

មេទ័ពអាកាសថៃ បានសម្ញែងអាវុធវាយប្រហារចម្ងាយ ១០០គីឡូម៉ែត្រដែលអាចបាញ់ចំគោលដៅត្រឹមត្រូវខ្ពស់ និងទម្រុះខែលការពារ ដើម្បីទុកប្រើប្រាស់នៅពេលមានសង្គ្រាម។ ក្នុងនោះមេទ័ពអាកាសថៃបានព្រមានថា នឹងធ្វើឱ្យប្រទេសដែលជាសត្រូវរបស់ថៃ ដឹងខ្លួនថាបានធ្វើខុស និងសោកស្ដាយ ដែលហ៊ានធ្វើសង្គ្រាមជាមួយប្រទេសថៃ។ ជុំវិញការបង្ហាញសាច់ដុំរបស់យោធាថៃនេះ កម្ពុជាបានបន្តរក្សាភាពស្ងៀមស្ងាត់ ខណៈមេដឹកនាំកម្ពុជា កំពុងធ្វើសង្គ្រាមពាក្យសម្ដី និងវាយប្រហារក្រុមអ្នកប្រឆាំង ដែលបានបញ្ចេញមតិពីបញ្ហាព្រំដែន។
មេបញ្ជាការកងទ័ពអាកាសថៃ លោក សេកសាន់ កាន់ថា (Seksan Kantha) បានប្រកាសថា រាល់សង្គ្រាមជាមួយកម្ពុជា នាពេលអនាគត គឺមិនដូចមុនទៀតនោះទេ ដោយសង្គ្រាមថ្មីនេះ នឹងមានអានុភាពខ្លាំងក្លាជាងមុខ បន្ទាប់ពីកងទ័ពអាកាសថៃបានធ្វើទំនើបកម្ម និងអភិវឌ្ឍសមត្ថភាពសង្គ្រាមតាមប្រព័ន្ធផ្កាយរណបអ៊ីនធឺណិត និងការបញ្ជូនសារតាមរលកដែនម៉ាញេទិចជាដើម។
ថ្លែងនៅក្នុងពីធីប្រកាសអំពីផែនការអភិវឌ្ឍ និងការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពអាកាសថៃ សម្រាប់ឆ្នាំ ២០២៧ និងឆ្នាំ២០២៨ កាលពីថ្ងៃទី១២ ខែតុលា លោក សេកសាន់ កាន់ថា បានលើកឡើងថា «ប្រសិនបើសត្រូវរបស់ប្រទេសថៃ បានដឹងថាកងទ័ពរបស់ថៃមានអាវុធ ដែលអាចធ្វើបាញ់បានរយៈចំងាយ ១០០គីឡូម៉ែត្រ ដោយទម្លុះប្រព័ន្ធការពារ និងចំគោលដៅនោះ ពួកគេគួរតែមានការភ័យខ្លាចចំពោះសមត្ថភាពនេះ»។ លោកបន្តថា ការបង្ហាញពីសមត្ថភាពយោធានេះ គឺជាយុទ្ធសាស្រ្តមួយ ដើម្បីរារាំងសត្រូវរបស់ប្រទេសថៃ ជាពិសេសគឺកម្ពុជា ដែលលោកអះអាងថាកំពុងចល័តទ័ព និងសម្ភារៈយោធានៅតាមតំបន់ព្រំដែន ដើម្បីត្រៀមលក្ខណៈប្រឆាំងនឹងយោធាថៃ។
យ៉ាងណាមិញ តាមការផ្ទៀងផ្ទាត់ព័ត៌មាន អាវុធដែលមេទ័ពអាកាសថៃរូបនេះ បានលើកយកមកបង្ហាញនេះ គឺជាមីស៊ីលប្រភេទ BVR (Beyond-Visual-Range) និងមីស៊ីល Meteor ដែលបំពាក់នៅលើយន្តហោះចម្បាំង Gripen ដោយមីស៊ីលទាំងនេះមានសមត្ថភាពវាយប្រហារចំងាយឆ្ងាយ និងមានកម្លាំងកម្ទេចគោលដៅខ្លាំង។ ទន្ទឹមគ្នានេះ មីស៊ីល Meteor មានសមត្ថភាពវាយប្រហារគោលដៅទាំងពេលថ្ងៃ និងពេលយប់ ទោះក្នុងលក្ខខណ្ឌបរិយាកាសមានការរំខានក៏ដោយ។ ក្នុងនោះ យោធាថៃបានបញ្ជាទិញយន្តហោះចម្បាំងប្រភេទ Gripen E/F ពីប្រទេសស៊ុយអែត ចំនួន៤គ្រឿងបន្ថែមទៀត ដើម្បីយកមកបំពាក់គ្រឿងសព្វាវុធទាំងនេះទៀតផង។
ក្រៅពីបង្ហាញពីអាវុធទាំងនេះ កន្លងមកគណៈរដ្ឋមន្រ្តីថៃបានអនុម័តថវិកា ដល់កងទ័ពអាកាសថៃ ដើម្បីទិញមីស៊ីលប្រភេទ Rampage ពីប្រទេសអ៊ីស្រាអែល ដើម្បីត្រៀមសម្រាប់ប្រើប្រាស់នៅក្នុងសង្គ្រាម។ តាមការបញ្ជាក់ពីមេទ័ពថៃ មូលហេតុដែលទ័ពអាកាសថៃ សម្រេចទិញមីស៊ីលប្រភេទ Rampage នេះ គឺដើម្បីទុកប្រើប្រាស់វាយប្រហារលេណដ្ឋានរបស់សត្រូវ ព្រោះអាវុធនេះមានកម្លាំងបុកទង្គិចចូលជ្រៅទៅក្នុងដី។
ក្រៅពីទិញអាវុធពីក្រៅប្រទេសហើយនោះ យោធាថៃបានបង្កើនការផលិតអាវុធនៅក្នុងស្រុក ដូចជាយានចម្បាំងប្រភេទ AWAV ដ្រូនស៊ើបការណ៍ ដ្រូនទម្លាក់គ្រាប់បែក និងដ្រូនអត្តឃាតជាដើម។ បច្ចុប្បន្នកងទ័ពជើងទឹករបស់ថៃ បានប្រើប្រាស់អាវុធទាំងនេះ នៅក្នុងការធ្វើសមយុទ្ធ និងហ្វឹកហាត់ ដើម្បីយកទៅប្រើប្រាស់នៅក្នុងសង្គ្រាមពិត ដែលយោធាថៃតែងតែព្យាករណ៍ថា អាចនឹងផ្ទុះឡើងសារជាថ្មី ជាមួយកម្ពុជា។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីប្រតិកម្មឆ្លើយតបជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៤ ខែតុលា។ ចំណែកក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏មិនបានចេញសេចក្ដីថ្លែងការណ៍អំពីរឿផងនេះនោះដែរ។
ខណៈរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តនូវអភិក្រម «ស្ងាត់តែមិនស្ងៀម» ជាមួយភាគីថៃនោះ មេដឹកនាំកម្ពុជាកំពុងតែមមាញឹកក្នុងការធ្វើសង្គ្រាមពាក្យសម្ដីជាមួយគណបក្សប្រឆាំងនៅក្រៅប្រទេស ដែលបានបញ្ចេញមតិអំពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ នៅក្នុងជម្លោះនេះ ក្រុមមន្រ្តី និងមេដឹកនាំកម្ពុជា បានថ្លែងសារ និងចេញសេចក្ដីថ្លែងការណ៍ វាយប្រហារលើគណបក្សប្រឆាំងជាបន្តបន្ទាប់ ដែលធ្វើឱ្យជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានក្លាយទៅជាជម្លោះរបស់អ្នកនយោបាយខ្មែរទៅវិញ។
ងាកមករឿងការបង្ហាញសាច់ដុំរបស់យោធាថៃវិញ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា ការថ្លែងរបស់មេទ័ពអាកាសថៃ គឺជាយុទ្ធសាស្រ្តវាយប្រហារផ្លូវចិត្តរបស់កងទ័ពខ្មែរឱ្យភ័យខ្លាច និងបាក់ស្បាត ក្រោយពេលកម្ពុជាបានទទួលរងការប្រហារធ្ងន់ធ្ងរពីសំណាក់យោធាថៃ ក្នុងអំឡុងសង្គ្រាមតាមព្រំដែន។ ទោះជាយ៉ាងណា លោកបន្តថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានបង្កើតកំហុសដ៏មួយ គឺនៅក្នុងបរិបទដែលកម្ពុជាបានទទួលរងការឈ្លានពាន និងការគំរាមកំហែងពីភាគីថៃនេះ លោកមិនបានបង្រួមបង្រួមជាតិនោះឡើយ ផ្ទុយទៅវិញលោកបែរជាបង្កជម្លោះជាមួយអ្នកនយោបាយគ្នាឯង ដែលធ្វើឱ្យកម្លាំងសាមគ្គីរបស់កម្ពុជា កាន់តែបែកបាក់។
លោក ម៉ែន ណាត៖ «លោក ហ៊ុន សែន ល្មមៗឈប់បង្វិលទិសដៅ ប្រឆាំងរវាងខ្មែរគ្នាឯង ចង់ចាញ់ចង់ឈ្នះទៀតទៅ។ វាគ្មានបានប្រយោជន៍អ្វីទេសម្រាប់ខ្មែរគ្នាឯង បើចង់ចាញ់ចង់ឈ្នះតាមរបៀបហ្នឹង។ ហើយធ្វើអ៊ីចឹងវាធ្វើឲ្យថៃហ្នឹងកាន់តែប្រមាថខ្មែរ កាន់តែមើលងាយខ្មែរ ជាពិសេសគឺពង្រីកតំបន់ឈ្លានពានបន្ថែមទៀតនៅ ក្នុងទឹកដីខ្មែរ ដែលពួកគេកំពុងឈរជើងសព្វថ្ងៃផង»។
យ៉ាងណាក៏ដោយចុះ ស្របពេលដែលយោធាថៃកំពុងសម្ញែងអាវុធ ហើយមេដឹកនាំកម្ពុជាកំពុងលេងអាយ៉ៃឆ្លើយឆ្លងពាក្យសម្ដី ជាមួយក្រុមអ្នកប្រឆាំងនោះ យោធាថៃកំពុងធ្វើសកម្មភាពឈូសឆាយ និងកែប្រែយ៉ាងក្លាំងក្លា នៅតាមព្រំដែនក្នុងទឹកដីកម្ពុជា ដែលយោធាថៃបានចូលឈ្លានពាន និងកំពុងកាន់កាប់ រួមមាន តំបន់ព្រំដែនខេត្តពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ក្នុងនោះ នៅតំបន់មួយចំនួន យោធាថៃបានកែប្រែខ្សែបន្ទាត់ព្រំដែន និងពង្រីកទីតាំងឈរជើងកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា ដែលធ្វើឱ្យស្ថានការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកាន់តែមានភាពតានតឹង ខណៈព័ត៌មានអំពីស្ថានការណ៍នៅតាមព្រំដែន ត្រូវបានមេបញ្ជាការយោធា និងរដ្ឋាភិបាល បញ្ជាឱ្យបិទ។ នេះបើតាមការអះអាងរបស់ទាហានខ្មែរដែលឈរជើងនៅតំបន់ព្រំដែន ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ៕









