ថៃ​ធ្វើ​ពិធីបួងសួង​នៅ​ប្រាសាទ​តាក្របី និង​ត្រៀម​ជួសជុល​ឡើងវិញ ក្រោយ​ទាហាន​ថៃ​បាញ់​កម្ទេច​​ពេល​សង្គ្រាម​ឈ្លានពាន​​កម្ពុជា

0
54
ទដ្ឋភាព​ពលរដ្ឋថៃនិងក្រសួងវប្បធម៌ថៃ ​ធ្វើ​ពិធីបួងសួង​​ជួសជុល​ឡើងវិញ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៦។ រូប៖ Thai Press
ទដ្ឋភាព​ពលរដ្ឋថៃនិងក្រសួងវប្បធម៌ថៃ ​ធ្វើ​ពិធីបួងសួង​​ជួសជុល​ឡើងវិញ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៦។ រូប៖ Thai Press

ថៃ​បាន​ធ្វើ​ពិធីបួងសួង​នៅក្នុង​បរិវេណ​ប្រាសាទ​តាក្របី ដោយមាន​ការចូលរួម​ដោយ​ផ្ទាល់​ពី​សំណាក់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ក្រសួងការពារជាតិ​របស់​ថៃ​។ ភាគី​ថៃ​រៀបចំ​ពិធីបួងសួង​នេះ​ឡើង ដើម្បី​សុំ​ពរជ័យ​ពី​បុព្វបុរស​អ្នក​កសាង​ប្រាសាទ ដែល​ជា​ដូនតា​ខ្មែរ​បុរាណ និង​ប្រកាស​ជួសជុល​ប្រាសាទ​តា​ក្របី ឡើងវិញ ក្រោយ​ធ្វើសង្គ្រាម​ឈ្លានពាន​បាន​ពី​កម្ពុជា។

បន្ទាប់​ពី​ឈ្លានពាន​កាន់កាប់​ទឹកដី និង​ប្រាសាទ​បុរាណ​ខ្មែរ ពេល​នេះ​ថៃ រៀបចំ​ពី​ធី​បួងសួង សុំ​ពរជ័យ​ពី​បុព្វបុរស​អ្នកថែរក្សា​ប្រាសាទតាក្របី។

នៅ​ក្បែរ​ប្រាង្គ​ប្រាសាទ​ដែល​មាន​សភាព​បែកបាក់​ធ្លុះធ្លាយ​ដោយសារ​គ្រាប់កាំភ្លើង​ធំ​របស់​យោធា​ថៃ ក្រុម​មន្ត្រី​ជាន់ខ្ពស់​ថៃ បាន​ចាប់ផ្ដើម​ធ្វើ​ពិធីបួងសួង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ដោយមាន​អ្នក​រាំ​របាំ​តាម​បែប​ប្រពៃណី​ខ្មែរលើ ប្រមាណ ៤០០​នាក់ ឈរ​រាំ​តាមផ្លូវ​ពី​ខាងក្រោម រហូត​ឡើង​ដល់​បរិវេណ​ប្រាសាទ​។ នៅក្នុង​ពិធី​ដែល​មាន​លក្ខណៈ​បែប​ព្រះពុទ្ធ លាយឡំ​ជាមួយ​ព្រហ្មញ្ញសាសនា​នេះ អាចារ្យ​ដឹកនាំ​ពិធី បាន​ធ្វើ​ការ​បួងសួង​ជា​ភាសា​ថៃ សុំ​ពរជ័យ​បារមី​ពី​ព្រះ អាទិទេព និង​ព្រលឹង​របស់​បុព្វបុរស​ខ្មែរ ដែល​នៅចាំ​ថែរក្សា​ប្រាសាទ​តា​ក្របី ឱ្យ​ជួយ​ឃុំគ្រង ការពារ​ប្រាសាទ និង​ទឹកដី​ដែល​យោធា​ថៃ​ឈ្លានពាន​បាន​ពី​កម្ពុជា។

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ អ្នកស្រី សាប៊ីដា ថៃសេដ (Sabida Thaised) បាន​អះអាង​នៅក្នុង​ពិធីបួងសួង​ដោយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ថា ប្រាសាទ​តាក្របី គឺជា​មរតក​វប្បធម៌​របស់​អរិយធម៌​ខម​បុរាណ ខណៈ​អ្នកស្រាវជ្រាវ​បារាំង បាន​រក​ឃើញ​ថា ប្រាសាទ​នេះ​កសាង​ឡើង​ក្នុង​រាជ្យ​ស្ដេច​ខ្មែរ លើ​ទឹកដី​អាណាចក្រ​ខ្មែរ​សម័យ​អង្គរ ក្នុង​សតវត្ស​ទី​១១។ ក្នុង​នោះ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ​រូប​នេះ ក៏បាន​លើកឡើង​ពី​គម្រោង​ជួសជុល និង​អភិវឌ្ឍ​តំបន់​ប្រាសាទបុរាណ​ខ្មែរ​មួយ​នេះ រួមទាំង​តំបន់​ភ្នំ​៣៥០ ឱ្យ​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ទៀត​ផង។

ទាក់ទិន​រឿង​នេះ ក្រសួង​វប្បធម៌​កម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​នៅ​ល្ងាច​ថ្ងៃទី​២២ ខែមេសា នេះ ដោយ​តវ៉ា​យ៉ាង​ខ្លាំង​ក្លា​បំផុត ចំពោះ​វត្តមាន និង​ការ​បន្ត​បង្ក​សកម្មភាព​ខុសច្បាប់​របស់​អាជ្ញាធរ​ថៃ នៅ​ប្រាសាទ​តាក្របី និង​តំបន់​ជុំវិញ ដែល​ជា​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា។ ក្រសួង​បន្ត​ថា កន្លងមក​កម្ពុជា​បាន​តវ៉ា​ជា​បន្តបន្ទាប់​ដែរ ក៏ប៉ុន្តែ​អាជ្ញាធរ​ថៃ​នៅតែ​បន្ត​រៀបចំ​កម្មវិធី និង​អនុវត្ត​សកម្មភាព​ផ្សេងៗ​នៅ​តំបន់​នេះ ដែល​ករណីនេះ​គឺជា​ការរំលោភ​ធ្ងន់ធ្ងរ​លើ​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ និង​ឯកសារ​អនុវត្ត​សន្ធិសញ្ញា​ដែល​ពាក់ព័ន្ធ ក៏ដូចជា​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ផ្សេង​ទៀត។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា សកម្មភាព​របស់​ភាគី​ថៃ គឺជា​ការ​តាំង​ខ្លួន​ជា​ម្ចាស់​ស្របច្បាប់​នៅ​លើ​ទឹកដី​ខ្មែរ ក្នុង​ចេតនា​ញុះញង់ ដើម្បី​បង្កជម្លោះ​ជាមួយ​កម្ពុជា​សាជាថ្មី​។ លោក​បន្ត​ថា ក្រៅពី​ចេញ​លិខិតតវ៉ា កម្ពុជា​ត្រូវ​ប្ដឹង​ថៃ​តាមរយៈ​យន្តការ​ច្បាប់​អន្តរជាតិ ព្រោះ​បើ​ផ្អែកលើ​ផែនទី​របស់​អាណានិគម​បារាំង​បាន​បង្ហាញថា ប្រាសាទ​តា​ក្របី ស្ថិត​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា។

លោក ម៉ែន ណាត៖ «​មកដល់​បច្ចុប្បន្ន​ហ្នឹង វា​ជាង​១០០​ឆ្នាំ​ហើយ ប្រទេស​ទាំង​២​ហ្នឹង អត់​មាន​បញ្ហា​ទំនាស់​ព្រំដែន​តទៅទៀត​ទេ ទើបតែ​មកដល់​បច្ចុប្បន្ន​សៀម​គេ​មក​អះអាង​ជា​ឯកតោភាគី​អ៊ីចឹង​វា​ជា​រឿង​ខុសច្បាប់​អន្តរជាតិ​។ ប៉ុន្តែ​ចំណុចខ្សោយ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​វា​មាន​ចំណុចខ្សោយ​ច្រើន​ហើយ និង​ខ្វះ​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ ហើយ​ខ្វះ​ការ​ជឿជាក់​ពី​អន្តរជាតិ ដោយសារ​រដ្ឋាភិបាល​ធ្វើ​នយោបាយ​ការទូត​ខ្សោយ​ពេក ហើយ​បញ្ហា​ជាតិ បញ្ហា​ប្រជាធិបតេយ្យ និង​បញ្ហា​ផ្សះផ្សា​ជាតិ​ផ្សេងទៀត ក៏​អត់​ធ្វើ​ដែរ​។ ដូច្នេះ​វា​ច្របូកច្របល់​នៅក្នុង​ផ្ទៃក្នុង​ជាតិ»។

នៅមុន​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន កម្ពុជា និង​ថៃ បាន​ឈរជើង​ជាមួយគ្នា​នៅ​តំបន់​ប្រាសាទតាក្របី និង​ប្រាសាទ​តាមាន់ធំ រហូតដល់​ផ្ទុះ​សង្គ្រាម​លើកទីមួយ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៤ រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ ទាហាន​ខ្មែរ​បាន​គ្រប់គ្រង​ប្រាសាទ​ទាំងពីរ​នេះ​ទាំងស្រុង​។ ក៏ប៉ុន្តែ ក្រោយ​ភាគី​ថៃ​ហែក​ចោល​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា និង​បើក​ការឈ្លានពាន​តាម​ព្រំដែន​មក​លើ​កម្ពុជា ជា​លើក​ទី​២ ចាប់ពី​ថ្ងៃទី​៧ រហូតដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ទាហាន​ថៃ​បាន​ផ្លោង​គ្រាប់​កម្ទេច​ប្រាសាទ​តា​ក្របី ស្ទើរតែ​រលំ​រាប​ដល់​ដី និង​បាន​ចូលកាន់​កាប់​ប្រាសាទ​នេះ​ទាំងស្រុង រួម​ទាំង​ប្រាសាទ​តាមាន់ធំ និង​តំបន់​មួយ​ចំនួន​ទៀត ខណៈ​ប្រាសាទព្រះវិហារ ក៏​ត្រូវ​បាន​យោធា​ថៃ​វាយប្រហារ រហូត​ទទួលរង​ការ​បែកបាក់ និង​ដួល​រលំ​ជាច្រើន​ទីតាំង ក៏ប៉ុន្តែ ប្រាសាទ​នេះ​មិន​បាន​បាត់បង់​ទៅ​ភាគី​ថៃ​នោះ​ឡើយ។

ងាក​មក​មើល​ប្រាសាទ​តាក្របី និង​តាមាន់ធំ​វិញ ក្រោយ​ចូលកាន់​កាប់​បាន​មួយរយៈ យោធា​ថៃ បាន​សាងសង់​សំណង់​រឹង​ជាច្រើន​នៅ​តំបន់​ប្រាសាទបុរាណ​ខ្មែរ​ទាំងពីរ​នេះ រហូតដល់​បុណ្យ​ចូល​ឆ្នាំថ្មី យោធា​ថៃ​បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​ថៃ​ចូល​មក​ទស្សនា​ប្រាសាទ​តា​ក្របី ជា​លើកដំបូង​។ យោធា​ថៃ​បាន​រៀបចំ​វេទិកា​មួយ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ថៃ ថតរូប​ជាប់​ប្រាង្គ​ប្រាសាទ​តា​ក្របី ដែល​មាន​សភាព​បែកបាក់​។ ដោយឡែក​នៅ​ប្រាសាទ​តាមាន់ធំ វិញ ភាគី​ថៃ​បាន​ធ្វើ​ពិធីបួងសួង​កាលពី​ថ្ងៃទី​១២ ខែមេសា នៅ​ចំពោះមុខ​ទាហាន​ខ្មែរ ដែល​ឈរជើង​នៅ​ក្បែរ​នោះ​ប្រហែល​ជាង ៤០​ម៉ែត្រ ដែល​បាន​ត្រឹម​ឈរ​មើល​ដោយ​ក្ដី​សោកសង្រេង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ