

អ្នកឃ្លាំមើលសង្គម ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទ័លច្រកក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនជាមួយថៃ ទើបនិយាយបោកបញ្ជោតពលរដ្ឋខ្មែរថា រដ្ឋាភិបាលសុខចិត្តជ្រើសរើសយកនូវយន្តការការទូតជំនួសឲ្យការប្រើប្រាស់កម្លាំងយោធា បើទោះជាយន្តការការទូតនៅមានសង្ឃឹមតែ១ភាគរយក៏ដោយ។
ក្រោយមានបទឈប់បាញ់ កាលពីចុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ យោធាថៃនៅតែបន្តរំកិលចូលដែនអធិបតេយ្យកម្ពុជា ឈ្លានពានតាមអំពើចិត្ត ដោយមិនគោរពច្បាប់ និងមិនឱ្យតម្លៃលើកិច្ចការទូតម្តងណាឡើយ សូម្បីសេចក្តីថ្លែងការណ៍រួម កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅក៏ដោយ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនមានវិធានការទប់ស្កាត់សកម្មភាពឈ្លានពានជាក់ស្តែងនេះឡើយ ក្រៅតែពីការធ្វើសកម្មភាពការទូត ប្រមូលភស្តុតាង និងរង់ចាំវិធានការច្បាប់។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានឲ្យដឹងថា បន្ទាប់ពីសង្គ្រាមរវាងកម្ពុជានិងថៃបានបញ្ចប់គឺយោធាថៃ បន្តទន្ទ្រានយកដីខ្មែរនៅតាមព្រំដែន តាមអ្វីដែលពួកគេបានគ្រោងទុក ប៉ុន្តែរដ្ឋាភិបាលកម្ពុជាពុំបានចាត់វិធានការតបតជាមួយយោធាថៃនោះទេ ក្រៅតែពីបញ្ជាឲ្យមន្ត្រីរបស់ខ្លួនចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃ និងបញ្ជាឲ្យមន្ត្រីរបស់ខ្លួននាំក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា លោក ហ៊ុន ម៉ាណែត ទ័លច្រកក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនជាមួយថៃ ទើបនិយាយបោកបញ្ជោតពលរដ្ឋខ្មែរអំពីយន្តការការទូត។ លោកថា បើលោកហ៊ុន ម៉ាណែត នៅតែប្រើប្រាស់យុទ្ធសាស្ត្រការទូតបែបអង្វរករបែបនេះតទៅទៀត គឺធ្វើឲ្យថៃរំលោភបំពានកាន់តែខ្លាំងមកលើកម្ពុជា។
លោក ស៊ឹង សែនកុរណា បន្ថែមទៀតថា កន្លងមករដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រើប្រាស់យន្តការតវ៉ាតាមរយៈក្រដាសស្នាមជាង៧០០លើករួចមកហើយ ប៉ុន្តែពុំមានអន្តរជាតិណាមួយអើពើនោះទេ ដូច្នេះបង្ហាញថា ចំណាត់ការការទូតពុំមានប្រសិទ្ធភាពនោះទេ។
ការអះអាងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១១ ខែមេសា ថ្លែងក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណន ដំណាក់កាលទី២ ថា សម្រាប់កម្ពុជា យន្តការការទូត គឺជាជម្រើសអាទិភាព ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ បើទោះបីជាជម្រើសនេះ នៅមានសង្ឃឹមត្រឹមតែ ១ភាគរយក៏ដោយ។ លោកថា យន្តការការទូតមានដូចជា យន្តការទ្វេភាគី យន្តការអាស៊ាន យន្តការអង្គការសហប្រជាជាតិ(UN) និងតុលាការអន្តរជាតិ(ICJ) ប៉ុន្តែត្រូវប្រើពេលយូរ និងត្រូវការភាពអត់ធ្មត់។ លោកបញ្ជាក់ថា ការដែលកម្ពុជាសម្រេចជ្រើសរើសយកយន្តការនេះ ក៏ព្រោះតែដើម្បីបញ្ចៀសកុំឱ្យមានការបង្ហូរឈាម និងការបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំថាទោះបីជានៅសល់តែ១ភាគរយក៏យើងត្រូវតែប្រើឱកាសសាកល្បងវាទៅ ព្រោះជម្រើសទាំងអស់នេះអត់មានគេថា រើសបានតែ១ទេ ប្រើស្អីក៏បាន ប្រើពេលណាក៏បាន សំខាន់យើងចេះប្រើស្អីប្រើពេលណាដើម្បីសម្រេចគោលបំណងរបស់យើង»។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ពុំមានសកម្មភាពណាមួយឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់យោធាថៃ នោះទេ គឺបណ្តោយឲ្យយោធាថៃឈ្លានពានយកទឹកដីខ្មែរតាមអ្វីដែលគេចង់បាន ហើយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានត្រឹមតែអំពាវនាវសុំឱ្យថៃចូលតុចរចាតែប៉ុណ្ណោះ។
លោក គឹម សុខ៖ «កម្ពុជាជាមួយថៃមានគ្រប់ប្រដាប់ទៅហើយ មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានទាំងសន្ធិសញ្ញាបារាំងសៀម កំណត់ទឹកដីព្រំដែនកម្ពុជាថៃ ដូច្នេះយើងកម្ពុជាគ្រាន់តែត្រូវការទាមទារឲ្យថៃដកកម្លាំងចេញពីទឹកដីកម្ពុជាដែលថៃកំពុងតែត្រួតត្រា រួចហើយវិលទៅកាន់ការប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយនិងសន្ធិសញ្ញាបារាំងសៀម ដើម្បីកំណត់ទឹកដីព្រំដែនដែលមានវិវាទបន្តិចបន្តួចកន្លងមកគឺគ្រប់គ្រាន់ហើយ»។
ទាក់ទងទៅនឹងដំណោះស្រាយព្រំដែននេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល ( Anutin Charnvirakul) បានប្រកាសកាលពីថ្ងៃទី៩ ខែមេសាឆ្នាំ២០២៦ ថា រដ្ឋាភិបាលថ្មីរបស់ខ្លួន នឹងបន្តខិតខំដោះស្រាយបញ្ហាជម្លោះព្រំដែនថៃ និងកម្ពុជា ដោយសន្តិវិធី និងយន្តការទ្វេភាគីដែលមានស្រាប់។
ទោះជាយ៉ាងនេះក្តី ក្នុងកំណត់ទូតតវ៉ារបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា បានឲ្យដឹងថា នាពេលថ្មីៗនេះ ភាគីថៃនៅតែធ្វើសកម្មភាពនៅតំបន់ព្រំដែនដែលថៃបានដណ្តើមកាន់កាប់នៅក្រោយបទឈប់បាញ់ ដោយរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ថៃបានលើកដងទង់ជាតិថៃ នៅលើខ្នងទំនប់ខាងកើត នៃអូរទីពីរក្នុងស្រុកអូរស្មាច់ ការសាងសង់របងព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៤ និងការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ក្នុងសណ្ឋាគារពីរកន្លែង ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
អ្នកឃ្លាំមើលសង្គមជំរុញឱ្យ រដ្ឋាភិបាលកម្ពុជាទប់ស្កាត់ភាពគឃ្លើនរបស់ភាគីថៃលើដីជាក់ស្តែងឱ្យមានប្រសិទ្ធភាពស្របតាមច្បាប់អន្តរជាតិ ដោយបង្កើនសកម្មភាពការទូតឱ្យកាន់ខ្ពស់ដើម្បីទាមទារឲ្យថៃ ដកយោធាពីទឹកដីកម្ពុជា និងត្រូវប្តឹងថៃទៅកាន់តុលាការអន្តរជាតិ៕









