រឿងរ៉ាវ​របស់​ហួយ​វ័នផេ (Huione Pay) នឹង​ជះ​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា

0
111
ទិដ្ឋភាពអតិថិជនក្រុមហ៊ុន ហួយ វ័ន ផេ លើរូប​លោក ហ៊ុន តូ ពេលតវ៉ាទាមទារប្រាក់ពីធនាគារជាតិ កាលពីថ្ងៃទី២៧ មេសា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពអតិថិជនក្រុមហ៊ុន ហួយ វ័ន ផេ លើរូប​លោក ហ៊ុន តូ ពេលតវ៉ាទាមទារប្រាក់ពីធនាគារជាតិ កាលពីថ្ងៃទី២៧ មេសា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា​បារម្ភ​ថា ករណី​អតិថិជន​ដាក់​ប្រាក់​នៅ ហួយវ័ន ផេ (Huione Pay) មិន​ទទួល​បាន​ដំណោះស្រាយ និង​បែរជា​រង​ទណ្ឌកម្ម ពេល​ចេញ​តវ៉ា​គឺជា​គំរូ​អាក្រក់ និង​ធ្វើ​ឱ្យ​អតិថិជន​បាត់បង់​ទំនុកចិត្ត​លើ​ការ​ដាក់​លុយ​ក្នុង​ធនាគារ និង​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា។

ការវាយតម្លៃ​នេះ​ធ្វើឡើង​នៅ​ក្រោយ​ពេល​ដែល​អតិថិជន ឬ​អ្នករងគ្រោះ​ពី​ការ​បង្កក​ប្រាក់​ដោយ​គ្រឹះស្ថាន ហួយវ័ន ផេ មិន​អាច​ទារ​ប្រាក់​មក​វិញ​បាន និង​ថែមទាំង​ត្រូវ​វាយ​ធ្វើបាប​ដោយ​ហិង្សា និង​ឃាត់ខ្លួន​ដាក់​ពន្ធនាគារ ពេល​ចេញ​តវ៉ា។

រឿងរ៉ាវ​របស់​គ្រឹះស្ថាន ហួយវ័ន ផេ ជា​ឧទាហរណ៍​ជាក់ស្ដែង​នៃ​ការអនុវត្ត​ច្បាប់​មាន​ស្ដង់ដារ​២ រវាង​ពលរដ្ឋ​ទូ​ទៅជា​ម្ចាស់​ប្រាក់ និង​អ្នកមាន​ឥទ្ធិពល​នៅ​កម្ពុជា​។ លើស​ពី​នេះ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ក៏​អាច​នឹង​ជួប​បញ្ហា​ធំ ដោយសារ​សាធារណជន​បាត់​ទំនុកចិត្ត និង​អាច​ធ្លាក់​ចូល​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​លាង​លុយកខ្វក់​របស់​អន្តរជាតិ​ជាថ្មី។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិច លោក សេង វណ្ណលី មាន​ទស្សនៈ​ថា ការ​មិន​ផ្ដល់​ដំណោះស្រាយ​ត្រឹមត្រូវ​ដល់​អតិថិជន​ដែល​រងគ្រោះ ហើយ​បែរជា​ចាប់​អ្នក​តវ៉ា​ដាក់ទោស បាន​បង្ហាញថា វិស័យ​យុត្តិធម៌ ការអនុវត្ត​ច្បាប់ និង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅតែ​មិនអាច​ទុកចិត្ត​បាន​ទាំង​សម្រាប់​ពលរដ្ឋ​សាមញ្ញ និង​អ្នក​វិនិយោគ​។ បញ្ហា​នេះ​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​របស់​លោក ហ៊ុន ម៉ាណែត ដែល​តែង​ប្រកាស​ពី​ការ​កែ​ទម្រង់​រដ្ឋបាល និង​ការ​ពង្រឹង​នីតិរដ្ឋ ព្រោះថា​ប្រសិនបើ​សាច់ញាតិ​របស់​លោក​ជាប់​ពាក់ព័ន្ធ​មិន​ត្រូវ​បាន​ដោះស្រាយ លោក​នឹង​ត្រូវ​បាត់បង់​តម្លៃ​នៅក្នុង​កែវភ្នែក​ប្រជាជន និង​វិនិយោគិន​អន្តរជាតិ។

លោក សេង វណ្ណលី៖ «​ជា​សញ្ញា​ព្រមាន​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​ទំនុក​ចិត្ត​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជាតិ​ទាំងមូល នៅ​ពេល​ដែល​ធនាគារជាតិ ក៏ដូចជា​រដ្ឋាភិបាល​ហាក់ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​លើ​បុគ្គល​មានអំណាច​។ វា​នឹង​ធ្វើ​ឱ្យ​សាធារណជន​យល់ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌ និង​បទប្បញ្ញត្តិ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ស្តង់ដារ​២ ដែល​ការពារ​តែ​អ្នកមាន​ខ្នងបង្អែក ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្លាយជា​ជនរងគ្រោះ​ទ្វេដង។ ចំណែក​អ្នក​វិនិយោគ​មានការ​រារែក​ក្នុង​ការ​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ដោយសារ​ពួកគេ​បារម្ភ​ពី​ហានិភ័យ​នៃ​បទល្មើស​ហិរញ្ញវត្ថុ និង​កង្វះ​ការ​ការពារ​ផ្នែក​ច្បាប់​ដែល​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ចូលក្នុង​បញ្ជីខ្មៅ​នៃ​ការ​លាង​លុយកខ្វក់​ជាថ្មី​ម្ដងទៀត»។

ទាក់ទង​នឹង​ស្ថាប័ន ហួយវ័ន ផេ នេះ តុលាការ​បាន​ចោទ​ប្រកាន់​អតិថិជន​២​នាក់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ក្រោយ​មានការ​បង្ក្រាប​ដោយ​ហិង្សា​លើ​អតិថិជន​ប្រមាណ ១០០​នាក់ ដែល​ចេញ​តវ៉ា​នៅ​ពីមុខ​ធនាគារ​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​២៧ មេសា។ តុលាការ​ចោទ​លោក សួន សុវណ្ណថៃ និង​លោក វ៉ាត មករា ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​រាំងស្ទះ​ចរាចរណ៍​សាធារណៈ ដែល​អាច​ឱ្យ​ពួកគេ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ។

ក្រុមហ៊ុន ហួយ​វ័ន ផេ ជា​គ្រឹះស្ថាន​ទូទាត់​សាច់ប្រាក់ ដែល​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group of Cambodia) ដែល​មាន​ទីផ្សារ​អនឡាញ​ជាច្រើន​ទៀត​ជាប់​ឈ្មោះ​ជា​ក្រុម​រកស៊ី​ឆបោក​តាម​អន​ឡាញ អាច​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​នោះ​រួមមាន​ទាំង​កម្ពុជា​ផង​។ កម្មវិធី​នេះ អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ ប្រើប្រាស់​នូវ​ទិន្នន័យ បច្ចេកវិទ្យា និង​សេវាកម្ម​លាងលុយកខ្វក់​បាន។

ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ប្រតិបត្តិការ​កុំព្យូទ័រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឈ្មោះ អេលីបទីក (Elliptic) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ (London) ចក្រភព​អង់គ្លេស (UK) កាលពី​ឆ្នាំ​២០២៤ បាន​លាតត្រដាង​ថា បងជីដូនមួយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ គឺជា​នាយក​មួយ​រូប​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ។ ប្រភព​ដដែល​បន្ត​ថា ក្រុមហ៊ុន ហួយ​វ័ន របស់​លោក ហ៊ុន តូ ពាក់ព័ន្ធ​យ៉ាងសកម្ម​នឹង​ប្រាក់ចំណេញ​បាន​មក​ពី​អំពើ​លាងលុយកខ្វក់​ពី​ការ​ឆបោក​តាម​អនឡាញ​នៅ​ជុំវិញ​ពិភពលោក ហើយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ទូទាត់​លាងលុយកខ្វក់​តាមរយៈ​កម្មវិធី​ក្រុមហ៊ុន ហួយវ័ន។

ធនាគារជាតិ​នៃ​កម្ពុជា​អះអាង​ថា បាន​ដក​អាជ្ញាបណ្ណ ក្រុមហ៊ុន ហួយវ័ន ផេ របស់ លោក ហ៊ុន តូ កាលពី​ឆ្នាំ​២០២៤ គឺ​ស្ថាប័ន​នេះ​លែង​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ខ្លួន​ទៀត និង​បាន​ចាត់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជម្រះបញ្ជី​ទូទាត់​លុយ​សង​អតិថិជន​តាំងពី​ចុងឆ្នាំ​២០២៥។ ប៉ុន្តែ​អតិថិជន​នៅតែ​អះអាង​ថា​ការផ្ទេរ​ប្រាក់​នៅតែ​អាច​បន្ត​ធ្វើ​បាន​រហូតដល់​មាន​ការ​ប្ដូរ​ឈ្មោះ​ជា H Pay និង​ការ​បង្កក​ប្រាក់​ដោយ​ក្រុមហ៊ុន​នេះ​នៅ​ចុងឆ្នាំ​២០២៥។

ចំណែក ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហាន់ដ្រូ ហ្គនសាឡេស ដេវីដសុន​(Alejandro Gonzalez Davidson) ហៅ​អា​ឡិច វិញ មើលឃើញ​ថា បញ្ហា​អាច​នឹង​រាលដាល​ទៅដល់​វិស័យ​ធនាគារ​នៅ​កម្ពុជា ដោយសារតែ​ការ​បាត់​ទំនុកចិត្ត នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​មិនសូវ​ទុកចិត្ត និង​គ្មាន​ទម្លាប់​ដាក់​ប្រាក់​នៅ​ធនាគារ​ស្រាប់​ផង។ ចំណែក​វិនិយោគិន​មួយចំនួន​នឹង​មាន​ចិត្ត​រារែក​ក្នុង​ការ​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា ដោយសារ​បារម្ភ​ពី​ស្ថិរភាព​សង្គម និង​សុវត្ថិភាព​ដើមទុន​របស់​ពួកគេ។

លោក អាឡិច ហាន់ដ្រូ៖ «ឬក៏​ខ្មែរ ឬក៏​បរទេស​ណា ដែល​មាន​លុយ​ច្រើន​ហ្នឹង​ណា ហ៊ាន​ដាក់​លុយ ហ៊ាន​ទុកចិត្ត​លើ​ធនាគារ​នៅ​នៅ​កម្ពុជា​ទៀត។ អ្វី​ដែល​ខ្ញុំ​បារម្ភ​មិនមែន​ត្រឹមតែ ហួយវ័ន ផេ ទេ ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត​ហ្នឹង​វា​អាច​ឈាន​ទៅដល់​ធនាគារ​អេស៊ីលីដា ធនាគារ​ផ្សេងៗ​ទៀត រឿង​ហ្នឹង​បើសិនជា​កើតឡើង​មែន គឺ​របៀប​អតិថិ​ជ​មិនអាច​ដក​លុយ គឺ​វា​ប៉ះពាល់​ធ្ងន់​ណាស់ អាច​នឹង​វិស័យ​ធនាគារ​រលំ​ក៏​អាច​ថា​បាន​ដែរ»។

ជាមួយ​គ្នា​នេះ លោក អាឡិច មើលឃើញ​ថា ធនាគារជាតិ​នៃ​កម្ពុជា ក្រៅ​តែ​ពី​ជា​ស្ថាប័ន​ជួយ​ការពារ​ឈ្មួញ​ដែល​មាន​លុយ មាន​អំណាច​ជាពិសេស​គឺ ជួយ​ការពារ​ក្មួយប្រុស លោក ហ៊ុន សែន និង​បងជីដូនមួយ​លោក ហ៊ុន ម៉ា ណែ​ត គឺ លោក ហ៊ុន តូ ហើយ​នោះ​ស្ថាប័ន​នេះ​ទំនង​ពុំ​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចាត់វិធានការ​ទៅលើ​បណ្ដាញ​ក្រុមហ៊ុន​អន្តរជាតិ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ និង​លាងលុយកខ្វក់។

លោក អាឡិច បន្ត​ថា អតិថិជន​ទូទៅ​នៃ​ធនាគារ​នៅ​កម្ពុជា​ទំនងជា​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​តែ​ពី​ដក​លុយ​ពី​ធនាគារ ទៅ​រក្សាទុក​ដោយ​ខ្លួនឯង​វិញ។

លោក អាឡិច ហាន់ដ្រូ៖ «ព្រោះ​យូរ​ទៅ​រឿង​ហ្នឹង​រាតត្បាត កុំ​ទុក​លុយ​ក្នុង​ធនាគារ​ទៀត​ទេ​ធនាគារ​ណាក៏ដោយ ព្រោះ​ថ្ងៃ​ណាមួយ​រឿង​ដែល​បាន​កើតឡើង​នៅ​ប្រទេស ទុយណេស៊ី (Tunisia) ប្រទេស​អាហ្សង់ទីន (Argentina) និង​ប្រទេស​ជាច្រើន​ទៀត​កន្លងមក​ហ្នឹង​គឺ​អាច​កើតឡើង​នៅ​កម្ពុជា គឺ​ធនាគារ​លុយ​របស់​យើង​តែ​អត់​អាច​ដក​លុយ​បាន»។

ទូរទស្សន៍​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​៥ ខែ​ឧសភា។ តែ​ទោះជា​យ៉ាងណា​ធនាគារ​ជាតិ​អះអាង​ថា ក្នុង​ឆ្នាំ​២០២៥ ប្រព័ន្ធ​ធនាគារ​កម្ពុជា នៅតែ​រក្សា​បាន​នូវ​ភាព​ធន់ និង​បានការ​ទុកចិត្ត​ពី​អតិថិជន ទោះបីជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​ឥណទាន​មិន​ដំណើរការ និង​សម្ពាធ​ពី​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​សកល​យ៉ាងណាក៏ដោយ។

យ៉ាងនេះ​ក្ដី​កម្ពុជា​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ក្នុង​បញ្ជី​ប្រផេះ​នៃ​អង្គការ​ឃ្លាំមើល​អំពើ​លាងលុយកខ្វក់​អន្តរជាតិ ឈ្មោះ ក្រុមការងារ​ហិរញ្ញវត្ថុ (FATF) ជាច្រើន​ឆ្នាំ និង​បាន​រួចខ្លួន ឬ​ត្រូវ​គេ​ដក​ចេញ​ពី​បញ្ជី​ប្រផេះ​វិញ​កាលពី​ឆ្នាំ​២០២២ ។ ប៉ុន្តែ​មកដល់ពេលនេះ​មាន​មតិ​មួយចំនួន​ស្នើ​ថា គួរ​បញ្ចូល​កម្ពុជា​ទៅ​ក្នុង «​បញ្ជីខ្មៅ​» នៃ​ក្រុម​ប្រទេស​លាងលុយកខ្វក់ ដើម្បី​ទប់ស្កាត់​អំពើ​លាងលុយកខ្វក់ និង​អំពើ​ឆបោក​តាម​អនឡាញ​កុំឱ្យ​រីក​រាលដាល​កាន់តែ​ខ្លាំង នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ទាក់ទង​នឹង​បញ្ហា​អតិថិជន​មិន​បាន​ទទួល​ដំណោះស្រាយ និង​អ្នកខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ លោក សេង វណ្ណលី លើកឡើង​ថា ជនរងគ្រោះ​ដោយ​ផ្ទាល់​របស់​ក្រុមហ៊ុន ហួយវ័ន ផេ នឹង​លែង​មាន​ជម្រើស​ក្នុង​ការ​ពឹង​លើ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ និង​ធនាគារជាតិ​ទៀតហើយ កឺ​គួរ​ស្វែង​រក​មធ្យោបាយ​ផ្សេងទៀត ដោយ​ការ​ប្ដឹង​ទៅ​ស្ថាប័ន​អន្តរជាតិ​ពាក់ព័ន្ធ​ជាដើម។

លោក សេង វណ្ណលី៖ «ប៉ុន្តែ​ជម្រើស ដែល​នៅ​សេសសល់​គឺ​មាន​តែ​ការស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស ដើម្បី​ជួយ​ផ្សព្វផ្សាយ និង​ដាក់​សម្ពាធ ដើម្បី​ឱ្យ​មានការ​ត្រួតពិនិត្យ​ពី​ខាងក្រៅ​។ ទន្ទឹម​នឹង​​​​​នេះ​ពួកគាត់​ក៏​អាច​សង្ឃឹម​លើក​ការ​ដាស់តឿន​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍ ក្នុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​ធនាគារជាតិ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ការពារ​ស្ថិរភាព​សេដ្ឋកិច្ចជាតិ​ជាធំ ជា​ជាង​ការ​ពារ​ប្រយោជន៍​បុគ្គល​មាន​ឥទ្ធិពល និង​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច»។

កាលពី​ចុងខែ​មីនា សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ឈ្មោះ លី សុង (LI XIONG) តាម​សំណើ​របស់​អាជ្ញាធរ​ចិន និង​បញ្ជូន​ទៅ​ប្រទេស​ចិន ដោយសារតែ​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់ និង​អំពើ​ឆបោក​តាម​អន​ឡាញ។

តែ​យ៉ាងនេះ​ក្ដី​មកដល់ពេលនេះ​ទាំង​អ្នកឃ្លាំមើល​សង្គម និង​នយោបាយ​នៅ​កម្ពុជា រួម​នឹង​ជនរងគ្រោះ​ជា​អតិថិជន​របស់ ហួយវ័ន ផេ មិន​រំពឹង​ថា តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ លោក ហ៊ុន តូ និង​ផ្ដល់​ដំណោះស្រាយ​ត្រឹមត្រូវ​ណាមួយ​ឡើយ បើ​ទោះ​បី​ជា​ស្ថាប័ន​អន្តរជាតិ​រួម​ទាំង​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ផង​ចាត់វិធានការ​រួមគ្នា​ដាក់​ទណ្ឌកម្ម ដោយ​ចោទ​ថា ម្ចាស់​ក្រុមហ៊ុន​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​លាងលុយកខ្វក់​រាប់ពាន់​លាន់​ដុល្លារ ដោយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រាក់​គ្រីបតូ និង​ក្រុម​ចោរ​បច្ចេកវិទ្យា​របស់​កូរ៉េខាងជើង​ផង​ក៏ដោយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ