

យោធាថៃបានបន្តសាងសង់សំណង់ ផ្លូវយុទ្ធសាស្ត្រ រាយបន្លាលួស និងតម្រៀបរនាំងបេតុង ចូលក្នុងទឹកដីខ្មែរនៅតាមបណ្ដោយព្រំដែនជាច្រើនទីតាំងបន្ថែមទៀត។ ទន្ទឹមគ្នានេះ នៅក្នុងភូមិសាស្ត្រតំបន់សំខាន់ៗផ្សេងទៀត យោធាថៃបានសាងសង់លេណដ្ឋានរឹងមាំធំៗជាច្រើនកន្លែង និងជីកប្រឡាយប្រឆាំងរថពាសដែក ដើម្បីការពារក្នុងករណីមានសង្គ្រាមកើតឡើងម្ដងទៀត។ ចំណែកនៅខាងកម្ពុជាវិញ កូនប្រុសពៅរបស់ប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានដឹកនាំក្រុមមន្ត្រី ប្រជាពលរដ្ឋ និងអ្នកសិល្បៈ បង្កើតកម្មវិធីមួយដែលគេឱ្យឈ្មោះថា «ដាស់ស្មារតីជាតិ» ដែលមានការចាក់បញ្ចាំងរូបភាពសោកនាដកម្មសង្គ្រាម ច្រៀងចម្រៀងជាដើម។
តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមក្នុងពេលថ្មីៗនេះ បានបង្ហាញថាទាហានកងវិស្វកម្មរបស់ថៃបានឈូសឆាយព្រៃ ដើម្បីសាងសង់ផ្លូវបេតុងជាច្រើនខ្សែតាមបណ្ដោយព្រំដែននៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ ក្នុងទីតាំងដែលទាហានថៃវាយដណ្ដើមកាន់កាប់បានពីកម្ពុជា។ យោធាថៃបានលើកឡើងថា ផ្លូវបេតុងដែលមានទទឹងជាង២ម៉ែត្រនេះ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេលដ៏ខ្លីខាងមុខដើម្បីយកទៅប្រើប្រាស់សម្រាប់ចល័តទ័ព និងសព្វាវុធធុនធ្ងន់នៅក្នុងសភាពការណ៍បន្ទាន់ណាមួយ។
ក្រៅពីនេះ យោធាថៃបានប្រកាសពីគម្រោងសាងសង់ផ្លូវយុទ្ធសាស្ត្រជាច្រើនទីតាំងទៀត នៅតាមបណ្ដោយភ្នំដងរែក និងបណ្ដោយព្រំដែនកម្ពុជា ដើម្បីតភ្ជាប់បណ្ដាញមូលដ្ឋានយោធាពីតំបន់មួយ ទៅកាន់តំបន់មួយផ្សេងទៀត ដើម្បីបង្កើនសមត្ថភាពរបស់កងទ័ពជើងគោកឱ្យកាន់តែខ្លាំងក្លាជាងមុន។
ចំណែកនៅតំបន់ភ្នំទ្រព្យវិញ យោធាថៃបានតម្រៀប របារបេតុងនៅក្នុងទីតាំងដែលយោធាថៃរាយបន្លាលួសក្នុងទឹកដីកម្ពុជា។ យោធាថៃបានលើកឡើងថា ការដាក់ពង្រាយរបារបេតុង ដែលមានកម្ពស់ប្រហែល២ម៉ែត្រនេះ គឺដើម្បីប្រឆាំងនឹងសកម្មភាពរបស់កងទ័ពខ្មែរ ដែលយោធាថៃបានចោទថា តែងតែចូលមកបង្ករឿងជាមួយទាហានថៃ និងមានករណីលួចឆ្លងដែនចូលមកបន្ទោបង់ក្នុងទីតាំងបន្លាលួសរបស់ទាហានថៃជាដើម។
ផ្ទុយពីការអះអាងនេះ ទាហានខ្មែរម្នាក់ឈរជើងនៅតំបន់ព្រំដែនខេត្តព្រះវិហារ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ជាសំណេរ ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ទាហានខ្មែរមិនដែលបង្ករឿងជាមួយទាហានថៃនោះទេ ក៏ប៉ុន្តែទាហានថៃទៅវិញទេ ដែលបានពង្រីកផ្លូវដើរល្បាតចូលក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ ទើបទាហានខ្មែរចេញមករារាំង។ លោកលើកឡើងថា ស្ថានភាពនៅតាមព្រំដែនខេត្តព្រះវិហារ ក្នុងពេលនេះ ភាគីថៃកំពុងមានប្រៀបលើកម្ពុជាទាំងទីតាំងភូមិសាស្ត្រ និងកម្លាំងទ័ព ខណៈភាគីកម្ពុជាបានព្យាយាមថ្នមស្ថានការណ៍។
ក្រៅពីសកម្មភាពអភិវឌ្ឍរបស់យោធានេះ ប្រជាពលរដ្ឋថៃបានរួមគ្នាបង្កើតមូលនិធិជាច្រើនផ្នែក ដើម្បីប្រមូលលុយយកទៅអភិវឌ្ឍក្នុងតំបន់មួយចំនួនទៀត ដែលយោធាថៃបានវាយដណ្ដើមយកពីកម្ពុជា មានដូចជាតំបន់ប្រាសាទតាក្របី ប្រាសាទខ្នារ តំបន់អានសេះ តាថាវ និងភ្នំខ្មោច ជាដើម។ យោធាថៃបានលើកឡើងថា ការទទួលយកមូលនិធិរបស់ប្រជាពលរដ្ឋថៃនេះ គឺដើម្បីពន្លឿនការប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយជាទីប្រជុំជន តំបន់ទេសចរ ឱ្យបានឆាប់រហ័ស បន្ទាប់ពីយោធាថៃបានឈ្នះសង្គ្រាម និងកាត់តំបន់ទាំងនោះ ដាក់បញ្ចូលទៅក្នុងផែនទីរបស់ប្រទេសថៃ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៩ ខែឧសភា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ទាំងយន្តការការទូត និងយន្តការច្បាប់អន្តរជាតិ ដើម្បីប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ប្រទេសថៃ មកលើកម្ពុជា។
លោក ម៉ែន ណាត៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពីដើមឡើយគាត់ចង់បានប្រជាប្រិយភាពពីការបង្កើតឧត្តមគតិស្នេហាជាតិការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនពីការឈ្លានពានរបស់ថៃ។ ដល់ពេលបង្កើតទៅឥឡូវដោះស្រាយវាអត់ចេញ ជាប់អន្ទាក់របស់ថៃ។ ថៃចូលឈ្លានពានកាន់តែជ្រៅហើយ ចំណែកកម្ពុជាកាន់តែខ្សោយទាំងគោលជំហរ ការការពារ និងការទប់ស្កាត់»។
ក្រឡេកមកមើលសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាវិញ ខណៈប្រជាពលរដ្ឋ និងយោធាថៃកំពុងអភិវឌ្ឍក្នុងទឹកដីកម្ពុជា ក្រោយពេលយោធាថៃបានធ្វើសង្គ្រាមឈ្លានពានចូលកាន់កាប់នោះ លោក ហ៊ុន ម៉ានី ដែលមានតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមមន្ត្រី ប្រជាពលរដ្ឋ និងអ្នកសិល្បៈ បង្កើតកម្មវិធីមួយដែលគេឱ្យឈ្មោះថា «ដាស់ស្មារតីជាតិ» ដែលមានការចាក់បញ្ចាំងរូបភាពសោកនាដកម្មសង្គ្រាម ការសម្ដែង និងច្រៀងចម្រៀងជាដើម។ នៅក្នុងទិដ្ឋភាពសម្ពោធកម្មវិធីរម្លឹកពីភាពឈឺចាប់នេះ ក៏មានការប្រកាសអបអរសាទរ លាយឡំនឹងស្នូរទះដៃ ដោយស្នាមញញឹមរបស់ក្រុមមន្ត្រីដែលចូលរួមមួយចំនួនផងដែរ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបង្ហោះសារក្នុងហ្វេសប៊ុកដោយសរសើរកម្មវិធីរបស់កូនប្រុសថា កម្មវិធី «ដាស់ស្មារតីជាតិ»ធ្វើឡើងដើម្បីឱ្យប្រជាពលរដ្ឋចងចាំបទពិសោធន៍ និងព្រឹត្តិការណ៍ដែលកម្ពុជាបានឆ្លងកាត់ក្នុងសង្គ្រាមឆ្នាំ២០២៥ ជាមួយនឹងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ហើយប្រែក្លាយអតីតកាលទាំងនេះ ទៅជាកម្លាំងសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងប្រទេសជាតិ។
ទោះជាបែបនេះក្ដី ការលើកឡើងរបស់លោក ហ៊ុន សែន នេះ មានភាពបញ្ច្រាសគ្នាទៅនឹងការអះអាងរបស់លោកកន្លងមក ដែលបានចាត់ទុកការបាត់បង់ទឹកដីតាមព្រំដែន និងសោកនាដកម្មសង្គ្រាមថៃឈ្លានពានមកលើកម្ពុជា គឺគ្រាន់តែជារបួសកូនដៃមួយ។ ក្នុងនោះ ពាក្យសាមគ្គីរបស់លោក ក៏ផ្ទុយពីការអនុវត្តរបស់លោកដូចគ្នាដែរ ដោយមន្ត្រី និងតុលាការ ដែលស្ថិតនៅក្រោមអំណាចរបស់លោក បានចាប់ខ្លួន និងចោទប្រកាន់ពលរដ្ឋដែលនិយាយពីបញ្ហាព្រំដែនអស់ជាច្រើន និងដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ។
សកម្មជនបរិស្ថាន និងសង្គម កញ្ញា លិម គិមស័រ ដែលបានទស្សនាកម្មវិធី «ដាសស្មារតីជាតិ»របស់លោក ហ៊ុន ម៉ានី នេះ យល់ឃើញថា កម្មវិធីនេះគឺបង្កើតឡើងដើម្បីអួតសមិទ្ធផល និងរម្លឹកដល់កូនខ្មែរថា បើគ្មានបក្សប្រជាជនកម្ពុជានោះទេ ក៏គ្មានកម្ពុជានៅថ្ងៃនេះដែរ។ កញ្ញាបន្តថា ការបង្កើតព្រឹត្តិការណ៍បែបនេះ គឺគ្មានប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជានោះឡើយ ក្រៅតែធ្វើឱ្យពួកគាត់មានអារម្មណ៍កម្សត់។
កញ្ញា លិម គិមស័រ៖ «ហើយកម្មវិធីធំៗទាំងនេះ គេប្រើប្រាស់លុយច្រើនមែនទែន។ ចុះប្រសិនបើយកលុយទាំងអស់ហ្នឹងបង្កើតកម្មវិធី យកមករៀបចំឱ្យមានជាតំបន់ទេសចរណ៍ ឬក៏ធ្វើឱ្យប្រទេសយើងមានសន្តិសុខឡើងវិញ ផ្ដល់ជាគម្រោងផ្សេងៗសម្រាប់ប្រជាពលរដ្ឋ គឺវាមានប្រយោជន៍ជាង»។
ក្នុងអំឡុងមានវិវាទព្រំដែនជាមួយប្រទេសថៃ លោក ហ៊ុន ម៉ានី តែងតែធ្វើពិធីជាច្រើន ដូចជា «គំនូរដើម្បីសន្តិភាព» ដែលមានរំលេចរូបគ្រួសាររបស់លោកធំជាងគេ កម្មវិធីនាំយុវជនដើរដង្ហែក្បួន និងកម្មវិធីនាំពលរដ្ឋខ្មែររាំរែកនៅក្នុងជំរំជនភៀសសឹកជាដើម។ ក្រៅពីនេះ លោកក៏ជាស្ថាបនិកបង្កើតកម្មវិធីប្លែកៗជាច្រើនទៀត មានដូចជា ការបត់រូបបេះដូងក្រដាសច្រើនជាងគេ ការបង្កើតក្បួនរាំធំជាងគេ និងការធ្វើទូកងវែងជាងគេជាដើម៕









