អង្គការសង្គមស៊ីវិលគាំទ្រ អង្គការសហប្រជាជាតិ សិក្សាប៉ាន់ប្រមាណពហុវិស័យ ដើម្បីកំណត់អាទិភាព ផ្តល់ជំនួយទាន់ពេលវេលាដល់ពលរដ្ឋភៀសសឹក

0
108

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស គាំទ្រ​សកម្មភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ និង​វេទិកា​ឆ្លើយតប​មនុស្សធម៌​ (HRF) ដែល​ចូលរួម​ជា​មួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (NCDM) ប៉ាន់ប្រមាណ​រួមគ្នា​អំពី​តម្រូវការ​បន្ទាន់​របស់ជនភៀសសឹក​។

ការសិក្សា​នេះ​គឺ​ដើម្បី​កំណត់​អាទិភាព ផ្តល់​ជំនួយ​ទាន់​ពេលវេលា​ និង​គាំទ្រ​ដល់​ពលករ​ដែល​ត្រលប់​មក​ពី​ប្រទេសថៃ ទទួលបាន​ការងារ និង​សេវា​សង្គម​ចាំបាច់ ព្រមទាំង​វិភាគ​ទៅ​លើ​ផល​ប៉ះពាល់​ផ្នែក​សង្គម​សេដ្ឋកិច្ច​ពលរដ្ឋ​ភៀសសឹក​ និង​ពលករ​ត្រលប់​ពី​ប្រទេសថៃ​ ដើម្បី​គាំទ្រ​ដល់​ការរៀបចំ​ផែនការ​ស្តារ​ឡើងវិញ​សម្រាប់​រយៈ​ពេលខ្លី​ និង​មធ្យម។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា សាទរ​ចំពោះ​ចំណាត់​ការ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ដែលជួយទៅដល់ពលរដ្ឋកម្ពុជាកំពុងតែរងគ្រោះដោយសារតែភៀសខ្លួនទៅរកទីតាំងសុវត្ថិភាព។

លោកថា តាមពិតអង្គការ​សហប្រជាជាតិ​គួរតែជួយដល់ជនភៀសសឹកតាំងពីដំបូង។

អង្គការ សហប្រជាជាតិ​នៅ​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ ទី២៤ ថា អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ព្រមទាំង​វេទិកា​ឆ្លើយ​តប​មនុស្សធម៌ (HRF) បាន​ចូលរួម​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (NCDM) ដើម្បី​ប៉ាន់ប្រមាណ​រួមគ្នា​អំពី​តម្រូវការ​បន្ទាន់​របស់​ពលរដ្ឋ​ភៀសសឹក​។

អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ បាន​សរសេរ​ទៀត​ថា​ ក្រុម​ការងារ​ចម្រុះ​នឹង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ភៀសសឹក​ និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​តម្រូវការ​ចាំបាច់ និង​បន្ទាន់ ទាំង​ផ្នែក​ជម្រក​ស្នាក់​នៅ អនាម័យ ទឹកស្អាត សុខភាព ស្បៀងអាហារ ការអប់រំ និង​ការ​គាំពារ​។

អង្គការ​សហប្រជាជាតិ​ លើក​ឡើង​ថា «លទ្ធផល​នៃ​ការ​ប៉ាន់ប្រមាណ​រួមគ្នា​នេះ នឹង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដៃ​គូ​ពាក់ព័ន្ធ​ក្នុង​ការកំណត់​អាទិភាព​ដើម្បី​ផ្តល់​ជំនួយ​ ពង្រឹង​ការ​សម្របសម្រួល​ និង​ធានា​ដល់​ការ​ផ្តល់ជំនួយ​ទាន់​ពេលវេលា​ និង​សមស្រប​តាម​ស្តង់ដារ​ជំនួយ​មនុស្សធម៌»។

អង្គការ​សហប្រជាជាតិ​បាន​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ ដើម្បី​គាំទ្រ​ដល់​ពលករ​ដែល​ត្រលប់​មក​ពី​ប្រទេសថៃ​ ដើម្បី​ទទួល​បាន​ការងារ និង​សេវា​សង្គម​ចាំបាច់​ ដូចជា​សេវា​គាំពារ​សង្គម។ អង្គការ​សហប្រជាជាតិ​ក៏​កំពុង​ជួយ​ធ្វើការ​វិភាគ​ទៅ​លើ​ផល​ប៉ះពាល់​ផ្នែក​សង្គម​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ភៀសសឹក​ និង​ពលករ​ត្រលប់​ពី​ប្រទេស​ថៃ​ដើម្បី​គាំទ្រ​ដល់​ការរៀបចំ​ផែនការ​ស្តារ​ឡើងវិញ​សម្រាប់​រយៈ​ពេលខ្លី និង​មធ្យម។

អង្គការសហប្រជាជាតិ ឲ្យ​ដឹង​បន្ថែម​ថា ចាប់តាំង​ពី​ខែ​មិថុនា​មក ពលរដ្ឋ​ភៀសសឹក​ប្រមាណ​ជាង​១០០ ០០០នាក់ក្នុងខេត្តចំនួន៧ បាន​ទទួល​ការ​គាំទ្រ​ពី​វេទិកា​ឆ្លើយតប​មនុស្សធម៌​ (HRF) និង​អង្គការ​សហប្រជាជាតិ​ ផ្នែក​អនាម័យ​ ទឹកស្អាត​ សុខភាព ការអប់រំ ស្បៀងអាហារ និង​ជម្រក​ស្នាក់នៅ។

ជុំវិញ​បញ្ហា​នេះ ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ រួមទាំង​អង្គការ​សង្គម​ស៊ីវិល ១៨២ស្ថាប័ន​ បាន​ចេញ​លិខិត​រួមគ្នា​មួយ ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការប្រើប្រាស់​កម្លាំង​យោធា​ប្រដាប់​អាវុធ​ឈ្លានពាន​ និង​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ​ដែល​ បាន​ប្រព្រឹត្ត​ទ្បើង​ដោយ​រដ្ឋាភិបាល​ និង​យោធា​ថៃ​នៅ​ក្នុង​ទឹកដី​កម្ពុជា។

អាដហុក​ថា ទង្វើ​ទាំងនេះ​បង្កើត​ជា    ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ ព្រមទាំង​បាន​បង្ហាញ​នូវ​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​ពលរដ្ឋ​ស៊ីវិល សន្តិភាព​ក្នុង​តំបន់ និង​នីតិសាកល​។

រីឯ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (គ.ស.ម.ក.) បាន​ចេញ​លិខិត​ថ្កោលទោស​ ដោយ​ចាត់​ទុក​ការវាយប្រហារ​មិន​រើស​គោលដៅ​របស់​យោធា​ថៃ​មក​លើ​ប្រទេស​កម្ពុជា​ថា ជា​ឧក្រិដ្ឋកម្ម​នៃ​ការឈ្លានពាន​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ពន្យល់​ថា​ ការ​ប្រើ​កម្លាំង​យោធា​វាយប្រហារ​លើ​ទឹក​ដី​រដ្ឋ​អធិបតេយ្យ​មួយ​ផ្សេង​ទៀត គឺ​ជា​ឧក្រិដ្ឋកម្ម​នៃ​ការឈ្លានពាន​ (Crime of Aggression)។ រីឯ ការ​វាយ​ប្រហារ​យ៉ាង​ទូលំទូលាយ​ និង​ជា​ប្រព័ន្ធ​លើ​ជនស៊ីវិល​ និង​ទ្រព្យ​សម្បត្តិ​ស៊ីវិល ព្រមទាំង​ការបំផ្លាញ​បេតិកភណ្ឌ​វប្បធម៌​ គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម (War Crimes) និង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ(Crimes Against Humanity)។

គិត​ត្រឹម​ថ្ងៃទី២៥ ខែ​ធ្នូ នេះ  គឺ​ឈាន​ចូល​ថ្ងៃទី ១៩ ហើយ​ដែល​យោធា​ថៃ​ បាន​បន្ត​ឈ្លានពាន​យ៉ាង​គឃ្លើន​មក​លើ​ទឹកដី​កម្ពុជា​។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ អ្នកស្រី ម៉ាលី សុជាតា ឱ្យ​ដឹង​ថា ទង្វើ​ឈ្លានពាន​យ៉ាង​កំរោល​របស់​យោធា​ថៃ​ បាន​ធ្វើ​ឱ្យ​ជនស៊ីវិល​ស្លូតត្រង់​កម្ពុជា​ស្លាប់​កើន​ដល់ ៣០នាក់ហើយ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៥ ខែធ្នូ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ