អាមេរិកដាក់ទណ្ឌកម្មបុគ្គលសំខាន់ ៩ នាក់ទៀតនៃ Prince Group រឿងឆបោកអនឡាញ

0
23
us-treasury-sanctions-9-individuals-and-26-companies-linked-to-prince-group
us-treasury-sanctions-9-individuals-and-26-companies-linked-to-prince-group

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចដាក់ចេញចំណាត់ការថ្មីបន្ថែមទៀតប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប (Prince Group TCO) របស់មេក្លោងឧក្រិដ្ឋកម្ម ចេន ហ្ស៊ី (Chen Zi) ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុន សែន។

ចំណាត់ការថ្មីនេះ គឺជាការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើបុគ្គលចំនួន ៩ នាក់ មានដើមកំណើតចិន និងក្រុមហ៊ុនចំនួន ២៦ ដែលក្រសួងរតនាគារអាមេរិកចោទថា មានទំនាក់ទំនងជាមួយបណ្ដាញឧក្រិដ្ឋកម្ម Prince Group របស់ ចេន ហ្ស៊ី នៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសចុះថ្ងៃទី ២៣ មិថុនា ក្រសួងរតនាគារអាមេរិកបញ្ជាក់ថា ក្នុងចំណោមបុគ្គលទាំង ៩ នាក់នោះ មាន ហ៊ូ ស៊ាវវៃ (Hu Xiaowei) ដែលត្រូវបានពិពណ៌នាថា ជាមនុស្សលំដាប់ទីពីរនៅក្នុង Prince Group បន្ទាប់ពី ចេន ហ្ស៊ី។ លោក ហ៊ូ ស៊ាវវៃ ត្រូវបានចោទថា គ្រប់គ្រងបណ្ដាញក្រុមហ៊ុនជាច្រើននៅ British Virgin Islands ហុងកុង និងប្រទេសផ្សេងៗទៀត ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ និងលំហូរហិរញ្ញវត្ថុរបស់បណ្ដាញនេះ។

ក្រសួងរតនាគារអាមេរិកក៏បានដាក់ទណ្ឌកម្មលើបក្ខពួកសំខាន់ៗរបស់ ហ៊ូ ស៊ាវវៃ ចំនួន ៣ នាក់ទៀត គឺ ហូ ហូមីង (Ho Ho Ming) កុង កាអន (Kong Ka On) និង លី ហ៊ុយ (Li Hui) ។

បុគ្គលពីរនាក់ទៀត គឺ ប្រេនដុន លួ (Brendon Luo) និង ឈីវ វៃរេន (Qiu Weiren) ត្រូវបានចោទថា ជាអ្នកវិនិយោគសំខាន់ក្នុងមជ្ឈមណ្ឌលឆបោករបស់ Prince Group។

ចំណែកបុគ្គល ៣ នាក់ផ្សេងទៀត គឺ ដាយ អាន (Dai An) ហ្វាង ជីចិន (Fang Zhizhen) និង ចេន បូ (Chen Bo) ក៏ត្រូវបានចោទថា ជាអ្នកពាក់ព័ន្ធសំខាន់ក្នុងបណ្ដាញនេះផងដែរ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុត បេសិនត៍ (Scott Bessent) លើកឡើងថា មជ្ឈមណ្ឌលឆបោកនៅតំបន់អាស៊ីអាគ្នេយ៍បានលួចយកប្រាក់រាប់ពាន់លានដុល្លារពីជនរងគ្រោះជនជាតិអាមេរិក ជារៀងរាល់ឆ្នាំ។ លោកបន្តថា រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ប្ដេជ្ញាបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មដែលប្រតិបត្តិការនៅក្រៅប្រទេស ហើយក្រសួងរតនាគារនឹងបន្តប្រើប្រាស់រាល់អំណាចដែលខ្លួនមាន ដើម្បីរំខាន និងបំបែកបណ្ដាញនៅពីក្រោយការបោកប្រាស់ដ៏ធ្ងន់ធ្ងរនេះ។

ក្រៅពីដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនដែលភ្ជាប់នឹងPrince Group ក្រសួងរតនាគារអាមេរិកក៏បានស្នើកែសម្រួលបទប្បញ្ញត្តិចុងក្រោយស្ដីពីក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ដែលចេញកាលពីខែតុលា ឆ្នាំ២០២៥ ផងដែរ។ ការកែសម្រួលនេះ មានគោលបំណងដាក់បញ្ចូលក្រុមហ៊ុនទូទាត់ប្រាក់ អេចផេ សឺវីស ភីអិលស៊ី (H-Pay Service PLC) និងក្រុមហ៊ុនជំនួសណាមួយរបស់ក្រុមហ៊ុននេះ ទៅក្នុងវិធានការរឹតបន្តឹងជាមួយ Huione Group។

ក្រសួងរតនាគារអាមេរិកឱ្យដឹងថា ក្រុមហ៊ុន Huione Group គឺជាចំណុចស្នូលមួយសម្រាប់ការសម្អាតប្រាក់ ដែលបានមកពីការលួចតាមប្រព័ន្ធអ៊ិនធឺណិត និងការឆបោកវិនិយោគលើរូបិយប័ណ្ណឌីជីថល។ ក្រសួងបញ្ជាក់ថា Prince Group បានប្រើប្រាស់បណ្ដាញ Huioneដើម្បីផ្ទេរ និងប្រមូលផ្ដុំទ្រព្យសម្បត្តិដែលបានមកពីសកម្មភាពឆបោក។

ក្រុមហ៊ុន ហួយវ័ន (Huione Group) ដែលមានលោក ហ៊ុន តូ ក្មួយប្រុសលោក ហ៊ុន សែន ជាម្ចាស់ភាគហ៊ុនចំនួន ៣០% ត្រូវបានអាជ្ញាធរអាមេរិកពិនិត្យយ៉ាងខ្លាំង ចំពោះតួនាទីរបស់ខ្លួនក្នុងការសម្រួលលំហូរហិរញ្ញវត្ថុរបស់បណ្ដាញឆបោកអនឡាញ និងការលាងលុយកខ្វក់។

ចំណាត់ការថ្មីចុងក្រោយនេះ ជាផ្នែកមួយនៃការបង្ក្រាបរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងបណ្ដាញឆបោកអនឡាញ ដែលមានមូលដ្ឋាននៅកម្ពុជា។ វិធានការមុនៗ រួមមាន ការដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន និងបណ្ដាញឧក្រិដ្ឋកម្មរបស់លោក កាលពីខែមេសា ឆ្នាំ ២០២៦, ការដាក់ទណ្ឌកម្មលើបុគ្គល ៧ រូប និងក្រុមហ៊ុននៅកម្ពុជា និងភូមា ពាក់ព័ន្ធការជួញដូរមនុស្ស និងឆបោកអនឡាញ កាលពីខែ កញ្ញា ឆ្នាំ ២០២៥, ព្រមទាំងការដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា លោក លី យ៉ុងផាត់ និងក្រុមហ៊ុនជាច្រើនរបស់លោក កាលពីខែ កញ្ញា ឆ្នាំ ២០២៤។

ក្រសួងរតនាគារអាមេរិកបញ្ជាក់ថា ខ្លួននឹងបន្តសហការជាមួយដៃគូអន្តរជាតិ ដើម្បីទប់ស្កាត់មជ្ឈមណ្ឌលឆបោក និងការប្រើប្រាស់ប្រព័ន្ធទ្រព្យសម្បត្តិឌីជីថលក្នុងសកម្មភាពខុសច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ