

អ្នកឃ្លាំមើលសង្គមកម្ពុជាអះអាងថា សកម្មភាពរបស់ភាគីថៃដែលតែងតែប្រឌិតព័ត៌មានចោទមកលើកម្ពុជា គឺថៃមានចេតនា បង្ខំឲ្យរដ្ឋាភិបាលត្រកូលហ៊ុន ចុះកិច្ចព្រមព្រៀងថ្មីមួយជាមួយថៃ ដោយសន្យាមិនប្រើយន្តការអន្តរជាតិ គឺអនុវត្តត្រឹមការនិយាយគ្នាទ្វេភាគី កម្ពុជា-ថៃ តែប៉ុណ្ណោះ។ ការអះអាងនេះ គឺបន្ទាប់ពីក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃជុំវិញការបាញ់ ១១គ្រាប់នៅព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ។
ស្ថានភាពនៅតាមព្រំដែនខ្មែរ-ថៃ នៅតែបន្តឡើងកម្តៅម្តងម្កាលដោយភាគីទាំងពីរ តែងចោទគ្នាទៅវិញទៅមកពីការបង្កហេតុនិងការផ្ទុះអាវុធ។ ជាក់ស្តែងកាលពីថ្ងៃទី១៣ ឧសភា ម្សិលមិញនេះ យោធាថៃ បានចោទប្រកាន់ថា កងទ័ពកម្ពុជា បានបាញ់១១គ្រាប់នៅព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។
អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វីនថៃ ស៊ូវ៉ារី (Winthai Suvari) បានអះអាងនៅថ្ងៃទី១៤ ខែឧសភា ដោយចោទថា តាំងពីមានបទឈប់បាញ់មក កម្ពុជាបានផ្ទុះអាវុធស្ទើររាល់ថ្ងៃតាមបណ្តោយព្រំដែនប្រវែង ៤០០គីឡូម៉ែត្រ ដើម្បីបង្ករឿងជាមួយថៃ និងប្រឌិតព័ត៌មានក្លែងក្លាយយកមកផ្សព្វផ្សាយទៅកាន់អន្តរជាតិ។ លោកចោទទៀតថា ករណីផ្ទុះអាវុធនៅតាមព្រំដែនមួយចំនួន គឺកើតចេញពីកងទ័ពខ្មែរដែលគ្មានវិន័យ ហើយនៅក្រោយផ្ទុះអាវុធ មេដឹកនាំ ឬអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តែងតែចេញមកបដិសេធភ្លាមៗ ដែលបញ្ហានេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពមិនស៊ីចង្វាក់គ្នាលើផ្ដល់ព័ត៌មាន រវាងទីបញ្ជាការ ជាមួយនឹងកងទ័ពដែលប្រចាំការនៅតាមតំបន់។ អ្នកនាំពាក្យយោធាថៃរូបនេះព្រមានថា ប្រសិនបើមានករណីផ្ទុះអាវុធចូលក្នុងទឹកដីថៃ នោះយោធាថៃនឹងឆ្លើយតបភ្លាមៗ ដោយការប្រើប្រាស់កម្លាំងទ័ព។
ដោយឡែក ក្រសួងការពារជាតិកម្ពុជា កាលពីយប់ថ្ងៃទីទី១៣ ខែឧសភាបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃ ដែលអះអាងថា ទាហានកម្ពុជាបានបាញ់កាំភ្លើងចំនួន ១១គ្រាប់នៅតំបន់ព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។ កម្ពុជា ចាត់ទុកការលើកឡើងដូច្នេះរបស់ភាគីថៃជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ធ្ងន់ធ្ងរ។ ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅយប់ថ្ងៃទី១៣ ខែឧសភា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានចាត់ទុកការចុះផ្សាយរបស់សារព័ត៌មានថៃជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ។ ក្រសួងការពារជាតិ បដិសេធចោលទាំងស្រុងចំពោះការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ។
ទោះបីជាភាគីថៃ ចោទទាហានកម្ពុជាថា គ្មានវិន័យនិងតែងបង្កហេតុបែបណាក្តី តែស្ថានភាពជាក់ស្តែងនៅតាមព្រំដែននោះ កងទ័ពកម្ពុជាមួយចំនួនដែលឈរជើងនៅជួរមុខ ធ្លាប់ថា អះអាងថា ទាហានថៃទៅវិញទេ ដែលគ្មានវិន័យ។ ទាហានថៃ តែងប្រើពាក្យសម្ដី និងកាយវិការប្រមាថទាហានខ្មែរ ព្រមទាំងបំផ្ទុះអាវុធជាញឹកញាប់ដើម្បីចង់ឲ្យផ្ទុះសង្គ្រាមជាមួយកម្ពុជាថ្មីទៀត។ លើសពីនេះ កងទ័ពថៃ តែងរាយបន្លាលួសរំកិលចូលដីខ្មែរ និងសាងសង់សំណងរឹងផ្សេងៗដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ភាគីថៃដឹងច្បាស់ណាស់ថារដ្ឋាភិបាល ក្រុមគ្រួសារហ៊ុនខ្សោយ គឺខ្សោយសូម្បីតែបង្រួបបង្រួមជាតិកម្ពុជាក៏មិនបាន ដូច្នេះថៃមិនខ្លាចនឹងធ្វើការអុកឡុកប្រទេសកម្ពុជានោះទេ។
លោក គឹម សុខ បន្ថែមទៀតថា ភាគីថៃវ៉ៃមកលើកម្ពុជា ហើយថៃចោទកម្ពុជាថាវ៉ៃគេទៅវិញ រួចហើយថៃផ្សព្វផ្សាយបោកប្រាស់ជុំវិញពិភពលោក។ ដូច្នេះរដ្ឋាភិបាលត្រកូលហ៊ុន ត្រូវពន្លឿននីតិវិធីរឺក៏យន្តការអន្តរជាតិ បើមិនដូច្នោះទេភាគីថៃនឹងនៅតែបន្តអុកឡុកកម្ពុជា រួចហើយបង្កើតព័ត៌មានចោទប្រកាន់កម្ពុជាជុំវិញពិភពលោក។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា២៣ តុលា លោក គឹម សុខ បន្ថែមថា ថៃប្រឹងធ្វើដូច្នេះគឺដើម្បីបង្ខំឲ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនចុះកិច្ចព្រមព្រៀងមួយ ជាមួយថៃ ជាកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន សន្យាជាមួយថៃមិនប្រើយន្តការអន្តរជាតិ ដូចជា UNCLOS កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឬក៏តុលាការអន្តរជាតិដើម។
លោក គឹម សុខ៖ «ថៃចង់បង្ខំឲ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន ត្រូវតែអនុវត្ត ត្រឹមតែការនិយាយគ្នាទ្វេភាគីកម្ពុជាថៃ នៅក្រោមការគូសវាសរបស់ថៃ នេះគឺជាអ្វីដែលថៃចង់បាន ហើយថៃធ្វើរហូតទៅដល់បានកិច្ចព្រមព្រៀងបែបហ្នឹងទៅថៃឈប់អុកឡុក»។
កាលពីថ្ងៃទី១៣ ខែឧសភា កាសែតថៃ Khaosod English បានរាយការណ៍ ដោយយោងពីកងទ័ពភូមិភាគទី២ថៃ ថា នៅល្ងាចថ្ងៃទី១៣ឧសភា កងទ័ពកម្ពុជាបានបាញ់ចំនួន ១១គ្រាប់នៅតាមបណ្តោយព្រំដែនអូរស្មាច់។
នៅមុនហេតុការណ៍បាញ់ ១១គ្រាប់នេះ កាសែតថៃ Khaosod English បានរាយការណ៍ថា កងទ័ពថៃបានបាញ់ព្រមាន ២គ្រាប់ បន្ទាប់ពីឃើញមានជនបរទេសម្នាក់ចូលទៅជិតរបងលួសបន្លា នៅបណ្តោយផ្លូវចូលព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យរបស់កម្ពុជា។ ការបាញ់ចំនួន២គ្រាប់នេះ គឺជាវិធានការទប់ស្កាត់ការឈ្លានពានព្រំដែន និងជៀសវាងការយល់ច្រឡំដែលអាចប៉ះពាល់ដល់សន្តិសុខនៅក្នុងតំបន់។
ទាក់ទងទៅនឹងការបាញ់របស់យោធាថៃនេះលោក Kevin Smith Kh ជាជនបរទេស និងអ្នកផលិតមាតិកា ដែលផ្សព្វផ្សាយអំពីស្ថានភាពពិតនៃការឈ្លានពាន និងការគ្រប់គ្រងដោយខុសច្បាប់របស់ទាហានថៃលើផ្នែកខ្លះនៃដែនអធិបតេយ្យភាពកម្ពុជា បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី១៣ ខែឧសភាថា ទាហានថៃទើបតែបាញ់មកលើរូបលោកនៅអូរស្មាច់ ជាកន្លែងដែលពួកគេកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ដោយសារតែលោកព្យាយាមនិយាយការពិតអំពីស្ថានភាពនៅទីនោះ។ លោក Kevin Smith Kh ថា លោកគ្មានអាវុធ គ្មានការការពារ និងមិនញុះញង់ អ្វីដែលលោកមានគឺកាមេរ៉ា។
អ្នកឃ្លាំមើលសង្គមជំរុញឱ្យ រដ្ឋាភិបាលកម្ពុជាទប់ស្កាត់ភាពគឃ្លើនរបស់ភាគីថៃលើដីជាក់ស្តែងឱ្យមានប្រសិទ្ធភាពស្របតាមច្បាប់អន្តរជាតិ ដោយបង្កើនសកម្មភាពដំឡើងកម្រិតការទូតឱ្យកាន់ខ្ពស់ដើម្បីទាមទារឲ្យថៃ ដកយោធាពីទឹកដីកម្ពុជា និងត្រូវប្តឹងថៃទៅកាន់តុលាការអន្តរជាតិ។ ការប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ឬការដាក់បញ្ហានេះទៅកាន់យន្តការអន្តរជាតិ មិនត្រឹមតែជាការការពារទឹកដីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាថា កម្ពុជាមានឆន្ទៈពិតប្រាកដក្នុងការការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិដោយផ្អែកលើច្បាប់អន្តរជាតិ៕







