CCIM រក​ឃើញ​ថា ពលរដ្ឋ​អ្នក​សារព័ត៌មាន​ប្រឈម​ហានិភ័យ​ធ្ងន់ធ្ងរ និង​ការ​រឹតត្បិត​គ្រប់​រូបភាព

0
140
ភិក្ខុ ជា វុទ្ធី។ រូប៖ បណ្ដាញសង្គម
ភិក្ខុ ជា វុទ្ធី។ រូប៖ បណ្ដាញសង្គម

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានចេញរបាយការណ៍មួយ ដោយរកឃើញថា ពលរដ្ឋអ្នកសារព័ត៌មាន (Citizen journalist)  ប្រឈមហានិភ័យធ្ងន់ធ្ងរ និងរឹតត្បិតតាមរយៈប្រព័ន្ធច្បាប់នៅកម្ពុជា ការធ្វើទុកបុកម្នេញគ្រប់រូបភាព ក្រោយធ្វើសេចក្តី​រាយការណ៍ និងចែករំលែកព័ត៌មានពីបញ្ហាសង្គម ក្នុងមូលដ្ឋាន និងសហគមន៍។ អ្នកធ្វើការ​លើក​កម្ពស់សេរីភាពសារព័ត៌មាន​បារម្ភ​ថា បញ្ហានេះ​អាច​ធ្វើ​ឲ្យ សំឡេងពលរដ្ឋអ្នកសារព័ត៌មាន​តាមសហគមន៍ បន្តធ្លាក់ចុះ ដោយសារការភ័យខ្លាច ការគំរាមកំហែង​តាមគ្រប់រូបភាព​ពីសំណាក់​អាជ្ញាធរ និងអ្នកមានអំណាច។

របាយការណ៍​ស្រាវជ្រាវ​មួយក្រោម​ចំណងជើងថា អ្នកផ្ដល់សក្ខីកម្ម៖ “ហានិភ័យ និងផលជះនៃពលរដ្ឋសារព័ត៌មាននៅកម្ពុជា” របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចេញផ្សាយកាលពីថ្ងៃទី៧ តុលា បង្ហាញថា ពលរដ្ឋសារព័ត៌មានកំពុងប្រឈមនឹងការបំភិតបំភ័យ ការចោទប្រកាន់ផ្លូវច្បាប់ ដោយសារតែពួកគេរាយការណ៍ក្នុងនាមជាពលរដ្ឋទូទៅ និងខ្វះកិច្ចការពារផ្លូវច្បាប់ដូចអ្នកសារព័ត៌មានអាជីព។

របាយការណ៍ស្រាវជ្រាវរបស់ ស៊ី.ស៊ី.អាយ.អឹម (CCIM) ឲ្យដឹងទៀតថា យោងលើការស្ទង់មតិរបស់អ្នកសារព័ត៌មានឯករាជ្យ ក្នុងនោះរួមមាន ពលរដ្ឋអ្នកសារព័ត៌មានចំនួន ៩៣នាក់ នៅរាជធានីភ្នំពេញ និងខេត្តចំនួន ២២ និងការចូលរួមពិភាក្សាពីសមាជិកសហគមន៍១១នាក់ អ្នកសារព័ត៌មានអាជីព និងសង្គមស៊ីវិលផងដែរ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ រ៉ូសា លុចសំប៊ើក ស្ទីហ្វទុង (Rosa Luxemburg Stiftung) រកឃើញថា ពលរដ្ឋអ្នកសារព័ត៌មានកំពុងប្រតិបត្តិការក្នុងបរិយាកាសមួយដែលមានលក្ខណៈរឹតត្បិត ដែលរីករាលដាលយ៉ាងទូលាយ។

របាយការណ៍បញ្ជាក់ថា ការងាររបស់សារព័ត៌មានពលរដ្ឋជារឿយៗមានទំនាក់ទំនងជាមួយសកម្មភាពតស៊ូមតិផ្នែកសង្គម ដីធ្លី និងបរិស្ថាន ដោយអ្នកសារព័ត៌មានពលរដ្ឋតែងតែរាយការណ៍អំពីបញ្ហាផ្សេងៗដូចជា បរិស្ថាន ធនធានធម្មជាតិ សិទ្ធិមនុស្ស សិទ្ធិជនជាតិដើមភាគតិច បញ្ហាដីធ្លី និងបញ្ហាសេដ្ឋកិច្ច ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារបញ្ហាទាំងនោះប៉ះពាល់ដល់ពួកគេ ឬសហគមន៍។ ប៉ុន្តែភាគច្រើននៃការបំពេញការងាររបស់ពួកគេ គឺរងការគាបសង្កត់ ការសងសឹកយ៉ាងហោចណាស់មួយទម្រង់ រាប់ចាប់ពីការឃ្លាំមើល ការគំរាមកំហែង ការបៀតបៀន យាយី ការដាក់សម្ពាធឱ្យលុបព័ត៌មាន ការចោទប្រកាន់ពីបទព្រហ្មទណ្ឌជាដើម។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ពលរដ្ឋអ្នកសារព័ត៌មាន គឺជាអ្នកនៅគៀកគិតនឹងពលរដ្ឋរងគ្រោះពីការអនុវត្តមានចន្លោះប្រហោងរបស់មន្ត្រីមូលដ្ឋាន បញ្ហាសង្គម សេដ្ខកិច្ច ព្រំដែនជាដើម ហើយត្រូវការជំនួយពីអ្នកសារព័ត៌មានឯករាជ្យ ដើម្បីជាសម្លេងមួយឲ្យរដ្ឋាភិបាលដោះស្រាយជូនពួកគេ។ អ្នកស្រីថា ពលរដ្ឋអ្នកសារព័ត៌មាន ប្រឈមហានិភ័យសុវត្ថិភាព ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ការគំរាមកំហែងពីបុគ្គលមានអំណាច ឬពីអាជ្ញាធរផ្ទាល់ ជាពិសេសលើស្ត្រីជាអ្នកព័ត៌មានពលរដ្ឋដែលធ្វើការ ឬរាយការណ៍នៅតំបន់ដាច់ស្រយាល។ ចំណែកឯបុរស ប្រឈមការចោទប្រកាន់តាមរយៈប្រព័ន្ធច្បាប់ជាដើម។ អ្នកស្រីបន្តថា ពលរដ្ឋអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ប្រឈមបញ្ហាមិនខុសគ្នានោះទេ គឺរងគំនាបជាច្រើនក្នុងពេលដែលពួកគេព្យាយាម បំពេញការងារ ដើម្បីជួយកែលម្អ លើកកម្ពស់សំឡេង និងបញ្ហារបស់សហគមន៍។

អ្នកស្រី ឆន សុគន្ធា សង្កេតឃើញថា នៅពេលមានការគំរាមកំហែង ការធ្វើទុកបុកម្នេញលើពលរដ្ឋអ្នកសារព័ត៌មាន គឺពុំមានស្ថាប័នពាក់ព័ន្ធណាមួយជាពិសេសក្រសួងព័ត៌មាន ចេញមុខការពារលើពួកគេនោះទេ។ អ្នកស្រីទទូចឲ្យអាជ្ញាធរនៅតាមមូលដ្ឋាន និងស្ថានប័នថ្នាក់ជាតិ បញ្ឈប់ការធ្វើទុកបុកម្នេញលើពលរដ្ឋអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពទាំងអស់ ក្នុងពេលពួកគេបំពេញការងារ និងបើកលំហសេរីភាពសារព័ត៌មានឡើងវិញផងដែរ។


អ្នកស្រី ឆន សុគន្ធា៖ «ពលរដ្ឋអ្នកសារព័ត៌មានដែលគាត់រាយការណ៍បញ្ហានៅមូលដ្ឋានហ្នឹង ក៏ដូចជាកញ្ចក់នៅក្នុងការជួយតម្រង់ផ្លូវ នៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋានហ្នឹង គាត់មិនហ៊ាននៅក្នុងការជិះសេះលែងដៃអីជាដើម។ អញ្ចឹងប្រសិនបើសិនជាអវត្តមានរបស់ពលរដ្ឋអ្នកសារព័ត៌មាន ឬក៏អវត្តមានរបស់អ្នកសារព័ត៌មានអ៊ីចឹងធ្វើឱ្យបញ្ហាដែលនៅមូលដ្ឋាន មានន័យថា វាអត់មានតុល្យភាព តម្លៃភាព គណនេយ្យភាព។ ពលរដ្ឋគាត់មានបញ្ហា គាត់អត់ដឹងថា លើកយកបញ្ហា របស់ពួកគាត់ហ្នឹងតាមរយៈស្ថាប័នណា១ ជាពិសេសគឺគាត់ចង់ស្វែងរកស្ថាប័ន ឬក៏អ្នកសារព័ត៌មាន ពលរដ្ឋអ្នកសារព័ត៌មានណាដែលឯករាជ្យ មិនស្ថិតនៅក្រោមនយោបាយ មិនស្ថិតនៅក្រោមសម្ពាធនយោបាយជាដើម»។


នៅក្នុងរបាយណ៍ក៏បានលើកយកករណីរបស់ ព្រះតេជព្រះគុណ ជា វុទ្ធី ដែលជាអ្នកសារព័ត៌មានពលរដ្ឋ មានព្រះជន្ម ២៧ វស្សា ត្រូវអាជ្ញាធរពាក់ឯកសណ្ឋានស៊ីវិល បង្ខំឱ្យលាចាកសិក្ខាបទ ដោយចាប់ផ្សឹក រួចហើយដាក់ខ្នោះដៃ នាំខ្លួនទៅកាន់តុលាការខេត្តបាត់ដំបងកាលពីខែមេសា ឆ្នាំ២០២៦។ ព្រះតេជព្រះគុណ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល ពីបទញុះញង់។

ព្រះតេជព្រះគុណ ជា វុទ្ធី ជាភិក្ខុសកម្មដែលតែងតែចូលរួមឈឺឆ្អាលពីបញ្ហាសង្គមជាតិ និងបានសរសេរអត្ថបទអំពីបញ្ហាផ្សេងៗដូចជា សិទ្ធិមនុស្ស បរិស្ថាន និងបញ្ហាសង្គម ដោយបានផ្សព្វផ្សាយអត្ថបទនៅលើគេហទំព័រ CJ Khmer News អំពីប្រធានបទនានា រួមមាន សិទ្ធិរបស់អ្នកវិភាគសង្គមដែលកំពុងជាប់ឃុំខ្លួន ការជួញដូរសត្វព្រៃខុសច្បាប់ ស្ថានភាពផ្លូវថ្នល់ និងតម្លៃបន្លែបន្ទាប់ពីការបិទព្រំដែនគោករវាងប្រទេសកម្ពុជា-ថៃជាដើម។

CCIM ផ្តល់នូវអនុសាសន៍ជាក់លាក់ និងជម្រុញឲ្យក្រសួងព័ត៌មាន អង្គការសង្គមស៊ីវិល ស្ថាប័នសារព័ត៌មាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ មានការទទួលស្គាល់ និងការការពារផ្លូវច្បាប់បន្ថែមសម្រាប់ពលរដ្ឋអ្នកសារព័ត៌មាន បង្កើតកម្មវិធីពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលអំពីសុវត្ថិភាព ព្រមទាំងធ្វើឱ្យកាន់តែប្រសើរក្នុងការទទួលបានយន្តការគាំទ្រកម្រិតស្ថាប័ន រួមមានជំនួយផ្នែកច្បាប់ ការគាំទ្រផ្នែកសុខុមាលភាពផ្លូវចិត្ត និងការទទួលបានឱ្យមានគោលនយោបាយច្បាស់លាស់ និងបរិយាបន្នដែលទទួលស្គាល់ឱ្យតម្លៃយ៉ាងពិតប្រាកដចំពោះការរួមចំណែករបស់ពលរដ្ឋអ្នកសារព័ត៌មានទៅកាន់បរិយាកាសសារព័ត៌មាននៅកម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ