អ្នក​ឃ្លាំ​មើល​ថា កម្ពុជា​នៅ​តែ​អាច​ទាមទារ​ប្រាសាទ​តាក្របី​និង​ប្រាសាទ​ខ្នារ​មក​វិញ​បាន​ បើ​កម្ពុជា​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ

0
159
ទដ្ឋភាព​ពលរដ្ឋថៃនិងក្រសួងវប្បធម៌ថៃ ​ធ្វើ​ពិធីបួងសួង​​ជួសជុល​ឡើងវិញ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៦។ រូប៖ Thai Press
ទដ្ឋភាព​ពលរដ្ឋថៃនិងក្រសួងវប្បធម៌ថៃ ​ធ្វើ​ពិធីបួងសួង​​ជួសជុល​ឡើងវិញ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៦។ រូប៖ Thai Press

អ្នក​ឃ្លាំមើល​​ និង​មន្ត្រី​បក្ស​ប្រឆាំង​​ថា ​កម្ពុជា​នៅ​តែ​​អាច​​ទាមទារ​ប្រាសាទ​តា​ក្របី​និង​ប្រាសាទ​ខ្នារ​​​ ​​មក​វិញ​​​​​​​​​​​បាន​​ ​​​បើ​ទោះបី​ថៃ​​ ​​​បាន​ចុះ​បញ្ជី​​​​ ​ប្រាសាទ​ទាំង​ពីរ​​​នេះ​​ ជា​​​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​​​​ក៏​ដោយ។​​ ប៉ុន្តែ​ពួក​គាត់​ព្រមាន​ថា​​​ ប្រាសាទ​ទាំង​នេះ​ និង​ទឹកដី​ខ្មែរ​ជាច្រើន​ទីតាំង​​​​​ទៀត​​ ដែល​ថៃ​កំពុង​កាន់​កាប់​នឹង​បាត់បង់​ជា​អចិន្ត្រៃយ៍ ​​ប្រសិន​បើ​រដ្ឋាភិបាល​​​ ​​មិន​ប្ដឹង​ថៃ​ ទៅកាន់​តុលាការអន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ​ឱ្យ​បាន​​ឆាប់​រហ័ស​ទេ​​នោះ​។​ ការ​លើក​ឡើង​នេះ​​​ ក្រោយ​ពី​​​ក្រសួង​វប្បធម៌​​​​​​​​​​​​​ថៃ​​ប្រកាស​​​​ថា​​​​​ ប្រាសាទ​តា​ក្របី​ និង​ប្រាសាទ​ខ្នារ​​​គឺ​ជា​របស់​ថៃ​ដែល​បាន​​​​​ចុះ​​ក្នុង​​​​​​បញ្ជី​​​​បេតិកភណ្ឌ​ជាតិ។

អ្នក​​ឃ្លាំមើល​​​​​​អះអាង​​ថា​ ពុំ​មែន​ជា​រឿង​ចម្លែក​​​ទេ ដែល​ភាគី​​​​​ថៃ​​​​ដាក់​បញ្ចូល​​​ប្រាសាទ​បុរាណ​ខ្មែរ​ ​​និង​បុរាណវត្ថុ ដែល​យក​ចេញ​ពី​ប្រាសាទ​​​​​​ជា​​​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ខ្លួន​ ​​​​ព្រោះ​​ភាគី​​ថៃ ​កំពុងតែ​កាន់​កាប់​លើ​​ ទី​តាំង​​ទាំង​នោះ​ ​ក៏ប៉ុន្តែ​​ វា​គ្មាន​ទម្ងន់​ផ្នែក​ច្បាប់​ឡើយ​ ​ប្រសិន​បើ​កម្ពុជា​មាន​គោល​ជំហរ​ និង​ផែន​ការ​ច្បាស់​លាស់​ ដើម្បី​ទាមទារ​យក​មក​វិញ​ តាម​​យន្តការ​អន្តរជាតិ។

អ្នក​តាម​ដាន​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​​​​នៅ​ថ្ងៃ​ទី២៧ ខែ​តុលា​ថា​​ ការ​ប្រកាស​របស់​ក្រសួង​វប្បធម៌​ថៃ ក្នុង​ការ​បញ្ចូល​ប្រាសាទ​តាក្របី និង​ប្រាសាទ​ខ្នារ ​រួម​ទាំង​បុរាណ​វត្ថុ​ដែល​យក​ចេញ​ពី​ប្រាសាទ​ ​​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ផ្លូវការ​របស់​ខ្លួន ​គឺ​ជា​យុទ្ធសាស្ត្រ​ឈ្លានពាន​ផ្នែក​ផ្លូវ​ច្បាប់ និង​វប្បធម៌។ លោក​ថា​​ទង្វើ​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​ប្រវត្តិសាស្ត្រ និង​បូរណភាព​ទឹក​ដី​របស់​កម្ពុជា។

លោក​បន្ត​ថា​ ភាគី​ថៃ​​​កំពុង​ប្រើ​ប្រាស់​ច្បាប់​ក្នុង​ស្រុក​របស់​ខ្លួន ដើម្បី​បង្កើត​អង្គហេតុ​ស្រប​ច្បាប់​ក្លែងក្លាយ​នៅ​លើ​ដី និង​បំប្លែង​សម្បត្តិ​បេតិកភណ្ឌ​ដូនតា​ខ្មែរ​ឲ្យ​ទៅ​ជា​របស់​ថៃ​ជា​ផ្លូវ​ការ ដែល​នេះ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​បទដ្ឋាន​ច្បាប់​អន្តរជាតិ និង​សន្ធិ​សញ្ញា​ព្រំដែន​ប្រវត្តិសាស្ត្រ។ចំណែក​​​ជំហរ ​​របស់​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត​​វិញ ​លោក​​យល់​ថា​​​ បង្ហាញ​ពី​ភាព​ទន់ជ្រាយ និង​ការ​ខកខាន​​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​ជាតិ​ឱ្យ​បាន​​ត្រឹមត្រូវ។

ទោះ​ជា​​​យ៉ាង​ណា​ ​​​​​​​​លោក​អះអាង​​ថា​ កម្ពុជា​នៅ​តែ​មាន​មូលដ្ឋាន​ច្បាប់ និង​ប្រវត្តិសាស្ត្រ​រឹងមាំ​តាម​រយៈ​សន្ធិ​សញ្ញា​បារាំង-សៀម និង​ផែនទី​​​ ​គោក​អន្តរជាតិ។ ​ប៉ុន្តែ​លោក​ព្រមាន​ថា​​ ​លទ្ធភាព​ជាក់ស្ដែង​នឹង​ត្រូវ​បាត់បង់​ទាំង​ស្រុង ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ឈរ​មើល​ភាគី​ថៃ​បំប្លែង​អត្តសញ្ញាណ​ប្រាសាទ​ទាំង​នោះ​តាម​ចិត្ត។ ​លោក​បន្ត​ថា​​ ការ​ទាមទារ​មិន​អាច​សម្រេច​បាន​ឡើយ ដរាបណា​កម្ពុជា​មិន​ព្រម​តវ៉ា​ឱ្យ​បាន​ខ្លាំង​ក្លា និង​បន្ត​បណ្ដែតបណ្ដោយ​​ឱ្យ​ថៃ​ចុះ​បញ្ជី​បំភ័ន្ត​ភ្នែក​ពិភពលោក​ថា កម្ពុជា​បាន​យល់​ព្រម ឬ​ទទួល​ស្គាល់​ដោយ​ស្ងៀមស្ងាត់​នោះ​។

លោក ​សេង វណ្ណលី៖ «ការ​រង់ចាំ​តែ​លើ​យន្តការ​ចរចា​ទ្វេភាគី ដោយ​មិន​ប្រឹង​ប្រែង​រៀបចំ​សំណុំ​រឿង​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ឬ​យន្តការ​អន្តរជាតិ​ផ្សេង​ទៀត គឺ​ជា​យុទ្ធសាស្ត្រ​គ្មាន​សង្ឃឹម និង​ប្រៀប​ដូច​ជា​ការ​ប្រគល់​ទឹក​ដី​ឱ្យ​គេ​ដោយ​ស្វ័យប្រវត្តិ​។ ការ​ចរចា​ទ្វេភាគី​ជា​មួយ​ប្រទេស​ដែល​មាន​ប្រៀប​ជាង​ផ្នែក​យោធា និង​សេដ្ឋកិច្ច ដូច​ជា​ថៃ មាន​តែ​ធ្វើ​ឱ្យ​កម្ពុជា​ចាញ់​ប្រៀប និង​រង​ការ​គាបសង្កត់​ប៉ុណ្ណោះ​។ ប្រសិន​បើ​កម្ពុជា​មិន​ប្រើ​ប្រាស់​អំណាច​ច្បាប់​អន្តរជាតិ និង​អង្គការ​សហ​ប្រជាជាតិ​ជា​បង្អែក​ទេ ថៃ​នឹង​ប្រើ​ប្រាស់​ពេល​វេលា​នៃ​ការ​ចរចា​នេះ ដើម្បី​ពន្យារ​ពេល​រហូត​ដល់​ការ​កាន់​កាប់​ខុស​ច្បាប់​របស់​គេ​ក្លាយ​ជា​រឿង​ធម្មតា ដែល​ពិភព​លោក​លែង​ខ្វល់​ខ្វាយ​​​»។​

ការ​លើក​ឡើង​នេះ​​​ ក្រោយ​ពី​​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ថៃ​​​​ ​​អ្នកស្រី សាប៊ីដា ថៃសេដ្ឋ (Sabida Thaiseth) កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​តុលា បាន​ប្រាប់​​សារព័ត៌មាន​ថៃ​ឈ្មោះ ខៅសុត (Khaosod) ថា ប្រាសាទ​តា​ក្របី​ និង​ប្រាសាទ​ខ្នារ​ស្ថិត​​ក្នុង​​​ទឹក​ដី​ថៃ​ ហើយ​​​ជា​សម្បត្តិ​បេតិកភណ្ឌ​​ប្រវត្តិសាស្ត្រ ​របស់​ថៃ​​។ ទន្ទឹម​គ្នា​នោះ​​ ​​អ្នក​​ស្រី​បាន​​បដិសេធ​​ ចំពោះ​ការ​ទាមទារ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​ល្បះ​​ ខ្មែរ​ ​តាម​រយៈ​ការ​​​​ ​​​ចេញ​​សេចក្ដី​ថ្លែងការណ៍​​ថ្កោលទោស​​​ និង​ទាមទារ​​ឱ្យ​ភាគី​ថៃ​​ ប្រគល់​ប្រាសាទ​ និង​វត្ថុបុរាណ​ទាំង​នោះ​ឱ្យ​មក​កម្ពុជា​ វិញ ​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​តុលា។

​ឆ្លើយ​តប​ទៅ​នឹង​​ការ​លើក​ឡើង​របស់​ ​ភាគី​ថៃ​នេះ​​​​​ដែរ​ នៅ​ថ្ងៃ​ទី​​២៧ ខែ​តុលា​ ក្រសួង​វប្បធម៌​ខ្មែរ​​បាន​​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​​ដោយ​បញ្ជាក់​ថា កម្ពុជា​បដិសេធ​ដាច់​ខាត​មិន​​ទទួល​ស្គាល់​ការ​លើក​ឡើង​របស់​ភាគី​ថៃ ​ដែល​​អះអាង​ថា ប្រាសាទ​ខ្នារ និង​ប្រាសាទ​តា​ក្របី ស្ថិត​នៅ​ក្នុង​ទឹក​ដី​ថៃ​​​ និង​ ​បាន​ចុះ​ប្រាសាទ​ទាំង​នេះ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ​ ព្រមទាំង​បាន​ចាត់​វិធាន​ការ​រដ្ឋបាល​នានា​ដើម្បី​គ្រប់គ្រង​ថែរក្សា​ និង​អភិរក្ស​តាម​រយៈ​ច្បាប់​ជាតិ​ផ្ទៃ​ក្នុង​របស់​ខ្លួន។ ក្រសួង​​​បញ្ជាក់​ថៃ​ភាគី​ថៃ​​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នេះ ​បាន​​បដិសេធ​មិន​ព្រម​ប្រគល់ ​វត្ថុ​សិល្បៈ​ដែល​បាន​យក​ចេញ​ជា​ឯកតោ​ភាគី​ពី​តំបន់​ប្រាសាទ​​​​ឱ្យ​កម្ពុជា​​​ ក្រោម​​​លេស​​​​​ដើម្បី​សិក្សា ថែរក្សា និង​អភិរក្ស​ ជា​សម្បត្តិ​របស់​ខ្លួន។

ក្រសួង​វប្បធម៌​​​​បញ្ជាក់​ទៅ​កាន់​ភាគី​ថៃ​​ជា​ថ្មី​ថា ប្រាសាទ​ខ្នារ ប្រាសាទ​តា​ក្របី រួម​ទាំង​ប្រាសាទ​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ហើយ​ដែល​កំពុង​គ្រប់គ្រង​ដោយ​ខុស​ច្បាប់​​ពី​​សំណាក់​យោធា​ថៃ គឺ​ជា​ប្រាសាទ​ដែល​ត្រូវ​បាន​កសាង​ឡើង​ដោយ​បុព្វបុរស​ខ្មែរ និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​​​​កម្ពុជា ​ស្រប​តាម​​​​​ខណ្ឌ​សីមា​របស់​គណៈកម្មការ​កំណត់​ព្រំដែន​ឥណ្ឌូ​ចិន-សៀម ដែល​បង្កើត​ឡើង​​ ​តាម​ស្មារតី​នៃ​អនុសញ្ញា​បារាំង-សៀម​ ឆ្នាំ​១៩០៧។

ជាមួយ​គ្នា​នោះ​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​ទាមទារ​ជា​ដាច់​ខាត ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ទាំង​ឡាយ​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​កម្ពុជា​នៅ​តាម​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា និង​ទាមទារ​ឱ្យ​ប្រគល់​ត្រឡប់​មក​វិញ​នូវ​វត្ថុបុរាណ​ដែល​ត្រូវ​បាន​យក​ចេញ​ពី​ប្រាសាទ​ខ្នារ និង​គោរព​ឱ្យ​បាន​ពេញ​លេញ​នូវ​អធិបតេយ្យភាព បូរណភាពទឹកដី និង​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា។

​​​​​​​​​​ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ឡើង​ថា​ ថ្វីត្បិត​​​​​ភាគី​ថៃ​អះអាង​ថា​​ ​ប្រាសាទ​តា​ក្របី និង​ប្រាសាទ​ខ្នារ​ ជា​សម្បត្តិ​បេតិកភណ្ឌ​​​​របស់​ខ្លួន​ក្ដី​ ​វា​​​ពុំ​មាន​ទម្ងន់​ផ្លូវ​ច្បាប់​ត្រឹម​ត្រូវ​នោះ​​ឡើយ ដូច្នេះ​​លោក​ថា​​​កម្ពុជា​នៅ​តែ​ទាមទារ​បាន​មក​វិញ​ដដែល​​ តាម​រយៈ​ការ​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការ​​​យុត្តិធម៌​អន្តរជាតិ​ ICJ។​ លោក​បារម្ភ​ថា ការ​ពន្យារ​ពេល​មិន​ព្រម​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការអន្តរជាតិ ​​ពី​សំណាក់​លោក ហ៊ុន​ម៉ាណែត គ្មាន​ផ្ដល់​ផល​ចំណេញ​​អ្វី​ដល់​ជាតិ​នោះ​ទេ​ ​​​ក្រៅ​តែ​ពី​ទុក​ឱកាស​​ឱ្យ​ថៃ​បន្ត​បំប្លែង​ទឹក​​ដី​​ខ្មែរ​ តាម​អំពើ​ចិត្ត។

​លោក អ៊ុំ សំអាន៖ « ​រដ្ឋាភិបាល​លោក​ហ៊ុន សែន មិន​​ព្រម​ប្ដឹង​ថៃ​ទៅ​កាន់​​តុលាការអន្តរជាតិ ហើយ​រង់​ចាំ​ចរចា​តែ​មួយ​មុខ​ជា​មួយ​ថៃ​ហ្នឹង កម្ពុជា​គ្មាន​សង្ឃឹម​បាន​ប្រាសាទ​តា​ក្របី​ និង​ប្រាសាទ​ខ្នារ​​​មក​វិញ​នោះ​ទេ។​ ដូច្នេះ​ហើយ​បាន​ខ្ញុំ​​​​តូច​ៗ​ឱ្យ​លោក ហ៊ុន សែន ប្រញាប់ប្រញាល់​ប្ដឹង​ថៃ​​ទៅ​កាន់​តុលាការ​យុត្តិធម៌ អន្តរជាតិ​ICJ ប្រញាប់​​ប្ដឹង​​​ទៅកាន់​សហប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីសឆ្នាំ​១៩៩១ ដើម្បី​ទាមទារ​ប្រាសាទ​ទាំង​ពីរ​នេះ​មក​វិញ»។

កន្លង​ទៅ​នេះ​ លោក សេង វណ្ណលី សង្កេត​ឃើញ​ថា ជំហរ និង​​​របៀប​ដោះស្រាយ​​​​បញ្ហា​ព្រំដែន​គោក​​​​​​របស់​រដ្ឋាភិបាល​ ​លោក ហ៊ុន ម៉ាណែត ​​គឺ​នៅ​តែ​​បង្ហាញ​ពី​ភាព​ទន់ជ្រាយ និង​ការ​ខកខាន​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ការ​ពារ​បូរណភាព​ទឹក​ដី​​​​​​​ឱ្យ​​បាន​​ត្រឹម​ត្រូវ​ និង​មាន​តម្លាភាព​​។​ លោក​យល់​ថា​​ ការ​ដែល​រដ្ឋាភិបាល​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ថែម​ទាំង​មិន​ហាន​ចាត់​វិធាន​ការ​ឆ្លើយ​តប​ឱ្យ​បាន​ម៉ឺង​ម៉ាត់​​នៅ​​​ចំពោះ​មុខ​​សហគមន៍​​អន្តរជាតិ​ ​ដើម្បី​ដាក់​សម្ពាធ​ភាគី​ថៃ​ បាន​បង្កើត​ឱ្យ​មាន​មន្ទិល​សង្ស័យ​​​​អំពី​សមត្ថភាព និង​ឆន្ទៈ​ក្នុង​ការ​ប្រឈម​មុខ​ជា​មួយ​​​​ថៃ​ដោយ​ផ្ទាល់​​។ ​លោក​ថា​​ អាកប្ប​កិរិយា​យឺតយ៉ាវ និង​ការ​គិត​តែ​​ពី​ការ​ទូត​ស្ងប់ស្ងាត់​​​នេះ បាន​បើក​ដៃ​ឱ្យ​ថៃ​មាន​ប្រៀប និង​​​​បន្ត​ពង្រឹង​​​​កាន់​កាប់​​​​លើ​ទីតាំង​ដី​ខ្មែរ​ដោយ​គ្មាន​សម្ពាធ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ