេញ អាច​បង្ក​ផល​ប៉ះពាល់​លើ​ផ្ទៃដី​ចាប់ពី ១.៨​ហិកតារ ដល់ ៣​ហិកតារ។

លោក ហេង រតនា បន្ថែម​ថា របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​កត់ត្រា​មនុស្ស​ចំនួន​៣៩៥​នាក់​ដែល​រង​ផល​ប៉ះពាល់​ពី​សារធាតុពុល​ក្នុង​អំឡុង​ការ​ប្រយុទ្ធ​។ លោក​ថា អ្នក​រង​ផល​ប៉ះពាល់​មាន​ទាំង​កងកម្លាំង និង​ប្រជាពលរដ្ឋ ដោយ​អ្នកខ្លះ​មាន​អាការៈ​ស្រាល អ្នកខ្លះ​មាន​សភាព​ធ្ងន់ និង​មាន​ករណី​ដែល​លោក​អះអាង​ថា បាន​បណ្ដាល​ឱ្យ​ស្លាប់។

ជុំវិញ​បញ្ហា​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បាន​និយាយ​ថា ស៊ី​ម៉ាក់​ដាក់ពាក្យ​ប្តឹង​ទៅ​អង្គ​ការ​ហាម​អាវុធ​គីមី ជា​រឿង​ល្អ ក៏ប៉ុន្តែ លោក​យល់ថា​មិនបាន​លទ្ធផល​អី្វ​នោះ​ទេ ពីព្រោះ​អង្គការ​នោះ​គេ​មិន​ថ្កោលទោស​ថៃ ឬក៏​ដាក់ទណ្ឌកម្ម​ចំពោះ​ថៃ​នោះ​ទេ។

លោក អ៊ុំ សំអាន៖ «​អាហ្នឹង​ដូចដែល​ថៃ​ទម្លាក់​គ្រាប់បែក​មក​លើ​ប្រាសាទព្រះវិហារ​អញ្ចឹង មិន​ព្រម​ប្តឹង​ថៃ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ទេ ប៉ុន្តែ​គ្រាន់តែ​ប្រាប់​ទៅ​ខាង​អង្គការ​យូណេស្កូ (UNESCO) គេ​មាន​ទៅ​ថ្កោលទោស​ថៃ ឬ​បង្ខំ​ឱ្យ​ថៃ​ទៅ​សង​ការខូចខាត​អី​? ឃើញ​ទេ​! ហើយក៏​គេ​អត់​រះ​គន់​ចំពោះ​ថៃ​ទេ គេ​រះ​គន់​ការ​បំផ្លិចបំផ្លាញ​បេតិកភណ្ឌ​ពិភពលោក​ទូទៅ ទូទាំង​ពិភពលោក​ហ្នឹង គេ​អត់​មាន​និយាយ​ចំ​ចំពោះ​ថៃ​ទេ ឃើញ​ទេ​! ដូច្នេះ​វា អត់​បាន​ផល​អី​ទេ នៅ​ពេល​ដែល​មិន​ព្រម​ប្តឹង​ថៃ​ទៅកាន់​តុលាការ​អន្តរជាតិ​នោះ»។

លោក អ៊ុំ សំអាន បន្ថែម​ទៀត​ថា អ្វី​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវធ្វើ គឺ​ត្រូវ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដែល​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម និង​ផ្សែង​ពុល មក​លើ​ទាហាន និង​ពលរដ្ឋ​ខ្មែរ ឬ​ការ​ទម្លាក់​គ្រាប់បែក​ពីលើ​យន្តហោះ​ឬក៏​ប្លោង​មក​លើ​លំនៅឋាន​ប្រជាជន​ស៊ីវិល​នៅ​កម្ពុជា ដូចជា​សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ នោះ​ទើប​អាច​ឱ្យ​តុលាការ ICC ដាក់ទណ្ឌកម្ម​ទៅលើ​ថៃ តាមរយៈ​ការ​ចេញ​ដីកាចាប់ខ្លួន​មេដឹកនាំ​ថៃ មេដឹកនាំ​យោធា​ថៃ ហើយនឹង​ឱ្យ​ថៃ​សង​សំណង​ជំងឺ​ចិត្ត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​សុខភាព​ទាហាន​ខ្មែរ ហើយនឹង​សុខភាព​របស់​ពលរដ្ឋ​ខ្មែរ។

លោក អ៊ុំ សំអាន បន្ថែម​ទៀត​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​ប្តឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​ទាមទារ​ទឹកដី​ខ្មែរ ចំនួន ៧៦​ទីតាំង ដែល​ថៃ​កំពុង​គ្រប់គ្រង ហើយ​និង​ទាមទារ​សំណង​នៃ​ការខូចខាត។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណលី យល់ឃើញ​ថា ការ​ប្តឹង​ថៃ​ទៅ OPCW ជា​ជំហាន​សមស្រប ដើម្បី​ឱ្យ​ការចោទប្រកាន់​របស់​កម្ពុជា​ទទួល​បាន​ការពិនិត្យ​ដោយ​អ្នកជំនាញ​អន្តរជាតិ​។ បន្ថែម​លើ​នេះ កម្ពុជា​ត្រូវ​ប្រមូល​ភស្តុតាង​ឱ្យ​រឹងមាំ ដូចជា សំណល់​គ្រាប់ សំណាក​ដី​និង​ទឹក កំណត់ត្រា​ព្យាបាល​ជនរងគ្រោះ និង​សក្ខីកម្ម​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ដែល​ជា​ធាតុ​សំខាន់​ក្នុង​ការ​ស៊ើបអង្កេត​តាម​នីតិវិធី​របស់ OPCW។

អាជ្ញាធរ​កម្ពុជា​បាន​អះអាង​ថា សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​កម្ពុជា បង្ក​ផល​ប៉ះពាល់​ដល់​ស្រុក​ចំនួន ២២ គ្រប​ដណ្តប់​លើ ៦០ឃុំ និង ៣៤៩​ភូមិ ដោយ​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ប្រមាណ ៣៦៧ ០០០ នាក់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ