អ្នកឃ្លាំមើល​សង្គម​ថា ថៃ​អុកឡុក​តាម​ព្រំដែន​គឺ​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ថៃ

0
51
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​លោក គឹម សុខ អ្នកនាំពាក្យ​រដ្ឋាភិបាលឯករាជ្យ ២៣ តុលា។ រូប៖ បណ្ដាញសង្គម
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​លោក គឹម សុខ អ្នកនាំពាក្យ​រដ្ឋាភិបាលឯករាជ្យ ២៣ តុលា។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​សង្គម​កម្ពុជា​អះអាង​ថា សកម្មភាព​របស់​ភាគី​ថៃ​ដែល​តែងតែ​ប្រឌិត​ព័ត៌មាន​ចោទ​មក​លើ​កម្ពុជា គឺ​ថៃ​មាន​ចេតនា បង្ខំ​ឲ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ចុះ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជាមួយ​ថៃ ដោយ​សន្យា​មិន​ប្រើ​យន្តការ​អន្តរជាតិ គឺ​អនុវត្ត​ត្រឹម​ការ​និយាយ​គ្នា​ទ្វេភាគី កម្ពុជា​-​ថៃ តែប៉ុណ្ណោះ​។ ការ​អះអាង​នេះ គឺ​បន្ទាប់ពី​ក្រសួងការពារជាតិ​កម្ពុជា ច្រានចោល​ការចោទប្រកាន់​របស់​ថៃ​ជុំវិញ​ការ​បាញ់ ១១​គ្រាប់​នៅ​ព្រំដែន​អូរ​ស្មាច់ ក្នុង​ខេត្ត​ឧត្តរមានជ័យ ថា ជា​ព័ត៌មាន​មិន​ពិត និង​ជា​ការ​មួលបង្កាច់​យ៉ាងធ្ងន់ធ្ងរ។

ស្ថានភាព​នៅ​តាម​ព្រំដែន​ខ្មែរ​-​ថៃ នៅតែ​បន្ត​ឡើង​កម្តៅ​ម្តងម្កាល​ដោយ​ភាគី​ទាំងពីរ តែង​ចោទ​គ្នា​ទៅវិញទៅមក​ពី​ការ​បង្ក​ហេតុ​និង​ការ​ផ្ទុះអាវុធ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​១៣ ឧសភា ម្សិលមិញ​នេះ យោធា​ថៃ បាន​ចោទប្រកាន់​ថា កងទ័ព​កម្ពុជា បាន​បាញ់​១១​គ្រាប់​នៅ​ព្រំដែន​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ។

អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ លោក វីនថៃ ស៊ូវ៉ារី (Winthai Suvari) បាន​អះអាង​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ដោយ​ចោទ​ថា តាំងពី​មាន​បទ​ឈប់​បាញ់​មក កម្ពុជា​បាន​ផ្ទុះអាវុធ​ស្ទើរ​រាល់ថ្ងៃ​តាម​បណ្តោយ​ព្រំដែន​ប្រវែង ៤០០​គីឡូម៉ែត្រ ដើម្បី​បង្ករឿង​ជាមួយ​ថៃ និង​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​យក​មក​ផ្សព្វផ្សាយ​ទៅកាន់​អន្តរជាតិ​។ លោក​ចោទ​ទៀត​ថា ករណី​ផ្ទុះអាវុធ​នៅ​តាម​ព្រំដែន​មួយចំនួន គឺ​កើត​ចេញ​ពី​កងទ័ព​ខ្មែរ​ដែល​គ្មាន​វិន័យ ហើយ​នៅ​ក្រោយ​ផ្ទុះអាវុធ មេដឹកនាំ ឬ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា តែងតែ​ចេញ​មក​បដិសេធ​ភ្លាមៗ ដែល​បញ្ហា​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ភាព​មិន​ស៊ីចង្វាក់​គ្នា​លើ​ផ្ដល់​ព័ត៌មាន រវាង​ទីបញ្ជាការ ជាមួយនឹង​កងទ័ព​ដែល​ប្រចាំការ​នៅ​តាម​តំបន់​។ អ្នកនាំពាក្យ​យោធា​ថៃ​រូប​នេះ​ព្រមាន​ថា ប្រសិនបើ​មាន​ករណី​ផ្ទុះអាវុធ​ចូលក្នុង​ទឹកដី​ថៃ នោះ​យោធា​ថៃ​នឹង​ឆ្លើយតប​ភ្លាមៗ ដោយ​ការប្រើប្រាស់​កម្លាំង​ទ័ព។

ដោយឡែក ក្រសួង​ការពារជាតិ​កម្ពុជា កាល​ពី​យប់​ថ្ងៃទី​ទី​១៣ ខែ​ឧសភា​បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ ដែល​អះអាង​ថា ទាហាន​កម្ពុជា​បាន​បាញ់កាំភ្លើង​ចំនួន ១១​គ្រាប់​នៅ​តំបន់​ព្រំដែន​អូរស្មាច់ ក្នុង​ខេត្ត​ឧត្តរមានជ័យ។ កម្ពុជា ចាត់ទុក​ការ​លើកឡើង​ដូច្នេះ​របស់​ភាគី​ថៃ​ជា​ព័ត៌មាន​មិន​ពិត និង​ជា​ការ​មួលបង្កាច់​ធ្ងន់ធ្ងរ​។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​១៣ ខែ​ឧសភា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុ​ជា លោកស្រី ម៉ាលី សុជាតា បាន​ចាត់ទុក​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ​ជា​ព័ត៌មាន​មិន​ពិត និង​ជា​ការ​មួលបង្កាច់​យ៉ាងធ្ងន់ធ្ងរ​។ ក្រសួង​ការពារជាតិ បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ការ​លើកឡើង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ។

ទោះបីជា​ភាគី​ថៃ ចោទ​ទាហាន​កម្ពុជា​ថា គ្មាន​វិន័យ​និង​តែង​បង្កហេតុ​បែប​ណា​ក្តី តែ​ស្ថានភាព​ជាក់ស្តែង​នៅ​តាម​ព្រំដែន​នោះ កងទ័ព​កម្ពុជា​មួយចំនួន​ដែល​ឈរជើង​នៅ​ជួរមុខ ធ្លាប់​ថា អះអាង​ថា ទាហាន​ថៃ​ទៅវិញ​ទេ ដែល​គ្មាន​វិន័យ​។ ទាហាន​ថៃ តែង​ប្រើ​ពាក្យ​សម្ដី និង​កាយវិការ​ប្រមាថ​ទាហាន​ខ្មែរ ព្រមទាំង​បំផ្ទុះ​អាវុធ​ជា​ញឹកញាប់​ដើម្បី​ចង់​ឲ្យ​ផ្ទុះ​សង្គ្រាម​ជាមួយ​កម្ពុ​ជា​ថ្មី​ទៀត​។ លើស​ពី​នេះ កងទ័ព​ថៃ តែង​រាយ​បន្លា​លួស​រំកិល​ចូល​ដី​ខ្មែរ និង​សាងសង់​សំណង​រឹង​ផ្សេងៗ​ដើម្បី​កាន់កាប់​ជា​អចិន្ត្រៃយ៍។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ភាគី​ថៃ​ដឹង​ច្បាស់​ណាស់​ថា​រដ្ឋាភិបាល ក្រុម​គ្រួសារ​ហ៊ុន​ខ្សោយ គឺ​ខ្សោយ​សូម្បីតែ​បង្រួបបង្រួម​ជាតិ​កម្ពុជា​ក៏​មិនបាន ដូច្នេះ​ថៃ​មិន​ខ្លាច​នឹង​ធ្វើ​ការ​អុកឡុក​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក គឹម សុខ បន្ថែម​ទៀត​ថា ភាគី​ថៃ​វ៉ៃ​មក​លើ​កម្ពុជា ហើយ​ថៃ​ចោទ​កម្ពុជា​ថា​វ៉ៃ​គេ​ទៅវិញ រួចហើយ​ថៃ​ផ្សព្វផ្សាយ​បោកប្រាស់​ជុំវិញ​ពិភពលោក​។ ដូច្នេះ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ត្រូវ​ពន្លឿន​នីតិវិធី​រឺ​ក៏​យន្តការ​អន្តរជាតិ បើ​មិន​ដូច្នោះ​ទេ​ភាគី​ថៃ​នឹង​នៅតែ​បន្ត​អុកឡុក​កម្ពុជា រួចហើយ​បង្កើត​ព័ត៌មាន​ចោទប្រកាន់​កម្ពុជា​ជុំវិញ​ពិភពលោក។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា​២៣ តុលា លោក គឹម សុខ បន្ថែម​ថា ថៃ​ប្រឹង​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន​ចុះ​កិច្ចព្រមព្រៀង​មួយ ជាមួយ​ថៃ ជា​កិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន សន្យា​ជាមួយ​ថៃ​មិន​ប្រើ​យន្តការ​អន្តរជាតិ ដូចជា UNCLOS កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឬក៏​តុលាការអន្តរជាតិ​ដើម។

លោក គឹម សុខ៖ «​ថៃ​ចង់​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន ត្រូវតែ​អនុវត្ត ត្រឹមតែ​ការ​និយាយ​គ្នា​ទ្វេភាគី​កម្ពុជា​ថៃ នៅ​ក្រោម​ការ​គូសវាស​របស់​ថៃ នេះ​គឺជា​អ្វី​ដែល​ថៃ​ចង់បាន ហើយ​ថៃ​ធ្វើ​រហូត​ទៅដល់​បាន​កិច្ចព្រមព្រៀង​បែប​ហ្នឹង​ទៅ​ថៃ​ឈប់​អុកឡុក»។

កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា កាសែត​ថៃ Khaosod English បាន​រាយការណ៍ ដោយ​យោង​ពី​កងទ័ព​ភូមិភាគ​ទី​២​ថៃ ថា នៅ​ល្ងាច​ថ្ងៃទី​១៣​ឧសភា កងទ័ព​កម្ពុជា​បាន​បាញ់​ចំនួន ១១​គ្រាប់​នៅ​តាម​បណ្តោយ​ព្រំដែន​អូរស្មាច់។

នៅមុន​ហេតុការណ៍​បាញ់ ១១​គ្រាប់​នេះ កាសែត​ថៃ Khaosod English បាន​រាយការណ៍​ថា កងទ័ព​ថៃ​បាន​បាញ់​ព្រមាន ២​គ្រាប់ បន្ទាប់ពី​ឃើញ​មាន​ជនបរទេស​ម្នាក់​ចូល​ទៅ​ជិត​របង​លួស​បន្លា នៅ​បណ្តោយ​ផ្លូវ​ចូល​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ក្នុង​ខេត្ត​ឧត្តរមានជ័យ​របស់​កម្ពុជា​។ ការ​បាញ់​ចំនួន​២​គ្រាប់​នេះ គឺជា​វិធានការ​ទប់ស្កាត់​ការឈ្លានពាន​ព្រំដែន និង​ជៀសវាង​ការ​យល់ច្រឡំ​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​នៅក្នុង​តំបន់។

ទាក់ទង​ទៅ​នឹង​ការ​បាញ់​របស់​យោធា​ថៃ​នេះ​លោក Kevin Smith Kh ជា​ជនបរទេស និង​អ្នក​ផលិត​មាតិកា ដែល​ផ្សព្វផ្សាយ​អំពី​ស្ថានភាព​ពិត​នៃ​ការឈ្លានពាន និង​ការគ្រប់គ្រង​ដោយ​ខុសច្បាប់​របស់​ទាហាន​ថៃ​លើ​ផ្នែក​ខ្លះ​នៃ​ដែន​អធិបតេយ្យភាព​កម្ពុជា បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា​ថា ទាហាន​ថៃ​ទើបតែ​បាញ់​មក​លើ​រូបលោក​នៅ​អូរស្មាច់ ជា​កន្លែង​ដែល​ពួកគេ​កំពុង​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ ដោយសារតែ​លោក​ព្យាយាម​និយាយ​ការពិត​អំពី​ស្ថានភាព​នៅ​ទីនោះ​។ លោក Kevin Smith Kh ថា លោក​គ្មាន​អាវុធ គ្មាន​ការ​ការពារ និង​មិន​ញុះញង់ អ្វី​ដែល​លោក​មាន​គឺ​កាមេរ៉ា។

អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ រដ្ឋាភិបាល​កម្ពុជា​ទប់ស្កាត់​ភាព​គឃ្លើន​របស់​ភាគី​ថៃ​លើ​ដី​ជាក់ស្តែង​ឱ្យ​មាន​ប្រសិទ្ធភាព​ស្រប​តាមច្បាប់​អន្តរជាតិ ដោយ​បង្កើន​សកម្មភាព​ដំឡើង​កម្រិត​ការទូត​ឱ្យ​កាន់​ខ្ពស់​ដើម្បី​ទាមទារ​ឲ្យ​ថៃ ដក​យោធា​ពី​ទឹកដី​កម្ពុជា និង​ត្រូវ​ប្តឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ​។ ការ​ប្តឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ ឬ​ការ​ដាក់​បញ្ហា​នេះ​ទៅកាន់​យន្តការ​អន្តរជាតិ មិន​ត្រឹមតែ​ជា​ការ​ការពារ​ទឹកដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​សញ្ញា​ថា កម្ពុជា​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព និង​ផលប្រយោជន៍​ជាតិ​ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ