សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្នើ​ភាគី​ថៃ​ដោះលែង​អ្នកនេសាទ​ខ្មែរ​៣​នាក់​ជាប់ឃុំ​តាំង​ពី​ខែ​កុម្ភៈ

0
100
អ្នកនេសាទខ្មែរ​ទាំង៣នាក់ ដែលយោធាថៃចាប់​ពីដែនសមុទ្រកម្ពុជាពេលកំពុងនេសាទ កាលពីថ្ងៃទី២២ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ រូប៖ បណ្ដាញសង្គម

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ភាគី​ថៃ ដោះលែង​អ្នកនេសាទ​ខ្មែរ​ចំនួន​៣​នាក់​ឱ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​កងទ័ពជើងទឹក​ថៃ​បាន​ចូល​មក​ចាប់​នៅ​លើ​ដែនសមុទ្រ​កម្ពុជា ក្នុងភូមិ​សាស្ត្រ ខេត្តកោះកុង កាលពី​ថ្ងៃទី​២២ ខែ កុម្ភៈ​។ ពួកគាត់​ថា ប្រសិនបើ ភាគី​ថៃ នៅតែ​មិន​មិន​ដោះលែង កម្ពុជា​ត្រូវ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ​ពាក់ព័ន្ធ ការ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ និង​ការឈ្លានពាន​ដែន​សមុទ្រ​កម្ពុជា។

ជាង​១​ខែ​ហើយ ដែល​អ្នកនេសាទ​ខ្មែរ​៣​នាក់ ត្រូវ​បាន​កងទ័ពជើងទឹក​ថៃ​ចាប់ខ្លួន យ៉ាង​គឃ្លើន ក្នុង​ដែន សមុទ្រ​កម្ពុជា យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​អន្តរជាតិ ហើយ​ពុំ​ទាន់​ដោះលែង ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​បាន​ជួបជុំ​គ្រួសារ​នៅ​ឡើយ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា ប្រាប់​ទូរទស្សន៍ អាស៊ីសេរី​នៅ​ថ្ងៃទី​១៩ ខែ​មីនា​ថា ការដែល​កងទ័ព​ថៃ​ចាប់ខ្លួន​អ្នកនេសាទ​ខ្មែរ​៣​នាក់ យក​ទៅ​ដាក់​ឃុំ​ទុក តាមតែ​អំពើ​ចិត្ត​នេះ ជា​ទង្វើ​ខុសច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា កម្ពុជា​មិន​គួរ​រក្សា​ភាព​ស្ងៀមស្ងាត់​ពេក​នោះ​ទេ ព្រោះ​ប៉ះពាល់​ដល់​សុវត្ថិភាព​ពលរដ្ឋ​។ លោក​ថា រដ្ឋាភិបាល​ត្រូវតែ​ស្នើ​ឱ្យ​ភាគី​ថៃ ដោះលែង​ពលរដ្ឋ​ខ្មែរ ជា​បន្ទាន់ ព្រោះ​ពួកគាត់ គ្មាន​កំហុស​នោះ​ឡើយ។

បន្ថែម​ពីលើ​នោះ លោក​ថា ប្រសិនបើ​ភាគី​ថៃ​នៅតែ​មិន​អើពើ​ដោះលែង​ទេ កម្ពុជា​ក៏​គួរតែ​ប្រញាប់ប្រញាល់ ប្ដឹង​ថៃ ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC និង​តុលាការ​យុត្តិធម៌​អន្តរជាតិ ពាក់ព័ន្ធ​ការ​ឈ្លានពាន​ដែន​សមុទ្រ​កម្ពុជា និង​ការរំលោភ​សិទ្ធិ​ពលរដ្ឋ​។ លោក​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អើពើ និង​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ដិតដល់​ទេ​នោះ ពលរដ្ឋ​និង​ដែន​អធិបតេយ្យ​ជាតិ​ជាច្រើន​ទៀត​របស់​កម្ពុជា នឹង​ត្រូវ​បាន​ភាគី​ថៃ​រំលោភ​តាមចិត្ត ហើយ​អ្នក​ដែល​រងគ្រោះ​ពិតប្រាកដ គឺ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាត់បង់​ដីធ្លី ផ្ទះសម្បែង និង ប្ដី ឬ កូន ជា​បន្តបន្ទាប់។

លោក​កត់​សម្គាល់​ថា កាល​ពី​ពេល​កន្លង​ទៅ ក៏​ធ្លាប់​មាន​អ្នកនេសាទ ពលករ​ចំណាកស្រុក និង​ជន​ស៊ីវិល​ខ្មែរ ជាច្រើន​នាក់​ត្រូវ​បាន​កងទ័ព​ថៃ បាញ់សម្លាប់​នៅ​នឹង​កន្លែង ឬ​ចាប់រំលោភ និង​ប្លន់​ទ្រព្យសម្បត្តិ យ៉ាង​ព្រៃផ្សៃ​លើ​ដែន​អធិបតេយ្យ​កម្ពុជា​ខ្លះ និង​ខ្លះទៀត​នៅ​លើ​ទឹកដី​ថៃ។

លោក នី សុខា៖ «យោង​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ក៏​ថៃ​មិន​ចូល​មក​ធ្វើការ​ដោះស្រាយ តែងតែ​គេចវេះ​ម្ដង​ហើយ​ម្ដងទៀត​។ ដូច​ខ្ញុំ​ថា ជា​រួម កុំឱ្យ​រង់ចាំ​ភាគី​ថៃ គឺ​យើង​ត្រូវ​រូតរះ​ក្នុង​ការ​រៀបចំ ពាក្យ​បណ្ដឹង​ដាក់​ទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ»។

កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ កងទ័ពជើងទឹក​ថៃ បាន​ចូល​មក​ចាប់​អ្នកនេសាទ​ខ្មែរ​ចំនួន​៣​នាក់ និង​រឹបអូស​ទូក​នេសាទ​ចំនួន​១​គ្រឿង នៅ​លើ​ដែនសមុទ្រ​កម្ពុជា ក្រោយ​មក​ពួកគេ​បាន​ចោទ​អ្នក​នេសាទ​ខ្មែរ ទាំងនោះ​ថា បាន​ចូល​នេសាទ​ត្រី​ក្នុង​ដែន​សមុទ្រ​ថៃ ដោយ​ខុសច្បាប់​។ បច្ចុប្បន្ន​ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃុំ​ខ្លួន ជា​បណ្ដោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​ស៊ើបសួរ​នៅ​ប្រទេស​ថៃ។

ជុំវិញ​រឿង​នេះ ក្រសួងការបរទេស​កម្ពុជា ក៏​ធ្លាប់​បាន​ចេញ​លិខិតតវ៉ា​ជា​ផ្លូវការ​ចំពោះ​វត្តមាន​កងទ័ពជើងទឹក​ថៃ ដែល​បាន​ចូល​មក​កាន់តែ​ជ្រៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា ហើយ​បាន​ចាត់​ទុក​ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ ៣​នាក់ ស្ថិតនៅ​ជិត​កោះ​យ៉រ ខេត្តកោះកុង​នោះ គឺជា​ទង្វើ​រំលោភ​យ៉ាង​ច្បាស់​លាស់ លើ​អធិបតេយ្យ​និង ដែនទឹក​កម្ពុជា ព្រមទាំង​ច្បាប់​អន្តរជាតិ។

ជាមួយគ្នា​នោះ កម្ពុជា​ក៏បាន​ទាមទារ​ឱ្យ​ភាគី​ថៃ ដោះលែង​ពលរដ្ឋ​ខ្មែរ និង​ប្រគល់​នាវា​នេសាទ ជាបន្ទាន់ និង​ត្រូវ​បញ្ឈប់​សកម្មភាព​ឈ្លានពាន​លើ​ដែនសមុទ្រ​កម្ពុជា។ ទោះជា​យ៉ាងណា គេ​ឃើញថា ចាប់​តាំង​ពី​កម្ពុជា បាន​ចេញ​សេចក្ដី​តវ៉ា​ជា​ផ្លូវការ​ម្ដង​រួច​មក កម្ពុជា​ហាក់​ពុំ​បាន​ធ្វើ​សកម្មភាព​ទាមទារ​ឱ្យ​ភាគី​ថៃ ដោះលែង​ពលរដ្ឋ​ទាំង​៣​នាក់​នោះ​ទៀត​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អភិបាល​ខេត្តកោះកុង​អ្នកស្រី ឈី វ៉ា ដើម្បី​ឆ្លើយតប ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១៩ មីនា។

អ្នកច្បាប់ និង​ជា​អ្នកវិភាគ លោក វ៉ន់ ចាន់ឡូត យល់ឃើញ​ថា ការដែល​ភាគី​ថៃ​ចូល​មក​ឈ្លានពាន ដែន​សមុទ្រ និង​ដែន​គោក​កម្ពុជា ហើយ​ចាប់​ពលរដ្ឋ​ខ្មែរ​ធ្វើបាប តាមតែ​អំពើ​ចិត្ត​នេះ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ភាព​កម្សោយ លើ​វិស័យ​ការពារ​ជាតិ និង​អសមត្ថភាព​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ព្រោះ​មិន​អាច​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​បាន​ត្រឹមត្រូវ។

លោក​ថា ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ ដោះលែង អ្នកនេសាទ​ខ្មែរ​ទាំង​៣​នាក់ ឱ្យ​មាន​ប្រសិទ្ធភាព គឺ​មានតែ​រដ្ឋាភិបាល​ត្រូវ​និយាយ​ជា​ញឹកញាប់ តាមរយៈ​សារព័ត៌មាន​អន្តរជាតិ និង​ធ្វើ​កំណត់​ទូត​ឱ្យ​បាន​សកម្ម​ជាទីបំផុត ប្រាប់​ដល់​សហគមន៍​អន្តរជាតិ និង​អង្គការសហប្រជាជាតិ​អំពី​ទង្វើ​គឃ្លើន​របស់​ភាគី​ថៃ ដែល​បន្ត ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ និង​រំលោភ​ដែន​អធិបតេយ្យ​កម្ពុជា​។ ក៏ប៉ុន្តែ លោក​ថា ជា​រឿង គួរ​ឱ្យ​សោកស្ដាយ ដែល​រដ្ឋាភិបាល​កម្ពុជា ហាក់​ពុំ​សូវ​សកម្ម​សោះ ដែល​ធ្វើ​ឱ្យ​ភាគី​ថៃ​ចេះតែ​ប្រមាថ​មើលងាយ​ពលរដ្ឋ​ខ្មែរ និង​រំលោភ​យក​ទឹក​កម្ពុជា​សឹង​គ្រប់​កន្លែង។

លោក វ៉ន ចាន់ឡូត៖ «ការ​ចាប់ខ្លួន​ប្រជា​នេសាទ​កម្ពុជា​នៅ​លើ​ដែនសមុទ្រ​របស់​ខ្លួន​ហើយ គ្មាន​ការធានា​នូវ​សុវត្ថិភាព​ពី​ភាគី​កម្ពុជា គឺ​បាន​បង្ហាញ​ពី​កម្សោយ​មួយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​វិស័យ​ការពារ​ជាតិ ហើយ​ជា​រួម កម្សោយ​ក្នុង​ការ​ដឹកនាំ របស់​លោក ហ៊ុន ម៉ាណែត តែម្ដង»។

អ្នកឃ្លាំមើល​យល់ថា ទង្វើ​ដែល​ភាគី​ថា​បាន​រំលោភ​មក​លើ​ពលរដ្ឋ​ខ្មែរ និង​ដែន​អធិបតេយ្យ​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ប្រើ​យន្តការ​ច្បាប់ ឱ្យ​បាន​ម៉ឺង​មាត់ និង​ច្បាស់លាស់ ហើយ​ត្រូវ​ប្រមូល​ភស្តុតាង ឱ្យ​បាន​រឹងមាំ ដើម្បី​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ចំពោះ​ទង្វើ​ខុសច្បាប់​របស់​ថៃ ដូចជា​ការ ចាប់​ជន​ស៊ីវិល​ខ្មែរ ដាក់គុក ជាដើម។ ពួកគេ​ថា ប្រសិនបើ​រដ្ឋាភិបាល មិន​ប្រឹងប្រែង​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ រដ្ឋាភិបាល នឹង​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ ដូច្នេះ លោក​ថា រដ្ឋាភិបាល​ត្រូវ​គិតគូរ​ឱ្យ​បាន​ដិតដល់​អំពី សុវត្ថិភាព​ពលរដ្ឋ និង​កិច្ច​ការពារ​ដែន​អធិបតេយ្យ​ជាតិ​ឱ្យ​បាន​គង់វង្ស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ