អ្នកស្រុកកំរៀងថា ថៃ​រំកិល​បង្គោលព្រំដែន​ចូល​ដី​កម្ពុជា ខុសពីការបដិសេធរបស់លោក ហ៊ុន ម៉ាណែត

0
198
របងព្រំដែនដែលថៃសង់ឯកតោភាគី (ឆ្វេង) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំខាងលើ) និងអតីតតំណាងរាស្ត្រ លោក អ៊ុំ សំអាន (ក្រោម)។

ពលរដ្ឋរស់នៅជាប់ព្រំដែនថៃ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង​អះអាងថា ការសាងសង់របង​ជញ្ជាំង​អចិន្ត្រៃយ៍របស់ប្រទេសថៃ នៅតំបន់បង្គោលព្រំដែនលេខ៥២ ដល់៥៩ ពិតជាបានរំលោភចូលក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដ មិនមែនសាងសង់ក្នុងទឹកដីថៃ ដូច​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អះអាងនាពេលកន្លងមកនោះឡើយ។ ពួកគាត់ទាមទារឱ្យ​មេដឹកនាំ​កម្ពុជា ផ្ទៀងផ្ទាត់តម្រុយបង្គោលព្រំដែនម្ដងទៀត និងបើកសិទ្ធិឱ្យប្រជាពលរដ្ឋ​ម្ចាស់​ចម្ការ ដែលបាត់បង់ដីលើកឡើងជាសាធារណៈ ជាជាងការបញ្ចេញវោហារសាស្រ្ត​ដែលគ្មាន​ភាពច្បាស់លាស់ ដែលធ្វើឱ្យភាគីថៃយកមកប្រើប្រាស់​ដើម្បីឈ្លានពាន​ដី​អាស្រ័យផល​របស់​ពលរដ្ឋខ្មែរ។

ប្រជាពលរដ្ឋអ្នកស្រុកកំរៀង បានហៅលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថាជា «មេដឹកនាំ​ដែលគ្មានជំនាញ និងវិជ្ជាជីវៈ» បន្ទាប់ពីមេដឹកនាំរូបនេះ បានទទួលស្គាល់ពីភាពស្របច្បាប់​របស់​យោធាថៃ ដែលកំពុងសាងសង់របងព្រំដែនរំលោភចូលក្នុងដីអាស្រ័យផលរបស់ពួកគាត់។

ប្រជាពលរដ្ឋម្នាក់ រស់នៅឃុំបឹងរាំង ក្នុងស្រុកកំរៀង បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុង​លក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកបានបាត់បង់ដីអាស្រ័យផលប្រហែលជិត ២ពាន់ម៉ែត្រការ៉េ ទៅខាងភាគីថៃ នៅតំបន់បង្គោលព្រំដែនលេខ ៥៧ បន្ទាប់ពីកងកម្លាំងរបស់ថៃបានចុះវាស់វែង និងចាប់ផ្ដើមចាក់គ្រឹះធ្វើរបងព្រំដែន។ លោកបន្តថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលថា ភាគីថៃមិនបានសាងសង់របងព្រំដែនក្នុងទឹកដីកម្ពុជានោះ គឺជាការនិយាយ​ចោល​ឱ្យតែ​រួចខ្លួន ដែលខ្វះការទទួលខុសត្រូវ និងគ្មានវិជ្ជាជីវៈក្នុងនាមជាមេដឹកនាំនោះឡើយ។

ពលរដ្ឋ៖ «សូម្បីតែដីគាត់ (លោក ហ៊ុន ម៉ាណែត) ក៏គាត់អត់ស្គាល់ព្រំដែនដែរ ខ្ញុំជឿថាអ៊ីចឹង ព្រោះខ្ញុំនៅទីនោះតាំងពីឆ្នាំ១៩៩៨ ខ្ញុំមិនដែលឃើញនាយករដ្ឋមន្ត្រីឯណា តាំងពីជំនាន់សម្តេចពុកមកដល់កូនហ្នឹង ទៅមើលម្ដងណាទេ។ តែបើអាច ទៅសួរម្ចាស់ដី ម្ចាស់ដីប្រាកដជាថាបាត់ហើយ។ ឥឡូវខ្ញុំគួរឆ្លើយថាម៉េច(សើច) សុំឱ្យជួយឆ្លើយថាម៉េចចា៎»។

ពលរដ្ឋរូបនេះ បានលើកឡើងដោយបង្ហាញការហួសចិត្តថា នោះជាលើកទី១ហើយ នៅក្នុង​ឆាក​ជីវិត​របស់លោក ដែលបានឃើញមេដឹកនាំប្រទេសមួយ ដែលស្នងតំណែង​ពី​ឪពុកដូចលោក ហ៊ុន ម៉ាណែត នេះ បាននិយាយទទួលស្គាល់ភាពស្របច្បាប់របស់ប្រទេសជិតខាង ដែល​កំពុង​ធ្វើ​សកម្មភាពឈ្លានពានយកដីរបស់ពលរដ្ឋខ្មែរខ្លួនឯង និងយករឿងនេះ មកវាយប្រហារអ្នក​ប្រឆាំង​ដូចអាយ៉ៃឆ្លើងឆ្លងគ្នាទៅវិញ។

កាលពីថ្ងៃទី៨ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដោយទទួលស្គាល់ថា ការសាងសង់របងជញ្ជាំងអចិន្ត្រៃយ៍របស់ប្រទេសថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង គឺមិនបានចូលក្នុងទឹកដីរបស់កម្ពុជានោះឡើយ ដោយ​ការ​សាងសង់​នេះ គឺធ្វើឡើងនៅក្នុងទឹកដីថៃ។ ថ្លែង​អម​ដោយ​សំឡេងទះដៃរបស់មន្រ្តី​ដែល​ហែហម​លោកបានបញ្ជាក់​ដោយ​អាងប្រភពពីសារព័ត៌មានរបស់ប្រទេសថៃថា ការសាងសង់​របងព្រំដែន​ពីសំណាក់ភាគីថៃនេះ មានតែធ្វើឱ្យកម្ពុជាចំណេញទឹកដីបន្ថែម ដោយសារមាន​ប្រជាពលរដ្ឋ​ថៃ​មួយចំនួន បានបាត់ដីចម្ការមកខាងកម្ពុជា។

ទោះជាបែបនេះក្ដី ការអះអាងរបស់លោក ហ៊ុន ម៉ាណែត នេះ មាន​ភាពបញ្ច្រាស់គ្នា​ទៅនឹង​ក្រសួង​ការបរទេស ដែលបានចេញសេចក្ដីថ្លែងការណ៍ប្រឆាំងនឹងសកម្មភាព​សាងសង់របង​ព្រំដែន​អចិន្ត្រៃយ៍ របស់ប្រទេសថៃជាឯកតោភាគី ទាំងដែលយន្តការវាស់វែង និងផ្ទៀងផ្ទាត់​តម្រុយបង្គោលព្រំដែន នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។

ទន្ទឹមគ្នានេះ មន្រ្តីម្នាក់ដែលប្រចាំការនៅច្រកព្រំដែនស្រុកកំរៀង បានអះអាងប្រាប់ទូរទស្សន៍​អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយទទួលស្គាល់ថា យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋខ្មែរ​ជាង ១០គ្រួសារ ដែលបានបាត់បង់ដីអាស្រ័យផលទៅខាងភាគីថៃ នៅចន្លោះ​បង្គោលព្រំដែនលេខ ៥២ ដល់ ៥៩ ដែលស្ថិតនៅក្នុងស្រុកកំរៀង ដោយក្នុងនោះក៏មាន​លោកស្រី​ម្នាក់ផងដែរ។ លោកស្រីរម្លឹកថា ប្រទេសថៃបានចូលមករំកិលបង្គោលព្រំដែន​នៅ​តំបន់ស្រុកកំរៀង នេះតាំងពីទសវត្សឆ្នាំ៨០ មកម៉្លេះ ជាពិសេសគឺនៅទីតាំងបង្គោលព្រំដែន​លេខ​៥៥ និង៥៦ ស្ថិតក្នុងភូមិព្រះពុទ្ធ និងភូមិស្វាយស ដោយទាហានថៃបានរំកិលបង្គោលព្រំដែនឆ្លង​អូរធម្មជាតិមួយកន្លែង ស្ថិតនៅក្បែរច្រកបឹងឆ្នាំ ចូលក្នុងទឹកដីកម្ពុជា ប្រហែលជិត ១រយម៉ែត្រ។

លោកស្រីបញ្ជាក់បន្ថែមថា លុះក្រោយមកនៅក្នុងអំឡុងឆ្នាំ២០១៥ ទាហានឈុតខ្លៅថៃបាន​រំកិល​បង្គោល​ព្រំដែនលេខ៥៥ ចូលក្នុងទឹកដីកម្ពុជា ជាច្រើនម៉ែត្រថែមទៀត ដើម្បីកែសម្រួល​ឱ្យ​បង្គោល​ព្រំដែនលេខ៥២ ដល់៥៩ មានសភាពត្រង់ដូចបន្ទាត់។ លោកស្រីបានអះអាងថា ការណ៍ដែលភាគីថៃ អាចចល័តបង្គោលព្រំដែនដោយសន្តិភាពបែបនេះ គឺដោយសារមេបញ្ជាការ​ប្រចាំតំបន់ស្រុកកំរៀង មានគោលជំហរទន់ជ្រាយ។

មន្ត្រីព្រំដែន៖ «ហ្នឹងហើយ! មែនហើយ ថ្ងៃមុនហ្នឹងគេនាំមនុស្សប្រហែល ៣០នាក់ មកចូលក្នុងដីបងហ្នឹង ហើយមកបោះបង្គោលព្រំដែនហ្នឹងណា។ គេដើរផ្លូវត្រង់ហ្នឹងឯង ប៉ុន្តែគេអត់ឲ្យអាជ្ញាធរយើងហ្នឹងដើរតាមទេ គេអត់ឲ្យដើរនៅក្បែរផងហ្នឹង ហើយគេចូលក្នុងដីបងអីហ្នឹង។ អាជ្ញាធរយើងនៅមុខហ្នឹង ហើយយើងអត់ហ៊ាននៅជិតគេផងហ្នឹងណា»។

មន្រ្តីរូបនេះ អះអាងថា ចំពោះប្រជាពលរដ្ឋដែលបានបាត់បង់ដីអាស្រ័យផល អាជ្ញាធរបានផ្ដល់​សំណង ក្នុងរូបភាពជាការចែកអំណោយ ដោយក្នុងគ្រួសារម្នាក់ ទទួលបានលុយ ១លានរៀល និងអង្ករមួយការុង ក្នុងនោះអាជ្ញាធរបានហាមមិនឱ្យប្រជាពលរដ្ឋ​និយាយអំពីរឿងនេះចេញ​ទៅក្រៅនោះឡើយ។

ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា និងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញកិច្ចប្រជុំនេះបានទេ នៅថ្ងៃទី១៩ ខែតុលា។

ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ស្នើឱ្យលោក ហ៊ុន ម៉ាណែត បង្ហាញភស្តុតាង និងយកមកផ្ទៀងផ្ទាត់ជាមួយនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ ប្រសិនបើ​ភាគីថៃពិតជាមិនបានសាងសងរបងចូលក្នុងទឹកដីកម្ពុជា ដូចដែលលោកបានអះអាងមែននោះ។

លោកបន្តថា រឿងព្រំដែនគឺជាប់ពាក់ព័ន្ធដល់អធិបតេយ្យជាតិ ដូច្នេះលោក ហ៊ុន ម៉ាណែត មិនគួរមាត់រអិល និយាយដោយគ្មានបច្ចេកទេសបែបនេះនោះឡើយ ព្រោះការអះអាងរបស់លោកនេះ នឹងត្រូវភាគីថៃយកមកប្រើប្រាស់ ដើម្បីបញ្ជាក់ពីភាពស្របច្បាប់ ក្នុងការធ្វើសកម្មភាពរំលោភបំពានទឹកដីកម្ពុជា។

លោក ម៉ែន ណាត៖ «តាមផ្លូវច្បាប់ គេមិនឱ្យយកសម្ដីមេដឹកនាំមកធ្វើជាខ្នាតកំណត់ទេ គេឱ្យយកច្បាប់ជាខ្នាតកំណត់។ ហើយច្បាប់ដែលជាមូលដ្ឋានហ្នឹង គឺសន្ធិសញ្ញាបារាំង –សៀម ឆ្នាំ១៩០៤-១៩០៧ ដែលគេទទួលស្គាល់ជាអន្តរជាតិ និងផែនទីរបស់បារាំងខ្នាត ១លើ២០០,០០០ ដែលគេទទួលស្គាល់ជាអន្តរជាតិ ដើម្បីយកទៅផ្ទៀងផ្ទាត់»។

បង្គោលព្រំដែនលេខ៥២ ដល់៥៩ គឺជាខ្សែបន្ទាត់ព្រំដែនត្រង់ ដែលមានទីតាំងស្ថិតនៅចាប់ពីច្រកអន្តរជាតិដូង ឬបានឡែម រហូតដល់តំបន់ភ្នំជ្រាំង ក្នុងភូមិ​អូរជ្រៃ។ យោធាថៃបានចាប់ផ្ដើមសាងសង់បង្គោលព្រំដែនក្នុងតំបន់នេះ កាលពីដើមឆ្នាំ២០២៦ ដោយយោធាថៃគ្រោងនឹងបំពាក់ឧបករណ៍តាមដាន ដើម្បីឃ្លាំមើលសកម្មភាពនៅតំបន់ព្រំដែន​កម្ពុជា។ ផ្អែកតាមការផ្ទៀងផ្ទាត់ពីរូបភាពតាមផ្កាយរណប បានបង្ហាញថា បច្ចុប្បន្នថៃ​បានដាំ​បង្គោល​គ្រឹះ និងសាងសង់របងព្រំដែនដែលមានប្រវែងជាង ៨គីឡូម៉ែត្រនេះ ទៅដល់ទីតាំង​បង្គោល​ព្រំដែនលេខ៥៨ ហើយ។

ទិដ្ឋភាពរបងព្រំដែនដែលថៃបានសាងសង់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់ជាប់នឹងកម្ពុជា ត្រង់ស្រុកកំរៀង ខេត្ត​បាត់ដំបង ត្រង់​ចន្លោះបង្គោលព្រំដែន​លេខ ៥២-៥៤។ រូប៖ កាសែតថៃ

ចំណែកនៅខាងភាគីកម្ពុជាឯនេះវិញ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានប្រកាសទទួលស្គាល់ពី​ភាព​ស្របច្បាប់ នៃការសាងសង់របងព្រំដែនរបស់ភាគីថៃហើយនោះ គេឃើញមានក្រុម​មន្រ្តីរដ្ឋាភិបាល និងក្រុម MMO ដែលជាសកម្មជនរបស់គណបក្សកាន់អំណាច បានផ្សព្វផ្សាយ ដោយបង្កើតជារូបភាពគាំទ្រនូវការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះព្រោងព្រាត និងវាយប្រហារសំឡេងអ្នករិះគន់ ខណៈពលរដ្ឋខ្មែរដែលបានបាត់ដីអាស្រ័យផល កំពុងណែន​ដើមទ្រូង ដោយសារត្រូវអាជ្ញាធរបំបិទមាត់ មិនឱ្យទម្លាយរឿងនេះចេញមកក្រៅ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ