

អ្នកឃ្លាំមើលលើកឡើងថា ប្រធានអាស៊ានប្ដូរវេនថ្មី គឺប្រទេសហ្វីលីពីន(Philippines) នឹងមិនអាចដោះស្រាយបញ្ចប់សង្គ្រាមព្រំដែនកម្ពុជា និងថៃ បានឡើយ ដរាបណាថៃ នៅតែប្រើលេសការពារខ្លួន ខណៈយោធាថៃកំពុងមានប្រៀបលើសមរភូមិ និងបានចូលឈ្លានពានក្នុងទឹកដីកម្ពុជា កាន់តែជ្រៅ។ ពួកគាត់ថា ក្នុងកាលៈទេសៈនេះ កម្ពុជាគួរតែពង្រឹងគោលជំហរតតាំងជាមួយភាគីថៃ ទាំងនៅលើផ្នែកយោធា ការទូត និងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីដាក់សម្ពាធឱ្យយោធាថៃបញ្ឈប់សកម្មភាពឈ្លានពានមកលើកម្ពុជា។
បញ្ហាសង្គ្រាមតាមបណ្ដោយព្រំដែនរវាងកម្ពុជា និងថៃ នឹងក្លាយជាមរតកបញ្ហាមួយ កំពុងរង់ចាំហ្វីលីពីន(Philippines) ដែលជាអនាគតប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ ២០២៦ ខាងមុខ ខណៈហ្វីលីពីន បានប្រកាសពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាអាជ្ញាកណ្ដាល។
សមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលឯករាជ្យ ២៣តុលា លោក ម៉ែន សុថាវរិន្ទ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៣ ខែធ្នូ ថា ការឡើងមកកាន់តំណែងជាប្រធានអាស៊ានប្ដូរវេនរបស់ប្រទេសហ្វីលីពីន នឹងមិនអាចធ្វើឱ្យជម្លោះរឿងព្រំដែនរវាងកម្ពុជា និងថៃ មានការប្រែប្រួលនោះទេ ដោយសារតែកន្លងមក ភាគីថៃ បានបំពាន និងបដិសេធចំពោះកិច្ចអន្តរាគមន៍របស់ប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក ប្រទេសចិន និងប្រធានអាស៊ានបច្ចុប្បន្ន គឺម៉ាឡេស៊ី រួចទៅហើយ។
លោក ម៉ែន សុថាវរិន្ទ៖ «តាមខ្ញុំមើលទៅ ទោះបីជាប្រទេសចិន សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ក៏មិនអាចធ្វើបានដែរ ប្រសិនបើលោក ហ៊ុន សែន មិនកម្ចាត់បទឧក្រិដ្ឋតាមអនឡាញ និងរៀបចំកម្ពុជា ឱ្យទៅជាប្រទេសមានសេរីពហុបក្ស ឡើងវិញ និងដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ»។
ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកោះប្រជុំដោយប្រធានអាស៊ានបច្ចុប្បន្ន គឺ ម៉ាឡេស៊ី កាលពីថ្ងៃទី២២ ខែធ្នូ ក្រសួងការបរទេស ហ្វីលីពីន បានលើកឡើងថា ហ្វីលីពីន បានត្រៀមលក្ខណៈ ធ្វើជាអ្នកសម្របសម្រួលជម្លោះរវាងកម្ពុជា និងថៃ នៅពេលបានកាន់តំណែងជាប្រធានអាស៊ាន នៅដើមឆ្នាំ២០២៦ខាងមុខ ប្រសិនបើភាគីទាំងពីរ សម្រេចចិត្តប្រើប្រាស់យន្តការរបស់អាស៊ាន។
ចំណែកប្រធានអាស៊ានបច្ចុប្បន្ន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហីម(Anwar Ibrahim)វិញ បានលើកឡើងបែបលេងសើចថា «ធូរទ្រូងហើយ» ក៏ប៉ុន្តែ ជាមួយគ្នានេះ លោកក៏បានបង្ហាញទំនុកចិត្តលើការដឹកនាំរបស់ហ្វីលីពីន ក្នុងនាមជាប្រធានប្ដូរវេនបន្ទាប់ផងដែរ។
ជុំវិញរឿងនេះ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)លោក ឡាំ សុជាតិ យល់ឃើញថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នឹងមានភាពធូរស្រាល ក្រោយបរិបទនយោបាយនៅក្នុងប្រទេសថៃ មានការផ្លាស់ប្ដូរបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។
លោក ឡាំ សុជាតិ៖ «មិនមានរដ្ឋាភិបាលស្របច្បាប់ណា ដែលដាក់គោលការណ៍បន្តសង្គ្រាមនោះទេ ព្រោះវាផ្ទុយពីគោលការណ៍អាស៊ាន និងគោលការណ៍ច្បាប់ពិភពលោក។ ក៏ប៉ុន្តែមានតែរដ្ឋាភិបាលបណ្ដោះអាសន្ន ឬក៏យោធាដែលស្រលាញ់សង្គ្រាម ឬក៏អនុវត្តខុសពីការសន្យានៅក្នុងកិច្ចព្រមព្រៀងហ្នឹង គឺមានតែរយៈពេលខ្លីទេ និងមិនមានការគាំទ្រជាយូរអង្វែងឡើយ»។
ហ្វីលីពីន នឹងត្រូវចូលកាន់តួនាទីជាប្រធានអាស៊ានប្ដូរវេនចាប់ពីដើមឆ្នាំ២០២៦ ដោយជំនួសវេនប្រទេសភូមា ឬមីយ៉ាន់ម៉ា ដែលកំពុងមានសង្គ្រាមស៊ីវិល និងវិបត្តិផ្ទៃក្នុង ជាហេតុធ្វើឱ្យតួនាទីមួយនេះ បានរំលង មីយ៉ាន់ម៉ា ទៅហ្វីលីពីន ដែលនៅលំដាប់បន្ទាប់។
ទោះជាយ៉ាងណា ក្រៅពីបញ្ហាសង្គ្រាមព្រំដែនរវាងកម្ពុជា និងថៃ ការចូលមកកាន់តំណែងជាប្រធានអាស៊ាន របស់ហ្វីលីពីន ខាងមុខនេះ បាននាំមកជាមួយនូវបញ្ហាចាស់ មកជាមួយផងដែរ មានដូចជា វិបត្តិនយោបាយក្រោយការបោះឆ្នោត របស់ហ្វីលីពីន ខ្លួនឯងផ្ទាល់ បញ្ហាសង្គ្រាមស៊ីវិលនៅប្រទេសភូមា និងជម្លោះដែនសមុទ្រចិនខាងត្បូងជាដើម។
ទាក់ទិនរឿងវិវាទព្រំដែនកម្ពុជា-ថៃ នេះដែរ ក្រសួងការបរទេសកម្ពុជា បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំពិសេស របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្ដីពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅទីក្រុង កូឡាឡាំពួរ កាលពីថ្ងៃទី២២ ខែធ្នូ ថា កម្ពុជាបានបញ្ជាក់ពីគោលជំហរគោរពបទឈប់បាញ់ ដែលភាគីថៃបានឯកភាពគ្នា ដោយកម្ពុជាបានជៀសវាង មិនផ្ទុះអាវុធរយៈពេល ២៤ម៉ោង ក្រោយទទួលរងការវាយប្រហារពីសំណាក់យោធាថៃ កាលពីថ្ងៃទី៧ ខែធ្នូ។
កម្ពុជាបានស្នើដល់សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ឱ្យប្រើប្រាស់គ្រប់មធ្យោបាយ រួមទាំងសមត្ថភាពផ្កាយរណប ដើម្បីផ្ទៀងផ្ទាត់ នូវការអនុលោមតាមបទឈប់បាញ់។
ក៏ប៉ុន្តែ ក្នុងកិច្ចប្រជុំនេះ ភាគីថៃបានបន្តចោទប្រកាន់មកលើកម្ពុជា និងបានដាក់លក្ខខណ្ឌដ៏តឹងរ៉ឹង ឱ្យកម្ពុជាបញ្ឈប់ការបាញ់ប្រហារជាមុន និងចូលរួមសហការដើម្បីបោសសម្អាតមីននៅតាមព្រំដែន ខណៈភាគីថៃខ្លួនឯង កំពុងវាយប្រហារ និងចូលឈ្លានពានកាន់តែជ្រៅ នៅក្នុងដែនអធិបតេយ្យកម្ពុជា៕









