ថៃ​ពន្លឿន​ការ​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន​ក្នុង​ទឹកដី​កម្ពុជា ខណៈ​រដ្ឋាភិបាល​ធ្វើ​ពិធី​តាំងពិព័រណ៍​រូបថត​សង្គ្រាម

0
5
កូនប្រុស​ពៅ​របស់​ប្រមុខ​រដ្ឋស្ដីទី លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ថ្លែងក្នុងពិធីដែលលោកបង្កើតឈ្មោះ ដាស់ស្មារតីជាតិ កាលពីថ្ងៃទី២៨ ឧសភា ២០២៦។ រូប៖ បណ្ដាញសង្គម
កូនប្រុស​ពៅ​របស់​ប្រមុខ​រដ្ឋស្ដីទី លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ថ្លែងក្នុងពិធីដែលលោកបង្កើតឈ្មោះ ដាស់ស្មារតីជាតិ កាលពីថ្ងៃទី២៨ ឧសភា ២០២៦។ រូប៖ បណ្ដាញសង្គម

យោធា​ថៃ​បាន​បន្ត​សាងសង់​សំណង់ ផ្លូវ​យុទ្ធសាស្ត្រ រាយ​បន្លា​លួស និង​តម្រៀប​រនាំង​បេតុង ចូលក្នុង​ទឹកដី​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាច្រើន​ទីតាំង​បន្ថែម​ទៀត​។ ទន្ទឹម​គ្នា​នេះ នៅក្នុង​ភូមិសាស្ត្រ​តំបន់​សំខាន់ៗ​ផ្សេងទៀត យោធា​ថៃ​បាន​សាងសង់​លេណដ្ឋាន​រឹងមាំ​ធំៗ​ជាច្រើន​កន្លែង និង​ជីក​ប្រឡាយ​ប្រឆាំង​រថពាសដែក ដើម្បី​ការពារ​ក្នុងករណី​មាន​សង្គ្រាម​កើតឡើង​ម្ដងទៀត​។ ចំណែក​នៅ​ខាង​កម្ពុជា​វិញ កូនប្រុស​ពៅ​របស់​ប្រមុខ​រដ្ឋស្ដីទី លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​ដឹកនាំ​ក្រុម​មន្ត្រី ប្រជាពលរដ្ឋ និង​អ្នក​សិល្បៈ បង្កើត​កម្មវិធី​មួយ​ដែល​គេ​ឱ្យ​ឈ្មោះថា «​ដាស់​ស្មារតី​ជាតិ​» ដែល​មាន​ការ​ចាក់​បញ្ចាំ​ង​រូបភាព​សោកនាដកម្ម​សង្គ្រាម ច្រៀង​ចម្រៀង​ជាដើម​។​

តាមរយៈ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា​ទាហាន​កងវិស្វកម្ម​របស់​ថៃ​បាន​ឈូស​ឆាយ​ព្រៃ ដើម្បី​សាងសង់​ផ្លូវ​បេតុង​ជាច្រើន​ខ្សែ​តាម​បណ្ដោយ​ព្រំដែន​នៅ​តំបន់​មុំ​បី ក្នុង​ខេត្តព្រះវិហារ ក្នុង​ទីតាំង​ដែល​ទាហាន​ថៃ​វាយ​ដណ្ដើម​កាន់កាប់​បាន​ពី​កម្ពុជា​។ យោធា​ថៃ​បាន​លើកឡើង​ថា ផ្លូវ​បេតុង​ដែល​មាន​ទទឹង​ជាង​២​ម៉ែត្រ​នេះ នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​ដើម្បី​យក​ទៅ​ប្រើប្រាស់​សម្រាប់​ចល័ត​ទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​នៅក្នុង​សភាពការណ៍​បន្ទាន់​ណាមួយ។

ក្រៅពី​នេះ យោធា​ថៃ​បាន​ប្រកាស​ពី​គម្រោង​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​ជាច្រើន​ទីតាំង​ទៀត នៅ​តាម​បណ្ដោយ​ភ្នំ​ដងរែក និង​បណ្ដោយ​ព្រំដែន​កម្ពុជា ដើម្បី​ត​ភ្ជាប់​បណ្ដាញ​មូលដ្ឋាន​យោធា​ពី​តំបន់​មួយ ទៅកាន់​តំបន់​មួយ​ផ្សេងទៀត ដើម្បី​បង្កើន​សមត្ថភាព​របស់​កងទ័ពជើងគោក​ឱ្យ​កាន់តែ​ខ្លាំងក្លា​ជាង​មុន។

ចំណែក​នៅ​តំបន់​ភ្នំ​ទ្រព្យ​វិញ យោធា​ថៃ​បាន​តម្រៀប របារ​បេតុង​នៅក្នុង​ទីតាំង​ដែល​យោធា​ថៃ​រាយ​បន្លា​លួស​ក្នុង​ទឹកដី​កម្ពុជា​។ យោធា​ថៃ​បាន​លើកឡើង​ថា ការ​ដាក់​ពង្រាយ​របារ​បេតុង ដែល​មាន​កម្ពស់​ប្រហែល​២​ម៉ែត្រ​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​របស់​កងទ័ព​ខ្មែរ ដែល​យោធា​ថៃ​បាន​ចោទ​ថា តែងតែ​ចូល​មក​បង្ករឿង​ជាមួយ​ទាហាន​ថៃ និង​មាន​ករណី​លួច​ឆ្លងដែន​ចូល​មក​បន្ទោបង់​ក្នុង​ទីតាំង​បន្លា​លួស​របស់​ទាហាន​ថៃ​ជាដើម។

ផ្ទុយ​ពី​ការ​អះអាង​នេះ ទាហាន​ខ្មែរ​ម្នាក់​ឈរជើង​នៅ​តំបន់​ព្រំដែន​ខេត្តព្រះវិហារ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ជា​សំណេរ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ទាហាន​ខ្មែរ​មិនដែល​បង្ករឿង​ជាមួយ​ទាហាន​ថៃ​នោះ​ទេ ក៏ប៉ុន្តែ​ទាហាន​ថៃ​ទៅវិញ​ទេ ដែល​បាន​ពង្រីក​ផ្លូវ​ដើរ​ល្បាត​ចូលក្នុង​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ ទើប​ទាហាន​ខ្មែរ​ចេញ​មក​រារាំង​។ លោក​លើកឡើង​ថា ស្ថានភាព​នៅ​តាម​ព្រំដែន​ខេត្តព្រះវិហារ ក្នុង​ពេលនេះ ភាគី​ថៃ​កំពុង​មាន​ប្រៀប​លើ​កម្ពុជា​ទាំង​ទីតាំង​ភូមិសាស្ត្រ និង​កម្លាំង​ទ័ព ខណៈ​ភាគី​កម្ពុជា​បាន​ព្យាយាម​ថ្នម​ស្ថានការណ៍។

ក្រៅពី​សកម្មភាព​អភិវឌ្ឍ​របស់​យោធា​នេះ ប្រជាពលរដ្ឋ​ថៃ​បាន​រួម​គ្នា​បង្កើត​មូលនិធិ​ជាច្រើន​ផ្នែក ដើម្បី​ប្រមូល​លុយ​យក​ទៅ​អភិវឌ្ឍ​ក្នុង​តំបន់​មួយ​ចំនួន​ទៀត ដែល​យោធា​ថៃ​បាន​វាយ​ដណ្ដើម​យក​ពី​កម្ពុជា មាន​ដូចជា​តំបន់​ប្រាសាទ​តាក្របី ប្រាសាទ​ខ្នារ តំបន់​អានសេះ តាថាវ និង​ភ្នំ​ខ្មោច ជាដើម​។ យោធា​ថៃ​បាន​លើកឡើង​ថា ការ​ទទួល​យក​មូលនិធិ​របស់​ប្រជាពលរដ្ឋ​ថៃ​នេះ គឺ​ដើម្បី​ពន្លឿន​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ឱ្យ​ក្លាយ​ជាទី​ប្រជុំជន តំបន់​ទេសចរ ឱ្យ​បាន​ឆាប់រហ័ស បន្ទាប់ពី​យោធា​ថៃ​បាន​ឈ្នះ​សង្គ្រាម និង​កាត់​តំបន់​ទាំងនោះ ដាក់បញ្ចូល​ទៅ​ក្នុង​ផែនទី​របស់​ប្រទេស​ថៃ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៩ ខែ​ឧសភា។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​ទាំង​យន្តការ​ការទូត និង​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន​របស់​ប្រទេស​ថៃ មក​លើ​កម្ពុជា។

លោក ម៉ែន ណាត៖ «រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពី​ដើមឡើយ​គាត់​ចង់បាន​ប្រជាប្រិយភាព​ពី​ការបង្កើត​ឧត្តមគតិ​ស្នេហា​ជាតិ​ការពារ​បូរណភាព​ទឹកដី​នៅ​តំបន់​ព្រំដែន​ពី​ការឈ្លានពាន​របស់​ថៃ​។ ដល់ពេល​បង្កើត​ទៅ​ឥឡូវ​ដោះស្រាយ​វា​អត់​ចេញ ជាប់អន្ទាក់​របស់​ថៃ​។ ថៃ​ចូល​ឈ្លានពាន​កាន់តែ​ជ្រៅ​ហើយ ចំណែក​កម្ពុជា​កាន់តែ​ខ្សោយ​ទាំង​គោលជំហរ ការ​ការពារ និង​ការទប់ស្កាត់»។

ក្រឡេក​មក​មើល​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា​វិញ ខណៈ​ប្រជាពលរដ្ឋ និង​យោធា​ថៃ​កំពុង​អភិវឌ្ឍ​ក្នុង​ទឹកដី​កម្ពុជា ក្រោយពេល​យោធា​ថៃ​បាន​ធ្វើ​សង្គ្រាម​ឈ្លានពាន​ចូលកាន់​កាប់​នោះ លោក ហ៊ុន ម៉ានី ដែល​មាន​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហព័ន្ធ​យុវជន​កម្ពុជា បាន​ដឹកនាំ​ក្រុម​មន្ត្រី ប្រជាពលរដ្ឋ និង​អ្នក​សិល្បៈ បង្កើត​កម្មវិធី​មួយ​ដែល​គេ​ឱ្យ​ឈ្មោះថា «​ដាស់​ស្មារតី​ជាតិ​» ដែល​មាន​ការ​ចាក់​បញ្ចាំ​ង​រូបភាព​សោកនាដកម្ម​សង្គ្រាម ការសម្ដែង និង​ច្រៀង​ចម្រៀង​ជាដើម​។ នៅក្នុង​ទិដ្ឋភាព​សម្ពោធ​កម្មវិធី​រម្លឹក​ពី​ភាព​ឈឺចាប់​នេះ ក៏​មាន​ការប្រកាស​អប​អរសាទរ លាយឡំ​នឹង​ស្នូរ​ទះដៃ ដោយ​ស្នាមញញឹម​របស់​ក្រុម​មន្ត្រី​ដែល​ចូលរួម​មួយចំនួន​ផង​ដែរ។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​ដោយ​សរសើរ​កម្មវិធី​របស់​កូនប្រុស​ថា កម្មវិធី «​ដាស់​ស្មារតី​ជាតិ​»​ធ្វើឡើង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ចងចាំ​បទពិសោធន៍ និង​ព្រឹត្តិការណ៍​ដែល​កម្ពុជា​បាន​ឆ្លងកាត់​ក្នុង​សង្គ្រាម​ឆ្នាំ​២០២៥ ជាមួយនឹង​ភាព​ឈឺចាប់ ការ​លំបាក និង​ភាព​អយុត្តិធម៌ ហើយ​ប្រែក្លាយ​អតីតកាល​ទាំងនេះ ទៅជា​កម្លាំង​សាមគ្គីភាព និង​ឯកភាព​ជាតិ សម្រាប់​ពង្រឹង​ប្រទេសជាតិ។

ទោះជា​បែបនេះ​ក្ដី ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ មាន​ភាព​បញ្ច្រាស​គ្នា​ទៅ​នឹង​ការ​អះអាង​របស់​លោក​កន្លង​មក ដែល​បាន​ចាត់​ទុក​ការបាត់បង់​ទឹកដី​តាម​ព្រំដែន និង​សោកនាដកម្ម​សង្គ្រាម​ថៃ​ឈ្លានពាន​មក​លើ​កម្ពុជា គឺ​គ្រាន់តែ​ជា​របួស​កូនដៃ​មួយ​។ ក្នុង​នោះ ពាក្យ​សាមគ្គី​របស់​លោក ក៏​ផ្ទុយ​ពី​ការអនុវត្ត​របស់​លោក​ដូចគ្នា​ដែរ ដោយ​មន្ត្រី និង​តុលាការ ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​លោក បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពលរដ្ឋ​ដែល​និយាយ​ពី​បញ្ហា​ព្រំដែន​អស់​ជាច្រើន និង​ដាក់​ទោស​ពួកគេ​យ៉ាងធ្ងន់ធ្ងរ។

សកម្មជន​បរិស្ថាន និង​សង្គម កញ្ញា លិម គិមស័រ ដែល​បាន​ទស្សនា​កម្មវិធី «​ដាស​ស្មារតី​ជាតិ​»​របស់​លោក ហ៊ុន ម៉ានី នេះ យល់ឃើញ​ថា កម្មវិធី​នេះ​គឺ​បង្កើត​ឡើង​ដើម្បី​អួត​សមិទ្ធផល និង​រម្លឹក​ដល់​កូន​ខ្មែរ​ថា បើ​គ្មាន​បក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ក៏​គ្មាន​កម្ពុជា​នៅ​ថ្ងៃ​នេះ​ដែរ​។ កញ្ញា​បន្ត​ថា ការបង្កើត​ព្រឹត្តិការណ៍​បែបនេះ គឺ​គ្មាន​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​កម្ពុជា​នោះ​ឡើយ ក្រៅ​តែ​ធ្វើ​ឱ្យ​ពួកគាត់​មាន​អារម្មណ៍​កម្សត់។

កញ្ញា លិម គិមស័រ៖ «​ហើយ​កម្មវិធី​ធំៗ​ទាំងនេះ គេ​ប្រើប្រាស់​លុយ​ច្រើន​មែនទែន​។ ចុះ​ប្រសិនបើ​យក​លុយ​ទាំងអស់​ហ្នឹង​បង្កើត​កម្មវិធី យក​មក​រៀបចំ​ឱ្យ​មាន​ជា​តំបន់​ទេសចរណ៍ ឬក៏​ធ្វើ​ឱ្យ​ប្រទេស​យើង​មាន​សន្តិសុខ​ឡើងវិញ ផ្ដល់​ជា​គម្រោង​ផ្សេងៗ​សម្រាប់​ប្រជាពលរដ្ឋ គឺ​វា​មាន​ប្រយោជន៍​ជាង»។

ក្នុង​អំឡុង​មាន​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ លោក ហ៊ុន ម៉ានី តែងតែ​ធ្វើ​ពិធី​ជាច្រើន ដូចជា «​គំនូរ​ដើម្បី​សន្តិភាព​» ដែល​មាន​រំលេច​រូប​គ្រួសារ​របស់​លោក​ធំជាង​គេ កម្មវិធី​នាំ​យុវជន​ដើរ​ដង្ហែ​ក្បួន និង​កម្មវិធី​នាំ​ពលរដ្ឋ​ខ្មែរ​រាំរែក​នៅក្នុង​ជំរំ​ជនភៀសសឹក​ជាដើម​។ ក្រៅ​ពី​នេះ លោក​ក៏​ជា​ស្ថាបនិក​បង្កើត​កម្មវិធី​ប្លែកៗ​ជាច្រើន​ទៀត មាន​ដូចជា ការ​បត់​រូប​បេះដូង​ក្រដាស​ច្រើន​ជាងគេ ការបង្កើត​ក្បួន​រាំ​ធំជាង​គេ និង​ការ​ធ្វើ​ទូកង​វែង​ជាងគេ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ