
ប្រជាពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងបណ្ដាខេត្តមួយចំនួនទៀត បន្តនាំកូនចៅភៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ខណៈយោធាថៃបង្កើនការវាយប្រហារទាំងលើទីតាំងយោធា និងទីតាំងជនស៊ីវិលរបស់កម្ពុជា។ នៅថ្ងៃទី០៩ ខែធ្នូនេះ កងទ័ពថៃបន្តប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ ជាពិសេសប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅចំកណ្ដាលទីក្រុងសំរោងរបស់ខេត្តឧត្តរមានជ័យ រួមទាំងការវាយប្រហារលើទីតាំងសាលារៀន និងវាយបំផ្លាញប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទតាក្របី និងប្រាសាទព្រះវិហារជាដើម។









