លោក ហ៊ុន ម៉ាណែត ថា ការចរចាព្រំដែនត្រូវផ្អែកលើច្បាប់ តែអ្នករិះគន់ចោទថាជាការដោះសា

0
174
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើងថា ការចរចាព្រំដែនជាមួយប្រទេសជិតខាង គឺជាការទទួលខុសត្រូវដ៏ធំរបស់រដ្ឋាភិបាលចំពោះជាតិ និងប្រជាជន ដោយត្រូវផ្អែកលើឯកសារផ្លូវច្បាប់ និងបច្ចេកទេសច្បាស់លាស់។ ការលើកឡើងនេះ ធ្វើឡើងក្នុងពេលដែលតំណាងកម្ពុជា និងថៃ កំពុងតតាំងក្តី នៅតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ប្រទេសហូឡង់ ពីថ្ងៃទី១៤ដល់ ១៨ខែតុលា។ ប៉ុន្តែមន្ត្រីនយោបាយប្រឆាំងនៅក្រៅប្រទេស បានចោទថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែជាការអួតអាង និងដោះសាដើម្បីការពារមុខមាត់រដ្ឋាភិបាលរបស់លោកប៉ុណ្ណោះ។

ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងថៃ កំពុងចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីពិភាក្សាអំពីជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ថា កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជនដែលទាមទារឱ្យមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ។ លោកថា ការដោះស្រាយបញ្ហានេះមិនអាចផ្អែកលើព័ត៌មានដែលមិនអាចផ្ទៀងផ្ទាត់បាន ដូចជាការផ្សាយតាមទូរទស្សន៍បណ្ដាញសង្គម ឬការឮតៗគ្នានោះទេ។

លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ការជ្រើសរើសយន្តការដោះស្រាយជម្លោះ ត្រូវផ្អែកលើកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាការចរចាទ្វេភាគី ឬយន្តការអន្តរជាតិនោះឡើយ។

ទាក់ទងនឹងរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន  បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែជាការដោះសារដើម្បីការពាររដ្ឋាភិបាលប៉ុណ្ណោះ។ លោកថា ការវាស់វែង និងការបោះបង្គោលព្រំដែនថ្មីធ្វើឱ្យប្រជាពលរដ្ឋខ្មែរបាត់បង់ដីស្រែចម្ការ ជាពិសេសនៅតំបន់ដែលមានការផ្លាស់ប្ដូរទីតាំងបង្គោលព្រំដែន ពីតំបន់ចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩។

លោក អ៊ុំ សំអាន អះអាងថា ប្រជាពលរដ្ឋបានបាត់បង់ដីធ្លីក្រោយការបោះបង្គោល និងសាងសង់របងបេតុង។ លោកថា ទីតាំងបង្គោលថ្មី មិនស្ថិតនៅទីតាំងដដែលនៃបង្គោលដែលបារាំងបានបោះក្នុងអំឡុងឆ្នាំ១៩១៩ និង១៩២០ នោះទេ។

លោក អ៊ុំ សំអាន៖ «គណៈកម្មការព្រំដែនរបស់លោកហ៊ុន ម៉ាណែត ឆ្វៀលតាមព្រំដែនហ្នឹង វាធ្វើឱ្យបាត់បង់ទឹកដីខ្មែរយើង ហើយ ជាក់ស្ដែង សាក្សីរស់គឺប្រជាពលរដ្ឋបានបញ្ជាក់ថា គាត់បានបង់ដីស្រែចម្ការរបស់គាត់នៅតាមព្រំដែន ជាពិសេសនៅពេល ដែលគេបោះបង្គោល ហើយនិងធ្វើរបងបេតុងចន្លោះបង្គោលលេខ៥២ ដល់៥៩»។

លោក អ៊ុំ សំអាន ក៏បានសម្ដែងការសង្ស័យចំពោះប្រសិទ្ធភាពនៃដំណើរការផ្សះផ្សាក្រោម UNCLOS ដោយអះអាងថា កម្ពុជាមិនអាចទាមទារផលប្រយោជន៍ដែនសមុទ្របានពេញលេញ តាមរយៈយន្តការនេះទេ ជាពិសេសកោះគជ់ និងតំបន់ដែនសមុទ្រនៅជុំវិញកោះនេះ ព្រោះលោកហ៊ុន ម៉ាណែតមិនឱ្យទាមទារយកកោះគជ់ ដែលជាកម្មសិទ្ធិរបស់កម្ពុជាដោយ សារតែសម្អាងទៅលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ដែល លោក សុខ អាន ធ្វើតាមបញ្ជារបស់លោកហ៊ុន សែន បានកាត់កោះកជ់ទៅឱ្យថៃ។ 

យោងតាមសេចក្ដីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ។ ភាគីទាំងពីរត្រូវជៀសវាងការធ្វើសេចក្ដីថ្លែងការណ៍​ជាសាធារណៈអំពីលទ្ធផលនៃដំណើរការផ្សះផ្សា រហូតដល់គណៈកម្មការចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន។

អ្នកតាមដានភូមសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី អះអាងថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែជារបៀបវារៈបិទបាំងភាពទន់ខ្សោយ និងកង្វះតម្លាភាពរបស់រដ្ឋាភិបាលកន្លងមកតែប៉ុណ្ណោះ។ ការអះអាងថាកិច្ចការព្រំដែនទាមទារមូលដ្ឋានច្បាស់លាស់ និងមិនអាចធ្វើតាមបណ្តាញសង្គម ឬតាមឮគេថានោះ គឺជាការវាយបក និងទម្លាក់កំហុសទៅលើប្រជាពលរដ្ឋ និងក្រុមអ្នករិះគន់ ដែលកន្លងមកតែងតែបញ្ចេញមតិព្រួយបារម្ភពីរឿងបាត់បង់ទឹកដី។

លោក សេង វណ្ណលី បន្ថែមទៀតថា ការប្រើប្រាស់ភាសាផ្លូវការ និងការដើរតួជាអ្នកអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងនៅពេលនេះ គ្រាន់តែជារបាំងមុខដើម្បីបង្វែរការចាប់អារម្មណ៍ចេញពីមន្ទិលសង្ស័យរបស់សាធារណជន ជុំវិញកិច្ចព្រមព្រៀង និងការចរចាស្ងាត់ៗដែលរដ្ឋាភិបាលធ្លាប់បានធ្វើជាមួយប្រទេសជិតខាងដោយគ្មានការពិគ្រោះយោបល់ជាមួយប្រជាជាតិប៉ុណ្ណោះ។

 លោក សេង វណ្ណលី បន្ថែមថា ការដែលរដ្ឋាភិបាលទើបតែមកសង្កត់ធ្ងន់លើយន្តការបច្ចេកទេស និងច្បាប់ នៅពេលគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការផ្សះផ្សាដោយបង្ខំនៅទីក្រុងឡាអេ ឆ្លុះបញ្ចាំងពីការចាត់វិធានការបែបទាល់ច្រកទើបរត់រកច្បាប់ ជាងការមានយុទ្ធសាស្ត្រការពារទឹកដីច្បាស់លាស់តាំងពីដំបូង។

ក្នុងរយៈពេលចុងក្រោយ លោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន បានផ្លាស់ប្ដូរមតិគ្នាជាសាធារណៈជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។ លោក ហ៊ុន ម៉ាណែត បានអញ្ជើញលោក អ៊ុំ សំអាន និងក្រុមការងារឱ្យត្រឡប់មកកម្ពុជាវិញ ដើម្បីបង្ហាញឯកសារ និងភស្តុតាងពាក់ព័ន្ធនឹងជម្លោះព្រំដែន ជាពិសេសតំបន់ដែលពាក់ព័ន្ធនឹងបង្គោលសីមាលេខ៥២ និងលេខ៥៩។

ជាការឆ្លើយតប លោក អ៊ុំ សំអាន បានស្នើលក្ខខណ្ឌចំនួនបី រួមមានការស្នើឱ្យលោកនាយករដ្ឋមន្ត្រីជួយសម្របសម្រួលឱ្យមានការទម្លាក់បទចោទ និងការលើកលែងទោសសម្រាប់សមាជិកប្រតិភូរបស់លោក ការរៀបចំកិច្ចពិភាក្សាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានកិច្ចប្រជុំបន្ត ប្រសិនបើចាំបាច់ និងការធានាសុវត្ថិភាពជាផ្លូវការសម្រាប់ប្រតិភូរបស់លោក។

ស្របពេលដែលមេដឹកនាំកម្ពុជាកំពុង ឆ្លើយឆ្លងពាក្យសម្ដីតាមបណ្តាញសង្គម ជាមួយក្រុមអ្នកប្រឆាំងនៅក្រៅប្រទេសនោះ យោធាថៃកំពុងធ្វើសកម្មភាពឈូសឆាយ កែប្រែខ្សែបន្ទាត់ព្រំដែន និងពង្រីកទីតាំងឈរជើងកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា ដែលយោធាថៃបានចូលឈ្លានពាន និងកំពុងកាន់កាប់ដោយខុសច្បាប់នៅ តំបន់ព្រំដែនខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ ក្រោយបទឈប់បាញ់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ