

យោធាថៃបានចោទប្រកាន់មេដឹកនាំកម្ពុជា ថា បានយករឿងជម្លោះព្រំដែនមកធ្វើជាឧបករណ៍ឃោសនានយោបាយ ដើម្បីស្ដារប្រជាប្រិយភាព និងការគាំទ្រ។ ការចោទប្រកាន់របស់យោធាថៃនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ទៅកាន់អង្គការសហប្រជាជាតិ អំពីសកម្មភាពរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់យោធាថៃ មកលើប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជា។ ក៏ប៉ុន្តែ យោធាថៃបានចាត់ទុកការលើកឡើងរបស់កម្ពុជា គឺជាការបំផ្លាញសន្តិភាពដែលមានភាពផុយស្រួយរវាងប្រទេសទាំងពីរ។
មេទ័ពថៃបានប្រកាសថា ប្រទេសថៃនៅតែប្រកាន់ខ្ចប់នូវគោលការណ៍សន្តិភាព ក៏ប៉ុន្តែសន្តិភាពនេះអាចកើតទៅបាន លុះត្រាតែមេដឹកនាំកម្ពុជាបញ្ឈប់ការដើរបរិហារកេរ្តិ៍ប្រទេសថៃនៅលើឆាកអន្តរជាតិ ដើម្បីស្វែងរកផលប្រយោជន៍ នយោបាយខ្លួនឯង។ នេះជាសារព្រមានរបស់មេបញ្ជាការទ័ពអាកាសថៃ និងជានាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍កម្ពុជា និងថៃ (JIC) លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) ទៅកាន់មេដឹកនាំកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា។
លោក ប្រាក់ផាត លើកឡើងថា កម្ពុជាមិនគួរប្រើប្រាស់ពលរដ្ឋខ្លួនឯងធ្វើជាឧបករណ៍នយោបាយនោះឡើយ ខណៈដែលពលរដ្ឋខ្មែរ និងពលរដ្ឋថៃក៏មិនមែនជាសត្រូវនឹងគ្នានោះដែរ ហើយនិងមានទំនាក់ទំនងសេដ្ឋកិច្ច សង្គម និងវប្បធម៌ជាមួយគ្នាជាយូរអង្វែងទៀតផង។
យ៉ាងណាមិញ មេទ័ពអាកាសថៃរូបនេះ បានទទួលស្គាល់ថា ក្នុងសង្គ្រាមព្រំដែនធំៗទាំងពីរលើកកន្លងមកនេះ អ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺប្រជាពលរដ្ឋរស់នៅតាមព្រំដែន នៃប្រទេសទាំងពីរដូច្នេះ មិនគួរមានភាគីណាមួយ ត្រូវកេងប្រវ័ញ្ច និងយកទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្លួនឯង ដើម្បីបង្កើតចរន្តជាតិនិយម និងស្វែងរកផលប្រយោជន៍ផ្នែកនយោបាយនោះឡើយ។
ការចេញមកប្រតិកម្មរបស់យោធាជាន់ខ្ពស់ថៃរូបនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលាតត្រដាងអំពីសកម្មភាពរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់យោធាថៃ មកលើកម្ពុជា ក្នុងអំឡុងធ្វើសង្គ្រាមឈ្លានពានតាមព្រំដែន ប្រាប់ទៅអ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR) គឺអ្នកស្រី ម៉ាធីលដា បូហ្គនើ (Matilda Bogner) កាលពីរសៀលថ្ងៃទី៧ ខែកក្កដា។
នៅក្នុងកិច្ចប្រជុំនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) លោក កែវ រ៉េមី បានលើកឡើងអំពើការរើសអើង គំរាមកំហែង និងប្រើប្រាស់អំពើហិង្សាទៅលើពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ករណីចាប់រំលោភបូករបស់ទាហានថៃទៅលើពលការិនីខ្មែរម្នាក់ នៅពេលឆ្លងដែនត្រឡប់មកកម្ពុជាវិញ ការវាយប្រហារដោយមិនរើសគោលដៅ និងប្រើប្រាស់អាវុធគីមីហាមឃាត់ មកលើទីតាំងស៊ីវិលរបស់កម្ពុជា រួមទាំងការបំផ្លិចបំផ្លាញប្រាសាទខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងការបណ្ដេញប្រជាពលរដ្ឋខ្មែរចេញពីលំនៅឋានដោយបង្ខំ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺលោក ជា ធីរិទ្ធ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៩ ខែកក្កដា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ទាំងមេដឹកនាំកម្ពុជា និងមេដឹកនាំថៃបច្ចុប្បន្ន សុទ្ធតែបានយករឿងវិវាទព្រំដែនមកធ្វើជាការឃោសនា ដោយប្រើប្រាស់ចរន្តជាតិនិយម ដើម្បីស្វែងរកប្រជាប្រិយភាពដូចគ្នា គ្រាន់តែប្រើប្រាស់រូបមន្ត និងបង្កើត សេណារីយោ ក្នុងទម្រង់ផ្សេងគ្នា។ លោកបន្តថា សម្រាប់ភាគីថៃដែលជាអ្នកមានប្រៀបក្នុងសង្គ្រាម បានយករឿងនេះ មកផ្សារភ្ជាប់ជាមួយគោលនយោបាយបែបជាតិនិយម ចំណែកឯកម្ពុជា ដែលជាភាគីលោកថាជាភាគីចាញ់សង្គ្រាម និងកំពុងបាត់បង់ទឹកដីនៅតាមព្រំដែន បានប្រើប្រាស់យុទ្ធសាស្ត្រចាប់ចង និងគំរាមកំហែង ដើម្បីបំបិទសំឡេងអ្នករិះគន់ និងក្រុមអ្នកប្រឆាំង និងម្ខាងទៀត មេដឹកនាំកម្ពុជាបានប្រើប្រាស់វិធីសាស្ត្រលួងលោម ដើម្បីស្អំចិត្តពលរដ្ឋ។
លោក ម៉ែន ណាត៖ «ជាយោបល់ខ្ញុំ ខ្ញុំថាភាគីកម្ពុជាមិនត្រូវចាប់អារម្មណ៍នូវពាក្យសម្ដីរបស់ពួកអ្នកនយោបាយសៀម ឬក៏ពួកមេយោធាសៀមចោទប្រកាន់កម្ពុជាអីទេ។ ព្រោះអាហ្នឹងជាផែនការយុទ្ធសាស្ត្រឈ្លានពានរបស់គេមកលើទឹកដីកម្ពុជា។ តែអ្វីដែលកម្ពុជាគួរដឹងច្បាស់ថា យើងជាជនរងគ្រោះ យើងជាអ្នកដែលទទួលការប្រមាថពីថៃ។ ម្ល៉ោះហើយអ្វីដែលរដ្ឋាភិបាលកម្ពុជាគួរធ្វើ គួរតែបន្តការបកអាក្រាតថៃទៅលើឆាកអន្តរជាតិឱ្យបានខ្លាំងក្លា»។
កាលពីខែមិថុនា ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រកាសកំណត់យន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយប្រទេសថៃ យកមកធ្វើជាសារនយោបាយស្នូលសម្រាប់ត្រៀមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ និងថ្នាក់ជាតិ សម្រាប់អាណត្តិខាងមុខនេះ។ ក្នុងនោះលោក ហ៊ុន សែន ថែមទាំងបានប្រកាសបបួលគណបក្សប្រឆាំង ឱ្យរៀបចំគោលនយោបាយស្ដីពីបញ្ហានេះដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើការវាយតម្លៃទៀតផង។
យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើលយល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន សែន មិនឆ្លុះបញ្ចាំងអំពីការពិតនោះទេ ខណៈស្ថានភាពជាក់ស្ដែងវិញ ថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សប្រឆាំង ត្រូវបានរដ្ឋាភិបាលរបស់បក្សកាន់អំណាចធ្វើទុក្ខបុកម្នេញ ដោយប្រើប្រាស់ច្បាប់ធ្វើជាអាវុធ ដើម្បីដកហូតសិទ្ធិធ្វើនយោបាយ និងឃុំខ្លួនជាដើម។
អ្នកឃ្លាំមើលលើកឡើងទៀតថា ក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ កម្ពុជាមិនត្រឹមតែចាញ់ប្រៀបភាគីថៃតែទៅលើកម្លាំងទ័ពនោះទេ កម្ពុជាក៏ចាញ់ប្រៀបទាំងប្រព័ន្ធនយោបាយផ្ទៃក្នុងផងដែរ ដោយការគ្រប់គ្រងនៅក្នុងរដ្ឋាភិបាលថៃ ហាក់មានអតុល្យភាពអំណាច ដោយមានការបែងចែកជាប្រព័ន្ធ ដែលធ្វើឱ្យការសម្រេចអ្វីមួយ មានភាពច្បាស់លាស់ និងសុក្រឹតភាព។
ចំណែកប្រព័ន្ធដឹកនាំរបស់កម្ពុជាវិញ រាប់តាំងពីអំណាចការគ្រប់គ្រងបញ្ជាទ័ព និងការសម្រេចក្នុងរដ្ឋាភិបាលស៊ីវិល គឺស្ថិតនៅក្រោមអំណាចផ្ដាច់មុខនៃគ្រួសារត្រកូលហ៊ុនទាំងអស់៕









