«កម្ពុជា​បរាជ័យ​បង្ក្រាប​បទល្មើស​អនឡាញ​ដោយសារ​គប់​គិត​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​ឧក្រិដ្ឋជន»

0
65
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម

អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​អះអាង​ថា យុទ្ធនាការ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ទូទាំង​ប្រទេស​នៅ​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​ការពារ​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស និង បាន​ទុក​ឱ្យ​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​រងទុក្ខ​វេទនា​ដោយ​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច និង​ការ​រំលោភបំពាន​។ អង្គការ​ដដែល​ថា ការ​បរាជ័យ​នេះ​គឺ ដោយសារតែ​អាជ្ញាធរ ខកខាន​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​នៃ​ការ​ជួញដូរ និង​មានការ​គប់គិត​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​ឧក្រិដ្ឋជន ដោយ​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ឆបោក​គេចវេស​ពី​ការ​វាយឆ្មក់។

នៅក្នុង​របាយការណ៍​ថ្មី​មួយ​របស់ អង្គការ Amnesty International ដែល​ចេញផ្សាយ នៅ​ថ្ងៃទី​៨ ខែមិថុនា បាន​ឱ្យដឹង​ថា ទោះបីជា​រដ្ឋាភិបាល​កម្ពុ​ជា​បាន​អះអាង​ពី​ជោគជ័យ​នៃ​យុទ្ធនា​ការ​បង្ក្រាប​ក៏ដោយ ក៏​លទ្ធផល​ជាក់ស្តែង​នៅ​មាន​កម្រិត ហើយ​ជនរងគ្រោះ​ជាច្រើន​មិន​ទទួល​បាន​ការ​ការពារ ឬ​ជំនួយ​ដែល​ពួកគេ​គួរតែ​ទទួល​បាន​ឡើយ។

អង្គការ Amnesty International បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២៦ ខ្លួន​បាន​កំណត់​អត្តសញ្ញាណ​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​ចំនួន ៨៦ កន្លែង​នៅ​កម្ពុជា ក្នុង​នោះ​មាន ៣៣ កន្លែង​ដែល​ទើបត្រូវ​បាន​រក​ឃើញ​ថ្មី​។ ក្រុម​ស្រាវជ្រាវ​បាន​សម្ភាសន៍​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​ចំនួន ៧៣​នាក់ មកពី​១៦​ប្រទេស​ដែល​ត្រូវ​បាន​ជួញដូរ​ចូល​ទៅ​ក្នុង​ក្រុម​ឆបោក​នៅក្នុង​ប្រទេស​កម្ពុជា បាន​រៀបរាប់​ពី​ការ​រង​គ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ ទារុណកម្ម ការរំលោភ​ផ្លូវភេទ និង​ការ​ឃុំខ្លួន​ដោយ​ខុសច្បាប់​នៅក្នុង​មជ្ឈមណ្ឌល​ទាំងនោះ។

អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​ចោទប្រកាន់​ថា មានការ​គប់គិត​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​ឧក្រិដ្ឋជន​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ឆបោក​គេចវេស​ពី​ការ​វាយឆ្មក់ និង​មានការ​រាយការណ៍​ច្រើន​អំពី​អំពើ​ហិង្សា​ផ្លូវភេទ ហើយ​គ្មាន​ជនរងគ្រោះ​ណា​ម្នាក់​ដែល Amnesty International​សម្ភាសន៍​ត្រូវ​បាន​ត្រួតពិនិត្យ​សម្រាប់​ការកំណត់​អត្តសញ្ញាណ​នៃ​ការ​ជួញដូរ​មនុស្ស ឬ​ជា​ជនរងគ្រោះ​ដោយ​អាជ្ញាធរ​កម្ពុជា​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក​ស៊ឹង សែន​ករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​យល់ស្រប​ជាមួយនឹង​ការ រក​ឃើញ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ ពីព្រោះ​បើ​ពិនិត្យ​អំពី​ការ​បង្ក្រាប​នា​ពេល​កន្លងមក ហាក់ដូចជា​មិន​ធ្វើឡើង​ក្នុង​ន័យ​ជា​បច្ចេកទេស និង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​។ លោក​ថា មាន​រូបភាព​ជាច្រើន ដូច​ជា​ការ​រត់ចេញ​ប្រសាច សមត្ថកិច្ច​ហាក់ដូច ជា​បណ្ដែតបណ្ដោយ នៅ​ពេល​​ដែល​បង្ក្រាប ធ្វើ​ឲ្យ​មានការ​ពិបាក​ក្នុង​ការ​កំណត់​ថា អ្នកណា​ជា​ជនរងគ្រោះ និង​អ្នកណា​ជា​ជនល្មើស។

លោក ស៊ឹង សែន​ករុណា៖ «​កន្លែង​ខ្លះទៅ​ទៀត​គឺ​មុននឹង​បង្ក្រាប​ហ្នឹង​គឺ​មាន​ការ​ជម្លៀស​ជន​ប្រព្រឹត្ត​ហ្នឹង​ចេញ ឬក៏​ជនរងគ្រោះ​ចេញ ពី​កន្លែង​ដែល​កំពុង ត្រូវ​បាន​ចាប់ជំរិត​អនឡាញ​អី​ទាំងអស់​ហ្នឹងឯង អ៊ីចឹង​វា​ជា​រូបភាព​មួយ​ដែល​ខាង Amnesty រក​ឃើញ​ខ្ញុំ​គិតថា រក​ឃើញ​មិន​ខុស​អ្វី​នោះ​ទេ អ៊ីចឹង​បើកាលណា​នៅតែ​បណ្ដែតបណ្ដោយ​សហការ​ជាមួយនឹង​ឧក្រិដ្ឋជន ក្នុង​ការ​ប្រកប​របរ​ឆបោក​អនឡាញ​នេះ ខ្ញុំ​គិតថា​ប្រទេស​កម្ពុជា​នៅតែ​បន្ត​ជាប់​ឈ្មោះ​ស្អុយគគ្រុក​នៅក្នុង​ពិភពលោក​និង​ហើយ»។

លោក ស៊ឹង សែនករុណា បន្ថែមទៀត​ថា ការ​បណ្តែតបណ្តោយ​មិន​បង្ក្រាប​ឲ្យ​បាន​ត្រឹមត្រូវ​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​អ្នក​ដែល​ប្រកបមុខរបរ ឬ​ជំនួញ​សុចរិត មក​រក​ស៊ី​ជាមួយ ដោយសារ គេ​ភ័យខ្លាច​ក្នុង​ការ​ចាប់ជំរិត ពី​ក្រុម​ឧក្រិដ្ឋជន ហើយ​កម្ពុជា​នឹង​បន្ត​រងគ្រោះ​ដោយ​វិបត្តិ​សេដ្ឋកិច្ច នយោបាយ បន្ត​ទៅ​ទៀត។

ជុំវិញ បញ្ហា​នេះ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា អាជ្ញាធរ​អនុវត្ត​តាម​នីតិវិធី ដើម្បី​ស៊ើបអង្កេត និង​កំណត់​អត្តសញ្ញាណ​មនុស្ស​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុងអំឡុងពេល​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ឧក្រិដ្ឋជន​ឆបោក​។ លោ​ក​ថា មន្ត្រី​បាន​បំបែក​ជនរងគ្រោះ ពី​ជនល្មើស​តាមរយៈ​ការ​សួរចម្លើយ និង​ផ្តល់​កន្លែង​ស្នាក់នៅ និង​អាហារ​ក្នុងអំឡុងពេល​ដំណើរការ​កំណត់​អត្តសញ្ញាណ​។ លោក​ថា អាជ្ញាធរ​បាន​ធ្វើ​ការកំណត់​អត្តសញ្ញាណ​ដោយ​ប្រុងប្រយ័ត្ន​បំផុត។

ទោះជា​យ៉ាងណា រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន រង​ការ​ចោទប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ជាពិសេស​តាមរយៈ​ការ​ជួយ​លាក់បាំង និង​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ឧក្រិដ្ឋជន ដើម្បី​ឱ្យ​ពង្រីក​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា​។ ជាមួយ​គ្នា​នេះ សមាជិក​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដូចជា​លោក ហ៊ុន តូ ជាដើម រួម​ទាំង​មន្ត្រី​កំពូលៗ​មួយ​ចំនួន​ទៀត​ដែល​មាន​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី​ផង ក៏​ត្រូវ​បាន​សមាជិកសភា​អាមេរិក​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ ដើម្បី​ស្នើ​ឱ្យ​ដាក់ទណ្ឌកម្ម​ដោយសារតែ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ លើស​ពី​នេះ អាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​ទៅលើ​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់អំណាច​លោក កុក អាន លោក លី យ៉ុងផាត់ និង​មនុស្ស​មួយចំនួន​ប៉ុន្តែ​ពួកគេ នៅតែ​មាន​សេរីភាព​នៅ​កម្ពុជា។

លើស​ពី​នេះ កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា គណៈកម្មាធិការ​ពិសេស​ស្ដីពី​ប្រទេស​ចិន​របស់​សភា​អាមេរិក បាន​បើកសវនាការ​ស្តាប់​សក្ខី​កម្ម​របស់​អ្នកជំនាញ​បី​រូប ពាក់ព័ន្ធ​នឹង​ការ​កើនឡើង​នៃ​បណ្ដាញ​ឆបោក​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​គណ​បក្សកុម្មុយនិស្ត​ចិន​ដែល​កំណត់​គោលដៅ​លើ​ជនជាតិ​អាមេរិក​”​។ អ្នកជំនាញ​មួយ​រូប​គឺ​លោក ជេកុប ស៊ីមស៍ (Jacob Sims) បាន​ព្រមាន​ថា ប្រទេស​កម្ពុជា កំពុង​ក្លាយជា​“​ស្ថាបត្យកម្ម​រដ្ឋ​ឆបោក​” រឺ​«​រចនាសម្ព័ន្ធ​រដ្ឋ​ឆបោក​» ដោយសារ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន មកពី​ប្រទេស​ចិន បាន​ជ្រៀតចូល​ទៅ​ក្នុង​រចនាសម្ព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​តាមរយៈ​ប្រព័ន្ធ​បី​ស្រទាប់ រួមមាន ទុន​បរទេស ការ​ការពារ​ពី​ឧកញ៉ា​ក្នុងស្រុក និង​អ្នកសម្របសម្រួល​នយោបាយ​កម្រិត​កំពូល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ