

អ្នកវិភាគរិះគន់មេបក្សអំណាច លោក ហ៊ុន សែន ដែលបន្តចែករំលែកអត្ថបទវិភាគរបស់បញ្ញវន្តថៃ ដែលតែងតែរិះគន់ យោធា និងរដ្ឋាភិបាលថៃ ជុំវិញការប្រើកម្លាំងយោធាបង្កសង្គ្រាមឈ្លានពានកម្ពុជា និងភាពទន់ខ្សោយ ផ្នែកការទូតរបស់ភាគីថៃនៅលើឆាកអន្តរជាតិ។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ លោក ហ៊ុន សែន តែងតែចាប់ពលរដ្ឋ អ្នកនយោបាយបក្សប្រឆាំងដាក់ពន្ធនាគារ និងគំរាមកំហែង បញ្ញវន្តខ្មែរ មិនឱ្យបញ្ចេញមតិ រឿងបញ្ហាព្រំដែននោះឡើយ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយយល់ថា ការដែល លោក ហ៊ុន សែន បិទមាត់មិនឱ្យពលរដ្ឋ អ្នកនយោបាយ និងបញ្ញវន្តខ្មែរ និយាយពីបញ្ហានយោបាយ និងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ប៉ុន្តែទៅលើកកោតសរសើរបញ្ញវន្តថៃ ដែលហ៊ានរិះគន់រដ្ឋាភិបាលថៃគឺជាល្បែងនយោបាយប្រមាថដល់ ប្រាជ្ញាញាណរបស់ប្រជាពលរដ្ឋខ្មែរ និងជាការបោកប្រាស់ភ្នែកមហាជន ដែល លោក ហ៊ុន សែន ចង់បង្ហាញថា ក្រោមការដឹកនាំរបស់លោក ជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍ អាស៊ីសេរីនៅថ្ងៃទី២២ ខែកក្កដាថា ការដែលលោក ហ៊ុន សែន យកអត្ថបទរបស់អ្នកវិភាគថៃ មកចែករំលែក ក្នុងគោលដៅ អួតសរសើរអំពីភាពរឹងមាំនៃរបបដឹកនាំរបស់លោក គឺជារឿងគួរឱ្យហួសចិត្តជាទីបំផុត ព្រោះករណីនេះ បានបង្ហាញអំពីស្តង់ដារពីរយ៉ាងច្បាស់។ លោកបន្តថា លោក ហ៊ុន សែន ហ៊ានយកសំឡេងបរទេសមកធ្វើជាខែលការពារអំណាច ប៉ុន្តែបែរជាប្រើកណ្ដាប់ដៃដែក គំរាមកំហែង បំភិតបំភ័យ និងបំបិទមាត់បញ្ញវន្តខ្មែរ មិនឱ្យមានសេរីភាពបញ្ចេញមតិ ឬក៏ផ្ដល់អនុសាសន៍ ស្ថាបនាលើបញ្ហាព្រំដែន និងវាសនានយោបាយជាតិ។
លោកយល់ថា ការប្រើប្រាស់សំណេរវិភាគរបស់ថៃមិនបានផ្ដល់ផលប្រយោជន៍ពិតប្រាកដដល់ជាតិ ឬដល់ការរីកចម្រើនផ្នែកចំណេះដឹង របស់ប្រជាពលរដ្ឋខ្មែរនោះទេ។ លោកបញ្ជាក់ថា អត្ថបទនោះត្រូវបានលោក ហ៊ុន សែន ទាញយកមកធ្វើជាឧបករណ៍ឃោសនាចិត្តសាស្ត្រតែប៉ុណ្ណោះ ព្រោះ លោក ហ៊ុន សែន ចង់ឱ្យពលរដ្ឋមើលឃើញថា របៀបដឹកនាំរបស់របបក្រុងភ្នំពេញ ពោរពេញដោយឥទ្ធិពល សូម្បីតែពួកបញ្ញវន្តថៃមួយចំនួន ក៏ទទួលស្គាល់ និងកោតសរសើរ ពីសមត្ថភាព របស់លោកដែរ។ លោកបន្ថែមថា យុទ្ធសាស្ត្រនេះគឺ ប្រើប្រាស់ដើម្បីបង្វែរអារម្មណ៍សាធារណជន ឱ្យមើលរំលងការជិះជាន់ ផ្នែកនយោបាយក្នុងស្រុក និងបំបាក់ស្មារតី បញ្ញវន្តខ្មែរ ជុំវិញការរិះគន់ ការគ្រប់គ្រង របស់លោកតែប៉ុណ្ណោះ។
លោក សេង វណ្ណលី៖ «ទង្វើបែបនេះ គឺជាការកេងចំណេញផ្នែកនយោបាយយ៉ាងអយុត្តិធម៌ ព្រោះបើលោក មានទំនុកចិត្តលើភាពត្រឹមត្រូវ និងយុទ្ធសាស្ត្រការពារព្រំដែនរបស់លោកមែននោះ លោក ហ៊ុន សែន គួរតែបើកលំហសេរីភាពទទួលយកការវិភាគស៊ីជម្រៅពីបញ្ញវន្តខ្មែរក្នុងស្រុក ដោយមិនចាំបាច់ប្រើអំណាចបំភិតបំភ័យ ឬក៏បំបិទសិទ្ធិសេរីភាពរបស់ពួកគេនោះទេ។ ការពឹងផ្អែកលើការកោតសរសើរពីខាងក្រៅ ខណៈដែលកំពុងជិះជាន់ខួរក្បាលនៃប្រជាជាតិខ្លួនឯង គឺជារឿងច្បាស់ណាស់នៃភាពទន់ខ្សោយ និងភាពភ័យខ្លាចចំពោះការពិត»។
ការលើកឡើងនេះ ក្រោយពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី២១ ខែកក្កដា បានបង្ហោះអត្ថបទមួយរបស់បញ្ញវន្តថៃម្នាក់ ដែលលោក ហ៊ុន សែន ធ្លាប់បានចែករំលែកជាច្រើនដងមកហើយ។ នៅក្នុងអត្ថបទវិភាគ របស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ លោក សុរ៉ាឆាត បំរុងស៊ុក ដែលមានចំណងជើងថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើង» អ្នកវិភាគថៃរូបនេះ បានយកកម្ពុជា ទៅប្រៀបធៀប ជាមួយនឹង ប្រទេសអ៊ុយក្រែន ដែលប្រទេសមួយនេះរងការឈ្លានពានពីសំណាក់រុស្ស៊ីអស់៤ឆ្នាំហើយ ប៉ុន្តែផ្ទុយទៅវិញ មិនបានធ្វើឱ្យអ៊ុយក្រែនទន់ខ្សោយនោះទេ គឺ ធ្វើឱ្យអ៊ុយក្រែនកាន់តែរឹងមាំ។ ចំណែក កម្ពុជាវិញ លោកថា ក្រោយពីរងការបង្កសង្គ្រាមឈ្លានពាន របស់ថៃ កម្ពុជាមានភាពរឹងមាំ និងមានការបថបែនខ្ពស់លើឆាកអន្តរជាតិ ដែលធ្វើឱ្យកិច្ចការទូតមួយចំនួនរបស់ថៃ ដើរតាមក្រោយកម្ពុជា។
លោក សុរ៉ាឆាត បំរុងស៊ុក ក៏បានរៀបរាប់ថា សង្គ្រាមតាមព្រំដែនបានក្លាយជាកត្តាមួយដែលមិនផ្ដល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រដល់ប្រទេសថៃ ឬផ្ទុយពីជំនឿរបស់ក្រុម អ្នកល្មោភសង្គ្រាម នៅថៃ ដែលជឿថា ការប្រើកម្លាំងយោធា ជាពិសេសការវាយប្រហារតាមអាកាស អាចនាំឱ្យរបបគ្រប់គ្រងនៅភ្នំពេញដួលរលំ ប៉ុន្តែជាក់ស្ដែង ជំនឿបែបនេះមិនមែនជាការពិតទេ។
ជាមួយគ្នានោះ អ្នកវិភាគរូបនេះបានបញ្ជាក់ថា ប្រសិនបើថៃមិនចង់ពឹងផ្អែកលើកត្តាយោធា នោះការទូតត្រូវតែរឹងមាំជាងនេះ។ ប៉ុន្តែ លោកថា បញ្ហាគឺការទូតរបស់ថៃសព្វថ្ងៃ ហាក់ដូចជាដើរតាមយុទ្ធសាស្ត្ររបស់កម្ពុជា ឬក៏កំពុងលេងក្នុងល្បែងដែលកម្ពុជាបានកំណត់ដែរ។ ចុងបញ្ជាប់នៃអត្ថបទនោះ បានពណ៌នា ថា កម្ពុជាសព្វថ្ងៃមានសមត្ថភាពក្នុងការដើរតួនាទីលើឆាកអន្តរជាតិខ្លាំងជាងអ្វីដែលថៃធ្លាប់គិត ព្រោះកម្ពុជាអាចបង្កើតឥទ្ធិពលតាមរយៈការផ្ដួចផ្ដើមគំនិត និងបន្តបើកយុទ្ធនាការប្រឈមមុខជាមួយថៃ បានជាបន្តបន្ទាប់។
ទំនងជាបញ្ញវន្តថៃរូបនេះ ចេះតែបន្តកោតសរសើររបបក្រុងភ្នំពេញ ដែលដឹកនាំដោយរដ្ឋាភិបាលឪពុកកូន គឺ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បែបនេះហើយ ទើបធ្វើឱ្យលោក ហ៊ុន សែន ចាប់អារម្មណ៍លើអត្ថបទវិភាគរបស់ បញ្ញវន្តថៃរូបនេះ ជាបន្តបន្ទាប់។ ក៏ប៉ុន្តែ ក្នុងពេលដែល លោក ហ៊ុន សែន កំពុងតែ សប្បាយអរ និងមានមោទនភាព នៅពេលដែលប្រជាជនថៃរូបនេះ កោតសរសើរ លើសលប់នោះ យោធាថៃ កំពុងតែពង្រីក ការឈ្លានពានទឹកដីខ្មែរបានជាង៧០ទីតាំង ហើយបច្ចុប្បន្នយោធាថៃកំពុងតែបង្កើនសកម្មភាពពង្រីកទឹកដីបន្ថែមទៀត តាមរយៈការរាយបន្លាលួស ជីកប្រឡាយ សាងសង់សំណង់រឹង ធ្វើមូលដ្ឋានយោធា និងធ្វើផ្លូវបេតុងជាច្រើនខ្សែ ខ្វាត់ខ្វែង ដើម្បីងាយស្រួលចល័តទ័ព លើទឹកដីខ្មែរ ដែលថៃ កំពុងតែកាន់កាប។
អ្នកឃ្លាំមើលលើកឡើងថា លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដែលចូលចិត្តឱ្យគេសរសើរ និងអួតអាងថាខ្លួនជាមេដឹកនាំខ្លាំង ដោយពុំសូវខ្វល់ពីលទ្ធផលជាក់ស្ដែងនោះទេ ដូច្នេះហើយ មន្ត្រីជាន់ខ្ពស់ជាច្រើនស្កេះស្កះ ជុំវិញ លោកចូលចិត្តបំប៉ោងរបាយការណ៍ និងកោតសរសើរពីយុទ្ធសាស្ត្រនៃការដឹកនាំរបស់លោកទាំងពីរ ខណៈដែលបច្ចុប្បន្នប្រទេសជាតិកំពុងតែជួបវិបត្តិសេដ្ឋកិច្ច ហើយយោធាថៃកំពុងតែបង្កើនការឈ្លានពានទឹកដីខ្មែរស្ទើរតែរាល់ថ្ងៃ ក៏លោក ហាក់ពុំសូវខ្វល់ខ្វាយនោះដែរ។ រឹតតែធ្ងន់ធ្ងរ ទៀតនោះ អ្នកឃ្លាំមើលថា លោក ហ៊ុន សែន បន្តប្រើប្រាស់អំណាចតុលាការ ដើម្បីធ្វើទុក្ខបុកម្នេញពលរដ្ឋ អ្នកនយោបាយបក្សប្រឆាំង និង បញ្ញវន្តខ្មែរ មិនឱ្យនិយាយស្ដីប្រាប់ពីកំហុស និងផ្ដល់អនុសាសន៍ពាក់ព័ន្ធបញ្ហានយោបាយ និងអធិបតេយ្យជាតិនោះឡើយ។ ពួកគាត់ថា របៀបដឹកនាំបែបនេះ គឺជាគ្រោះថ្នាក់ដ៏ធំសម្រាប់ប្រទេសជាតិ ដែលលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត គួរតែពិចារណាឡើងវិញ៕







