

អ្នកឃ្លាំមើលលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅចូលរួមកម្មវិធីបើកសន្និសីទ បញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦នៅឯប្រទេសចិន នៅក្នុងសប្ដាហ៍នេះ នឹងគ្មានឥទ្ធិពល ឬលទ្ធផលជាដុំកំភួន ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃនោះទេ បើទោះបីជានាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល នឹងមានវត្តមាននៅក្នុងកម្មវិធីនេះក្ដី។ អ្នកឃ្លាំមើលថា មេដឹកនាំចិន នឹងមិនជជែកស៊ីជម្រៅ លើបញ្ហាព្រំដែន កម្ពុជា-ថៃនោះដែរ ព្រោះចិនខ្លាចប៉ះពាល់អារម្មណ៍ថៃ។
អស់រយៈពេល១ឆ្នាំហើយ បញ្ហាព្រំដែនកម្ពុជា-ថៃ នៅតែគ្មានដំណោះស្រាយនៅឡើយ ខណៈប្រទេសមហាអំណាចធំៗ ដូចជាចិន និងអាមេរិក ជាដើម ក៏ពុំសូវខ្វល់ខ្វាយ ជាមួយកម្ពុជានោះដែរ បើទោះជាកម្ពុជាបានអះអាងប្រាប់បណ្ដាប្រទេសទាំងនោះថា កម្ពុជាជាជនរងគ្រោះក្ដី។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៤ ខែ កក្កដាថា ក្នុងដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិននៅក្នុងសប្ដាហ៍នេះ លោករំពឹងថា លោក ហ៊ុន ម៉ាណែត នឹងលើកបញ្ហាព្រំដែនជាមួយថៃ ប្រាប់ទៅកាន់មេដឹកនាំចិន ដើម្បីឱ្យជួយសម្របសម្រួលក្នុងនយោបាយការទូត ដើម្បីដាក់សម្ពាធថៃឱ្យដកកងទ័ពចេញពីទឹកដី កម្ពុជា។ ជាមួយគ្នានោះ លោក សង្ឃឹមថា លោក ហ៊ុន ម៉ាណែត នឹងនិយាយពីរឿងអយុត្តិធម៌ ទាំងឡាយដែលថៃ បានបង្កសង្គ្រាមឈ្លានពាន មិនឈប់ឈរ លើកម្ពុជារហូតមកទល់ពេលនេះជាដើម។
ទោះជាយ៉ាងណា លោកថា ភាគីថៃក៏អាចប្រហែលជាដឹងថា លោក ហ៊ុន ម៉ាណែត នឹងលើកបញ្ហាជម្លោះព្រំដែនជាមួយថៃ ប្រាប់មេដឹកនាំចិន ដូច្នេះភាគីថៃនឹង រកវិធីសាស្ត្រ ដើម្បីពន្យល់ចិនវិញ ដើម្បីឱ្យចិនកុំជឿលោក ហ៊ុន ម៉ាណែត។ លោកថា នៅក្នុងបញ្ហាដ៏រសើបនេះចិននឹងថ្លឹងថ្លែង អំពីផលប្រយោជន៍ មុននឹងធ្វើការជជែកលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ លោកថា តាមទិដ្ឋភាពជាក់ស្ដែង ប្រទេសថៃ មានផលប្រយោជន៍ពាណិជ្ជកម្ម និងការវិនិយោគជាមួយចិនច្រើនជាងកម្ពុជា ដូច្នេះរាល់ការជជែករឿងព្រំដែនជាមួយថៃ ចិននឹងមិនជជែកស៊ីជម្រៅនោះទេ។
លោកបន្តថា បើទោះបីជាកន្លងទៅ ចិនមានទំនាក់ទំនងល្អជាមួយកម្ពុជាក្នុងវិស័យនយោបាយ ពិតមែន ប៉ុន្តែ ចិនអត់សូវមានផលប្រយោជន៍ខាងវិស័យសេដ្ឋកិច្ចច្រើនជាមួយប្រទេសថៃនោះឡើយ ។ លោកថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ នៅលើទឹកដីចិន គឺគ្មានឥទ្ធិពល ឬលទ្ធផលជាដុំកំភួនលើបញ្ហាព្រំដែននោះទេ។ ជាមួយគ្នានោះលោកថា ចិន អាចនឹងសម្របសម្រួលឱ្យភាគីកម្ពុជា និងថៃជួបជជែកគ្នាដាច់ដោយឡែក ប៉ុន្តែភាគីចិននឹងមិនលូកដៃជ្រៅ លើករណីព្រំដែននោះទេ ព្រោះបារម្ភខ្លាចប៉ះពាល់អារម្មណ៍ថៃ។
លោក ម៉ែន ណាត៖ «សៀមគេមានផលប្រយោជន៍ជាមួយចិនហ្នឹងវាខ្ពស់ជាង ហើយវាខ្ពស់ជាងកម្ពុជា។ អញ្ចឹងក្នុងរឿងនេះ កន្លងមកដូចសង្គ្រាមកន្លងមក ចិនអាចជួយសម្របសម្រួលឱ្យភាគីកម្ពុជា និងសៀមហ្នឹង បន្ថយការឡើងកម្ដៅហ្នឹងបានមួយចំណែកខ្លះដែរ។ ប៉ុន្តែ វាអាស្រ័យលើភាគីថៃ តើថៃហ្នឹងស្ដាប់ចិន ដើម្បីបញ្ឈប់ការឈ្លានពានឬទេ?»។
ការលើកឡើងនេះ ក្រោយពីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដាបានបង្ហោះព័ត៌មាននៅលើគណនីហ្វេសប៊ុកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅទស្សនកិច្ច ការងារនៅប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ដើម្បីចូលរួមពិធីបើកសន្និសីទ បញ្ញាសិប្បនិម្មិត ពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា។
ជាមួយគ្នានោះ ក្រសួងបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នឹងជួបសម្ដែងការគួរសមចំពោះប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង រួមនឹងជួបតំណាងធុរជនចិនសំខាន់ៗជាច្រើន ផងដែរ។ ក្រសួងការបរទេសកម្ពុជាអះអាងថា ទស្សនកិច្ចការងារនេះ បញ្ជាក់អំពីការប្ដេជ្ញារួមគ្នារវាងកម្ពុជានិងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្ដល់ផល់ប្រយោជន៍ទៅវិញទៅមក កាន់តែល្អប្រសើរ។
កាលពីចុងខែមិថុនាកន្លងទៅនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានដឹកនាំមន្ត្រីជាន់ខ្ពស់ និងកូនរបស់លោក ចំនួនពីរនាក់ គឺលោក ហ៊ុន ម៉ានិត និង លោក ហ៊ុន ម៉ានី ជួបពិភាក្សាជាមួយ លោក ស៊ី ជិនពីង ផងដែរ។ ក្នុងដំណើរទស្សនកិច្ចនោះ លោក ហ៊ុន សែន បានលើកឡើងអំពីបញ្ហាសំខាន់ៗមួយចំនួន រួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ការប្ដេជ្ញាចិត្តទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការផ្លាស់ប្ដូរទស្សនៈជុំវិញជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយភាគីចិនបានគាំទ្រ កិច្ចការពារអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែ គេពុំឃើញភាគីចិនថា នឹងជួយរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនោះទេ។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសចិន លោក ហ៊ុន ម៉ាណែត នឹងមិនរកកិច្ចអន្តរាគមន៍ បញ្ហាកម្ពុជា និងថៃនោះទេ ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត អាចនឹងគិតរកវិធី ដើម្បីខ្ចីលុយពីចិនបន្ថែមទៀត ទុកគ្រាន់ យកមកទ្រទ្រង់អំណាចត្រកូល«ហ៊ុន» និងដើម្បីស្ដារ សេដ្ឋកិច្ចកម្ពុជា ដែលកំពុងធ្លាក់ចុះយ៉ាងខ្លាំង។
លោក អ៊ុំ សំអាន៖ «កម្ពុជាក្លាយទៅជាកូនបំណុលរបស់ចិន។ ចិនក៏គេចង់យកកម្ពុជា ជាកូនជើងរបស់គេ ដើម្បីពង្រីកខ្លួនជាមហាអំណាចនៅលើពិភពលោកផងដែរ ហើយនិងជួយការពារចិន បញ្ហាជម្លោះចិនខាងត្បូងក្នុងចំណោមប្រទេសអាស៊ាន។ សេដ្ឋកិច្ចកម្ពុជាហ្នឹង យើងឃើញហើយ ធ្លាក់ចុះសល់ ៣ ភាគរយហ្នឹង កំណើនសេដ្ឋកិច្ច អ៊ីចឹងវាត្រូវការ ពឹងចិនដើម្បីធ្វើឱ្យរដ្ឋាភិបាលរបស់គាត់ អាចរស់ទៅមុខទៀតបាន តាមរយៈការខ្ចីលុយចិន និងសុំជំនួយពីចិនបន្ថែម»។
អ្នកឃ្លាំមើលលើកឡើងថា លោក ហ៊ុន ម៉ាណែត និងមន្ត្រីរដ្ឋាភិបាលនៅពេល បានទៅធ្វើទស្សនកិច្ចក្រៅប្រទេស គួរតែចំណាយពេលជួបជាមួយមេដឹកនាំមកពីបណ្ដាប្រទេសនានា និងមេដឹកនាំចិនជាដើម ដើម្បីបញ្ចុះបញ្ចូល ឱ្យមេដឹកនាំនៃប្រទេសទាំងនោះ ងាកមកគាំទ្រកម្ពុជា និងជួយដាក់សម្ពាធការទូតមកលើភាគីថៃ។ ពួកគាត់ថា ការរក្សាភាពស្ងប់ស្ងាត់ មិនធ្វើអ្វីសោះលើឆាកអន្តរជាតិ និង គ្មានការបង្ហាញពីជំហរឱ្យបានច្បាស់លាស់ ជាហេតុធ្វើឱ្យភាគីថៃចេះតែបានចិត្ត ហើយ បន្តឈ្លានពានទឹកដី ខ្មែរស្ទើរតែ រាល់ថ្ងៃ ព្រោះពួកគេគិតថាកម្ពុជាមិនអាចធ្វើអ្វីថៃបាន ខណៈដែលការប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក៏គ្មាន៕








