អ្នកវិភាគ​ថា លោក ហ៊ុន សែន បង្ហាញ​ឥរិយាបថ​ទន់ខ្សោយ​រឿង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​«​គ្មាន​ផល​ចំណេញ​ដល់​ជាតិ»

0
25
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា ការដែល​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហាញ​ឥរិយាបថ​ទន់ខ្សោយ និង​ក្រអឺតក្រទម​ជាមួយ​ថៃ រឿង​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​គ្មាន​ភាព​ច្បាស់លាស់​គឺ​«​គ្មាន​ផល​ចំណេញ​ដល់​ជាតិ​»​នោះ​ទេ ផ្ទុយទៅវិញ ធ្វើ​ឱ្យ​ថៃ​ដឹងចិត្ត​បន្ត​ឈ្លានពាន​យក​ដី​ខ្មែរ យ៉ាង​គឃ្លើន​។ ការ​លើកឡើង​នេះ ក្រោយពី លោក ហ៊ុន សែន ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បាន​និយាយ​ច្រើន ពី​បញ្ហា​ព្រំដែន រួម​នឹង ការ​សម្ដី​បន្ទោស​ខ្លះៗ មក​លើ​ភាគី​ថៃ។

មួយ​រយៈ​ចុងក្រោយ​នេះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ចាប់ផ្ដើម​បង្ហោះ​សារ និង​និយាយ​អំពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ឡើងវិញ ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​បន្ទាប់ពី​ចាប់​សង្គ្រាមយោធា​ថៃ​។​ជាក់ស្ដែង​ប៉ុន្មាន​ថ្ងៃនេះ លោក ហ៊ុន សែន បាន​បង្ហាញ​ឥរិយាបថ​ក្រអឺតក្រទម​ខ្លះ និង​ទន់ភ្លន់​ខ្លះទៅ ភាគី​ថៃ ព្រមទាំង​បង្ហាញ​ជំហរ​គាំទ្រ​ទស្សនៈ​របស់​បញ្ញវន្ត​ថៃ​មួយចំនួន​ដែល​និយាយ​រដ្ឋាភិបាល​ថៃ ។ អ្នកឃ្លាំមើល យល់ថា ការ​ផ្ញើ​សម្ដី​ឆ្លើយឆ្លង​របស់​លោក ហ៊ុន សែន ទៅកាន់​ភាគី​នេះ អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​ព្រំដែន​កាន់តែ​ឡើង​កម្ដៅ ហើយ​មិន​មាន​ផល​ចំណេញ​ដល់​កម្ពុជា​នោះ​ទេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣​តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១១ ខែ​មិថុនា ថា ការដែល​លោក ហ៊ុន សែន និយាយ​ក្រអឺតក្រទម​ខ្លះ និង អោនលំទោន​ថៃ​ខ្លះ គឺជា បង្ហាញថា លោក ហ៊ុន សែន បាន​សុំ​ចុះចាញ់​ថៃ និង​ដើម្បី​ការពារ​មុខមាត់ លោក ហ៊ុន ម៉ាណែត ដែល​កំពុងតែ រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ។ លោក​យល់​ថា គ្រប់យ៉ាង ដែល​លោក ហ៊ុន សែន ធ្វើ​មិនមែន ដើម្បី​ផលប្រយោជន៍​ជាតិ​នោះ​ទេ​។ បន្ថែម​ពី​នោះ លោក​ថា ការ​និយាយ​ច្រើន​របស់ លោក ហ៊ុន សែន កាន់តែ​ធ្វើ​ឱ្យ​បញ្ហា​ព្រំដែន ស្មុគស្មាញ ហើយ​ភាគី​ថៃ​បន្ត​ចាប់កំហុស លោក ហ៊ុន សែន និង បង្កើន​សកម្មភាព​ឈ្លានពាន​កម្ពុជា។

លោក គឹម សុខ៖ «អត់​មាន​ចំណេញ​អ្វី​ដល់​ប្រទេសជាតិ​កម្ពុជា​ទេ ក៏ប៉ុន្តែ​វា​ជា​ការ​បង្ហាញ​អំពី​ការ​សារភាព​ចុះចាញ់​ថៃ​ដោយ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ចុះចាញ់​ប្រយុទ្ធ​តតាំង​នឹង​ថៃ មិន​ហ៊ាន​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ ហើយ​ទីបំផុត​ទៅ​ត្រឹមតែ​សុំ​និយាយ​ជាមួយ​ថៃ ទ្វេភាគី​ដែល​ហៅ ថា​ការចរចា ដោយ​សន្តិវិធី​នៅ​ពេល​ដែល កាន់តែ​គឃ្លើន​ចូល​មក​ព័ទ្ធ​យក​ដី​កម្ពុជា តាមចិត្ត»។

ទន្ទឹមគ្នា​នោះ លោក គឹម សុខ បាន​រៀបរាប់​ថា ជម្រើស​ដែល​ល្អ​បំផុត ដើម្បី​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន មាណែត មាន​ប្រជាប្រិយភាព​ឡើងវិញ គឺ​មាន​តែ​ការ បង្រួបបង្រួម​ជាតិ បើក​លំហ​ឱ្យ​មាន ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហើយ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ។ បន្ថែម​ពីលើ​នោះ លោក​ថា លោក ហ៊ុន សែន ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ កុំ​និយាយ​ច្រើន​ផ្ដេសផ្ដាស​រឿង​ព្រំដែន​។ ស្រប​ពេល​នោះ លោក​ថា កម្ពុជា​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ខ្លាំង​តាមរយៈ​ធ្វើ​ទំនើបកម្ម​យោធា ឱ្យ​មាន​ប្រសិទ្ធភាព និង​លុបបំបាត់​អំពើពុករលួយ។

ប៉ុន្តែ​យ៉ាងណា លោក គឹម សុខ យល់​ថា កិច្ចការ​ទាំងនេះ លោក ហ៊ុន សែន នឹង​មិន​ធ្វើ​នោះ​ទេ ព្រោះ លោក ហ៊ុន សែន នឹង​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ​កាន់តែ​ខ្លាំង ហើយ​រៀបចំ​ការបោះឆ្នោត គម្រប់​កិច្ច ដូច​នៅ​ប្រទេស​ភូមា ហើយនឹង​បន្ត​ធ្វើ​សង្គ្រាម​រប៉េសរប៉ស​ជាមួយ​ថៃ ដើម្បី​បង្វែរ​ស្ថានការណ៍ និង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ប្រសិនបើ លោក ហ៊ុន សែន ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា លែង​ទទួល​បាន​ការ​គាំទ្រ​បន្ត​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២៧-២០២៨។

ប្រតិកម្ម​នេះ​ធ្វើឡើង ក្រោយពី​លោក ហ៊ុន សែន បាន​ថ្លែង​ជា​បន្តបន្ទាប់ ពី​ជំហរ​របស់ លោក ក្នុង​ការ​ដោះស្រាយ បញ្ហា​ព្រំដែន ជាមួយ​ថៃ តាមរយៈ​សន្តិវិធី ដែល​ស្របតាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់។ ។ លោក​ក៏បាន​ទទួលស្គាល់ ពី​កំហុស​យុទ្ធសាស្ត្រ ដែល​មិនបាន រៀប​ចំការ​យុទ្ធ ទើប​ធ្វើ​ឱ្យ​ចាញ់​សង្គ្រាម​ថៃ​។ លោក​ក៏​បញ្ជាក់​ដែរ​ថា ការ​ចាញ់​សង្គ្រាម​នេះ គឺ​ដោយសារតែ​ជឿ​លើ​ថៃ​ខ្លាំង​ពេក ទើប​មិន​បាន​ពង្រឹង​វិស័យ​យោធា។

ទន្ទឹមគ្នា​នោះ លោក​ក៏បាន​ធ្លោយ​ពាក្យសម្ដី​ក្រអឺតក្រទម និង សម្ដី​បន្ទោស​ភាគី​ថៃ ដោយ​ចោទ​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល ថា ជា​មនុស្ស​មិន​ទៀងត្រង់ ហើយ​តែងតែ​គេចវេះ មិន​ចូល​តុ​ចរចា ដោះស្រាយ បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា។ លោក​ក៏បាន​បញ្ជាក់​ដែរ​ថា កម្ពុជា​មិនមែន​មិន​មាន​សមត្ថភាព​សោះ ក្នុង​ការ​ប្រើប្រាស់​កម្លាំង​យោធា ទាមទារ​ទឹកដី​យក​មក​វិញ​នោះ​ទេ ប៉ុន្តែ កម្ពុជា​ត្រូវ ប្រកាន់​ភ្ជាប់​នូវ​ការ​ដោះស្រាយ ដោយ​សន្តិវិធី ព្រោះ​លោក​មើល​ឃើញ​ថា បច្ចុប្បន្ន សហគមន៍​អន្តរជាតិ កំពុងតែ​ជឿជាក់​លើ​កម្ពុជា ថា​ជា​ប្រទេស​គោរព​ច្បាប់ និង​ចង់បាន​សន្តិភាព​យូរអង្វែង។

លោក ហ៊ុន សែន៖ «ខ្ញុំ​បាន​និយាយ​ថា ប្រសិនបើ​ប្រើប្រាស់​ដំណោះស្រាយ​យោធា នៅ​ពេល​ដែល​យើង​ទៅ​វាយ​កាន់កាប់​យក​ទឹក​នោះ គ្រាប់​ទី​១​គឺជា​បរាជ័យ​របស់​កម្ពុជា លើ​កិច្ចការ​នយោបាយ និង​ការទូត​។ ព្រោះ​យើង​ជា​អ្នក​បំពាន់​បទ​ឈប់​បាញ់ ហើយ​យើង​បំផ្លាញ​ទាំងអស់​នូវ​អ្វី​ដែល​ជា​ជំនឿ​ទុកចិត្ត របស់​អន្តរជាតិ​ចំពោះ​យើង»។

ក្រោយពី លោក ហ៊ុន សែន ប្រកាស​ពី​ការ​មិន​ឱ្យ​កងទ័ព​ខ្មែរ​តបត និង​រក្សា​ភាព​ស្ងប់ស្ងាត់ តាម​ព្រំដែន គេ​សង្កេត​ឃើញ​ថា យោធា​ថៃ​កំពុងតែ​បង្កើន​សកម្មភាព​រាយ​លួស​បន្លាយ​ចូល​ទឹកដី​ខ្មែរ​កាន់តែ​ជ្រៅ តាម​ជួរ​ភ្នំ​ដងរែក ហើយ​កំពុងតែ​ធ្វើ​ផ្លូវ​បេតុង និង​កសាង​លេណដ្ឋាន ជាច្រើន នៅ​លើ​ដី​ខ្មែរ ដែល​ពួកគេ​កំពុងតែ​កាន់កាប់។

ជុំវិញ​រឿង​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញ​ថា ក្នុង​ស្ថានភាព​នេះ ការ​ថ្លែង​អំពី​វិស័យ​ការពារ​ជាតិ និង​ភាព​ទន់ខ្សោយ​របស់​ជាតិ​ពី​សំណាក់​មេដឹកនាំ​ជា​រឿង មិន​គួរ​និយាយ​នោះ​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ។ លោក​បន្ត​ថា ចំណែក ការ​ទទួល​កំហុស​រឿង​ធ្វើ​ឱ្យ​ទឹកដី​បាត់បង់ ជា​ធម្មតា​នៅ​ប្រទេស​លោក​សេរី ព្រឹទ្ធសភា ត្រូវ​កោះហៅ​នាយករដ្ឋមន្ត្រី ដើម្បី​សួរដេញដោល ឬ​អាច​ឈាន​ដល់​ដក​ដំណែង​ថែមទៀត​។ លោក​បញ្ជាក់​ថា សព្វថ្ងៃ លោក ហ៊ុន សែន គួរតែ​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​បង្កើន​សកម្មភាព​ការទូត​ឱ្យ​សកម្ម និង​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ គឺជា​រឿង​ដែល​ចាំបាច់​បំផុត។

លោក ឯម សុវណ្ណារ៉ា៖ «ចំណុច​នឹង​អាស្រ័យ​លើ​ល្បិចកល​នយោបាយ​របស់​អ្នកនយោបាយ របស់​ថ្នាក់ដឹកនាំ​ជាតិ​ទេ ប៉ុន្តែ​ការ​សារភាព វា​មិន​ចំណេញ​ទេ ប្រសិនបើ​នៅ​ប្រទេស​ប្រជាធិបតេយ្យ​នីតិ​បញ្ញត្តិ ត្រូវ​កោះ​អញ្ជើញ​កោះហៅ​មក​សួរ ព្រោះ​នេះ​ពាក់ព័ន្ធ​កិច្ច​ការងារ​អធិបតេយ្យភាព ពាក់ព័ន្ធ​នឹង​ការដឹកនាំ ប៉ុន្តែ​នៅ​កម្ពុជា​គឺជា​រឿង​មួយ​ដោយឡែក​។​ប៉ុន្តែ​អ្វី​ដែល​យើង​អាច​និយាយ​បាន​ថា តើ​យើង​ធ្វើ​បែប​ណា ដើម្បី​រក្សា​នូវ​អធិបតេយ្យភាព បូរណភាព​ទឹកដី​កម្ពុជា គឺ​កម្ពុជា​មានតែ​យន្តការ​អន្តរជាតិ​ទេ»។

ពលរដ្ឋ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក នៅតែ​ព្រួយបារម្ភ​ពី​បញ្ហា​បូរណភាព​ទឹក​ថា អាច​នឹង​បន្ត​បាត់បង់ ខណៈ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែ​គ្មាន​ភាព​ច្បាស់លាស់ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក​ឱ្យ​បាន​ត្រឹមត្រូវ។ ពួកគាត់​ថា បញ្ហា​ទឹកដី​ជា បញ្ហា​ស្នូល​របស់​ជាតិ រដ្ឋាភិបាល​មិន​គួរ​យក​រឿង​ទាំងនេះ គ្រាន់តែ ដើម្បី​កំដរ​ផលប្រយោជន៍​នយោបាយ​នោះ​ទេ ខណៈ​ថ្មីៗ​នេះ លោក ហ៊ុន សែន ប្រកាស​ថា នឹង​យក​បញ្ហា​ព្រំដែន​ធ្វើជា​កម្មវិធី​ឃោសនា​រក​សន្លឹកឆ្នោត​នៅ​ឆ្នាំ​២០២៧-២០២៨ ដែល​នេះ​ជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ ដល់​ប្រទេសជាតិ និង​ពលរដ្ឋ​ដែល​កំពុងតែ​រងគ្រោះ​បាត់បង់ ដីធ្លី និង​ផ្ទះសម្បែង​រាប់​ម៉ឺន​គ្រួសារ ព្រោះ​លោក ហ៊ុន សែន កំពុងតែ​យក​បញ្ហា​ព្រំដែន ដើម្បី​កេង​ចំណេញ​នយោបាយ​។ ទន្ទឹមគ្នា​នោះ ពួកគាត់​ជំរុញ​ឱ្យ​លោក ហ៊ុន សែន គួរតែ​បញ្ឈប់​នូវ​នយោបាយ​ប្រជាភិថុតិ បោកប្រាស់ និង​គំរាមកំហែង​ចាប់​ពលរដ្ឋ​ដាក់គុក ព្រោះ​ប្រទេសជាតិ​កំពុងតែ​បែកបាក់ ហើយ​ទឹកដី​ត្រូវ​បាន​សត្រូវ​ឈ្លានពាន ដូច្នេះ​ការ ដឹកនាំ​ចាត់ទុក​ខ្មែរ​គ្នាឯង​ជាស​ត្រូវ គ្មាន​ផល​ចំណេញ​ដល់​ជាតិ​ឡើយ​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ